ខណៈ​រង​ការ​រិះគន់ រដ្ឋបាល​ខេត្ត​បាត់ដំបង​អះអាង​ថា​គ្មាន​ការ​បំពាន​ដី​ជាប់​មាត់​ស្ទឹងសង្កែ

​រូបភាព​នៅ​ទំព័រ​​ហ្វេសប៊ុក​ឈ្មោះ​មាតា​ធម្មជាតិ​កម្ពុជា​ (Mother Nature Cambodia) បង្ហាញសំណង់ថ្មីៗនៅតាមមាត់​ស្ទឹងសង្កែ។ (Facebook/Mother Nature Cambodia)

ខណៈ​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់​អំពី​ការ​ធ្វើ​សំណង់​ក្បែរ​ដង​ស្ទឹង​សង្កែ រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​លើក​ឡើង​ថា​ សំណង់​ជា​ផ្ទះ​ឯកជន​នេះ​ត្រូវ​បាន​អនុញ្ញាត​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​រួច​ហើយ ហើយ​មិន​មាន​ការ​បំពាន​ដី​ច្រាំង​ស្ទឹង​របស់​រដ្ឋ​ឡើយ។

អាជ្ញាធរ​ខេត្ត​បញ្ជាក់​ទៀត​ថា​ ការ​បង្ហោះ​ព័ត៌មាន​នានា​មាន​លក្ខណៈ «ញុះញង់​ បំភាន់ បំភ្លៃ​ពី​ការ​ពិត» ក្នុង​គោល​បំណង​វាយ​ប្រហារ​មក​លើ​អាជ្ញាធរ​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​រូបភាព​នៅ​ទំព័រហ្វេសប៊ុក​ឈ្មោះ​មាតា​ធម្មជាតិ​កម្ពុជា​ (Mother Nature Cambodia) ដោយ​លើក​ឡើង​ថា៖ «ស្ទឹង​សង្កែ​ដែល​ជា​ស្ទឹង​ប្រវត្តិសាស្រ្ត​មួយ​របស់​ប្រទេស​កម្ពុជា​កំពុង​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​អ្នក​មាន​លុយ​ មាន​អំណាច​ ដោយ​ការ​ចាក់​ដី​រំលោភ​ចូល​ស្ទឹង និង​ការសាង​សង់​សំណង់​រឹង​នៅ​លើ​ទីនោះ។ អ្វី​ដែល​គួរ​ឱ្យ​អស់​សំណើច​ទៀត​នោះ គឺ​សំណង់​ដែល​សង់​រំលោភ​លើ​មាត់​ស្ទឹង​នេះ​ត្រូវ​បាន​សាងសង់​ទល់​មុខ​នឹង​សាលា​ឃុំ​អូរ​ដំបង​ ១ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​តែ​ម្តង»។

ក្រោយ​មាន​ការ​រិះគន់​បែប​នេះ រដ្ឋ​បាល​ខេត្ត​បាត់ដំបង​បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​មួយ​ កាលពី​ថ្ងៃ​ទី​ ២០ ខែ​មិថុនា ដោយ​ច្រាន​ចោល​ព័ត៌មាន​ខាង​លើ និង​ចាត់​ទុក​ថា​ វា​មាន​លក្ខណៈ​ «ញុះ​ញង់ បំភាន់ បំភ្លៃ​ពី​ការ​ពិត» ក្នុង​ចេតនា​ទុច្ចរិត​វាយ​ប្រហារ​មក​លើ​អាជ្ញាធរ ដើម្បី​ចំណេញ​នយោបាយ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ខិត​ជិត​មក​ដល់។

រដ្ឋបាល​ខេត្ត​បាត់​ដំបងប​ញ្ជាក់​ទៀត​ថា ​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត រដ្ឋបាល​ស្រុក​សង្កែ និង​មន្ទីរ​អង្គភាព​ជំនាញ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​ជាក់​ស្ដែង​នៅ​នឹង​ទីតាំង​ការដ្ឋាន ដោយ​ពិនិត្យ​ឃើញ​ថា​ ម្ចាស់​ដី​ឈ្មោះ ចៅ ម៉ាដូនេត្រ នៅ​ភូមិ​បោះពោធិ៍ ឃុំ​អូរដំបង ១ ស្រុក​សង្កែ ​បាន​សាង​សង់​អគារ​នៅ​លើ​ដី​របស់​ខ្លួន​ស្រប​តាម​ប្លង់​កម្ម​សិទ្ធិ។ ហើយ​វា​មិន​ប៉ះពាល់​ដី​ចំណី​ស្ទឹង​សង្កែ​នោះ​ទេ។ រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា​ មាន​ការ​ចាក់​បេតុង​សាង​សង់​ច្រាំង​ស្ទឹង​ទៅ​តាម​លំនាំ​ច្រាំង​ចាស់ ហើយ​មិន​មាន​ការ​រំលោភ​យ​ក​ស្ទឹង​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

បើ​តាម​រដ្ឋបាល​ខេត្ត​បាត់ដំបង ក្រោយ​ការសាង​សង់ មាន​ការកាយ​ដី​ចេញ​វិញ ហើយ​វា​មិន​រាំង​ស្ទះ​មុខ​ទឹក​ឡើយ។

រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា៖ «ដូច​នេះ​សកម្មភាព​ចាក់ដី​ធ្វើ​ច្រាំង​ស្ទឹង មិន​មាន​ផល​ប៉ះ​ពាល់​ដល់​លំហូរ​ទឹក​ស្ទឹង​សង្កែ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ការ​ពារ​យ៉ាងរឹងមាំ​ការ​បាក់​ច្រាំង​ស្ទឹង​សង្កែ​ទៀត​ផង»។

អភិបាលរង​ខេត្ត​បាត់ដំបង​ លោក សឿម ប៊ុនរិទ្ធ ប្រាប់​វីអូអេ​ថា​ ជា​ធម្មតា ការ​ទប់​ច្រាំង​កុំ​ឱ្យ​បាក់​ស្រុត គឺ​តែង​តែ​មាន​ការ​កាយ​ដី ដើម្បី​ទប់​ជា​មុន​សិន បន្ទាប់​ពី​ទប់​រួច​រាល់​ គេ​នឹង​កាយ​ដី​ស្ទឹង​ទាំង​នោះ​ចេញ​វិញ។

លោក​ថ្លែង​ថា៖ «យើង​បាន​ចុះ​ទៅ​ពិនិត្យ​ហើយ​ ករណី​ដែល​ថា​ចោទ​ប្រកាន់​ថា​មាន​ការ​សាង​សង់​នៅ​តាម​ច្រាំង​ស្ទឹង​ដែល​មាន​ដែល​ការ​សាង​សង់​ផ្លូវ​បេតុង​អី​ហ្នឹង​ យើង​បាន​ទៅ​ពិនិត្យ​ ហើយ​អត់​មាន​ផល​ប៉ះពាល់​អី​ទេ​ គឺ​មិន​មាន​ការ​ប៉ះពាល់​អំពី​លំហូរ​ទឹក​ស្ទឹង​សង្កែ​ទេ​ វា​ថែម​ទាំង​បាន​ជួយ​ការពារ​ការ​បាក់​ច្រាំង​ស្ទឹង​នៅ​ចំណុច​នោះ​ផង​ នៅ​ចំណុច​ជិត​សាលាឃុំ​អូរ​ដំបង​ ១​ ហ្នឹង»។

អភិបាល​ខេត្ត​បាត់​ដំបង លោក សុខ លូ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ចាក់​ដី​ចូល​ទៅ​ក្នុង​ស្ទឹង​សង្កែ​នេះ​ គឺ​ជា​ការ​សាង​សង់​ច្រាំង​ថ្មី តាម​លំនាំ​ច្រាំង​ចាស់ ហើយ​វា​មិន​បាន​ប៉ះ​ពាល់​ដល់​ការ​រំលោភ​ដី​ស្ទឹង​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ការ​ធ្វើ​ច្រាំង​ស្ទឹង​នេះ​ គាត់​បាន​ធ្វើ​តាម​លំនាំ​ស្ទឹង​ចាស់ ​(ច្រាំងស្ទឹង) ប៉ុន្តែ​ការ​ដែល​គាត់​ចាក់​ដី​ទៅ​លើ​ស្ទឹង​នោះ​ គឺ​ដើម្បី​ទុក​ធ្វើ​ច្រាំង​នោះ គឺ​គាត់​ធ្វើ​ចាក់​ហើយ។ អ្វី​ដែល​យើង​ឱ្យ​ក្រុម​ការងារ​ទៅ​ពិនិត្យ​នេះ​ គឺ​ឱ្យ​គាត់​យក​ដី​ចេញ​ពី​ស្ទឹង​ ដែល​ជា​អ្វី​ដែល​គាត់​បាន​លុប ដើម្បី​ធ្វើ​ច្រាំង​ ហើយ​បើ​កាល​ណា​គាត់​ធ្វើ​ហើយ​គាត់​នឹង​យក​ចេញ​ពី​ស្ទឹង ហើយ​ចំពោះ​រឿង​ផ្សេងៗ ក្រុម​ការងារ​កំពុង​ពិនិត្យ​បន្ត»។

ប្រធាន​ផ្នែក​កម្ម​វិធី​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (CYN)​ លោក​ ហេង គីមហុង ប្រាប់​វីអូអេ​ថា​ អាជ្ញាធរ​គួរ​តែ​អនុវត្ត​ឱ្យ​ខ្ជាប់​ខ្ជួន​បន្ថែម​ទៀត​អំពី​ការ​គ្រប់​គ្រង​ បឹង ព្រែក ទន្លេ និង​ច្បាប់​ស្តី​ពី​ភូមិ​បាល ទាក់ទង​នឹង​ការ​កំណត់​ពី​ចម្ងាយ​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ដី​រដ្ឋ​ និង​ដី​ឯកជន។ លោក​ជំរុញ​ឱ្យ​អាជ្ញា​ធរ​គួរ​តែ​បង្កើត​វេទិកា​សាធារណៈ ដើម្បី​បំភ្លឺ​បន្ថែម​ជុំវិញ​ករណី​នេះ កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​សង្ស័យ។

លោក​ថ្លែងថា៖ «រដ្ឋបាល​ខេត្ត​បាត់​ដំបង​គួរ​តែ​ធ្វើ​ការ​បំភ្លឺ​បង្កើត​ឱ្យ​មាន​វេទិកា​សាធារណៈ​មួយ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ប្រជា​ពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​អង្គការ​សង្គម​ស៊ីវិល​នៅ​ទី​នោះ​ឱ្យ​មក​ពិភាក្សា​គ្នា​ធ្វើ​ការ​បង្ហាញ​ឱ្យ​មាន​ភាព​ច្បាស់​លាស់។ យើង​ថា​ ករណី​បែប​នេះ​ក៏​ធ្លាប់​កើត​ឡើង​នៅ​តំបន់​ផ្សេងៗ​ដែរ ប៉ុន្តែ​ទី​បំផុត​យើង​នៅ​តែ​មាន​ឃើញ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ដំណើរការ​នៃ​ការផ្តល់​ដី​ទៅ​ឱ្យ​ឯកជន​ ឬ​ក៏​ករណី​រក​ឃើញ​ថា​ មាន​ការ​លួច​កែ​បន្លំ​ឯកសារ​អី​ជា​ដើម»។

លោក​បន្ថែម​ទៀត​ថា​ ករណី​សាងសង់​សំណង់​រឹង​ដែល​រំលោភ​លើ​ដី​ស្ទឹង​សង្កែ​ ខេត្ត​បាត់ដំបង​នេះ ស្ថាប័ន​ពាក់ព័ន្ធ​គួរ​តែ​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​អំពី​ការ​សាង​សង់​នេះ ថា​តើ​មាន​ការ​បំពាន​ច្បាប់​ឬ​យ៉ាង​ណា។

បើ​តាម​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​អាង​ទន្លេ ដី​ចំណី​ច្រាំង​ស្ទឹង ត្រូវ​មាន​ចម្ងាយ​ ៣០ ​ម៉ែត្រ គិត​ពី​មាត់​ច្រាំង​ស្ទឹង ហើយ​ដី​ចំណី​ច្រាំង​នេះ ចាត់​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ៕