ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ចប់សុន្ទរកថាប្រចាំឆ្នាំរបស់លោក នៅក្នុងសភាអាមេរិកកាលពីយប់ថ្ងៃព្រហស្បតិ៍ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយលោកបានចាប់ផ្តើមគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការការពារលទ្ធិប្រជាធិបតេយ្យក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។
លោកបានថ្លែងនៅជិតបញ្ចប់សុន្ទរកថារបស់លោកថា៖ «ខ្ញុំឃើញអនាគតមួយ ដែលយើងការពារប្រជាធិបតេយ្យ មិនមែនបំផ្លាញវាទេ។ ខ្ញុំឃើញពីអនាគតមួយ ដែលយើងស្តារឡើងវិញនូវសិទ្ធិដើម្បីជ្រើសរើសនិងការពារសេរីភាព មិនមែនដកវាចេញនោះឡើយ»។
លោក Biden បានចាប់ផ្តើមសុន្ទរកថារបស់លោក ដោយសង្កត់ធ្ងន់ទៅលើអ្វីដែលលោកនិយាយថា ជាការគំរាមកំហែងដល់លទ្ធិប្រជាធិតេយ្យនៅជុំវិញពិភពលោក និងបានអំពាវនាវដល់សភាអាមេរិក ឱ្យបោះឆ្នោតអនុម័តយល់ព្រមទៅលើជំនួយបន្ថែមដល់ប្រទេសអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋកំពុងរាំងខ្ទប់ច្បាប់ផ្តល់ជំនួយបរទេសដែលមានទឹកប្រាក់ចំនួន ៩៥ ពាន់លានដុល្លារអាមេរិក ដែលរួមមានទឹកប្រាក់ ៦១ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីជួយដល់រដ្ឋាភិបាលក្រុងកៀវ ប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។
ជារួម លោក Biden និយាយថា លទ្ធិប្រជាធិបតេយ្យនិងសេរីភាព កំពុងរងការគំរាមកំហែងនៅជុំវិញពិភពលោក។
លោកប្រធានាធិបតីក៏បានសរសើរអង្គការអូតង់ផងដែរ ដែលលោកហៅថាជា«សម្ព័ន្ធភាពយោធាដ៏ខ្លាំងបំផុតមួយ ដែលពិភពពលោកមិនបានធ្លាប់ឃើញ»។
លោកក៏បានចង្អុលទៅនាយករដ្ឋមន្ត្រីប្រទេសស៊ុយអែត លោក Ulf Kristersson ដែលបានចូលរួមស្តាប់ការថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោកនៅក្នុងសភាអាមេរិក ក្នុងនាមជាភ្ញៀវរបស់ស្ត្រីទី ១ អាមេរិក គឺអ្នកស្រី Jill Biden។ ប្រទេសស៊ុយអែត ទើបបានក្លាយជាសមាជិកអង្គការអូតង់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះផងដែរ។
គណបក្សសាធារណរដ្ឋបានជ្រើសរើសសមាជិកព្រឹទ្ធសភាដែលមានវ័យក្មេងបំផុតរបស់ខ្លួន គឺអ្នកស្រី Katie Britt មកពីរដ្ឋ Alabama ដើម្បីថ្លែងសារឆ្លើយតបទៅនឹងសុន្ទរកថាប្រចាំឆ្នាំរបស់លោកប្រធានាធិបតី Biden ដោយអ្នកស្រីបានគូសបញ្ជាក់ក្នុងសុន្ទរកថាឆ្លើយតបដែលមានរយៈ ១៥ នាទីលើប្រព័ន្ធផ្សព្វផ្សាយជាតិ ដោយហៅលោក Biden ថាជាមេដឹកនាំ ដែលមានភាព«រួញរាស្ទាក់ស្ទើរនិងដើរថយក្រោយ» ខណៈលើកឡើងពីភាពភ័យខ្លាចនៃគោលនយោបាយរបស់លោក ស្តីពីជនអន្តោប្រវេសន៍ និងបានរិះគន់ចំណាត់ការលើបញ្ហាសេដ្ឋកិច្ច យុត្តិធម៌ និងកិច្ចការបរទេសរបស់លោកផងដែរ៕
ព័ត៌មានមួយចំនួននៅក្នុងរបាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP និង AFP។