ផ្សារ​ណូអែល​នៅ​ក្រុង​បែរឡាំង​បាន​បើក​ឡើង​វិញ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​ប្រល័យ

នេះ​ជា​ទិដ្ឋភាព​នៃ​ការ​បើក​ផ្សារ​ណូអែល​ឡើង​វិញ​នៅ​ទីលាន Breitscheid នៅ​ក្នុង​ក្រុង​បែរឡាំង កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​រថយន្ត​ដឹក​ទំនិញ​មួយ។

ផ្សារ​ណូអែល​ក្នុង​ទីក្រុង​បែរឡាំង​ដែល​មាន​មនុស្ស​១២​នាក់ត្រូវ​បាន​សម្លាប់​ដោយ​បុរស​ម្នាក់​ដែល​បើក​រថយន្ត​ដឹក​ទំនិញ​ចូល​ក្នុង​ទីផ្សារ​នោះ​កាល​ពី​ថ្ងៃ​ច័ន្ទ ​បាន​បើក​ឡើង​វិញ​ហើយ​ដោយ​មាន​វត្តមាន​ប៉ូលិសដ៏​ច្រើន​ណែនណាន់​តាន់​តាប់​ ហើយ​និង​រនាំ​ការពារ​ដ៏​រឹងមាំ​នៅ​ជិត​ផ្សារ​នោះ។

​អ្នក​រៀបចំ​ពិធី​នោះ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បី​បើក​ទីផ្សារ​នោះ​ឡើង​វិញ​ដោយ​គ្មាន​ភ្លេង​ហើយ ​និង​ភ្លើង​ ដែល​ត្រូវ​បាន​ជំនួស​ដោយ​ទៀន​ និង​ផ្កា​ដែល​បាន​បន្សល់​ទុក​នៅ​ឯ​ទី​កន្លែង​វាយ​ប្រហារ​ដែល​ជា​ការ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ត្រូវបាន​គេ​សម្លាប់។

​ពួក​អាជ្ញាធរ​បាន​ស្វះស្វែង​រក​បុរស​ជន​ជាតិ​ទុយនីស៊ី​អាយុ​២៤​ឆ្នាំ​ម្នាក់​នៅ​ទូទាំង​តំបន់​អឺរ៉ុប​ដែល​ពួក​មន្រ្តី​អាល្លឺម៉ង់​បាន​និយាយ​ថា ​បុរស​នោះ​ត្រូវ​បានគេ​និរទេស​ខ្លួន​កាល​ពី​ប៉ុន្មាន​ខែ​មុន។

លោក Anis Amri ជនសង្ស័យ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​ពួក​អាជ្ញាធរ​បដិសេធ​ពុំ​ព្រម​ផ្តល់​សិទ្ធិ​ជ្រកកោន​ ហើយ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​ប៉ូលិសបន្ទាប់​ពី​មាន​ការ​លេច​ឮថា​ជន​នោះ​ប្រហែល​ព្យាយាម​ទិញ​អាវុធ​ធ្វើ​ការ​វាយ​ប្រ​ហារ ក៏ប៉ុន្តែ ​ការ ស៊ើប​អង្កេត​នោះ​បាន​បញ្ឈប់​កាល​ពី​ខែ​កញ្ញា។

លោក Thomas de Maiziereរដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់​បាន​និយាយ​ក្នុង​អំឡុង​នៃ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​មាន​ភស្តុតាង​ច្រើន​ថា លោក Amri ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ។

លោក​រដ្ឋ​មន្រ្តី​មហាផ្ទៃ​អាល្លឺម៉ង់ ​បាន​និយាយ​ថា «យើង​អាច​រាយការណ៍​នៅ​ថ្ងៃ​នេះ​ថា ​យើង​មាន​ព័ត៌មាន​ថ្មី​ថា ជន​សង្ស័យ​នោះ​អាច​ជា​អ្នក​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង‍»។

​ពួក​មន្រ្តី​អាល្លឺម៉ង់​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប៉ូលិស​បាន​រក​ឃើញ​ឯក​សារ​អត្តសញ្ញាណប័ណ្ណ​ ហើយ​និង​ស្នាម​ម្រាម​ដៃ​របស់ Amri ​នៅ​ក្នុង​រថយន្ត​ដឹក​ទំនិញ​នោះ។ ការ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​របស់​ជន​នោះ​បាន​ត្រូវ​គេ​បដិសេធ​កាល​ពី​៦​ខែ​មុន ​ក៏​ប៉ុន្តែ ​គេ​មិន​បាន​បញ្ជូន​ជន​នោះ​ត្រឡប់​ទៅ​កាន់​ប្រទេស​ទុយនីស៊ី​វិញ​ទេ​ពីព្រោះ​តែ​បញ្ហា​ឯកសារ​របស់​ជន​នោះ៕