អតីតប្រធានាធិបតីអាមេរិកលោក Barack Obama នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឱ្យបេក្ខជនប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris នៅក្នុងពេលមួយខែចុងក្រោយនេះរហូតដល់ពេលបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើសេចក្ដីរាយការណ៍របស់កាសែត Washington Post កាលពីថ្ងៃសុក្រ។
លោក Obama នឹងចាប់ផ្ដើមកិច្ចប្រឹងប្រែងរបស់លោកនេះដោយការធ្វើដំណើរទៅកាន់ទីក្រុង Pittsburgh រដ្ឋ Pennsylvania នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត Washington Post ដែលយោងលើសម្ដីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សប្រជាធិបតេយ្យដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
កាលពីខែកក្កដា លោក Obama និងអ្នកស្រី Michelle ដែលជាភរិយារបស់លោក បានគាំទ្រអ្នកស្រី Harris ឱ្យធ្វើជាប្រធានាធិបតី។
លោក Obama បានជំរុញពលរដ្ឋអាមេរិកាំងឱ្យគាំទ្រអ្នកស្រី Harris នៅឯសន្និបាតជាតិគណបក្សប្រជាធិបតេយ្យដែលបានធ្វើឡើងនៅក្នុងទីក្រុង Chicago រដ្ឋ Illinois កាលពីខែសីហា។ លោកបាននិយាយនៅពេលនោះថា៖ «សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់សម្រាប់ទំព័រថ្មី។ សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់សម្រាប់រឿងរ៉ាវប្រសើរជាងមុន។ យើងត្រៀមខ្លួនរួចរាល់សម្រាប់អ្នកស្រី Kamala Harris ធ្វើជាប្រធានាធិបតី»។
អ្នកស្រី Harris នឹងប្រជែងនឹងបេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋលោក Donald Trump នៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ។ ការស្ទង់មតិបានបង្ហាញថា បេក្ខជនទាំងពីរនឹងមានការប្រជែងគ្នាដ៏ប្រកៀកប្រកិតនៅក្នុងការបោះឆ្នោតនេះ៕