សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋរបស់ខ្លួនគឺប្រៀបដូចកញ្ចក់មួយ ដែលឆ្លុះបង្ហាញឲ្យឃើញពីស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសមួយ។ អ្នកជំនាញណែនាំថា សម្រាប់កម្ពុជាដែលជាប្រទេសក្រីក្រមួយ ដើម្បីពង្រីកសេវាសាធារណៈទាមទារការពន្លឿន និងការបង្កើនប្រសិទ្ធភាពនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺសំដៅលើកំណែទម្រង់ចំណូលចំណាយថវិកាជាតិ ក្នុងន័យដើម្បីពង្រីកសេវាសាធារណៈឲ្យប្រកបដោយគុណភាព និងប្រសិទ្ធិភាព ដូចជា សេវាការអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ក៏ប៉ុន្តែ អ្នកជំនាញ ឲ្យដឹងថា ដើម្បីសម្រេចឲ្យបានលទ្ធផលពីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ កម្ពុជាក៏ត្រូវពង្រឹងសមត្ថភាព និងគណនេយ្យភាព ឬការទទួលខុសត្រូវរបស់ស្ថាប័ន។
យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ដែលអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ចំណូលថវិកាជាតិសម្រាប់ឆ្នាំ២០១៥នេះអាចនឹងកើនដល់២ពាន់៩០០លានដុល្លារ។ ហើយការចំណាយថវិកាជាតិវិញមានចំនួនសរុប៣ពាន់៨០០លានដុល្លារ គឺខ្ពស់ជាងចំណូលរដ្ឋក្នុងស្រុកចំនួនប្រមាណ៩០០លានដុល្លារ ដោយសារកម្ពុជាយើងត្រូវការវិនិយោគខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រឹងសក្ដានុពលសេដ្ឋកិច្ច។
ដូច្នេះ មានន័យថា សម្រាប់ឆ្នាំ២០១៥នេះ កម្ពុជាត្រូវការហិរញ្ញប្បទានក្រៅប្រទេស ឬប្រាក់កម្ចីបន្ថែមចំនួនប្រមាណ៩០០លានដុល្លារ បើទោះបីជា«ចំណូលថវិកាក្នុងស្រុកបានកើនពី៦ភាគរយនៃផលទុនសរុបក្នុងស្រុកកាលពីឆ្នាំ២០០៣ មកដល់១៥ភាគរយនៅឆ្នាំ២០១៤»ក្តី។
កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាត្រូវបានតាក់តែងឡើង និងអនុវត្តកាលពីឆ្នាំ២០០៤មក។ លោក ហេង ឌីណា សេដ្ឋវិទូកម្ពុជាមួយរូប បានបកស្រាយថា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ «គឺដើម្បីធ្វើយ៉ាងណាឲ្យការគ្រប់គ្រងចំណូលចំណាយថវិកាជាតិមានប្រសិទ្ធភាព ដើម្បីពន្លឿនការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រ»។
លោក ឌីណា បានលើកឡើងថា៖ «ដើម្បីបន្តការអភិវឌ្ឍន៍ និងដើម្បីក្លាយជាប្រទេសចំណូលមធ្យម ប្រទេសមួយត្រូវការប្រព័ន្ធហិរញ្ញវត្ថុមួយដែលរឹងមាំ ហើយស្ថាប័នត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រងចំណូលចំណាយឲ្យមានប្រសិទ្ធភាព»។
កម្មវីធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា គឺត្រូវបានបែងចែកជា៤ដំណាក់កាល និង៤ជំហាន។ យោងតាមការបកស្រាយរបស់លោក ហេង ឌីណា ឲ្យដឹងថា ដំណាក់កាលទី១ គឺបង្កើនភាពជឿទុកចិត្តនៃថវិកា។ មានន័យថា រដ្ឋត្រូវប្រមូលចំណូលឲ្យបានត្រឹមត្រូវ ដោយភាពជឿជាក់ និងមានប្រសិទ្ធភាព។
ដំណាក់កាលទី២ គឺពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ គឺការរឹតបន្តឹងការគ្រប់គ្រងថវិកា ដើម្បីឲ្យបុគ្គល ឬស្ថាប័នដែលមានសិទ្ធិក្នុងសេចក្តីសម្រេចចិត្តធ្វើការចាត់ចែង និងចាយវាយថវិកាដោយមានការទទួលខុសត្រូវខ្ពស់ ហើយត្រូវមានការផ្តល់ជាការលើកទឹកចិត្តចំពោះការអនុវត្តការងារល្អ។
ដំណាក់កាលទី៣ គឺការអនុវត្តឲ្យបានពេញលេញនូវការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ។ ហើយដំណាក់កាលទី៤ គឺសម្រេចឲ្យបាននូវគណនេយ្យភាពចំពោះលទ្ធផល មានន័យថា មន្ត្រីត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចាយថវិកា ដើម្បីទទួលបានលទ្ធផលដែលចង់បានតាមគោលដៅថវិកា។
លោក ឌីណា បានបញ្ញាក់ថា «បច្ចុប្បន្ននេះ កម្ពុជាកំពុងឋិតក្នុងដំណាក់កាលនៃការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ហើយនឹងឈានដល់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ»។ មានន័យថា កម្ពុជាកំពុងតែខិតខំធ្វើយ៉ាងណាឲ្យការចំណាយផ្សារភ្ជាប់ទៅនឹងអ្វី ដែលកម្ពុជាចង់សម្រេចជាលទ្ធផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចផ្តល់សេវាសាធារណៈឲ្យបានទូលំទូលាយ និងប្រកបដោយគុណភាព និងកាត់បន្ថយភាពក្រីក្រ។
ស្របពេលជាមួយនឹងកិច្ចខំប្រឹងប្រែងធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុនេះ កម្ពុជាក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួន។ យោងតាមការបកស្រាយរបស់លោកសេដ្ឋវិទូ ហេង ឌីណា ឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ ទីមួយ កម្ពុជាត្រូវពង្រឹងសមត្ថភាពស្ថាប័ន មានន័យថា ក្រសួងពាក់ព័ន្ធត្រូវចាយ និងធ្វើគម្រោងចំណាយថវិកាជាតិឲ្យបានត្រឹមត្រូវ និងត្រូវទៅតាមទិសដៅអាទិភាពសម្រាប់ការអភិវឌ្ឍន៍។
ទីពីរ ការបែងចែកថវិកាត្រូវតែឲ្យចំតាមតម្រូវការអភិវឌ្ឍន៍ និងសម្រាប់សក្ដានុពលសេដ្ឋកិច្ចក្នុងវិស័យសំខាន់ៗដែលអាចជួយបង្កើនចំណូលថវិកាជាតិ។ ដោយឡែក ការកាត់បន្ថយបុគ្គលិកខ្មោចគ្រប់ស្ថាប័ន ការកាត់បន្ថយចំណាយមិនចាំបាច់ និងការកាត់បន្ថយការលេចធ្លាយថវិកាក៏អាចជួយឲ្យកម្ពុជាសន្សំថវិកាខ្លះសម្រាប់វិស័យសំខាន់ៗដូចជា វិស័យអប់រំ និងសុខាភិបាលជាដើម។
ទីបី ការពន្លឿន និងការទម្លាក់ថវិកាឲ្យដល់មូលដ្ឋានគឺចាំបាច់ក្នុងការសម្រួល និងពង្រឹងសមត្ថភាពរដ្ឋបាលរបស់ស្ថាប័ននីមួយៗ ដើម្បីផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។
កម្ពុជាមានផ្លូវវែងឆ្ងាយដើម្បីពង្រឹងសមត្ថភាព និងលទ្ធភាពស្ថាប័នរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈដ៏មានគុណភាព និងចីរភាពមួយ តាមរយៈកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ។
ដូចលោក ឌីណា បានលើកឡើង៖ «វិញ្ញាសាដែលកម្ពុជាយើងត្រូវដោះស្រាយ គឺការផ្សារភ្ជាប់ការតំឡើងប្រាក់បៀរវត្សរ៍ ការកែទម្រង់ប្រព័ន្ធបៀវត្សរ៍ទៅនឹងការកែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ ការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ»។
លោកថា «នៅពេលដែលកម្ពុជាយើងអាចដោះស្រាយវិញ្ញាសានេះរួច នោះកម្ពុជានឹងរួចរាល់សម្រាប់កំណើនសេដ្ឋកិច្ចដែលមានចីរភាព និងការអភិវឌ្ឍវែងឆ្ងាយ ដើម្បីក្លាយជាប្រទេសចំណូលមធ្យមដែលសមស្រប»៕