រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr កាលពីថ្ងៃច័ន្ទម្សិលមិញ បានច្រានចោលការស្នើរបស់លោកប្រធានាធិបតី Donald Trump ដែលចង់ឲ្យក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតលើលោកអតីតប្រធានាធិបតី Barack Obama។
លោក Barr បាននិយាយថា លោកគិតថា ក្រសួងយុត្តិធម៌នឹងមិនបើកការស៊ើបអង្កេតលើលោក Obama ឬក៏លោកអតីតអនុប្រធានាធិបតី Joe Biden ទាក់ទិននឹងករណីស៊ើបអង្កេតរឿងរុស្ស៊ីនោះទេ។
ប៉ុន្តែលោក Barr បានអះអាងថា ការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌លើសំណុំរឿងដែលថា រុស្ស៊ីបានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០១៦ ដើម្បីជួយលោក Trump ឲ្យយកឈ្នះលើអ្នកស្រី Hillary Clinton នោះ គឺពាក់ព័ន្ធនឹងការរំលោភបំពានដែលធ្វើឡើងដោយទីភ្នាក់ងារអនុវត្តច្បាប់ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៅក្នុងរដ្ឋបាលរបស់លោក Obama។
ប៉ុន្តែ ដោយយោងទៅលើការសម្រេចរបស់តុលាការកំពូល កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងរឿងអាស្រូវ Bridgegate លោក Barr បាននិយាយថា មិនមែនរាល់ការរំលោភអំណាចទាំងអស់ គឺជាឧក្រិដ្ឋកម្មសហព័ន្ធនោះទេ។
លោក Barr បានលើកឡើងដូច្នេះ ដើម្បីជាការឆ្លើយតបទៅនឹងសំណួរអំពីការស្នើរបស់លោក Trump ដែលចង់ឲ្យក្រសួងយុត្តិធម៌ និងសភាបើកការស៊ើបអង្កេតលើលោក Obama ទាក់ទិននឹងការចោទប្រកាន់ថា លោក Obama ចង់ឲ្យមានការស៊ើបអង្កេតលើកិច្ចសន្ទនារវាងលោក Michael Flynn ដែលនៅពេលនោះជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump ជាមួយនឹងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន នៅក្រោយពីពេលដែលលោក Trump ទើបឡើងកាន់តំណែងជាប្រធានាធិបតី នៅខែមករា ឆ្នាំ ២០១៧៕