ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ចប់ដំណើរទស្សនកិច្ចការងាររបស់លោកទៅកាន់ប្រទេស៣ក្នុងទ្វីបអឺរ៉ុបដោយថ្លែងការណ៍សង្កត់បញ្ជាក់ការគាំទ្រសម្ព័ន្ធមិត្តអូតង់ ដើម្បីបន្ថយក្តីព្រួយបារម្ភរបស់អឺរ៉ុបដែលថាការផ្លាស់ប្តូររដ្ឋបាលអាមេរិក អាចបង្កភាពមិនប្រាកដប្រជាក្នុងទំនាក់ទំនងរបស់អាមេរិកជាមួយសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិករបស់ខ្លួន។
លោក Biden បានថ្លែងក្នុងពេលធ្វើសន្និសីទកាសែតរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto កាលពីថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងហែលស៊ិនគីថា៖ «ខ្ញុំសូមធានាទាំងស្រុង។គ្មានមន្ទិលសោះឡើយ។
យើងនឹងនៅជាប់ជាមួយអូតង់ ជាប់ជាមួយអូតង់តាំងពីដើម កណ្តាលនិងចុងបញ្ចប់។ យើងជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិក»។
លោក Biden បានគូសបញ្ជាក់«ការគាំទ្រលើសលុប»ពីគណបក្សទាំងពីរក្នុងសភាអាមេរិក «ទោះបីជាមានសមាជិកជ្រុលនិយមខ្លះក្នុងគណបក្សមួយក៏ដោយ»។ លោក Biden ហាក់ដូចជានិយាយសំដៅដល់កាយវិការឯកោនិយមរបស់សមាជិកគណបក្សសាធារណរដ្ឋខ្លះដែលជំរុញគោលនយោបាយ«អាមេរិកាំងមុនគេ»របស់លោកអតីតប្រធានាធិបតីDonald Trumpហើយបានចោទសួរម្តងហើយម្តងទៀតអំពីគោលបំណងរបស់អូតង់ និងកាលពីឆ្នាំ២០១៧ ក៏បានចាត់ទុកសម្ព័ន្ធភាពនេះថាលែងដំណើរការហើយ។
លោក Biden និយាយថា៖ «ពលរដ្ឋអាមេរិកាំង ដឹងតាំងពីចប់សង្គ្រាមលោកលើកទី២និងការបង្កើតអូតង់មកម្ល៉េះថាសន្តិសុខរបស់យើងស្ថិតនៅលើការមូលមតិគ្នាក្នុងចំណោមដៃគូអឺរ៉ុបនិងឆ្លងមហាសមុទ្រអាត្លង់ទិកគឺពួកយើងទាំងអស់គ្នា»។
ការធានារបស់លោក Biden ចំពោះសាមគ្គីភាពឆ្លងមហាសមុទ្រអាត្លង់ទិក ប្រឆាំងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បង្ហាញភាពខុសគ្នាគួរឲ្យកត់សម្គាល់ពីពេលចុងក្រោយដែលមេដឹកនាំអាមេរិកាំងម្នាក់ បានថ្លែងនៅក្នុងវិមានប្រធានាធិបតីហ្វាំងឡង់។
កាលពី៥ឆ្នាំមុន លោក Trump បានជួបជាមួយលោក Putin ហើយដោយមិនស្តាប់តាមការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់លោកផ្ទាល់ ក៏បានស្របជាមួយលោក Putinចំពោះបញ្ហាថាតើរដ្ឋាភិបាលរុស្ស៊ី ពិតជាបានជ្រៀតជ្រែកចូលការបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ២០១៦ ឬអត់។