គណបក្ស​នយោបាយ​ទាំង​ពីរ​របស់​អាមេរិក​​ប្រជែង​គ្នា​រក​ការ​គាំទ្រ​ពី​សាធារណជន​ករណី​ស៊ើបអង្កេត​ប្រធានាធិបតី

  • Jim Malone

សវនាការ​សាធារណៈ​ជា​លើក​ដំបូង​លើ​ការ​​​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ ដូណាល់ ត្រាំ ត្រូវ​បាន​គេ​ចាក់ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ក្នុង​សណ្ឋាគារ Westgate ក្នុង​ក្រុង Las Vegas កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពី​តំណែង បាន​បន្ដ​ដល់​ដំណាក់កាល​ថ្មី​មួយ​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​ការ​បើក​សវនាការ​សាធារណៈ។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​ជឿ​ថា លោក ត្រាំ រំលោភ​បំពាន​អំណាច​របស់​ខ្លួន ដោយ​ដាក់​សម្ពាធ​ទៅ​លើ​អ៊ុយក្រែន​ ឲ្យ​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​គូ​ប្រជែង​នយោបាយ​របស់​លោក គឺ​លោក Joe Biden ដែល​ជា​បេក្ខជន​ឈរឈ្មោះប្រជែង​យក​តំណែង​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ ពួក​ប្រជាធិបតេយ្យ​សង្ឃឹម​ថា សវនាការ​នេះ​នឹង​នាំ​ឲ្យ​សាធារណជន​គាំទ្រ​ពួកគេ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី ខណៈ​ដែល​សមាជិកគណបក្ស​សាធារណរដ្ឋ​កំពុង​តែ​ប្រឹងប្រែងការពារ​លោក​ប្រធានាធិបតី ដើម្បី​ឲ្យ​សាធារណជន​ប្រឆាំង​នឹង​ការ​ស៊ើបអង្កេត​នេះ។ ​

មន្ត្រី​ការទូត​ជើង​ចាស់​របស់​សហរដ្ឋអាមេរិក​ពីរ​នាក់ គឺ​លោក George Kent និង​លោក William Taylor គឺ​ជា​បុគ្គល​ដែល​នៅ​ជួរ​មុខ​និង​សំខាន់​ នៅ​ក្នុង​សវនាការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​។

លោក Taylor ថ្លែង​ថា ការណ៍​ដែល​សេតវិមាន​ផ្អឹប​ជំនួយ​ផ្នែក​យោធា​ពី​­ប្រទេស​អ៊ុយក្រែន​មួយ​រយៈ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​សម្ពាធ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បី​ទាមទារ​ឲ្យ​អ៊ុយក្រែន​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​លោក Joe Biden ដែល​ជា​គូ​ប្រជែង​នយោបាយ​របស់​លោក។

លោក​ William Taylor ឯកអគ្គរដ្ឋទូត​ស្តីទី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន​បាន​មាន​ប្រសាសន៍​ថា៖ «ការណ៍​ដែល​ផ្អឹប​ជំនួយ​យោធា​ដោយ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ​ ក្រៅ​តែ​ពី​ដើម្បី​ជួយ​ដល់​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​គឺ​ជា​រឿង​មួយ​ដែល​មិន​សម​ហេតុផល​ទាល់​តែ​សោះ»។

លោក Adam Schiff សមាជិក​រដ្ឋសភា​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ថ្លែង​ថា ការ​ប្រព្រឹត្ត​ដែល​ត្រូវ​បាន​ចោទប្រកាន់​នេះ​គឺ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ស្ដី​ពី​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្រិត​ធ្ងន់​និង​បទល្មើស​មជ្ឈិម ដែល​អាច​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​បាន។

លោក Adam Schiff បាន​ថ្លែង​ថា៖ «តើ​នេះ​គឺ​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​អាមេរិក​គួរ​តែ​រំពឹង​ពី​ប្រធានាធិបតី​របស់​ខ្លួន​ឬ? ប្រសិន​បើ​ករណី​នេះ​មិន​អាច​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​បាន តើ​នេះ​គឺ​ជា​អ្វី​ទៅ​វិញ?»។

សមាជិក​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា ការ​ផ្ដល់​សក្ខីកម្ម​របស់​សាក្សី​ទៅ​លើ​សកម្មភាព​របស់​លោក​ប្រធានាធិបតី​គឺ​ជា​រឿង​ឮ​ត​គ្នា​ពីរ​បី​ដំណាក់​ទៅ​ហើយ ហើយ​ទីបំផុត​ប្រទេស​អ៊ុយក្រែន​នៅ​តែ​ទទួល​បាន​ជំនួយ​ផ្នែក​យោធា​ដដែល។

លោក Devin Nunes សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ថ្លែង​ថា ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​អាក្រក់​ជា​យូរ​មក​ហើយ​របស់​ពួក​ប្រជាធិបតេយ្យ ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង។

លោក Devin Nunes បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «អ្នក​ដែល​ធ្លាប់​ដឹង​ពី​ផែនការ​ដ៏​អាក្រក់​របស់​ពួក​ប្រជាធិបតេយ្យ​ទៅ​លើ​លោក​ប្រធានាធិបតី ត្រាំ នឹង​មិន​ភ្ញាក់ផ្អើល​នោះ​ទេ នៅ​ពេល​ឃើញ​សញ្ញា​ធម្មតា​ទាំង​នេះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​យុទ្ធនាការ​គាំទ្រ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៀត​ផង»។

លោក ត្រាំ នៅ​តែ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ពួក​ប្រជាធិបតេយ្យ​គ្មាន​ហេតុផល​ទាល់​តែ​សោះ។

លោក ត្រាំ មាន​ប្រសាសន៍​ថា៖ «មិន​ដែល​មាន​ប្រធានាធិបតី​ណា​ដែល​មាន​តម្លាភាព​ខ្លាំង​យ៉ាង​ដូច្នេះ​ទេ។ នេះ​គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​កម្រិត​ខ្ពស់​បំផុត ហើយ​វា​គឺ​ជា​រឿង​ដ៏​អាក្រក់​សម្រាប់​ប្រទេស​របស់​យើង»។

ពួក​ប្រជាធិបតេយ្យ​សង្ឃឹម​ថា សវនាការ​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នេះ​នឹង​ជួយ​ឲ្យ​មាន​ការ​គាំទ្រពី​សាធារណជន​ចំពោះ​ករណី​ស៊ើបអង្កេត​ទៅ​លើ​លោក​ប្រធានាធិបតី​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី Susan Low Bloch អ្នក​វិភាគ​ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ Georgetown ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន។

លោកស្រី Bloch បាន​ថ្លែង​ថា៖ «នេះ​មិន​មែន​ជា​ករណី​ដែល​រដ្ឋសភា​និង​ព្រឹទ្ធសភា​អាមេរិក​នឹង​ត្រូវ​ទម្លាក់​នរណា​ម្នាក់​ចេញ​ពី​តំណែង​ដោយសារ​តែ​ពួកគេ​មិន​ចូលចិត្ត​បុគ្គល​ម្នាក់​នោះ​ទេ។ ​គំនិត​នេះ​គឺ​ខុស​ទាំងស្រុង ហើយ​នេះ​ក៏​មិនមែន​ជា​អ្វី​ដែល​កំពុង​តែ​កើតឡើង​នៅ​ពេល​នេះ​ដែរ។ ប៉ុន្តែ​វា​គឺ​ជា​ដំណើរការ​នយោបាយ​មួយ​ដែល​ត្រូវ​តែ​មាន​ការ​គាំទ្រ​ពី​សាធារណជន»។

ការ​ស្ទង់​មតិ​សាធារណៈ​បង្ហាញ​ថា សហរដ្ឋអាមេរិក​នៅ​តែ​មាន​ការ​បែកបាក់​គ្នា​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ramesh Ponnuru អ្នក​វិភាគ​នយោបាយ​នៃ​វិទ្យាស្ថាន American Enterprise។ ​

លោក Ponnuru បាន​លើកឡើង​ថា៖

«ខ្ញុំ​គិត​ថា គេ​នៅ​តែ​មើល​ឃើញ​ថា ការ​ស៊ើបអង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​នេះ​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ឥឡូវ​នេះ វា​គ្រាន់​តែ​ជា​ការ​បង្ហាញ​នូវ​គំនិត​ស្រុះស្រួល​គ្នា​របស់​អ្នក​គាំទ្រ​ទៅ​លើ​គណបក្ស​នយោបាយ​នីមួយៗ​ប៉ុណ្ណោះ»។

លោក John Fortier អ្នក​វិភាគ​នយោបាយ​នៃ​មជ្ឈមណ្ឌល​ Bipartisan Policy ​ថ្លែង​ថា ខណៈ​ដែល​សវនាការ​នេះ​កំពុង​ដំណើរការ ពួក​ប្រជាធិបតេយ្យ​នឹង​ត្រូវ​ធ្វើ​ឲ្យ​ករណី​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ។ ​

លោក Fortier បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «ដើម្បី​ទម្លាក់​ប្រធានាធិបតី​ម្នាក់​ចេញ​ពី​តំណែង​បាន គេ​ត្រូវការ​ការ​គាំទ្រ​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ គឺ​ការ​គាំទ្រ​ភាគច្រើន​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ ដែល​ត្រូវ​តែ​ព្រមព្រៀង​គ្នា​លើ​រឿង​នេះ។ ដូច្នេះ​ពួក​ប្រជាធិបតេយ្យ​ចង់​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន​កាន់​តែ​ច្រើន ហើយ​រឿង​នេះ​ប្រហែល​ជា​អាច​កើតឡើង​ខណៈ​ពេល​ដែលការ​ស៊ើបអង្កេត​បន្ដ​ទៅ​មុខ ប៉ុន្តែ​ឥឡូវ​នេះ សាធារណជន​មិន​ទាន់​គាំទ្រ​ខ្លាំងក្លា​ប៉ុន្មាន​ទេ»។

លោក Richard Nixon បាន​លាលែង​ពី​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​១៩៧៤ នៅ​ពេល​ដែល​ការ​ស្ទង់​មតិ​សាធារណៈ​បង្ហាញ​ថា ការ​គាំទ្រ​របស់​សាធារណជន​ចំពោះ​លោក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ម្នាក់​ទៀត​ លោក Bill Clinton បាន​រួច​ខ្លួន​ពី​សវនាការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ពី​តំណែង​របស់​ព្រឹទ្ធសភា​នៅ​ឆ្នាំ​១៩៩៩ នៅ​ពេល​ដែល​សាធារណជន​ភាគច្រើន​ប្រឆាំង​នឹង​ការ​ខិតខំប្រឹងប្រែង​របស់​ពួក​សាធារណរដ្ឋ​ក្នុង​ការ​ទម្លាក់​លោក​ពី​តំណែង​ជា​ប្រធានាធិបតី៕​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា