លោក Biden អនុម័ត​​អនុស្សារណៈ​សន្តិសុខ​ជាតិ​ស្តីពី​ចិន អ៊ីរ៉ង់ កូរ៉េ​ខាង​ជើង​និង​រុស្ស៊ី​មុន​ការវិលត្រឡប់​របស់​លោក Trump

លោកប្រធានាធិបតី Joe Biden និយាយអំពីអនាគតនៃសេដ្ឋកិច្ចអាមេរិកនៅឯស្ថាប័ន Brookings ក្នុងទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ លោក Biden បានអនុម័តលើអនុស្សរណៈសន្តិសុខជាតិថ្មី មុនពេលលោក Donald Trump ត្រឡប់ទៅកាន់សេតវិមាន។

លោក​ប្រធានាធិបតី Joe Biden បាន​អនុម័ត​អនុស្សារណៈ​សន្តិសុខ​ជាតិ​ថ្មី​មួយ​ដែល​អាច​ចាត់ទុក​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​រដ្ឋបាល​ថ្មី​របស់​លោក Trump ​ចូលកាន់​តំណែងនៅពេល​ដែល​ស្វះស្វែង​ដើម្បី​ទប់ទល់​កិច្ចសហប្រតិបត្តិការ​កើនឡើង​ក្នុង​ចំណោម​ចិន អ៊ីរ៉ង់ កូរ៉េ​ខាង​ជើង​និង​រុស្ស៊ី។ ​

អនុស្សារណៈនេះ​បាន​ត្រូវ​អនុម័ត​មុនពេល​លោក Donald Trump ចូល​កាន់តំណែង​ក្នុង​ខែ​មករា​ហើយ​វាបាន​រៀបចំ​ដើម្បី​ជួយ​ក្រុម​របស់​លោក Trump ស្ថាបនា​នូវ​វិធី​ដោះស្រាយ​របស់​ខ្លួននៅ​ក្នង​ការដោះស្រាយ​ទំនាក់​ទំនង​ដែល​ទាក់ទិន​នឹង​គូ​សត្រូវ​និង​អ្នក​ប្រកួតប្រជែង​ដ៏​ខ្លាំង​បំផុត​របស់​អាមេរិក។

នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់២រូប​ដែល​បាន​បញ្ជាក់​ពីអនុស្សារណៈថ្មី​នេះ។ ពួក​មន្ត្រីដែល​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ក្រោម​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​សេតវិមាន។ ព័ត៌មាន​សម្ងាត់​នេះ​នឹង​មិន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ ពីព្រោះ ព័ត៌មាន​ខ្លះ​មាន​ភាពរសើប។

ឯកសារ​ទាំង​នោះ​រួមមាន​អនុសាសន៍​ធំទូលាយចំនួន៤គឺ​ការធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរទីភ្នាក់ងារ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បង្កើន​ការចែក​រំលែក​ព័ត៌មាន​ជាមួយ​សម្ព័ន្ធមិត្ត​អំពី​គូសត្រូវ​ទាំង៤របស់​យើង ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​ការប្រើប្រាស់​ការដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​ឧបករណ៍​សេដ្ឋកិច្ច​ផ្សេង​ទៀត​ឱ្យ​មាន​ប្រសិទ្ធភាព​ជា​អតិបរមា ហើយ​នឹងបង្កើន​ការប្រុងប្រៀប​ដើម្បី​ចាត់ចែង​វិបត្តិ​នៅពេល​ដំណាលគ្នា​ទាក់ទិន​នឹង​គូ​សត្រូវ។

សហរដ្ឋ​អាមេរិក​មាន​ការព្រួយ​កង្វល់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​ទាំង៤នោះ។ ការសម្រប​សម្រួល​បាន​បង្កើនល្បឿន​រវាង​ប្រទេស​ទាំង​នោះ​បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ក្នុង​ឆ្នាំ២០២២​មក៕