រដ្ឋមន្ត្រី និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​នឹង​ធ្វើ​សន្និសីទ​កាសែត​អំពី​របាយការណ៍​របស់​លោក Mueller

រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក William Barr ផ្តល់​សក្ខីកម្ម​នៅ​វិមាន​ Capitol Hill ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាល​ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ 

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​រិះគន់​ភ្លាមៗ ​អំពី​ការ​ប្រកាស​នេះ​ដោយ​បាន​និយាយ​ថា លោក Barr បាន​ព្យាយាម​ប្រឌិត​អំពី​ការ​រក​ឃើញ​របស់​របាយការណ៍​នេះ​មុន​ពេល​ផ្សព្វផ្សាយ​។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក William Barr និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Rod Rosenstein នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​របាយការណ៍​របស់​លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​យុត្តិធម៌។

ច្បាប់​តាក់តែង​ឡើង​វិញ​នៃ​របាយការណ៍​ជិត ៤០០ ទំព័រ ​របស់​លោក Mueller អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ ដើម្បី​ជួយ​ឲ្យ​លោក Donald Trump ឈ្នះ​ការ​បោះ​ឆ្នោត​នឹង​ត្រូវ​បញ្ជូន​ទៅ​សភា​នៅ​ចន្លោះ​ពី​ម៉ោង ១១ ព្រឹក និង ១២ ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​រិះគន់​ភ្លាមៗ​អំពី​ការ​ប្រកាស​នេះ​ដោយ​បាន​និយាយ​ថា លោក Barr បាន​ព្យាយាម​ប្រឌិត​អំពី​ការ​រក​ឃើញ​របស់​របាយការណ៍​នេះ​មុន​ពេល​ផ្សព្វផ្សាយ​វា។

លោក Jerrold Nadler ប្រធាន​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​បាន​និយាយ​ថា លោក Barr «កំពុង​ចាត់​វិធានការ​មិន​ធ្លាប់​មាន​ពី​មុន​មក​ដើម្បី​កែប្រែ‍» របាយការណ៍​នេះ។

លោក Nadler បាន​បន្ថែម​ថា វា​ប្រហែល​ជា​មាន​ប្រយោជន៍ ប្រសិនបើ​ហៅ​លោក Mueller និង​ក្រុម​របស់​លោក Mueller មក​ផ្ដល់​សក្ខីកម្ម​នៅ​ពី​មុខ​គណៈកម្មាធិការ​របស់​លោក។

លោក Barr បាន​ចេញ​ផ្សាយ​សេចក្ដី​សង្ខេប ៤ ទំព័រ អំពី​ការ​រក​ឃើញ​របស់​លោក Mueller កាល​ពី ៣ សប្ដាហ៍​មុន ដោយ​លោក​បាន​បញ្ជាក់​ថា លោក Mueller បាន​សន្និដ្ឋាន​ថា លោក Trump និង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump មិន​បាន​ឃុបឃិត​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី ដើម្បី​ជួយ​លោក Trump ឲ្យ​ឈ្នះ​ការ​បោះ​ឆ្នោត​នោះ​ទេ៕