រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានបញ្ឈប់សកម្មភាពអភិវឌ្ឍន៍ប្រេងនៅក្នុងតំបន់ជម្រកសត្វព្រៃ Arctic ក្នុងរដ្ឋ Alaska ដែលផ្ទុយនឹងលោកអតីតប្រធានាធិបតី Donald Trump ដែលអនុញ្ញាតឱ្យខួងប្រេង។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងគ្រប់គ្រងធនធានធម្មជាតិនិងកេរដំណែលវប្បធម៌បានបញ្ជាក់ថា ក្រសួងនេះបានជូនដំណឹងទៅក្រុមហ៊ុនអំពីការផ្អាកនេះ ដោយរង់ចាំការត្រួតពិនិត្យបរិស្ថានដ៏ទូលំទូលាយដែលនឹងកំណត់ថា តើការផ្តល់សម្បទាននៅក្នុងតំបន់ដែលគេហៅថា ANWR នេះ គួរតែត្រូវបានបញ្ជាក់សារជាថ្មី ឬស្ថិតនៅក្រោមវិធានការកាត់បន្ថយបន្ថែមទៀត។
សេចក្តីប្រកាសនេះ ទាក់ទងនឹងការស្វែងរកប្រេងដែលមានជម្លោះយូរមកហើយរបស់ក្រុមហ៊ុនប្រេងដើម្បីខួងនៅក្នុងដែនទឹកមានបញ្ហារសើបនេះ។ ការជំរុញឲ្យមានការអភិវឌ្ឍបានកើនសន្ទុះ បន្ទាប់ពីលោក Trump បានប្រកាសផែនការផ្តល់សម្បទានកាលពីខែវិច្ឆិកាឆ្នាំមុន គឺភ្លាមៗបន្ទាប់ពីលោកចាញ់លោក Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតី។
មន្ត្រីអាមេរិក បានដាក់ឲ្យដេញថ្លៃតំបន់បូមប្រេងចំនួន ១១ កន្លែង នៅលើដីសម្បទានមួយនៅខែមករា ដែលមានផ្ទៃដីប្រមាណ១,៦លានអារ៍។ ក្រុមហ៊ុនប្រេងធំៗបានចូលរួមដេញថ្លៃ ហើយកិច្ចសន្យាសម្បទានចំនួន៩ បានទៅអាជ្ញាធរអភិវឌ្ឍន៍និងនាំចេញឧស្សាហកម្ម Alaska ដែលជាទីភ្នាក់ងាររដ្ឋ រីឯសម្បទានពីរបានទៅក្រុមហ៊ុនតូចៗ។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីលោក Biden បានសន្យាថា នឹងការពារតំបន់ ANWR។
លោកស្រី Gina McCarthy ទីប្រឹក្សាសេតវិមានផ្នែកអាកាសធាតុ បានកត់សម្គាល់ពីការសន្យារបស់លោក Biden និងបាននិយាយថា ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីជំនឿរបស់លោកថា «ទ្រព្យសម្បត្តិជាតិ គឺជាគ្រឹះវប្បធម៌និងសេដ្ឋកិច្ចនៃប្រទេសរបស់យើង»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
លោកស្រី McCarthy បានបន្ថែមទៀតថា «លោក Biden សូមអរគុណចំពោះការចាត់វិធានការភ្លាមៗរបស់ក្រសួងគ្រប់គ្រងធនធានធម្មជាតិនិងកេរតំណែលវប្បធម៌ក្នុងការព្យួររាល់សម្បទានទាំងអស់រង់ចាំការពិនិត្យឡើងវិញនូវការសម្រេចចិត្តសម្រេចចិត្តនៅថ្ងៃចុងក្រោយរបស់រដ្ឋបាលមុន»។
អ្នកបរិស្ថានបានអះអាងជាយូរមកហើយថា ការការពារតំបន់ ANWR មានសារៈសំខាន់ណាស់ក្នុងការការពារខ្លាឃ្មុំតំបន់ប៉ូល និងសត្វព្រៃដែលងាយរងគ្រោះផ្សេងទៀតនិងសម្រាប់ប្រជាជនជនជាតិដើមភាគតិច ដែលតាមប្រមាញ់សត្វក្តាន់ស្នែងវែង ឬ caribou នៅក្នុងតំបន់៕