លោក Biden និង​លោក Trump ផ្ញើសារ​នយោបាយ​ចុង​ក្រោយ​ទៅកាន់​អ្នក​បោះឆ្នោត​មិន​ទាន់​សម្រេច​ចិត្ត

  • Standford Steve

រូបផ្គុំ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania និង​លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ធ្វើយុទ្ធនាការនៅរដ្ឋ Michigan កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដើម្បី​បញ្ចុះ​បញ្ចូល​អ្នក​បោះឆ្នោត​ឲ្យ​លោក​បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី ៤ ឆ្នាំ​ទៅ​មុខ​ទៀត លោក​ប្រធានាធិបតី Donald Trump បាន​ប្រកាស​ថា នៅ​ក្នុង​អាណត្តិ​ទី​ពីរ​របស់​លោក «យើង​នឹង​កម្ចាត់​អំពើ​ពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​យើង​នឹង​សង្គ្រោះ​ក្ដី​សុបិន​របស់​ពលរដ្ឋ​អាមេរិកាំង»។

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ នៅ​ក្នុង​រដ្ឋ North Carolina លោក​ប្រធានាធិបតី Trump បាន​សង្កត់​ធ្ងន់​លើ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុង​អំឡុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដោយ​បាន​សន្យា​ថា៖ «យើង​នឹង​ចែកចាយ​វ៉ាក់សំាង​ទ្រង់ទ្រាយ​ធំ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ដ៏​ខ្លី​ខាង​មុខ»។

មន្ត្រី​សុខាភិបាល រួម​ទាំង​មន្ត្រី​នៅ​ក្នុង​រដ្ឋបាល​លោក Trump ផង​ដែរ បាន​ទស្សន៍ទាយ​ថា ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​ទំនងជា​មិន​អាច​ទទួល​បាន​វ៉ាក់សំាង​នេះ​នៅ​មុន​ដើម ឬ​ក៏​ពាក់​កណ្ដាល​ឆ្នាំ ២០២១ ទេ។

នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ដំបូង ក្នុង​ចំណោម​ការ​ឃោសនា​ចំនួន ៥ កន្លែង ក្នុង​រដ្ឋ​ចំនួន ៤ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ លោក Trump បាន​និយាយ​ថា ប្រសិនបើ​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក ជាប់​ឆ្នោត លោក Biden «នឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​ស្ថានភាព​ដូចជា​ពន្ធនាគារ» តាម​រយ:​ការ​បិទ​សកម្មភាព​សង្គម ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩។

ចំណែក​ឯ​លោក Biden វិញ នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​បញ្ចប់​កាល​ពី​ថ្ងៃ​ច័ន្ទ លោក​បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio ថា៖ «ជំហាន​ដំបូង​ក្នុង​ការ​យក​ឈ្នះ​លើ​ជំងឺ​កូវីដ១៩ គឺ​ការ​យក​ឈ្នះ​លើ​លោក Donald Trump»។

នៅ​ក្នុងទី​ក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ដែរ លោក​អតីត​ប្រធានាធិបតី Barack Obama បាន​ឃោសនា​ជួយ​លោក Biden ដោយ​បាន​បញ្ជាក់​ថា លោក Trump គឺ​ជា «ភ្នាក់ងារ​ចម្លង​កំពូល» នៃ​ជំងឺ​កូវីដ១៩ ដោយសារតែ​លោក Trump បាន​ធ្វើ​ការ​ជួបជុំ​ជាមួយ​អ្នក​គាំទ្រ​ច្រើន​នាក់ នៅ​ច្រើន​កន្លែង និង​រៀបចំ​ព្រឹត្តិការណ៍​ជួបជុំ​នានា​នៅ​សេតវិមាន៕