សកម្មជននានាបានលើកឡើងថា កិច្ចពិភាក្សាជាច្រើនឆ្នាំស្តីអំពីកំណែទម្រង់ផ្នែកប៉ូលិស និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota បានធ្វើឲ្យទំនាក់ទំនងរវាងសហគមន៏ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក និងមន្ត្រីអនុវត្តច្បាប់មានភាពប្រសើរឡើង នៅមុនពេលការស្លាប់របស់លោក George Floyd កើតឡើងកាលពីថ្ងៃច័ន្ទទី ២៥ ខែឧសភា។
George Floyd បានស្លាប់ បន្ទាប់ពីមន្ត្រីប៉ូលិសស្បែកសម្នាក់បានប្រើជង្គង់របស់ខ្លួនសង្កត់ទៅលើករបស់លោកផ្ទប់ទៅនឹងថ្នល់អស់ជាច្រើននាទី នៅពេលដែលលោកកំពុងជាប់ខ្នោះ បើទោះបីជាលោកបានស្រែកអង្វរករដល់ប៉ូលិសថា លោកមិនអាចដកដង្ហើមរួចក៏ដោយ។
អ្នកតស៊ូមតិ និងអ្នកដឹកនាំមួយចំនួន បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន The Associated Press ថា ការស្លាប់របស់លោក Floyd និងឃ្លីបវីដេអូដែលបានបង្ហាញពីមន្ត្រីប៉ូលិសប្រើជង្គង់សង្កត់ទៅលើករបស់លោកអស់ជាច្រើននាទីនោះ បានបង្កអោយមានការប្រឆាំងតវ៉ា និងការប៉ះទង្គិចគ្នាដោយអំពើហិង្សាជាមួយមន្ត្រីអនុវត្តច្បាប់។ ករណីនេះបង្ហាញឲ្យឃើញពីអារម្មណ៏ខកចិត្តដ៏ពុះងំ និងការពិតដែលថា នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើនៅពេលខាងមុខទាក់ទងនឹងករណីនេះ។
លោក Jeremiah Ellison ដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុង Minneapolis បន្ទាប់ពីបានចូលរួមធ្វើបាតុកម្មប្រឆាំងប៉ូលិស ដែលបានសម្លាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកនៅក្នុងរដ្ឋ Minnesota កាលពីមុន បានថ្លែងក្នុងសម្ដីដើមថា៖ «ដំណើរវិវឌ្ឍទៅមុខ និងការផ្លាស់ប្តូរអាចមានការឡើងចុះ»។
លោក Ellison បានលើកឡើងថា ភាពចលាចលក្នុងរយៈពេល ៥ យប់ជាប់ៗគ្នានេះ ដែលក្នុងនោះរួមមានទាំងការដុតស្ថានីយប៉ូលិសមួយកន្លែងដែលទុកចោលផងនោះ «បានបង្ហាញដល់ខ្ញុំថា យើងបានត្រឡប់ទៅកាន់ចំណុចនៃឆ្នាំ ២០១៥ វិញហើយ«។
លោក Ellison បញ្ជាក់ដូច្នេះដោយយោងទៅលើករណីមួយ ដែលបានកើតមានឡើងក្នុងឆ្នាំ ២០១៥ ដែលនៅពេលនោះ មានការប្រឆាំងតវ៉ាជាខ្លាំង បន្ទាប់ពីប៉ូលិសបានសម្លាប់ពលរដ្ឋស្បែកខ្មៅម្នាក់ឈ្មោះ Jamar Clark។
ទីក្រុង Minneapolis ដែលមានប្រជាជនប្រមាណជិត ៤ សែន ៣ ម៉ឺន នាក់ ដែលក្នុងនោះមានពលរដ្ឋស្បែកសចំនួន ៦០% ពលរដ្ឋស្បែកខ្មៅចំនួន ១៩% និងជាតិសាសន៍ Hispanic ចំនួន ៩% គឺជាទីក្រុងមួយដែលមានប្រវត្តិដ៏យូរមកហើយនៃភាពខុសគ្នាខាងការអប់រំ និងសេដ្ឋកិច្ច ដែលធ្វើអោយគេមិនសូវផ្ដល់តម្លៃដល់ពលរដ្ឋស្បែកខ្មៅអស់រយៈពេលជាច្រើនទសវត្ស ទោះបីជាទីក្រុងនេះមានកេរ្តិ៍ឈ្មោះសម្រាប់គុណតម្លៃនៃដំណើរវិវឌ្ឍទៅមុខក៏ដោយ។
ទីក្រុង Minneapolis គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងផ្សេងៗមួយចំនួនទៀតនៅក្នុងសហរដ្ឋអាមេរិក ដែលមានភាពនៅដាច់ឆ្ងាយពីគេ ទាក់ទិននឹងទំហំរបស់ទីក្រុងនេះ ហើយសាលារៀននានានៅក្នុងទីក្រុងនេះមានកម្រិតចំណាត់ថ្នាក់មិនសូវល្អ ដោយសារតែពិន្ទុរបស់សិស្សមានគម្លាតពីគ្នាដែលហាក់ដូចជាមិនងាយប្រែប្រួល។
ទីក្រុង Minneapolis បានតែងតាំងប្រធានប៉ូលិសស្បែកខ្មៅដំបូងបង្អស់កាលពីជិត ៣ ឆ្នាំមុន បន្ទាប់ពីមានដំណើរវិវឌ្ឍយឺតយ៉ាវនៅក្នុងការធ្វើអោយនាយកដ្នានប៉ូលិសមានការចូលរួមពីគ្រប់ជាតិសាសន៍ប្រសើរជាងមុន។
កាលពីដើមឆ្នាំនេះ ក្រុមការងារពិសេសមួយរបស់រដ្ឋនេះ ដែលមានសមាសភាពចូលរួមពីសកម្មជន នានា ពលរដ្ឋតំណាងអោយជនរងគ្រោះនៃអំពើឃោឃៅរបស់ប៉ូលិស និងថ្នាក់ដឹកនាំការអនុវត្តច្បាប់ បានផ្សព្វផ្សាយនូវអនុសាសន៏មួយចំនួនសំរាប់កំណែទម្រង់ផ្នែកប៉ូលិស។
ក្រុមការងារពិសេសនេះត្រូវបានបង្កើតឡើង នៅក្រោយពីមានហេតុការណ៍បាញ់សម្លាប់បុរសស្បែកខ្មៅមួយចំនួន ដែលមានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន នៅក្នុងតំបន់ទីក្រុង Minneapolis។ ក្នុងចំណោមនោះ មានករណីបាញ់សម្លាប់បុរសស្បែកខ្មៅឈ្មោះ Jamar Clark ក្នុងពេលដែលបុរសនេះធ្វើការប្រទាញប្រទង់ជាមួយមន្ត្រីប៉ូលិសស្បែកស ២ នាក់ និងករណីបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ទៀតឈ្មោះ Philando Castile ដែលត្រូវបានបាញ់សម្លាប់ដោយមន្ត្រីប៉ូលិសជាតិសាសន៍ Hispanic នៅក្នុងករណីបទល្មើសចរាចរមួយកាលពីឆ្នាំ ២០១៦។
ទោះបីជាអ្នកស្រី Nekima Levy Armstrong ដែលជាមេធាវីការពារសិទ្ធិពលរដ្ឋស៊ីវិល និងជាអតីតប្រធានអង្គការការពារសិទ្ធិពលរដ្ឋស៊ីវិលដែលហៅកាត់ថា NAACP នៅក្នុងទីក្រុង Minneapolis បានទទួលស្គាល់នូវដំណើរវិវត្តទៅមុខខ្លះៗនេះក៏ដោយ ក៏អ្នកស្រីបានឲ្យដឹងថា ទម្លាប់អាក្រក់ជាច្រើននៅតែបង្កប់ចាក់ឫសយ៉ាងជ្រៅនៅឡើយ។
អ្នកស្រី Armstrong ថ្លែងក្នុងសម្ដីដើមថា៖ «ប្រព័ន្ធមួយនេះមិនមានការផ្លាស់ប្តូរនោះទេ។ វប្បធម៌របស់នាយកដ្ឋានប៉ូលិសក្នុងទីក្រុង Minneapolis មិនមានការផ្លាស់ប្តូរនោះឡើយ។
Your browser doesn’t support HTML5
អ្នកស្រី Armstrong បន្ថែមទៀតថា នាយកដ្ឋានប៉ូលិសរបស់ទីក្រុង Minneapolis ដែលមានមន្ត្រីប៉ូលិសបម្រើការជាង ៨០០ នាក់នោះ គឺភាគច្រើនគ្របដណ្តប់ដោយជាតិសាសន៍ស្បែកស។
នាយកដ្ឋាននេះ មិនបានឆ្លើយតបចំពោះសំណើសុំតួលេខថ្មីនៃបុគ្គលិកប៉ូលិសបម្រើការរបស់ខ្លួននោះទេ ក៏ប៉ុន្តែសារព័ត៌មាន the Star Tribune បានរាយការណ៏កាលពីឆ្នាំ ២០១៤ ថា កងកម្លាំងប៉ូលិសដែលមានទាំងសិក្ខាកាមកំពុងស្ថិតនៅក្នុងវគ្គហ្វឹកហាត់ផងនោះ គឺមានជាតិសាសន៍ស្បែកសចំនួន ៧៨,៩% ជាតិសាសន៍ស្បែកខ្មៅចំនួន ៩,២% ជាតិសាសន៍អាស៊ីចំនួន ៥,២% ជាតិសាសន៍ Hispanic ចំនួន ៤,១% និងជនជាតិដើមអាមេរិកាំងចំនួន ២,៥%។
មេដឹកនាំមួយចំនួន រួមទាំងអតីតអភិបាលក្រុង Minneapolis លោក R.T. Rybak និងសមាជិកព្រឹទ្ធសភារបស់រដ្ឋ Minnesota លោក Jeff Hayden ផងនោះ កាលពីពេលថ្មីៗនេះ បានបន្ទោសដល់សហជីពប៉ូលិសរបស់ទីក្រុងនេះ ថាបានជំរុញឲ្យមានវប្បធម៌មួយដែលការពារមន្ត្រីប៉ូលិសដែលមានភាពសាហាវឃោរឃៅ និងប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងឲ្យមានកំណែទម្រង់។
ប្រធានសហជីពប៉ូលិសទីក្រុង Minneapolis លោកអនុសេនីយទោ Bob Kroll មិនបានឆ្លើយតបចំពោះការហៅទូរស័ព្ធរបស់ VOA ដើម្បីសុំយោបល់នោះទេ។
លោក Teqen Zéa-Aida ដែលជាសកម្មជនដ៏យូរមកហើយនៅក្នុងទីក្រុង Minneapolis បានបញ្ជាក់ថា ការផ្ទុះឡើងនូវកំហឹងរបស់អ្នកតវ៉ាក្នុងទីក្រុង Minneapolis បានឆ្លុះបញ្ចាំងឲ្យឃើញអំពីអារម្មណ៍ខកចិត្តរបស់ពួកគេចំពោះតថភាពពិតជាក់ស្តែងទាំងនេះ បើទោះបីជាមានដំណើរវិវឌ្ឍទៅមុខខ្លះៗយ៉ាងណាក៏ដោយ។
លោកបានបន្ថែមថា រូបភាពមួយចំនួនដែលលេចចេញពីរឿងរ៉ាវទាំងនេះក៏បានទាមទារឲ្យមានការឆ្លើយតប «ជាសាធារណៈ» មួយផងដែរ ទោះបីជាលោកជំរុញឲ្យមានការប្រឆាំងតវ៉ាជុំវិញរឿងនេះតាមអនឡាញក៏ដោយ ដោយហេតុថា ការប្រមូលផ្ដុំគ្នាជាសាធរណៈអាចបង្កឲ្យមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩។
លោក Teqen Zéa-Aida បានបន្ថែមក្នុងសម្ដីដើមថា៖ «យើងមើលឃើញកែវភ្នែករបស់គាត់... យើងមើលឃើញការស្លាប់ដោយសារការធ្វើទារុណកម្មលើរូបគាត់។ លោក George Floyd គឺជា Emmett Till ឆ្នាំ ២០២០»។
លោក Emmett Till គឺជាយុវជនស្បែកខ្មៅអាយុ ១៤ ឆ្នាំម្នាក់ ដែលត្រូវបានគេចាប់វ៉ៃធ្វើបាប និងសម្លាប់ក្នុងឆ្នាំ ១៩៥៥ បន្ទាប់ពីយុវជនរូបនេះត្រូវបានគេចោទថាបានហួចញ៉ែឌឺដងដាក់ស្ត្រីជាតិសាសន៍ស្បែកសម្នាក់ក្នុងរដ្ឋ Mississippi។ការសម្លាប់ដោយការធ្វើទារុណកម្មលើយុវជនរូបនេះ បានបណ្តាលឲ្យមានចលនាតវ៉ាសិទ្ធិពលរដ្ឋស៊ីវិលកើតឡើងនៅពេលនោះ។
ឃ្លីបវីដេអូ និងរូបថតអំពីការចាប់ខ្លួនលោក Floyd ដែលបានផ្សព្វផ្សាយដោយអ្នកដែលបានឃើញនូវព្រឹត្តិការណ៏នេះផ្ទាល់ភ្នែក បានបង្ហាញថា លោក Floyd កំពុងដេកផ្ទប់លើដី ហើយមន្ត្រីប៉ូលិសលោក Derek Chauvin បានយកជង្គង់សង្កត់ពីលើករបស់លោក ដោយមិនខ្វល់អំពីការអង្វរកររបស់លោកនោះ ទេ។ ទន្ទឹមនឹងនោះដែរ គេក៏ឃើញមានមន្ត្រីប៉ូលិស ២ រូបផ្សេងទៀត បានជួយសង្កត់ពីលើលោក Floyd មិនឲ្យរើខ្លួនបាន ហើយមន្ត្រីប៉ូលិសម្នាក់ផ្សេងទៀត បានព្យាយាមឈររារាំងមិនអោយក្រុមអ្នកឃើញហេតុការណ៏នោះចូលទៅជិតទីតាំងកើតហេតុ។
នៅក្នុងឃ្លីបវីដេអូនោះ គេឮសំលេងលោក Floyd ស្រែកអង្វរប្រាប់ប៉ូលិសថា «ពោះខ្ញុំឈឺ កខ្ញុំឈឺ ខ្ញុំឈឺគ្រប់កន្លែងទាំងអស់លើរាងកាយ ...ខ្ញុំមិនអាចដកដង្ហើមបានទេ» ហើយបន្ទាប់មក លោក Floyd ក៏លែងកម្រើកខ្លួនតែម្តង។
ដំបូង ប៉ូលិសបាននិយាយថា ពួកគេចាប់ខ្លួនលោក Floyd ដោយសារតែភិនភាគរបស់លោក ដូចទៅនឹងភិនភាគរបស់ជនសង្ស័យម្នាក់ដែលត្រូវបានគេរាយកាណ៏មកថា បានប្រើប្រាស់ក្រដាសប្រាក់២០ ដុល្លារក្លែងក្លាយក្នុងហាងលក់គ្រឿងទេសមួយកន្លែង ហើយលោកបានប្រឆាំងមិនឲ្យប៉ូលិសចាប់ខ្លួនលោក។ ប៉ូលិសបានព្យាយាមចាប់លោក Floyd ដាក់ក្នុងរថយន្តរបស់ពួកគេ ប៉ុន្តែលោកបានមានៈ និងបានដួលទៅលើដី ដោយនិយាយថា រថយន្តប៉ូលិសនេះតូចចង្អៀងខ្លាំងសំរាប់រូបគាត់។ នេះបើយោងតាមពាក្យបណ្ដឹងព្រហ្មទណ្ឌដែលរៀបរាប់អំពីបទចោទប្រកាន់ប្រឆាំងនឹងមន្ត្រីប៉ូលិសលោក Chauvin។
ព័ត៌មានទាក់ទង៖ អំពើហិង្សាបានផ្ទុះឡើងនៅជិតសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកទន្ទឹមនឹងមានការផ្ទុះឡើងនូវភាពចលាចលនៅក្នុងទីក្រុង Minneapolis ការស្លាប់របស់លោក Floyd បានធ្វើឲ្យមានការយកចិត្តទុកដាក់ពីសង្គមជាតិអាមេរិកទាំងមូល ហើយករណីនេះស្រដៀងទៅនឹងករណីនៃការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ទៀតឈ្មោះ Eric Garner កាលពីឆ្នាំ ២០១៤ នៅក្នុងទីក្រុងញូយ៉ក ក្រោយបុរសរូបនោះត្រូវបានប៉ូលិសចាប់រឹតបំពង់ក ហើយនៅពេលនោះ បុរសរូបនោះក៏បានប្រាប់ប៉ូលិសផងដែរថា គាត់មិនអាចដកដង្ហើមបានទេ។
ការពន្យារពេលក្នុងការចាប់ខ្លួនមន្ត្រីប៉ូលិស លោក Chauvin ក៏ជាកត្តាមួយផងដែរដែលជួយជំរុញឲ្យមានការផ្ទុះឡើងនូវការតវ៉ានេះ ដែលបានប្រែក្លាយទៅជាអំពើហិង្សាច្រើនជាងករណីនៃការស្លាប់របស់លោក Clark ឬក៏លោក Castile ក្នុងពេលកន្លងមកទៅទៀត។
អាជ្ញាធរបានចាប់ខ្លួនមន្ត្រីប៉ូលិសលោក Chauvin និងចោទប្រកាន់លោកកាលពីថ្ងៃសុក្រពីបទឃាតកម្មកម្រិតទី ៣ និងមនុស្សឃាតកម្រិតទី ២។ មេធាវីការពារក្តីរបស់មន្ត្រីប៉ូលិស Chauvin មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ នៅពេលទីភ្នាក់ងារព័ត៌មាន Associated Press បានសាកសួរគាត់ទាក់ទងនឹងរឿងនេះ។
មន្ត្រីប៉ូលិស ៣ នាក់ផ្សេងទៀត ដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះដែរ មិនទាន់ត្រូវបានគេចោទប្រកាន់នៅឡើយទេ ប៉ុន្តែការស៊ើបអង្កេតកំពុងតែបន្តដំណើរទៅមុខ។ មន្ត្រីប៉ូលិសទាំង ៤ នាក់នេះ ត្រូវបានគេបណ្តេញចេញពីការងាររួចហើយកាលពីថ្ងៃអង្គារ គឺភ្លាមៗក្រោយពេលដែលវីដេអូឃ្លីបនៃហេតុការណ៍នោះត្រូវបានគេផ្សព្វផ្សាយមក។
សកម្មជន និងមេដឹកនាំសហគន៏មួយចំនួនលើកឡើងថា គេសង្ឃឹមថា ការតវ៉ានឹងបន្តកើតឡើងជាបន្តទៀតដើម្បីជំរុញអោយមានការចាប់ខ្លួន និងចោទប្រកាន់មន្ត្រីប៉ូលិស ៣ រូបផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ