លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កំពុងថ្លឹងថ្លែងអំពីសំណើកែទម្រង់តុលាការកំពូល ដែលមានរួមទាំងការដាក់កំហិតលើអាណត្តិសម្រាប់ចៅក្រមតុលាការកំពូលទាំង៩នាក់ ដែលបច្ចុប្បន្ន កាន់តំណែងមួយជីវិត ព្រមទាំងដាក់វិន័យសីលធម៌មួយដែលអាចអនុវត្តបានផង។
បើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់សហរដ្ឋអាមេរិក លោក Biden បាននិយាយប្រាប់សមាជិកនៃក្រុមសមាជិកសភាជឿនលឿន Congressional Progressive Caucus កាលពីចុងសប្តាហ៍មុនថា «ខ្ញុំនឹងត្រូវការជំនួយរបស់លោកអ្នកពាក់ព័ន្ធនឹងតុលាការកំពូល ពីព្រោះខ្ញុំនឹងផ្សព្វផ្សាយអំពី.... ខ្ញុំមិនទាន់ចង់ប្រកាសឆាប់ពេកទេ ប៉ុន្តែកំពុងតែរៀបចំប្រកាសការផ្ចុងផ្តើមធំមួយ អំពីការដាក់កំណត់លើតុលាការកំពូល»។
លោក Biden បានបន្ថែមថា៖ «ខ្ញុំកំពុងតែធ្វើការជាមួយអ្នកជំនាញខាងរដ្ឋធម្មនុញ្ញ ក្នុងរយៈពេល៣ខែចុងក្រោយនេះ ហើយខ្ញុំត្រូវការជំនួយខ្លះ»។
លោក Biden ពីមុនធ្លាប់ជាប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយុត្តិធម៌ ដែលបោះឆ្នោតលើបេក្ខជនចៅក្រមតុលាការកំពូល ដែលតែងតាំងដោយប្រធានាធិបតីសហរដ្ឋអាមេរិក។ លោកធ្លាប់បានប្រឆាំងនឹងការស្នើឱ្យពង្រីកតុលាការកំពូល និងឱ្យតែងតាំងចៅក្រមដែលមាននិន្នាការសេរីនិយមជាង ដើម្បីកាត់បន្ថយសំឡេងអភិរក្សនិយមភាគច្រើននៅពេលបច្ចុប្បន្ន គឺ ៦ ទល់ ៣។
លោក Biden ហាក់ដូចជាមិនបានផ្លាស់ប្តូរចិត្ត នៅក្នុងការប្រឆាំងជំទាស់ចំពោះការពង្រីកតុលាការកំពូលទេ។
ប៉ុន្តែការផ្លាស់ប្តូរអ្វីមួយ ដែលលោកស្នើក្នុងអំឡុងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកតទល់ជាមួយលោកអតីតប្រធានាធិបតី Donald Trump ច្បាស់ជានឹងមិនធ្វើបានភ្លាមៗទេ ដោយសារគណបក្សប្រជាធិបតេយ្យ មានសំឡេងភាគច្រើនយ៉ាងស្តួចស្តើងនៅក្នុងព្រឹទ្ធសភា ហើយគណបក្សសាធារណរដ្ឋ មានសំឡេងភាគច្រើន យ៉ាងស្តួចស្តើង នៅក្នុងរដ្ឋសភា៕