កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ក្រុមមេដឹកនាំនៃប្រទេសនៅអាស៊ីដែលជាសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក បាននិយាយជាមួយលោក ចូ បៃដិន (Joe Biden) ដែលត្រូវបានព្យាករណ៍ថាជាប្រធានាធិបតីជាប់ឆ្នោត អំពីបញ្ហាសាកលនានាជាបន្ទាន់ ទោះជាលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៅតែប្រឆាំងនឹងជ័យជម្នះរបស់លោក Biden ជាមួយនឹងការជំទាស់ខាងផ្លូវច្បាប់ដែលនាំឱ្យមានការលំបាកដល់ដំណើរការអន្តរកាលនៅក្រោយការបោះឆ្នោត។
ក្រុមមេដឹកនាំទាំងនេះបាននិយាយថា ពួកគេបានពិភាក្សាគ្នាអំពីការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា ការប្រែប្រួលអាកាសធាតុ និងបញ្ហាឯទៀតៗ។ ក្រុមមេដឹកនាំទាំងនេះ យល់ថា លោក Biden ហាក់ដូចជាមានបំណងបន្ធូរកង្វល់របស់ពួកគេ អំពីគោលការណ៍របស់លោក Trump ដែលចាត់ទុក «ប្រទេសអាមេរិកមុនអ្វីៗទាំងអស់»។
លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានមានប្រសាសន៍នៅក្រោយការនិយាយគ្នាតាមទូរសព្ទ ១៥ នាទី ថា លោកនិងលោក Biden បានយល់ស្របគ្នាពង្រឹងសម្ព័ន្ធភាពរបស់អស់លោក នៅក្រោយកំណើនឥទ្ធិពលសាកលរបស់ប្រទេសចិន និងការកើនឡើងនៃការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
លោក Suga បាននិយាយប្រាប់ក្រុមអ្នកកាសែត នៅក្រោយការសន្ទនាគ្នាតាមទូរសព្ទនោះថា៖ «ខ្ញុំនឹងធ្វើការជាមួយលោកប្រធានាធិបតីជាប់ឆ្នោត Biden ដើម្បីជំរុញទៅមុខនូវវិធានការសម្រាប់ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសជប៉ុននិងសហរដ្ឋអាមេរិក។
ការិយាល័យរបស់លោក Biden បាននិយាយថា លោក Biden និងលោក Suga បានពិភាក្សាគ្នាអំពី «ការប្តេជ្ញារួមគ្នារបស់លោកទាំងពីរ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលធាតុអាកាស ការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក និងការពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងជប៉ុនជាថ្មី ដែលជាមូលដ្ឋាននៃភាពរុងរឿងនិងសន្តិសុខនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
អ្នកនាំពាក្យម្នាក់របស់លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា លោក Biden បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញារបស់សហរដ្ឋអឫមេរិកថា នឹងការពារកូរ៉េខាងត្បូង ហើយនិងជួយប្រទេសនេះ ធ្វើឱ្យធូរស្រាលដល់ការទាល់ច្រកក្នុងបញ្ហានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។
អ្នកនាំពាក្យលោក Kang Min-Seok បានថ្លែងថា មេដឹកនាំទាំងពីរនាក់នេះ ក៏បានយល់ស្របគ្នានៅក្នុងការសន្ទនាគ្នា ១ ៤នាទី ថា នឹងជួបជំនុំគ្នា «ក្នុងពេលឆាប់ៗនេះ» នៅក្រោយការសម្ពោធចូលកាន់តំណែងរបស់លោក Biden នៅថ្ងៃទី២០ ខែមករាឆ្នាំក្រោយនេះ។
ការិយាល័យរបស់លោក Biden បាននិយាយថា លោកប្រធានាធិបតីជាប់ឆ្នោត បានបង្ហាញគោលបំណងក្នុងការពង្រឹងសម្ព័ន្ធភាពរវាងក្រុមប្រទេសដែលបម្រើការជា «ប្រភពនៃការគាំទ្រដល់សន្តិសុខនិងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» និងការរើបឡើងវិញនៃសេដ្ឋកិច្ចសាកល។ ការិយាល័យរបស់លោក Biden ក៏បានថ្លែងដែរថា លោក Biden និងលោក Moon ក៏បានពិភាក្សាគ្នាផងដែរ អំពី«ការយកចិត្តទុកដាក់ទ្វេភាគីរបស់លោកទាំងពីរ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងការរើបឡើងវិញនៃសេដ្ឋកិច្ចសាកល»។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានមានប្រសាសន៍ថា លោកនិងលោកប្រធានាធិបតីជាប់ឆ្នោតបានពិភាក្សាគ្នា អំពីការប្តេជ្ញារបស់អស់លោក ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក Morrison ថ្លែងថា៖ «យើងបានយល់ស្របគ្នាថា គ្មានពេលណាសំខាន់ជាងពេលនេះទេសម្រាប់សម្ព័ន្ធភាពនេះរវាងយើងនិងសហរដ្ឋអាមេរិក។ ប្រទេសយើងទាំងពីរ ដែលមានចិត្តគំនិតដូចគ្នានិងមានសេចក្តីថ្លៃថ្នូរដូចគ្នា នឹងធ្វើការជាមួយគ្នា ដើម្បីលើកតម្កើងសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
បើតាមការិយាល័យរបស់លោក Biden លោកបានមានប្រសាសន៍ថា លោកស្វាគមន៍ឱកាសធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងលោក Morrison៖ «អំពីឧបសគ្គជាច្រើនដែលមានរួមបញ្ចូលទាំងការទប់ស្កាត់នឹងការរាតត្បាតជំងឺកូវីដ១៩ និងការប្រុងប្រយ័ត្នប្រឆាំងនឹងការគំរាមកំហែងខាងសុខភាពសាកលក្នុងពេលអនាគត ការប្រឈមនឹងការប្រែប្រួលធាតុអាកាស ការចាប់ផ្តើមរកវិធីធ្វើឱ្យមានការរើបឡើងវិញនូវសេដ្ឋកិច្ចសាកល ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការធ្វើឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានសន្តិសុខនិងភាពរុងរឿង»។
ក្រុមមេដឹកនាំសឹងតែទាំងអស់នៃប្រទេសធំៗក្នុងពិភពលោកបានទទួលស្គាល់លោក Biden ថាជាប្រធានាធិបតីជាប់ឆ្នោត ទោះណាជាលោក Trump នៅតែចោទប្រកាន់ដោយគ្មានមូលដ្ឋានថា មានការបន្លំសន្លឹកឆ្នោត ហើយនិយាយអះអាងថា លោកឈ្នះការបោះឆ្នោត កាលពីថ្ងៃទី៣ ខែវិច្ឆិកាក៏ដោយ។
មានការលើកលែងគួរកត់សម្គាល់ ដែលប្រធានាធិបតីរុស្សីលោក Vladimir Putin លោកប្រធានាធិបតី Xi Jinping ប្រធានាធិបតីប្ចិន និងប្រធានាធិបតីប្រទេសប្រេស៊ីល លោក Jair Bolsonaro ដែលមិនទាន់បានទទួលស្គាល់លោក Biden ថាជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយឈឹម សុមេធ