ប្រជាពលរដ្ឋ​មួយ​ក្រុម​នៅ​​តំបន់​បឹងកក់​​ចោទ​ប្រកាន់​ក្រុមហ៊ុន​ស៊ូកូកាអ៊ីន​ថា​បាន​រំលោភ​កម្មសិទ្ធិ​ដី​និង​ទាមទារ​សំណង

គេហដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណ១១គ្រួសារនៅតំបន់បឹងកក់ សង្កាត់ស្រះចក ត្រូវបានក្រុមហ៊ុនShukaku INC ឈូសឆាយ,នៅរាជធានីភ្នំពេញ, កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

អ្នក​ស្រី​ សូ ឡេង ​អាយុ​ ៦៥ ​ឆ្នាំ ​ដែល​ជា​អាជីវករ​លក់​គ្រឿង​សំណង់​និង​ជាពលរដ្ឋ​មួយ​រូប​​ដែល​រងការ​ប៉ះពាល់ សង្ឃឹម​ថា ក្រុម​ប្រជាពលរដ្ឋ​ទាំង​ ១១ ​គ្រួសារ​នេះ​នឹង​ទទួល​បាន​សំណង​សម​ស្រប។

ប្រជាពលរដ្ឋ​មួយ​ក្រុម​ថ្មីដែល​បាន​រស់​នៅ​ក្នុង​តំបន់​បឹង​កក់​ជាង​ ២០ ឆ្នាំ​មក​ហើយ ​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​វិនិយោគ Shukaku Inc និងព្យាយាម​ទាមទារសំណងពី​ក្រុម​ហ៊ុន​នេះ បន្ទាប់​ពីក្រុម​អាជ្ញាធរ​មក​ធ្វើ​ការ​ឈូស​ឆាយ​ផ្ទះ​របស់​ពួកគេ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

គេហដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ១១ ​គ្រួសារ​ថ្មីទៀត​នៅ ក្នុង​តំបន់​បឹងកក់​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ Shukaku​ Inc​ ដែល​ជា​ក្រុមហ៊ុន​របស់​លោក​ ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ឈូស​ឆាយ​កាល​ពី​ព្រឹក​ថ្ងៃចន្ទ។

ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងសង្កាត់​ ស្រះចក ក្នុង​ខណ្ឌ​ដូន​ពេញ លើផ្លូវ​ឧកញ៉ា​ឃ្លាំង​មឿង​ ទាំងនេះ​និយាយ​ថា ​ពួកគេ​រស់​នៅ​ក្នុង​ទីតាំង​នេះ​ចាប់​តាំង​ពីមុន​ឆ្នាំ ២០០០​ មកម្ល៉េះ ​ហើយ​ពួកគេ​ទាមទារ​ឲ្យមាន​សំណង​សមរម្យ។

​អ្នក​ស្រី​ ឈិត សុគន្ធ អាយុ​ ​៤៧ ឆ្នាំ ជា​ម្ចាស់ផ្ទះ​ពីរ​ល្វែង​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ទេច​ផ្នែក​ខាងក្រោយ​ជាង​ ១៧ ​ម៉ែត្រ​បាន​អះអាង​ថា​ អ្នក​ស្រីបាន​ទិញ​ទីតាំង​មួយ​នេះ​ និង​រស់​នៅ​ទីនេះ​យូរ​មកហើយ ​ហើយ​អ្នកស្រី​មាន​ប្លង់​សាងសង់​ស្របច្បាប់​ផងដែរ។

អ្នក​ស្រី​បាន​និយាយ​ប្រាប់​វីអូអេ​ ថា៖

«​ខ្ញុំ​ ខ្ញុំ​ទិញ​មក​ពី​ទាហាន​ហ្នឹង​តាំង​ពី​ឆ្នាំ​ ១៩៩២ ហើយ​រហូត​ដល់​ឆ្នាំ​ ២០១០ ហ្នឹង​ខាងសាលា​ក្រុង​ហ្នឹង​ គាត់​ថា​គាត់​លក់​ដី​ហ្នឹង​ឲ្យ​ក្រុម​ហ៊ុន​ធ្វើ​វិនិយោគទុន​ឲ្យ​ក្រុម​ហ៊ុន»។

គេហដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណ១១គ្រួសារនៅតំបន់បឹងកក់ សង្កាត់ស្រះចក ត្រូវបានក្រុមហ៊ុន Shukaku INC ឈូសឆាយ នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

គេហដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណ១១គ្រួសារនៅតំបន់បឹងកក់ សង្កាត់ស្រះចក ត្រូវបានក្រុមហ៊ុនShukaku INC ឈូសឆាយ នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

អាជ្ញាធរ​ខណ្ឌ​ ​មន្រ្តី​ប៉ូលិស​រាប់សិប​នាក់ បាន​បិទផ្លូវ​នៅ​ប៉ែក​ខាងជើង​នៃ​តំបន់​បឹងកក់​ និង​ហាម​មិន​ឲ្យ​មាន​ការ​យក​ព័ត៌មាន។ ក្រុម​អាជ្ញាធរ​បាន​ប្រើ​គ្រឿងចក្រ​ ដើម្បី​កម្ទេច​បរិវេណ​ខាងក្រោយ​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ទាំងនេះ ដោយ​ពួកគេ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា​ពួកគេ​បាន​រំលោភ​បំពាន​ដី​របស់​ក្រុម​ហ៊ុន។

អ្នក​ស្រី​ សុគន្ធ បាន​បន្ត​ថា៖

«ឈឺ​ចាប់​ណាស់​ណា​អូន ដី​នេះ​អ៊ី​ទិញ​មិនមែន​អ៊ីសុំ​គេ​បាន មិនមែន​អ៊ី​ទៅចាប់​បឹងៗ​ដូចគេ​ទេណា។ បើសិនជា​អ៊ី​ចាប់​ក្នុង​បឹង អ៊ី​អត់​តូច​ចិត្ត គេយកវិញ​យក​ចុះ អ៊ីអត់​តូចចិត្ត​ទេ​តែអានេះ​អ៊ី​ទិញ ទិញ​ពីទាហាន​ទៀត​ គាត់​អ្នក​តស៊ូ​រំដោះ​ជាតិ​ទាហាន»។

ការ​អភិវឌ្ឍ​ទីក្រុង​រណប​ទំនើប​នៅ​បឹងកក់​ដោយ​ក្រុមហ៊ុន Shukaku Inc របស់​លោក ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈាន ទៅ​ដល់​ការ​លុបបឹង​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​កា​រជាប់​ទាក់ទង​នឹង​ដើម​កំណើត និង​អត្តសញ្ញាណ​របស់​រាជធានី ហើយ​ប្រជាជន​ក្នុង​សហគមន៍​ក្រីក្រ​ប្រមាណ ៤.០០០ គ្រួសារ ត្រូវ​បង្ខំ​ចិត្តផ្លាស់ប្ដូរ​ទីលំនៅ​ជាមួយ​នឹង​ការ​ផ្ដល់​សំណង​ដែល​រង​ការ​រិះគន់​ថា​មិន​សមរម្យ។

​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេះ​ស្នើសុំ​ឲ្យ​មាន​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន Shukaku Inc ដើម្បី​ទទួល​សំណង។

អ្នក​ស្រី​ សូ ឡេង ​អាយុ​ ៦៥ ​ឆ្នាំ ​ដែល​ជា​អាជីវករ​លក់​គ្រឿង​សំណង់​និង​ជាពលរដ្ឋ​មួយ​រូបដែល​រងការ​ប៉ះពាល់ សង្ឃឹម​ថា ក្រុម​ប្រជាពលរដ្ឋ​ទាំង​ ១១ ​គ្រួសារ​នេះ​នឹង​ទទួល​បាន​សំណង​សម​ស្រប។

«ចា៎ ហើយ​ទៅ​ជា​យើង​នេះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​រាប់​សិប​ឆ្នាំ​មកហើយ ទៅជា​អត់នៅ​ស្រប​ច្បាប់។ ក្រុមហ៊ុន​ដែល​មកក្រោយ​ហ្នឹង​គេ​មាន​កម្មសិទ្ធិ។ វិភាគ​ឲ្យ​ផង​មើល តើ​យ៉ាងម៉េច​ទៅវិញ​ទៅ ចា៎។ ខ្ញុំ​ម្ចាស់​ដី​ហ្នឹង ចា៎​អ្នក​ដែល​នៅ​ក្នុង​ទឹក គេ​មាន​សំណង​ហើយ​ខ្ញុំវា​អត់»។

ពលរដ្ឋ​រងគ្រោះ​ម្នាក់​ទៀត គឺអ្នក​ស្រី តុប អាយុ​ ៣៥ ឆ្នាំ ដែល​ជា​អាជីវករ​លក់​គ្រឿង​សំណង់​ម្នាក់​បាន​ទទូច​ដដែលៗ​ ដើម្បី​ឲ្យ​មាន​ការ​សង​សំណង​សមរម្យពី​ក្រុម​ហ៊ុន។

«ប្រជាជន​មិនរឹង​ទទឹង​ទេ​ជាមួយ​ក្រុម​ហ៊ុន​ គ្រាន់ថា​ឲ្យ​ដោះ​ស្រាយ​សំណង​ជាមួយ​ប្រជាជន​ឲ្យ​សមស្រប​ទៅ។ ពួកយើងហ្នឹង​ព្រម​ទាំង​អស់​គ្នា ព្រោះ​ដី​អស់​នេះ​មិន​មែន​ទៅ​ចាប់គេ​យក​មក​ទេ សុទ្ធ​តែ​ទៅទិញគេ។ ហើយ​ពួក​ខ្ញុំ​នៅ​ហ្នឹង​តាំង​ពី​ក្រុម​ហ៊ុនអត់​ដឹង​នៅណា​ម៉េះ ហើយ​ដល់​ពេល​ឥឡូវហ្នឹង​មកថា​ខ្ញុំ​នៅ​លើ​ដី​ក្រុម​ហ៊ុន ដល់​អ៊ីចឹង​ពួកខ្ញុំ​អត់​យល់ មិន​អាច​ធ្វើ​អ៊ីចឹង​បានទេ»។

គេហដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណ១១គ្រួសារនៅតំបន់បឹងកក់ សង្កាត់ស្រះចក ត្រូវបានក្រុមហ៊ុនShukaku INC ឈូសឆាយ នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្រះ​ចក លោក កាន់ វណ្ណៈ ប្រាប់​វីអូអេ​ថា​ លោក​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ។

«ហើយ​ចុះ​បើ​ឃើញ​គេ​បិទ​ផ្លូវ ម៉េច​ក៏​មិនទៅ​សួរ​គេ​ខ្លួនឯង មក​សួរ​ខ្ញុំ​ ខ្ញុំ​មាន​ដឹង​អី»។

លោក សឹង​ សែន​ករុណា អ្នក​នាំពាក្យ​របស់​អង្គការសិទ្ធិ​មនុស្ស​អាដហុក​ បាន​និយាយ​ថា​ អាជ្ញាធរ​គួរ​តែ​ធ្វើ​ការ​ចរចា​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​សន្តិវិធី​ ជាជាង​ឈូស​ឆាយ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ។

«ព្រោះ​យើង​ដឹង​ហើយ​ការ​ប្រើ​វិធានការ​បែប​ហ្នឹង​វា​អត់​មាន​អី​ចំណេញ​ដល់​ភាគីទេ វា​ផ្ទុយ​ទៅវិញ​វា​កាន់តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់​ ធ្វើ​ឲ្យ​គេ​កាន់តែមើល​ឃើញ​ថា​ នៅ​កម្ពុជា​មាន​គេ​ប្រើ​វិធានការ​ហិង្សា​ទៅ​ដោះ​ស្រាយ ហើយ​ដំណើរ​ការ​នៃ​ការ​ដោះ​ស្រាយ​បែប​ហិង្សា​នេះ​ វាតែងតែ​ប៉ះពាល់​ដល់​សិទ្ធិ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង​ឯង»។

វីអូអេ​ក៏​មិន​អាចសុំ​ការ​ទាក់ទង​ពី​អ្នក​នាំ​ពាក្យ​សាលាក្រុង​រាជធានី​ភ្នំពេញ អាជ្ញាធរ​ឃុំ​សង្កាត់​ និងអ្នក​តំណាងក្រុម​ហ៊ុន Shukaku Inc​ បាន​ទេ៕