ប្រធានាធិបតីអាមេរិកលោក Joe Biden ថ្លែងសុនុ្ទករថាមួយនៅថ្ងៃអង្គារនៅការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិក (ODNI) ថា៖ «ប្រទេសរុស្ស៊ីបានចូលជ្រៀតជ្រែករួចហើយនូវការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយ»។
និយាយយោងរបាយការណ៍សម្ងាត់ដែលត្រូវបានរៀបចំដោយផ្នែកស៊ើបការណ៍សម្ងាត់សម្រាប់រូបលោក លោក Biden និយាយថា៖ «សូមអ្នកមើលទង្វើរបស់ប្រទេសរុស្ស៊ីដែលបានធ្វើរួចហើយអំពីការបោះឆ្នោតក្នុងឆ្នាំ២០២២និងការផ្សព្វផ្សាយព័ត៌មានមិនពិត»។
លោក Biden បន្តថា៖ «សកម្មភាពរបស់រដ្ឋាភិបាលក្រុងម៉ូស្គូបែបនេះជាការរំលោភទាំងស្រុងនូវបូរណភាពរបស់យើង»។ទោះបីយ៉ាងណាក្តី លោក Biden មិនបានបកស្រាយលម្អិតនោះទេនៅក្នុងសុន្ទរកថាទៅកាន់តំណាងផ្នែកស៊ើបការណ៍សម្ងាត់អាមេរិកប្រមាណ១២០នាក់ដែលបានមកចូលរួមប្រជុំនៅក្នុងការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិកនៅក្នុងរដ្ឋ Virginia ភាគខាងជើងនោះ។
អ្នកស្រី Emily Harding នាយិការងនិងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីសន្តិសុខអន្តរជាតិនៃមជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិបានឲ្យដឹងថា៖ «លោក Biden ជាប្រធានាធិបតីអាមេរិក។លោកអាចលើកយករឿងសម្ងាត់មកនិយាយជាសាធារណៈនៅពេលណាដែលលោកចង់និយាយ»។
លោកប្រធានាធិបតីក៏បានប៉ាន់ស្មានអំពីការចូលលួចប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងមានការកើនឡើងដោយយកអាមេរិកធ្វើជាគោលដៅហើយរដ្ឋបាលរបស់លោកបានស្តីបន្ទោសទៅលើក្រុមចោរលួចព័ត៌មានវិទ្យាគាំទ្រដោយរដ្ឋក្នុងប្រទេសចិននិងប្រតិបត្តិករមាននិទណ្ឌភាពក្នុងប្រទេសរុស្ស៊ីផងដែរ៕