តុលាការ​ប្រទេស​ប៊ែលហ្ស៊ិក​កាត់ទោស​មេខ្លោង​​រត់​ពន្ធ​មនុស្ស​ម្នាក់​​ឲ្យ​ជាប់​ពន្ធនាគារ​

ប៉ូលិស​ប៊ែលហ្សិក​ឈរ​នៅ​ក្នុង​បន្ទប់​សវនាការ​​កាត់​ក្ដី​ករណី​ជួញដូរ​មនុស្ស​ ដែល​បង្ក​ឲ្យ​ជន​ចំណាកស្រុក​មួយ​ចំនួន​ស្លាប់​ក្នុង​រថយន្ដ ទីក្រុង Briuges ប្រទេស​ប៊ែលហ្ស៊ិក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (REUTERS/Clement Rossignol)

តុលាការ​មួយ​នៅ​ក្នុង​ប្រទេស​ប៊ែលហ៊្សិក​កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ បាន​កាត់​ទោស​បុរស​ជន​ជាតិ​វៀតណាម​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ១៥​ឆ្នាំ បន្ទាប់ពី​ចោទប្រកាន់​បុរស​រូប​នេះ​ថា ជា​មេខ្លោងនៅ​ក្នុង​ការ​ជួញ​ដូរជន​ចំណាកស្រុក​ចំនួន៣៩នាក់​ដែល​ត្រូវបាន​រកឃើញ​ស្លាប់​នៅ​ក្នុង​រថយន្ត​ដឹកទំនិញមួយ​គ្រឿង។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Vo Van Hong ដែល​មាន​អាយុ៤៥​ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​ថា មាន​កំហុសក្នុងការដឹកនាំ​ប្រតិបត្តិការ​រត់ពន្ធ​មនុស្ស​ឆ្លង​កាត់​តាម​ព្រែក​ជីក​ដែល​បាន​ជាប់​ទាក់ទិននឹង​រថយន្តដឹកទំនិញមួយ​គ្រឿងរបស់​ក្រុមហ៊ុន​ឧស្សាហកម្ម​អចលនទ្រព្យ​អង់គ្លេស​ដែល​ត្រូវ​បាន​គេ​រកឃើញ​សាកសព​ជន​រងគ្រោះ​កាល​ពី​ខែ​តុលា ឆ្នាំ២០១៩។

សាកសពមនុស្ស​យ៉ាង​ហោច​ណាស់១៥នាក់​ក្នុង​ចំណោម​សាកសព​មនុស្ស​ទាំងអស់​ចំនួន ៣៩នាក់ បាន​ឆ្លងកាត់​តាមរយៈ​បណ្តាញ​រត់ពន្ធ​មនុស្សដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ប៊ែលហ្សិក​ ដែល​បានដំណើរការ​នៅ​ក្នុង​ផ្ទះ​សុវត្ថិភាព២នៅ​ក្នុង​សង្កាត់ Anderlechtនៃ​ទីក្រុង​ប៊្រុចសែល​សម្រាប់ជន​ចំណាក​ស្រុក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អង់គ្លេស។

ក្នុង​ចំណោម​ជន​រងគ្រោះ​នោះ មាន​បុរស៣១នាក់​និង​ស្ត្រី៨នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥ ឆ្នាំ​ដល់៤៤​ឆ្នាំ​ហើយ​ជា​ជន​ជាតិ​វៀតណាម​ទាំង​អស់។ ពួក​គេ​បាន​ស្លាប់​ដោយ​សារ​ការថប់​ដង្ហើម​និង​ការក្តៅ​ខ្លាំង​នៅ​ទីកន្លែង​បង្ខាំង​ខ្លួន​ក្នុង​រថយន្ត​កុង​តឺណឺ​ដឹក​ទំនិញ​ហើយ​ដែល​ត្រូវ​បាន​ដឹក​តាម​សាឡាង​មក​ពីកំពង់ផែ Zeebrugge ក្នុង​ប្រទេស​ប៊ែលហ្សិក។

ជន​សង្ស័យ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ទោស​និង​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រ ទេស​អង់គ្លេស​និង​វៀតណាម​នៅ​ក្នុង​ការទាក់ទិន​នឹង​ករណី​រត់ពន្ធ​មនុស្ស​នេះ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ មនុស្ស​ជាង២៦​នាក់​ទៀត​នៅ​ក្នុង​ប្រទេស​បារាំង​ក៏​បាន​រង​ការចោទ​ប្រកាន់​ ហើយ​ប្រឈម​នឹង​ការកាត់ទោស​ដែរ។

នៅ​ក្នុង​ប្រទេស​ប៊ែលហ្សិក លោកVoជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោមជន​សង្ស័យ២៣នាក់ ដែល​មាន​ជន​ជាតិ​ប៊ែលហ្សិក​និង​វៀតណាម​ត្រូវ​បាន​បញ្ជូន​ឡើង​តុលាការ​បន្ទាប់​ពី​កិច្ចប្រតិបត្តិការ​របស់​ប៉ូលិស​កាល​ពី​ខែ​ឧសភា ឆ្នាំ២០២០ដែល​អាសយដ្ឋាន​ជា​ច្រើន​ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុងតំបន់​ទីក្រុង​ប៊្រុចសែល​ត្រូវ​បាន​ប៉ូលិសឆ្មក់​ចូល​ឆែកឆេរ​ហើយ​ជនជាតិ​វៀតណាម​ ដែលត្រូវ​សង្ស័យ​ថា ជា​ខ្សែ​បណ្តាញរបស់​ក្រុមជន​អន្ធពាល​ត្រូវ​បាន​ចាប់​ខ្លួន។

ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង២៣នាក់ ជន​សង្ស័យ១៩នាក់​ដែល​រួម​មាន​ទាំង​មេខ្លោង​ឈ្មោះ Vo ផង ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​ហើយ​ជន​សង្ស័យ​៤​នាក់​ត្រូវ​បានកាត់​ទោស​ឲ្យ​រួច​ខ្លួន។

លោក Vo ត្រូវ​បាន​តុលាការ​កាត់ទោសដាក់​ពន្ធនាគារ១៥​ឆ្នាំ​ដែល​ជា​ចំនួន​អតិបរមា​ហើយនិង​ត្រូវ​ផាក​ពិន័យ​ប្រាក់​ប្រមាណ១លាន​ដុល្លារ​អាមេរិក​ផង​ដែរ៕