លោក Biden នឹង​ប្រកាស​អំពី​វិធានការ​ថ្មី​ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​ដោយ​កាំភ្លើង

រូបឯកសារ៖ កាំភ្លើង​ ដែល​ត្រូវបាន​គេ​ដាក់​បង្ហាញ​នៅ​ទីស្នាក់ការ​ប៉ូលិស​នៃ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Merrick Garland មាន​គម្រោង​ថ្លែង​នៅ​ព្រហស្បតិ៍​នេះ​ អំពី​វិធានការ​ថ្មីៗ​មួយ​ចំនួន​ដែល​មាន​គោល​បំណង​ដោះស្រាយ​បញ្ហា​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​កាំភ្លើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

នៅ​មុន​ការ​ថ្លែង​របស់​លោក​ទាំង​ពីរ សេតវិមាន​បាន​ចេញ​សេចក្តី​លម្អិត​អំពី​គម្រោង​ផ្តួចផ្តើម​មួយ​ចំនួន​ក្នុង​ចំណោម​វិធានការ​ទាំង​នោះ ដោយ​បាន​ហៅ​អំពើ​ហិង្សា​ដែល​ពាក់ព័ន្ធ​នឹង​កាំភ្លើង​ថា «ជា​រោគ​រាតត្បាត​នៃ​សុខភាព​សាធារណៈ»។

វិធានការ​មួយ​ក្នុង​ចំណោម​នោះ ​គឺ​ច្បាប់​ដែល​បាន​ស្នើឡើង​ដោយ​ក្រសួង​យុត្តិធម៌​ដើម្បី​បញ្ឈប់​ការ​រីក​សាយភាយ​នូវ​កាំភ្លើង​ដែល​មិន​មាន​លេខ​សម្គាល់​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​នៅ​ក្នុង​ការ​តាមដាន​នៅពេល​ដែល​កាំភ្លើង​ទាំង​នោះ​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ​ណា​មួយ។

ក្រសួង​យុត្តិធម៌​ ក៏​មាន​គម្រោង​ផ្សព្វផ្សាយ​ផងដែរ​នូវ​ច្បាប់​មួយ ដែល​ផ្តល់​សិទ្ធិ​ឲ្យ​សមាជិក​គ្រួសារ​និង​សមត្ថកិច្ច​នូវ​លទ្ធភាព​ប្តឹង​ទៅ​តុលាការ​បាន​ក្នុង​ការ​រារាំង​ជា​បណ្តោះអាសន្ន​លើ​នរណា​ម្នាក់ ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​មាន​គ្រោះថ្នាក់​ចំពោះ​ខ្លួន​ឯង ឬ​ចំពោះ​អ្នក​ដទៃ ដើម្បី​កុំ​ឲ្យ​អ្នក​នោះ​មាន​លទ្ធភាព​បាន​កាំភ្លើង។ ច្បាប់​នេះ​មាន​គោល​បំណង​ផ្តល់​ឲ្យ​រដ្ឋ​នីមួយៗ​នូវ​ចំណុច​ចាប់ផ្តើម​ដើម្បី​អនុម័ត​ច្បាប់​របស់​ពួកគេ​ដោយ​ខ្លួន​ឯង។

កិច្ច​ប្រឹងប្រែង​ថ្មីៗ​ទាំង​នេះ​ ក៏​មាន​ផងដែរ​នូវ​ការ​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​អំពី​ការ​ជួញដូរ​កាំភ្លើង និង​ការ​អន្តរាគមន៍​របស់​សហគមន៍​លើ​អំពើ​ហិង្សា។

ការ​ជំរុញ​ឲ្យ​មាន​វិធានការ​ទប់ទល់​នឹង​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​កាំភ្លើង​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​ចំនួន​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បាញ់​ប្រហារ​សម្លាប់​មនុស្ស ១០ នាក់​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ Colorado និង​ការ​បាញ់​ប្រហារ​សម្លាប់​មនុស្ស ៨ នាក់​នៅ​ហាង​ស្ប៉ា​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia ផងដែរ៕