វាមានរយៈពេលជិត២០ឆ្នាំហើយ ដែលលោក ង៉ុល ងួន អាយុ៥៦ឆ្នាំ បានដឹកភ្ញៀវទេសចរជិះណូរីនៅក្នុងខេត្តបាត់ដំបង។ ជីវភាពរបស់លោកក្នុងរយៈពេលជិត២០ឆ្នាំនេះ គឺពឹងផ្អែកទាំងស្រុងទៅលើការដឹកភ្ញៀវទេសចរ ខណៈការជិះណូរីកម្សាន្តនេះ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ស្លៀកខោជើងខ្លី ពាក់អាវសដៃវែង តែកាត់ដៃឲ្យខ្លី និងពាក់មួកពណ៌ស ដើម្បីការពារកម្តៅថ្ងៃ លោក ង៉ុល ងួន បានថ្លែងប្រាប់ VOA ថា លោកបានឭដំណឹងបិទណូរីទេសចរណ៍មួយនេះយូរឆ្នាំមកហើយ តែលោកថា មិនទាន់មានសកម្មភាពអ្វីនៅឡើយទេ ប៉ុន្តែលោកថា រដ្ឋាភិបាលនឹងបិទនៅពេលឆាប់ៗខាងមុខនេះ ដោយសារត្រូវជួសជុលផ្លូវដែកដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំង ដើម្បីបើកដំណើរការផ្លូវរថភ្លើងឡើងវិញនៅឆ្នាំក្រោយ។
លោក ង៉ុល ងួន បានថ្លែងប្រាប់ VOAថា៖
«បាទរឿងដំណឹងបិទហ្នឹង ឭថាបិទយូរហើយ ប៉ុន្តែតិចទៅ ថាបិទខែនេះ តិចទៅ ថាបិទខែនោះ ប៉ុនមិនទាន់ចេះឃើញបិទ»។
លោក ង៉ុល ងួន ដែលមានសាក់នៅលើដើមទ្រូង និងដៃ បានបង្ហាញក្តីព្រួយបារម្ភអំពីការបាត់បង់ប្រាក់ចំណូល ដោយសារជីវភាពរបស់លោកត្រូវពឹងផ្អែកទាំងស្រុងលើការបើកណូរីយូរឆ្នាំមកហើយ។
លោកបានថ្លែងថា៖
«បើបិទវាប៉ះពាល់ស្តាយ ប្រជាពលរដ្ឋដែលនៅម៉ាជួរនេះហ្នឹង គឺយើងរកស៊ីដែលបានចិញ្ចឹមគ្រួសារ ចិញ្ចឹមអី ដោយសារអាណូរីនេះដែរហ្នឹង»។
ទោះជាយ៉ាងណា លោកបានឲ្យដឹងថា លោកអាចនឹងធ្វើជាអ្នករត់ម៉ូតូ ឬកម្មករសំណង់ ប្រសិនបើគ្មានចំណូលពីណូរីទេសចរណ៍។
លោកបញ្ជាក់ថា៖
«ទេទៅរកមុខរបរផ្សេងទៀត បើគេបិទ ទៅរករត់ម៉ូតូ ឬក៏រត់អីចេះតែទៅៗ ឬក៏ទៅធ្វើកម្មករ បើគេបិទហើយ យើងមានអីរក»។
បើតាមលោក ង៉ុល ងួន ក្នុងមួយថ្ងៃ លោកអាចរកចំណូលបានចន្លោះពី៣ទៅ៥ម៉ឺនរៀល ដោយបញ្ចូលទាំងលុយថ្លៃទឹកតែ (លុយធីប) ដែលផ្តល់ដោយភ្ញៀវជិះណូរី ហើយភាគច្រើនជាភ្ញៀវបរទេស។
លោក ងួន ដែលជាបុរសពោះម៉ាយ មានកូន៣នាក់ ក្នុងនោះកូនពីរនាក់បានទៅធ្វើការ ជាកម្មករសំណង់នៅប្រទេសថៃ បានឲ្យដឹងថា សម្រាប់មួយជើងទៅវិញទៅមក លោកអាចរកចំណូលបានពី៧.០០០រៀលទៅ១ម៉ឺនរៀល ហើយក្នុងមួយជើង តម្លៃធ្វើដំណើរដែលប្រជាពលរដ្ឋអ្នកកាន់ណូរីយក គឺ១០ដុល្លារ។ លោកបានស្នើឲ្យអាជ្ញាធរខេត្តរកកន្លែងជំនួសថ្មីមួយ ដោយសារមានភ្ញៀវទេសចរច្រើន មកជិះណូរី។
លោក ភាជ ទុំ អាយុ៥២ឆ្នាំ ដែលបានបើកណូរីប្រហែល២០ឆ្នាំដែរនោះ បានថ្លែងថា លោកអាចរកចំណូលបានយ៉ាងតិចជាង១ម៉ឺនរៀលក្នុងមួយថ្ងៃ តែថ្ងៃដែលមានភ្ញៀវច្រើន ចំណូលអាចបានច្រើនជាងនេះ។ លោកបន្តថា ភរិយារបស់លោកក៏លក់ដូររបស់របរតិចតួចនៅកន្លែងជិះណូរីផងដែរ។
លោកយល់ថា ការបិទណូរីនេះនឹងប៉ះពាល់ចំណូលប្រចាំថ្ងៃរបស់លោក ខណៈលោកមានកូនពីរនាក់ស្ថិតក្នុងបន្ទុកចិញ្ចឹម។
លោកមានប្រសាសន៍ថា៖
«យល់ថា ដូចពិបាកចិត្ត។ ចាស់ហើយ បើចំណាកស្រុកទៅថៃ ទៅអី វាទៅអត់កើត។ យើងអត់មានកម្លាំង យើងចាស់ហើយ»។
លោក ភាជ ទុំ មានប្រសាសន៍ថា លោកមានដីចម្ការតូចមួយ និងអាចចិញ្ចឹមគោ មាន់ទាតិចតួច នៅពេលណូរីទេសចរណ៍ត្រូវបានបញ្ឈប់។
ស្ថិតក្នុងស្រុកសង្កែ ចម្ងាយប្រមាណ១០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ណូរីដែលទេសចរបរទេសស្គាល់ថា «រថភ្លើងឫស្សី ឬជាភាសាអង់គ្លេសគេហៅថា Bamboo Train» បានជួយដល់ប្រជាជនប្រមាណ៥០គ្រួសារ ដែលបានរកស៊ីជាអ្នកបើកណូរី អ្នកលក់ដូរចំណីអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ជាដើម។
ណូរីនៅទីនោះមានប្រហែលជា៤៥ ដែលធ្វើពីបន្ទះឈើ បន្ទះឫស្សី កង់ដែកសម្រាប់បំពាក់លើផ្លូវដែកពេលធ្វើដំណើរ និងម៉ាស៊ីនទាញ។ ណូរីមួយអាចរៀបចំអស់ប្រាក់ប្រមាណ៣០០ទៅ៥០០ដុល្លារ។
ការជិះណូរីលើផ្លូវដែកប្រហែល៧គីឡូម៉ែត្រ ត្រូវចំណាយពេលប្រហែលមួយម៉ោងសម្រាប់ការធ្វើដំណើរទៅវិញទៅមក។ អ្នកទេសចរជាធម្មតា ត្រូវចំណាយប្រាក់១០ដុល្លារសម្រាប់ណូរីមួយ ដែលពួកគេអាចជិះតែម្នាក់ឯង ឬទៅដល់បួននាក់ ឬលើសពីនេះ អាស្រ័យលើស្ថានភាពជាក់ស្តែង។
លោក ច័ន្ទ សំលេង ប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ VOA ថា ក្រុមការងារកំពុងតែជួសជុលផ្លូវដែកនៅក្បែរតំបន់ជិះណូរី។ លោកបញ្ជាក់ថា យ៉ាងយូរបំផុតនៅខែក្រោយនេះ នឹងមានការបញ្ឈប់ណូរីទេសចរណ៍ទាំងនេះ។
លោកបានថ្លែងថា៖
«ខ្ញុំចង់ជម្រាបអញ្ចឹងចុះ យ៉ាងយូរបំផុតពាក់កណ្តាលខែ៨(ខែសីហា) គឺលែងដំណើរការបានហើយណូរី គឺគាត់រករបរផ្សេងទៅ»។
លោកបន្តថាកន្លងទៅ រដ្ឋាភិបាលក៏បានផ្តល់សំណងមួយចំនួនដល់ប្រជាជនដែលធ្វើណូរីទុកដឹកអ្នកទេសចរ។
រដ្ឋាភិបាលមានគម្រោងជួសជុលផ្លូវដែកប្រវែងប្រហែល៣៨៦គីឡូម៉ែត្រ ដែលធ្វើដំណើរពីភ្នំពេញទៅព្រំដែនថៃ។ ផ្លូវរថភ្លើងនេះ រំពឹងថានឹងដំណើរការឡើងវិញ នៅខែមេសា ឆ្នាំ២០១៨។ នេះបើយោងតាមប្រធាននាយកដ្ឋានផ្លូវដែក លោក ច័ន្ទ សំលេង។
ដោយសារផ្លូវដែកមិនត្រូវបានប្រើប្រាស់ជាច្រើនឆ្នាំ ប្រជាជនមួយចំនួនបានប្រើប្រាស់ផ្លូវដែកទាំងនោះធ្វើជាណូរី ដើម្បីដឹកប្រជាជន និងទំនិញ។ ក្រៅពីបម្រើជាការជិះកម្សាន្ត សម្រាប់ភ្ញៀវទេសចរនៅខេត្តបាត់ដំបង បច្ចុប្បន្ននេះប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តពោធិ៍សាត់ បានប្រើប្រាស់ណូរី សម្រាប់ដឹកទំនិញ និងអ្នកធ្វើដំណើរ នៅលើផ្លូវដែកដែលរដ្ឋាភិបាលកំពុងរៀបចំជួសជុល។
រដ្ឋាភិបាលបានលើកឡើងថា ការបើកណូរីតាមផ្លូវដែកនេះ គឺខុសច្បាប់ ហើយអាចមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
លោកស្រី ភួង សុភ័ណ្ឌ អាយុ៦២ឆ្នាំ ដែលជាប្រជាពលរដ្ឋប្រមូលចំណូលពីការជិះណូរី មានប្រសាសន៍ថា ប្រជាពលរដ្ឋជាង៤០នាក់បានចងក្រងជាសហគមន៍ ដើម្បីប្រមូលចំណូលពីណូរី តាមរយៈការដាក់វេនគ្នា។ លោកស្រីបានបញ្ជាក់ថា ជាងមួយខែទើបលោកស្រីអាចដល់វេនម្តង ដើម្បីទទួលចំណូលពីការជិះណូរីនេះ។
លោកស្រីបានថ្លែងប្រាប់ VOA ថា៖
«មួយខែជាង បានតែមួយវេនហ្នឹងឯង។ ហេងស៊យទេ។ មិនមែនបានអចិន្រ្តៃយ៍ច្រើនអីចឹង។ អត់ទេណាអូន។ ជួនកាលខែអត់ទៅ បានតែ២០វេនអីចឹងទេ»។
លោកស្រី សុភ័ណ្ឌ ដែលបានរកចំណូលពីណូរីនេះជិត២០ឆ្នាំមកហើយ បារម្ភថា ការបិទណូរីនឹងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងការរកចំណូលចិញ្ចឹមកូនចៅរបស់លោកស្រី។
លោកស្រីបញ្ជាក់ថា៖
«ពិបាកចិត្តដែរហ្នឹងអូន ឭថាបិទទៅ មិនដឹងទៅរកអី ដូចថាអ៊ំចាស់ៗ ចំណាកស្រុកអត់បាន។ សង្ឃឹមថា បានអាហ្នឹងទៅ គ្រាន់ចិញ្ចឹមជីវិតតិចតក់។ ចៅរៀនផង ខ្លួនឯង បានដោយសារណូរី។ ដល់គេបិទទៅ អ៊ំពិបាកដែរហ្នឹង។ អ៊ំចង់ថាប្រសិនបើគេបិទ ចង់ឲ្យរដ្ឋាភិបាលជួយឲ្យអ៊ំមានការងារអីផ្សេងធ្វើទៀតណា»។
លោក នូ សេង ដែលជានគរបាលទេសចរណ៍ម្នាក់ នៅតំបន់ជិះណូរីនោះ មានប្រសាសន៍ថា លោកបានធ្វើការនៅទីនោះជិត៨ឆ្នាំមក ដោយទទួលបានចំណូលខ្លះពីអ្នកភូមិដែលប្រមូលចំណូលពីណូរី។ លោកបន្តថា មុខរបរជិះណូរីនេះ បានជួយធ្វើឲ្យជីវភាពប្រជាពលរដ្ឋមួយចំនួន ល្អប្រសើរ ដោយពួកគេអាចចិញ្ចឹមគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូន។
លោកមានប្រសាសន៍ថា៖
«យើងមានការសោកស្តាយចំពោះទៅមុខទៀត អស់ណូរីឈប់ដំណើរការ ប្រសិនបើរដ្ឋាភិបាលលោកអាចរៀបចំកន្លែងណាមួយ ដែលអាចបម្រើនូវវិស័យទេសចរណ៍បានយើងសប្បាយចិត្ត ដើម្បីឲ្យសហគមន៍យើងមានការអភិវឌ្ឍជានិរន្តរ»។
បើតាមលោក នូ សេង ក្នុងមួយថ្ងៃ អាចមានភ្ញៀវបរទេស ចាប់ពី៤០ទៅ១០០នាក់ អាស្រ័យលើរដូវកាលមានភ្ញៀវតិច ឬច្រើន។
លោក នូ សេង បានឲ្យដឹងទៀតថា មិនដែលមានគ្រោះថ្នាក់ធំដុំណាមួយកើតឡើងនោះទេ ដោយសារអ្នកបើកណូរីទាំងអស់ ត្រូវបានណែនាំឲ្យបើកបរដោយប្រុងប្រយ័ត្ន និងយឺតៗ គឺត្រឹមតែល្បឿនចាប់ពី២០ទៅ២៥គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងមួយម៉ោង។
អាជ្ញាធរស្រុកបាននិយាយថា រហូតមកដល់ពេលនេះ អ្នកវិនិយោគក្នុងស្រុក បានកំពុងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំទីតាំងជិះណូរីថ្មីមួយនៅក្នុងស្រុកបាណន់ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។
លោក ជុំ ញ៉ អភិបាលស្រុកបាណន់ បានថ្លែងប្រាប់ VOA ថា នឹងមានកន្លែងថ្មីមួយក្នុងស្រុកបាណន់ ដែលលោកថា ជាទីតាំងល្អមួយ ដោយសារអ្នកទេសចរអាចទស្សនាប្រាសាទ ភ្នំ និងទេសភាពផ្សេងៗ ក្រៅពីការជិះណូរីកម្សាន្ត។
លោកបានថ្លែងប្រាប់ VOA ថា៖
«នៅពេលវិនិយោគហើយ ខ្ញុំជឿជាក់ ភ្ញៀវទេសចរកើនជាងមុន ពីព្រោះវាមានច្រើនកន្លែងខ្ញុំហ្នឹង។ ទីមួយអេកូទេសចរណ៍ ប្រាសាទបុរាណ(ប្រាសាទបាណន់) ហើយភ្នំប្រវត្តិសាស្ត្រ ភ្នំសំពៅហ្នឹង។ ហើយពេលល្ងាច ភ្ញៀវទេសចរអាចមើលសត្វប្រជៀវដែលចេញពីល្អាង»។
អ្នកស្រី អៀន សុខអេង អាយុ៤០ឆ្នាំ ជាអ្នកលក់ភេសជ្ជៈ និងនំចំណីមួយចំនួន ក្បែរកន្លែងជិះណូរី បានលើកឡើងថា អ្នកស្រីមិនអាចផ្លាស់ប្តូរទីតាំងទៅតំបន់ក្នុងស្រុកបាណន់នោះទេ ដោយសារវាស្ថិតនៅឆ្ងាយពីផ្ទះបច្ចុប្បន្ន។
អ្នកស្រីមានប្រសាសន៍ថា៖
«ទៅឆ្ងាយពេក ខ្ញុំអាចទៅអត់រួចទេ ទៅឆ្ងាយផ្ទះ»។
អ្នកស្រីបន្តថា តាមរយៈការលក់ដូរជិត៦ឆ្នាំមកនេះ អ្នកស្រីអាចរកចំណូលបានប្រហែល៥ម៉ឺនរៀលទៅ៨ម៉ឺនរៀល ក្នុងមួយថ្ងៃ ដើម្បីចិញ្ចឹមកូនបីនាក់ដែលស្ថិតក្នុងបន្ទុកសិក្សា។
អ្នកទេសចរជនជាតិស្វ៊ីសម្នាក់ លោក Simon Nussbaumer អាយុ២៨ឆ្នាំ បានថ្លែងប្រាប់ VOA នៅកន្លែងជិះណូរីថា នេះជាលើកទី៤ហើយដែលលោកបានជិះណូរី។ លោកចាត់ទុក ការជិះណូរីនេះជា«ការសប្បាយ ហើយមានតែមួយ»។
លោកបានបញ្ជាក់ថា៖
«ខ្ញុំពិតជាចូលចិត្តណូរី។ វាជាអ្វីដែលអ្នកត្រូវតែធ្វើនៅពេលអ្នកមកលេងខេត្តបាត់ដំបង ពីព្រោះវាពិសេសសម្រាប់ទេសចរបរទេស។ ប្រសិនបើអ្នកមកពីប្រទេសលោកខាងលិច អ្នកមិនអាចមានបទពិសោធន៍ជិះដូចនេះទេ»៕