កាលពីថ្ងៃទី ១៦ ខែកុម្ភៈ រដ្ឋបាលលោក Biden បានបង្ហាញអាទិភាពរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ដោយនិយាយថា អាមេរិកចង់ឱ្យមានភាពដៃគូយុទ្ធសាស្ត្រជាមួយប្រទេសមួយនេះ ដែលមានស្ថិរភាពនិងកាន់លទ្ធិប្រជាធិបតេយ្យ ព្រមទាំងបញ្ចៀសកុំឱ្យពួកភេវជនរដ្ឋឥស្លាមកើតឡើងវិញបាននៅទីនោះ។
លោក Richard Mills ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយប្រាប់ការប្រជុំតាមវីដេអូនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីប្រទេសអ៊ីរ៉ាក់ថា៖ «សហរដ្ឋអាមេរិកនឹងនៅតែជាដៃគូមិនងាករេនិងគួរឱ្យទុកចិត្តបាន សម្រាប់ប្រទេសអ៊ីរ៉ាក់និងប្រជារាស្ត្រអ៊ីរ៉ាក់នៅថ្ងៃនេះនិងនៅពេលអនាគត»។
លោក Mills បានថ្លែងថែមទៀតថា៖ «សហរដ្ឋអាមេរិកនឹងជួយប្រទេសអ៊ីរ៉ាក់ការពារអធិបតេយ្យភាពខ្លួន នៅចំពោះមុខពួកសត្រូវក្នុងប្រទេសនិងក្រៅប្រទេស ដោយរារាំងកុំឱ្យពួក ISIS មានឡើងវិញនិងធ្វើកិច្ចការឆ្ពោះទៅកាន់ស្ថិរភាពនៃប្រទេសអ៊ីរ៉ាក់»។
លោក Mills បានពោលថា រដ្ឋបាលថ្មីនឹងគាំទ្រកិច្ចប្រឹងប្រែងរបស់អ៊ីរ៉ាក់ប្រឆាំងនឹងអំពើពុករលួយនិងកិច្ចប្រឹងប្រែងធ្វើកំណែទម្រង់សេដ្ឋកិច្ច និងបន្តផ្តល់ជំនួយមនុស្សធម៌ផងដែរ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងគាំទ្រផងដែរដល់កិច្ចប្រឹងប្រែងគ្រប់គ្រងពួកជីវពលនិងសកម្មភាពរបស់អ៊ីរ៉ង់ ក្នុងការធ្វើឱ្យមានអស្ថិរភាពក្នុងប្រទេសអ៊ីរ៉ាក់ ហើយណែនាំនិងជួយកងកម្លាំងប្រឆាំងនឹងភេរវកម្មរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។
លោក Mills បាននិយាយថា ស្ថិរភាពតម្រូវឱ្យមានការបោះឆ្នោតទូទាំងប្រទេស ដែលគួរឱ្យជឿទុកចិត្តបានដែលគ្រោងនឹងធ្វើក្នុងខែតុលា។
លោក Mills បានថ្លែងថា៖ «ការបោះឆ្នោតដែលគ្រោងធ្វើទាំងនេះនឹងមានសារៈសំខាន់ក្នុងការបង្កើតរដ្ឋាភិបាលមួយ ដែលមានការទទួលខុសត្រូវនិងតំណាងឱ្យភាគីផ្សេងៗ»។
សភាអ៊ីរ៉ាក់បានអនុម័តសេចក្តីព្រាងច្បាប់មួយដើម្បីផ្តល់ប្រាក់ដល់ការបោះឆ្នោត ហើយការចុះឈ្មោះបេក្ខជននិងអ្នកបោះឆ្នោតបានចាប់ផ្តើមហើយ។ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យសភាបញ្ចប់ច្បាប់ស្តីពីតុលាការកំពូលសហព័ន្ធ ពីព្រោះតុលាការនេះនឹងត្រូវបញ្ជាក់លទ្ធផលឆ្នោត។
រដ្ឋាភិបាលអ៊ីរ៉ាក់បានស្នើបេសកកម្មអង្គការសហប្រជាជាតិ ហៅកាត់ថា UNAMI ឱ្យផ្តល់អ្នកអង្កេតការណ៍សម្រាប់ការបោះឆ្នោតរបស់ខ្លួន ក្នុងខែតុលាខាងមុខនេះ។ សំណើនេះនឹងត្រូវពិភាក្សាដោយក្រុមប្រឹក្សាសន្តិសុខ ហើយសមាជិកទាំង ១៥ នៃក្រុមប្រឹក្សានេះជាអ្នកសម្រេចចំពោះសំណើនេះ។
លោក Mills បាននិយាយថា៖ «យើងគាំទ្រការអង្កេតការណ៍អន្តរជាតិនៃការបោះឆ្នោតក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីធ្វើឱ្យប្រាកដថា ការបោះឆ្នោតនេះធ្វើឡើងដោយសេរីយុតិ្តធម៌ និងយកជាការបាន។ យើងទន្ទឹងរង់ចាំធ្វើការជាមួយអ៊ីរ៉ាក់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសជាសមាជិកនិងអង្គកាសហប្រជាជាតិ ដើម្បីស្វែងរកវិធីសម្រាប់អនុវត្តកិច្ចខិតខំប្រឹងប្រែងបែបនេះ»។
សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ ៩ លាន ៧ សែនដុល្លារ ឱ្យបេសកកម្មអង្គការសហប្រជាជាតិសម្រាប់រៀបចំការបោះឆ្នោតក្នុងប្រទេសអ៊ីរ៉ាក់។
លោកឯកអគ្គរដ្ឋទូតរង Mills បានមានប្រសាសន៍ជាថ្មីទៀតអំពីការថ្កោលទោសរបស់សហរដ្ឋអាមេរិកលើការវាយប្រហារកាលពីថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ លើក្រុង Irbil ក្នុងតំបន់Kurdistan នាប៉ែកខាងជើងប្រទេសអ៊ីរ៉ាក់ ដែលបានបណ្តាលឱ្យជនស៊ីវិលជាប់កុងត្រាយ៉ាងតិចណាស់ម្នាក់ស្លាប់ និងបានធ្វើឱ្យមនុស្សមួយចំនួនទៀតរបួស។
លោក Mills បានកត់សម្គាល់ថា៖ «ឧបសគ្គមួយក្នុងបណ្តាឧបសគ្គធំៗ ដែលរារាំងដល់បរិយាកាសសមស្របសម្រាប់ការបោះឆ្នោតនេះ គឺវត្តមានពួកជីវពលប្រដាប់អាវុធ ពួកជ្រុលនិយមហិង្សានិងពួកអ្នកអុកឡុក»។
លោកបានអំពាវនាវដល់អាជ្ញាធរអ៊ីរ៉ាក់ឱ្យរៀបចំកិច្ចការពារសន្តិសុខយ៉ាងតឹងរ៉ឹង សម្រាប់ការបោះឆ្នោត៕
ប្រែសម្រួលដោយលោកឈឹម សុមេធ