ក្រុម​សិល្បៈ​ហ្វារ​នៅ​បាត់ដំបង​នឹង​សម្តែង​សៀក​និង​ពិព័រណ៍​អាហារ​ដើម្បី​បន្ធូរ​​​ភាព​តានតឹង​ក្នុង​គ្រា​វិបត្តិ​កូវីដ

រូបភាពឃោសនានៃកម្មវិធីសម្តែង​សៀក​និង​​ពិព័រណ៍​សិល្បៈ​ម្ហូបអាហារ​មួយរបស់អង្គការអង្គការ​​​ហ្វារ​ពន្លឺ​សិល្បៈ ដែលមានឈ្មោះថា «រសបាត់ដំបង»។ (រូបថតដោយហ្វារពន្លឺសិល្បៈ)

អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​បាត់ដំបង ​នឹង​សម្តែង​សៀក​និង​រៀបចំ​ពិព័រណ៍​សិល្បៈ​ម្ហូបអាហារ​មួយ ដើម្បី​ជួយដោះស្រាយ​ភាព​តានតឹង​ និង​ទុក្ខព្រួយ​របស់​ពលរដ្ឋ​ខ្មែរ​ ក្នុង​គ្រា​ដែល​មាន​ការ​ប្រឈម​នឹង​ផលប៉ះពាល់​ដោយ​សារ​ការ​ឆ្លង​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​រក​កម្រៃ​មួយ​នេះ ដែល​វីអូអេ​ទទួល​បាន​កាល​ពី​ថ្ងៃ​ពុធ។

ពិព័រណ៍​សិល្បៈ​ដែល​មាន​ឈ្មោះ​ថា «រស​បាត់ដំបង» នឹង​ធ្វើ​ឡើង ​នៅ​ក្នុង​បរិវេណ​សមាគម​ហ្វារពន្លឺសិល្បៈ​ក្នុង​ក្រុង​បាត់ដំបង ​ចាប់​ពីថ្ងៃ​សុក្រ​ ថ្ងៃ​ទី៣០​ ដល់​ថ្ងៃ​សៅរ៍ ​ទី​៣១​ ខែ​តុលានេះ វេលា​ម៉ោង ​២​កន្លះ​រសៀល ​ដល់​ម៉ោង ​៨​យប់ ដោយ​មាន​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តម្លៃ​ ២.០០០​ រៀល​ក្នុង​ម្នាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការនេះ រៀបរាប់​ថា​ពិព័រណ៍​«រស​បាត់ដំបង» ​ដែល​នឹង​មាន​សកម្មភាព​សម្តែង​សៀក​និង​សិល្បៈ​ផ្សេងៗ​ទៀត​ មាន​គោល​ដៅ​នាំ​យក​ភាព​រីករាយ​ខ្លះជូន​ដល់​ពលរដ្ឋ​ខ្មែរ​ រួម​ទាំង​អ្នក​ស្រុក​បាត់ដំបងផង នៅ​ពេល​ដែល​ប្រទេស​កម្ពុជានិង​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​កូវីដ​១៩។

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៨ ​ខែ​តុលា ប្រទេស​កម្ពុជារក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩​ សរុប​ ២៩០​ ដោយ​ក្នុង​នោះ​មាន ​២៨៣​ នាក់​បានជា​សះស្បើយ​ឡើង​វិញ​ហើយ នេះ​បើ​តាម​ក្រសួង​សុខាភិបាល៕