ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងជើងសម្រាប់ការគាំទ្រសកម្មភាពរបស់លោកក្នុងប្រទេសអ៊ុយក្រែន ហើយបាននិយាយថា ប្រទេសរបស់ពួកគេនឹងសហការយ៉ាងជិតស្និទ្ធដើម្បីយកឈ្នះលើទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅពេលលោកធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារសម្រាប់កិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការអត្ថាធិប្បាយរបស់លោកពូទីនបានលេចចេញនៅក្នុងផ្នែកអត្ថាធិប្បាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងប៉ុន្មានម៉ោងមុនពេលដែលលោករំពឹងថានឹងមកដល់សម្រាប់ដំណើរទស្សនកិច្ចរហូតដល់ថ្ងៃពុធ ខណៈដែលប្រទេសទាំងពីរពង្រឹងជំហរគាំទ្រគ្នារបស់ពួកគេឱ្យកាន់តែស៊ីជម្រៅចំពោះមុខការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរៀងខ្លួនជាមួយក្រុងវ៉ាស៊ីនតោន។
នៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង បណ្តាផ្លូវនានាត្រូវបានតុបតែងដោយរូបលោកពូទីន និងទង់ជាតិរុស្ស៊ី។ បដាដែលព្យួរលើអគារមួយបានសរសេរថា៖ «យើងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រធានាធិតីសហព័ន្ធរុស្ស៊ី»។
លោក ពូទីន បាននិយាយថា លោកកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពយោធារបស់កូរ៉េខាងជើងនៅក្នុងអ៊ុយក្រែន។ លោកបាននិយាយថា ប្រទេសទាំងពីរនឹងបន្ត «ប្រឆាំងយ៉ាងម៉ឺងម៉ាត់» នូវអ្វីដែលលោកបានពិពណ៌នាថាជាមហិច្ឆតារបស់លោកខាងលិច «ដើម្បីរារាំងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដោយផ្អែកលើយុត្តិធម៌ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព ដោយគិតពីផលប្រយោជន៍របស់គ្នាទៅវិញទៅមក»។
កងកម្លាំងរបស់វិមានក្រឹមឡាំងបានបើកការលុកលុយយ៉ាងពេញលេញលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ ។ លោកពូទីនក៏បាននិយាយផងដែរថា រុស្ស៊ី និងកូរ៉េខាងជើងនឹងបង្កើតប្រព័ន្ធពាណិជ្ជកម្ម និងការទូទាត់ «ដែលមិនត្រូវបានគ្រប់គ្រងដោយលោកខាងលិច» និងរួមគ្នាប្រឆាំងនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសដែលលោកបានពិពណ៌នាថាជា «ការរឹតបន្តឹងឯកតោភាគីខុសច្បាប់» ។
ប្រទេសកូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ខណៈដែលប្រទេសរុស្ស៊ីក៏កំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងដៃគូលោកខាងលិចជុំវិញការឈ្លានពានរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន៕