មន្រ្តី​ជំនាញ​យល់​ថា​ការ​រើសអើង​ព័ត៌មាន​ជា​គ្រោះថ្នាក់​សង្គម

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​វេទិកា​ប្រចាំ​ឆ្នាំ​ស្តីពី​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​សារព័ត៌មាន​វិជ្ជា​ជីវៈ​ ពលរដ្ឋ​អ្នក​សារព័ត៌មាន និង​និស្សិត​សារព័ត៌មាន នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (កាន់ ​វិច្ឆិកា/VOA)

លោក ខៀវ កាញារីទ្ធ​ មាន​ប្រសាសន៍​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរ​តួ​សំខាន់​ មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​ប្រជា​ពលរដ្ឋ។​

លោក ​ខៀវ កាញារីទ្ធ ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​អាទិត្យ​ ព្រមាន​ពី​គ្រោះ​ថ្នាក់​សង្គម​ដែល​អាច​កើត​មាន​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ស្តាប់​ព័ត៌មាន​តែ​ម្ខាង ស្រប​ពេល​ដែល​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​លើក​ឡើង​ថា ការ​មិន​ទទួល​យក​ព័ត៌មាន​ពី​គ្រប់​បញ្ហា​នឹង​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​ប្រឈម​នឹង​ភាព​ប្រេះឆា។

លោក​ ខៀវ កាញារីទ្ធ ​ថ្លែង​បែបនេះ​ក្នុ​ងវេទិកា​ប្រចាំ​ឆ្នាំ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ​ស្តីពី​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​ ពលរដ្ឋ​អ្នក​សារព័ត៌មាន ​និង​និស្សិត​សារព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២០ ខែ​វិច្ឆិកា។

លោក ខៀវ កាញារីទ្ធ​ មាន​ប្រសាសន៍​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរ​តួ​សំខាន់​ មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​ប្រជា​ពលរដ្ឋ។​ លោក​បន្ត​ថា ​បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​មាន​ច្រើន ​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ស្តាប់ ​និង​ទទួល​យក​តែ​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​ពី​បុគ្គល ​ឬ​ក្រុម​មនុស្ស​ដែល​ពួកគេ​គាំទ្រ​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​គិត​របស់​ពួកគេ​គ្មាន​ភាព​រីក​ចម្រើន​ និង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

លោក​បញ្ជាក់​ថា៖ ​«អានេះ​ហើយ​ដែល​ធ្វើ​ឲ្យការ​យល់​ដឹង​របស់​មនុស្ស​អត់​បាន​រីក​ចម្រើន​ទេ​ វា​ឃាំង​ៗៗ វា​ដាច់ៗ ជា​បន្ទប់ៗ​រៀង​ខ្លួន​ទៅ​វិញ។ វា​មិន​បាន​ពង្រីក​ចំណេះ​ដឹង​ជា​សកល។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​បច្ចេកទេស​ អ្នក​ជំនាញ​ខាង​សារព័ត៌មាន​នេះ​ យើង​កំពុង​ពិចារណា​ តើ​វា​ជះ​ឥទ្ធិពល​អីខ្លះ​ដល់​សង្គម​របស់​យើង​ ដល់​ការ​ត្រិះរិះ​របស់​មនុស្ស​របស់​យើង។ នេះ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ពិចារណា ​ហើយ​ត្រូវ​គិតគូ ​ហើយ​នេះ​ជា​ការ​សាប​ព្រួស​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ផង​ ទាក់​ទិន​ដល់​សង្គម​វិទ្យា​ផង ទាក់​ទិន​ដល់​ផ្នត់​គំនិត​មនុស្ស​ផង»។

លោក​ ប៉ែន បូណា ​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ​ប្រាប់​ VOA ​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅកម្ពុជា​មាន​គ្រប់​ផ្នែក​ និង​គ្រប់​និន្នាការ​នយោបាយ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បង្ហាញ​ការ​គាំទ្រ​ទៅ​តាម​ការ​យល់​ឃើញ​របស់​ពួកគេ​ ដោយ​ខ្លះ​គាំទ្រ​ក្រុម​តែម្ខាង ​ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​ព័ត៌មាន​តែ​មួយ​ផ្នែក និង​មិន​ព្រម​ទទួល​យក​នូវ​ព័ត៌មាន​ផ្សេង​ក្រៅ​តែពី​អ្វី​ដែល​ពួកគេ​ចូលចិត្ត។ ​លោក​បន្ថែម​ថា ការ​មិន​ព្រម​ទទួល​យក​ព័ត៌មាន​ពី​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ការ​បែកបាក់​ក្នុង​សង្គម។

លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា (CCJ) ប្រាប់ VOA ក្រោយ​បញ្ចប់​វេទិកា​ប្រចាំ​ឆ្នាំ​ស្តីពី​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​ ពលរដ្ឋ​អ្នក​សារព័ត៌មាន និង​និស្សិត​សារព័ត៌មាន នៅ​រាជធានី​ភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​មាន​ប្រសាសន៍​ថា៖ «តាម​យើង​សង្កេត​ឃើញ​រាល់​ថ្ងៃ​ហ្នឹង តាម​បណ្តាញ​សារព័ត៌មាន​ក្តី តាម​បណ្តាញ​សង្គម​ក្តី ឬ​ភាព​ជាក់​ស្តែង​ក្តី​ហ្នឹង​ យើង​ឃើញ​មាន​ភាព​ជ្រុល​និយម​ខ្លាំង​ក្នុង​ស្រុក​ខ្មែរ​យើង ដូច​អ្នក​ដែល​ជឿជាក់​លើអ្វី​មួយ​ហ្នឹង ទៅ​លើ​គណបក្ស​នយោបាយ​ហ្នឹង​ដូចជា​ចាត់​ទុក​គ្នា​ជា​សត្រូវ។ ដូច្នេះ​អាហ្នឹង​ហើយ​ជា​រឿង​បែក​បាក់​សង្គម»។

លោក​បន្ថែម​ថា៖ «កាល​ណា​យើង​អ្នក​មើល​ព័ត៌មាន យើង​ត្រូវ​បើក​ចិត្ត​យើង​ឲ្យ​ទូលាយ​ដែរ។ ឧបមា​ថា​ យើង​ស្រលាញ់​គណបក្ស​មួយ យើង​ចូល​ចិត្ត​ស្តា​ប់​តែ​ព័ត៌មាន​លើក​សរសើរ​គណបក្ស​ហ្នឹង និយាយ​ពី​គណបក្ស​ហ្នឹង​ ប៉ុន្តែ​យើង​ភ្លេច​គណបក្ស​ផ្សេង​ទៀត ភ្លេច​មតិ​យោបល់​គេ​ផ្សេង​ទៀត បាន​ន័យ​ថា​ វា​អត់​ធ្វើ​ឲ្យ​យើង​ហ្នឹង​ទូលាយ យើង​ងប់​តែ​ម្ខាង យើង​យល់​ឃើញ​តែ​ម្ខាង​ហ្នឹង​ទៅ​រហូត។ យើង​កុំ​ងប់​ងល់​ទៅ​នឹង​រឿង​អី​មួយៗ​ យើង​បើក​ចិត្ត​យើង​ឲ្យ​ទូលាយ យើង​បើក​ស្តាប់​ឆ្វេង​ស្តាំ អ្នក​ដែល​គេ​និយាយ​ផ្សេងៗ​ទៀត ដើម្បី​យើង​បាន​គំនិត​កាន់​តែទូលាយ​ថែម​ទៀត»។

លោក​ ណុប វី ​នាយក​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​(CCIM)​ ចាត់​ទុក​ថា ​ការ​ទទួល​យក​ព័ត៌មាន​ពី​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ចំណេះ​ដឹង និង​មាន​ការ​គិត​គ្រប់​ជ្រុង​ជ្រោយ ​ដោយ​មិន​បារម្ភ​ពី​ការ​បោក​បញ្ឆោត​របស់​បុគ្គល​ដែល​ចង់​ទាញ​ប្រយោជន៍​ណា​មួយ​ពី​ប្រជាពលរដ្ឋ។

លោក ណុប វី នាយក​នៃ​នាយក​ដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ប្រាប់ VOA ក្រោយ​បញ្ចប់​វេទិកា​ប្រចាំ​ឆ្នាំ​ស្តីពី​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​ ពលរដ្ឋ​អ្នកសារព័ត៌មាន និង​និស្សិតសារព័ត៌មាន នៅរាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​ប្រាប់ VOA បន្ថែម​ថា ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត ​ជាពិសេស​ការ​យល់​ដឹង​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​សម្រេច​ចិត្ត​ទាំង​ខ្វះ​ព័ត៌មាន។

លោក​បញ្ជាក់​ថា៖ «ការ​សម្រេច​ចិត្ត​ដោយ​កង្វះ​ព័ត៌មាន​នេះ​គឺ​ថា​ធ្វើ​ឲ្យ​មាន​គុណ​វិបត្តិ។​ គុណ​វិបត្តិ​គឺ​ថា​ កាល​ណា​ការ​សម្រេច​ចិត្ត​មិន​បាន​ត្រឹមត្រូវ​ ឧទាហរណ៍​ការ​ជ្រើស​រើស​អ្នក​ដឹកនាំ​តាមរយៈ​ការ​បោះឆ្នោត គឺ​គាត់​នឹង​ជ្រើសរើស​អ្នក​ដឹកនាំ​ដែល​មិន​ល្អ ហើយ​កាលណា​គាត់​ជ្រើសរើស​អ្នក​ដឹកនាំ​មិនល្អ មាន​ន័យ​ថា​កម្រិត​ជីវភាព​របស់​ពួកគាត់​គឺ​ថា​នឹង​នៅ​តែ​លំបាក​ ព្រោះ​ថា​អ្នក​ដឹកនាំ​មិន​ល្អ​ មិន​អាច​ដឹកនាំ​ប្រទេស​ឲ្យ​ល្អ​បាន​ទេ»។

តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ព័ត៌មាន​ ចេញ​កាលពី​ថ្ងៃទី៤​ ខែមីនា ​ឆ្នាំ​២០១៥ ​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៤ ​កម្ពុជា​មាន​ស្ថាប័ន​វិទ្យុ​ចំនួន​១៧៥​ ទូរទស្សន៍​ចំនួន​២៤ ​កាសែត​ជាតិ​មាន​ចំនួន​៤៥៦ អង្គភាព​នៅ​ទូទាំង​ប្រទេស។

គម្រោង​«ឃ្លាំ​មើល​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ» ​របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​ ចេញ​ផ្សាយ​ កាលពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ​២០១៥ រក​ឃើញ​ថា ​ក្នុង​ចំណោម​ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​២៧​នៅ​កម្ពុជា រួម​មាន​ទូរទស្សន៍ វិទ្យុ សារព័ត៌មាន​បោះពុម្ព និង​សារព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​អង្គការ​នេះ​ស៊ើប​អង្កេត​ មាន​ចំនួន​៩​ ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ឬ​ជា​អ្នក​មាន​ឥទ្ធិពល ​ដែល​ជា​អ្នក​ជិតស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច ហើយ​ពួកគេ​ខ្លះ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អំណាច​បំផុត​នៅ​ក្នុង​ប្រទេស៕