ថ្ងៃទី៩ខែវិច្ឆិកាចុងសប្តាហ៍នេះ កត់សម្គាល់ខួបទី២៥ឆ្នាំនៃការដួលរលំនៃជញ្ជាំងក្រុងប៊ែរឡាំងឬ Berlin Wall ប្រទេសអាល្លឺម៉ង់។ នៅក្នុងសេចក្តីរាយការណ៍មួយនេះពីរដ្ឋធានីវ៉ាស៊ីនតោន លោក Andre de Nesnera អ្នកឆ្លើយឆ្លើងជាន់ខ្ពស់របស់វីអូអេបានសាកសួរប្រវត្តិវិទូអង់គ្លេសគឺលោក Frederick Taylor ដែលជាអ្នកជំនាញនិងអ្នកនិពន្ធសៀវភៅអំពីជញ្ជាំងក្រុងប៊ែរឡាំង អំពីបុព្វហេតុដែលនាំឲ្យអាជ្ញាធរអាល្លឺម៉ង់ខាងកើតស្ថាបនារបងខណ្ឌនេះ។
Your browser doesn’t support HTML5
នៅក្រោមបទបញ្ញត្តិនៃកិច្ចព្រមព្រៀង Yalta ឆ្នាំ១៩៤៥ ក្រុមប្រទេសសម្ព័ន្ធមិត្តដែលបានឈ្នះសង្គ្រាមលោកលើកទី២ បានសម្រេចពុះចែកប្រទេសអាល្លឺម៉ង់ជា៤ផ្នែក ឬហៅថាតំបន់កាន់កាប់ដែលរួមមាន៖ តំបន់សហរដ្ឋអាមេរិក តំបន់អង់គ្លេស តំបន់បារាំង និងតំបន់សូវៀត។
ចំណែកឯរដ្ឋធានីប៊ែរឡាំងនៃប្រទេសអាល្លឺម៉ង់ដែលបានស្ថិតនៅចម្ងាយ១៦០គីឡូម៉ែតខាងក្នុងតំបន់កាន់កាប់ដោយអតីតសហភាពសូវៀតនោះ ក៏ត្រូវបានពុះចែកជា៤តំបន់ដូចប្រទេសអាល្លឺម៉ង់ទាំងមូលផងដែរ។
នៅច្រើនខែច្រើនឆ្នាំក្រោយការចប់ទៅនៃសង្គ្រាមលោកលើកទី២នោះ ភាពតានតឹងក៏បានកើនខ្លាំងឡើងរវាងក្រុមសហភាពសូវៀតនិងសម្ព័ន្ធមិត្តទាំង៣របស់លោកខាងលិច។ នៅឆ្នាំ១៩៤៩ គឺ៤ឆ្នាំក្រោយការពុះចែកប្រទេសអាល្លឺម៉ង់ជា៤មក តំបន់ទាំង៣នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ បានផ្តាច់ខ្លួនចេញពីតំបន់អាល្លឺម៉ង់ខាងកើតដែលមានរបបកុម្មុយនិស្តនិងជាសម្ព័ន្ធមិត្តរបស់សូវៀត។ ដែនដីអាល្លឺម៉ង់ខាងកើតនេះក៏ហ៊ុំព័ទ្ធរដ្ឋធានីប៊ែរឡាំងទាំងមូលផងដែរ។ ប្រវត្តិវិទូ Frederick Taylor ពន្យល់អំពីរឿងនេះថា៖
«សហភាពសូវៀតនិងសម្ព័ន្ធមិត្តអាល្លឺម៉ងខាងកើតរបស់ពួកគេមើលឃើញទីក្រុងប៊ែរឡាំង(ខាងលិច)ដែលមានទីតាំងស្ថិតនៅផ្ទៃខាងក្នុងតំបន់គ្រប់គ្រងដោយសូវៀត គឺប្រៀបដូចជា Trojan horse (ទ័ពបង្កប់) នៃពួកមូលធនិយមលោកខាងលិចអញ្ចឹង គឺដូចបន្លាក្នុងក្រសែភ្នែករបស់ពួកគេអញ្ចឹង។ ទីក្រុងប៊ែរឡាំងខាងលិចបានក្លាយជានិមិត្តរូបនៃការរស់នៅបែបបស្ចឹមប្រទេស ដែលបន្តមានវត្តមាននៅខាងក្នុងដែនដីកុម្មុយនិស្តរបស់ប្លុកសូវៀតសម័យសង្គ្រាមត្រជាក់ ដែលកាន់តែមានការលំបាកនិងរិតត្បិតឡើង។»
លោក Taylor និយាយថា គេក៏បានបង្កើតព្រំដែនមួយរវាងអាល្លឺម៉ង់ខាងលិចនិងខាងកើត។
«មកដល់ត្រឹមឆ្នាំ១៩៥២ គេបានស្ថាបនាព្រំដែនដែលមានរបងការពារផង ហើយដែលនៅទីនោះអ្នកអាចត្រូវបានបាញ់ប្រសិនបើអ្នកព្យាយាមឆ្លងព្រំដែនពីអាល្លឺម៉ង់ខាងកើតមកខាងលិច។ ប៉ុន្តែនៅទីក្រុងប៊ែរឡាំង ដោយសារទីក្រុងនេះមានស្ថានភាពពិសេសជាតំបន់គ្រប់គ្រងដោយយោធា និងត្រូវគ្រប់គ្រងដោយច្បាប់អាជ្ញាសឹកសូម្បីនៅក្រោយពេលប្រទេសអាល្លឺម៉ង់ថ្មីទាំងពីរត្រូវបានបង្កើតឡើងក្តី ក៏គេនៅមានច្រកព្រំដែន ដែលអនុញ្ញាតឲ្យអ្នកប៊ែរឡាំងខាងកើតនិងខាងលិចធ្វើដំណើរចេញចូលយ៉ាងងាយស្រួល។ ការណ៍នេះមានន័យថា ពលរដ្ឋអាល្លឺម៉ង់ខាងកើតដែលធុញទ្រាន់នឹងស្ថានភាពរស់នៅដ៏ក្រីក្រលំបាកនិងកង្វះសិទ្ធិសេរីភាពនៅក្នុងទឹកដីកុម្មុយនិស្តអាល្លឺម៉ង់ខាងកើត អាចរត់គេចទៅប៊ែរឡាំងខាងលិច។ ជាការណ៍ពិត នៅត្រឹមឆ្នាំ១៩៥១ ប្រទេសអាល្លឺម៉ង់ខាងកើតបានធ្លាក់ខ្លួនកាន់តែក្រីក្រជាងប៉ុន្មានឆ្នាំមុនទៅទៀត។»
លោក Taylor និយាយថា នៅចន្លោះឆ្នាំ១៩៤៩និងឆ្នាំ១៩៦១ អាល្លឺម៉ង់ខាងកើតដែលមានប្រជាជនសរុបចំនួនប្រមាណ១៧លាននាក់ បានបាត់បង់ប្រជាជនប្រមាណ២លាន៥សែននាក់ ដែលបានរត់គេចទៅអាល្លឺម៉ង់ខាងលិចដែលសេរី។
លោកពន្យល់ថា៖ «រដ្ឋាភិបាលអាល្លឺម៉ង់ខាងកើតហើយនិងចៅហ្វាយសូវៀតរបស់ខ្លួន នៅទីបំផុតបានឃើញយ៉ាងជាក់ស្តែងថា នៅចុងទសវត្សឆ្នាំ១៩៥០ គឺចូលឆ្នាំ១៩៦០និង៦១ ប្រទេស(កុម្មុយនិស្ត)របស់ខ្លួនហាក់ដូចកំពុងហូរឈាមបន្តិចម្តងៗទៅរកសេចក្តីស្លាប់ គឺបាត់បង់ពលរដ្ឋដែលពូកែៗដែលរត់ទៅលោកខាងលិចអស់។ ដូច្នេះពួកគេត្រូវធ្វើអ្វីម៉្យាង តែមិនដឹងថាត្រូវធ្វើអ្វីនោះទេ។»
ប្រវត្តិវិទូរូបនេះពន្យល់ថា មេដឹកនាំអាល្លឺម៉ង់ខាងកើតមានជម្រើសមួយចំនួន។
«ពេលនោះ មេដឹកនាំអាល្លឺម៉ង់ខាងកើតអាចសម្រេចធ្វើកំណែទម្រង់ គឺផ្តល់ដល់ប្រជាជននូវសេដ្ឋកិច្ចមួយដែលមានប្រសិទ្ធភាពនិងផលិតភាពខ្លាំងជាងមុន។ ពួកគេអាចផ្តល់សេរីភាពខាងនយោបាយនិងសេរីភាពនៃការធ្វើដំណើរតាមការទាមទាររបស់ពលរដ្ឋដែលមានការអប់រំខ្ពស់និងស៊ីវីឡៃ។ ប៉ុន្តែប្រាកដណាស់ពួកគេមិនសម្រេចធ្វើដូច្នេះទេ ពីព្រោះពួកគេនៅជាប់ចិត្តនឹងទម្រង់សេដ្ឋកិច្ចផែនការបែបស្តាលីនកម្មុយនិស្ត ដែលពេលបច្ចុប្បន្ននេះនៅមានសេសសល់តិចតួចណាស់ក្នុងពិភពលោក គឺប្រហែលនៅមានតែក្នុងប្រទេសកូរ៉េខាងជើងនិងគុយបាប៉ុណ្ណោះ។»
លោក Taylor និយាយថា មេដឹកនាំអាល្លឺម៉ង់ខាងកើតយល់ថា វិធីតែមួយគត់ដែលអាចបញ្ឈប់ការហូរចេញនៃពលរដ្ឋរបស់ខ្លួនទៅកាន់អាល្លឺម៉ង់ខាងលិច គឺការស្ថាបនារបាំងមួយ ហើយពួកគេក៏សម្រេចកសាងជញ្ជាំងមួយខណ្ឌចែករវាងប៊ែរឡាំងខាងកើតនិងខាងលិច។
ប្រវត្តិវិទូនេះពន្យល់ថា នៅយប់ថ្ងៃទី១២ឈានចូលថ្ងៃទី១៣ខែសីហា ឆ្នាំ១៩៦១ គេបានបញ្ជូនឈើគីប ឥដ្ឋធ្វើពីស៊ីម៉ង់ និងលួសបន្លារាប់តោន ទៅកាន់ប៊ែរឡាំងខាងកើត។
«អ្វីដែលពួកគេបានធ្វើនោះ ដំបូងឡើយពួកគេបានយកលួសបន្លាចាក់ភ្ញាប់នឹងបេតុងហ៊ុំព័ទ្ធប៊ែរឡាំងខាងលិច ដោយត្រូវបិទផ្លូវតូចៗជាច្រើនដែលជាផ្លូវកាត់ទទឹងពីប៊ែរឡាំងខាងកើតមកខាងលិច។ ពួកគេបានដាក់អ្នកយាមម្នាក់នៅរាល់២ឬ៣ម៉ែត្រតាមបណ្តាយព្រំដែននោះ ដែលតាមយាមមើលពួកកម្មករកំពុងស្ថាបនារបងខណ្ឌនោះ ដែលពួកគេចំណាយពេលតិចជាង១២ម៉ោងបុណ្ណោះដើម្បីស្ថាបនាវាឡើង។ ហើយដល់ព្រឹកថ្ងៃអាទិត្យ ដែលជាថ្ងៃទី១៣ខែសីហាឆ្នាំ១៩៦១ ពេលអ្នកក្រុងប៊ែរឡាំងខាងលិចនិងខាងកើតក្រោកពីដំណេក ស្រាប់តែពួកគេភ្ញាក់ខ្លួនថា មានរបងមួយបានខណ្ឌចែកទីក្រុងរបស់ពួកគេ។ ពេលនោះមិនទាន់ក្លាយជាជញ្ជាំងនៅឡើយទេ គឺនៅត្រឹមជារបងលួសបន្លា និងមានរបងឥដ្ឋនៅកន្លែងដែលមានផ្លូវកាត់ទទឹង ដើម្បីបាំងកុំឲ្យរថយន្តអាចបើកបុកបាន។»
លោក Taylor និយាយថា លួសបន្លាទាំងនេះបានកត់សម្គាល់ចំណុចចាប់ផ្តើមនៃការស្ថាបនាជញ្ជាំងប៊ែរឡាំងក្នុងពេល១យប់ ដែលបានបែងចែកសង្កាត់ក្នុងទីក្រុងនិងធ្វើឲ្យក្រុមគ្រួសារនិងមិត្តភក្តិជាច្រើនត្រូវព្រាត់ប្រាស់គ្នា។
«ទោះបីអ្នកបានស្ថិតនៅទីណាក៏ដោយនៅយប់នោះ អ្នកត្រូវធ្វើការសម្រេចចិត្តដ៏ធំមួយ។ ប្រសិនបើអ្នកជាជនបរទេសមកពីបស្ចឹមប្រទេសដែលកំពុងស្ថាក់នៅប៊ែរឡាំងខាងកើត ពួកអាជ្ញាធរនឹងអនុញ្ញាតឲ្យអ្នកត្រឡប់ទៅប៊ែរឡាំងខាងលិចវិញ គឺមិនជាបញ្ហាអ្វីទេ។ ប៉ុន្តែប្រសិនបើអ្នកជាជនជាតិអាល្លឺម៉ង់ខាងកើតដែលកំពុងស្នាក់នៅប៊ែរឡាំងខាងលិច ឧទាហរណ៍ដូចជាពេលទៅលេងបងប្អូនព្រោះពេលនោះជាចុងសប្តាហ៍ ហើយមានមនុស្សរាប់ពាន់នាក់ដែលបានទៅលេងនៅប៊ែរឡាំងខាងលិចត្រូវសម្រេចចិត្តថាតើត្រូវធ្វើយ៉ាងណា គឺតើត្រូវត្រឡប់ទៅក្រុមគ្រួសារនៅប៊ែរឡាំងខាងកើតវិញ ឬបន្តនៅប៊ែរឡាំងខាងលិច។ ពួកគេជាច្រើនបានសម្រេចចិត្តប្រកបដោយការលំបាកនិងការលះបង់ ថានឹងបន្តស្នាក់នៅប៊ែរឡាំងខាងលិច។ ម៉្យាងទៀតជញ្ជាំងនេះក៏បានពុះចែកសង្កាត់ផ្សេងៗ ហើយនៅកន្លែងខ្លះគឺពុះចែកនៅត្រង់ពាក់កណ្តាលទ្រូងថ្នល់តែម្តង។»
អ្នកប្រវត្តិសាស្ត្ររូបនេះនិយាយថា គឺមួយសប្តាហ៍ក្រោយមកបុណ្ណោះ គេចាប់ផ្តើមស្ថាបនាសំណង់ដែលមានលក្ខណៈដូចជញ្ជាំងបេតុងនៅភាគខាងត្បូងវិមានច្រកទ្វារ Brandenburg Gate។ នៅពេលសាងសង់ចប់ ជញ្ជាំងនោះប្រវែងប្រមាណ៤៣គ.ម.បានពុះកាត់រដ្ឋធានីប៊ែឡាំងជាពីរផ្នែក ហើយជញ្ជាំងប្រវែងជាង១១០គ.ម.ទៀតបានហ៊ុំព័ទ្ធប៊ែរឡាំងខាងលិចពីប្រទេសអាល្លឺម៉ង់ខាងកើត។ ម៉្យាងទៀត គេបានដាក់ប៉មយាមប្រមាណ៣០០ ក៏ដូចជាចម្ការមីន ភ្លើងហ្វាបំភ្លឺ និងកាំភ្លើងបាញ់ស្វ័យប្រវត្តិ។
លោក Taylor បានពិព័ណ៌នាអារម្មណ៍ប្រជាជនអាល្លឺម៉ងខាងកើតជាច្រើន។
«វាជាសោកនាដកម្មដ៏ធំបំផុតនាពេលនោះ។ ជញ្ជាំងនេះបានបំផ្លាញក្តីសង្ឃឹម ធ្វើឲ្យមានការអស់សង្ឃឹម អារម្មណ៍ចង្អៀតចង្អល់ដែលមិនមានសេរីភាពនៃការធ្វើដំណើរ សេរីភាពនៃការដកដង្ហើម សេរីភាពនៃការបង្ហាញអារម្មណ៍អ្វីមួយ។ ពេលខ្ញុំសាកសួរអ្នកដែលបានឆ្លងកាត់សម័យនោះ ខ្ញុំចាប់អារម្មណ៍អំពីអារម្មណ៍ចង្អៀតចង្អល់យ៉ាងខ្លាំងរបស់ពួកគេ ដែលយើងពិបាកយល់។»
នៅច្រើនទសវត្សបន្ទាប់ពីការកសាងជញ្ជាំងប៊ែរឡាំង ជនជាតិអាល្លឺម៉ង់ខាងកើតជាច្រើនបានព្យាយាមរត់ចេញទៅរកសេរីភាពនៅខាងលិចតាមមធ្យោបាយផ្សេងៗ មានតាំងពីការឡើងផ្លោះជញ្ជាំងរហូតដល់ការជីករូងក្រោមដី។ អ្នកដែលរត់ឆ្លងរួចមានតិចតួចបុណ្ណោះ។
យ៉ាងនេះក្តីលោក Taylor និយាយថា ពលរដ្ឋអាល្លឺម៉ង់ខាងកើតនៅតែហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីអាចទទួលបានជីវិតប្រសើរជាងមុនដែលនៅមិនឆ្ងាយទេ គឺនៅម្ខាងទៀតនៃជញ្ជាំងប៊ែរឡាំងនៅពេលនោះ៕
ប្រែសម្រួលដោយ សឹង សុផាត