ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់មតិ៖ អ្នកស្រី Harris នាំមុខ​លោក Trump បន្តិច​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង


អនុប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី Kamala Harris តាម​ពីក្រោយ​ដោយ​ព្រឹទ្ធសមាជិក លោក Mark Kelly ដើរ​បន្ទាប់​ពី​មក​ដល់​ក្រុង Douglas រដ្ឋ Arizona នៅ​ថ្ងៃ​សុក្រ ទី២៧ ខែ​កញ្ញា ឆ្នាំ២០២៤។
អនុប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី Kamala Harris តាម​ពីក្រោយ​ដោយ​ព្រឹទ្ធសមាជិក លោក Mark Kelly ដើរ​បន្ទាប់​ពី​មក​ដល់​ក្រុង Douglas រដ្ឋ Arizona នៅ​ថ្ងៃ​សុក្រ ទី២៧ ខែ​កញ្ញា ឆ្នាំ២០២៤។

បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​បក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Kamala Harris នាំមុខ​បន្តិចបន្តួច​លើ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​បក្ស​សាធារណរដ្ឋ​លោក Donald Trump នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ចំនួន ៦ និង​មាន​ការ​គាំទ្រ​ស្មើគ្នា​នៅក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​មួយ​ទៀត។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​ផ្អែក​លើ​ការ​ស្ទង់មតិ​របស់​សារព័ត៌មាន Bloomberg លើ​អ្នក​ដែល​អាច​ចេញ​ទៅ​បោះឆ្នោត។

លទ្ធផល​ស្ទង់មតិ​រួមគ្នា​របស់ Bloomberg News និង​ក្រុមហ៊ុន Morning Consult ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ បាន​បង្ហាញ​ថា អ្នកស្រី Harris នាំមុខ​លោក Trump ចំនួន ៧ ពិន្ទុ​ភាគរយ​នៅ​រដ្ឋ Nevada ៥ ពិន្ទុ​ភាគរយ​នៅ​រដ្ឋ Pennsylvania ៣ ពិន្ទុ​ភាគរយ​នៅ​រដ្ឋ Arizona រដ្ឋ Michigan និង​រដ្ឋ Wisconsin និង ២ ពិន្ទុ​ភាគរយ​នៅ​រដ្ឋ North Carolina។ បេក្ខជន​ទាំងពីរ​មាន​ការ​គាំទ្រ​ស្មើគ្នា​នៅ​ក្នុង​រដ្ឋ Georgia។

នៅ​ទូទាំង​រដ្ឋ​ទាំង ៧ អ្នកស្រី Harris នាំមុខ ៣ ពិន្ទុ​ភាគរយ​ក្នុង​ចំណោម​អ្នក​ដែល​ទំនង​ជា​ចេញ​ទៅ​បោះឆ្នោត។ នេះ​ជា​ការ​កើនឡើង ២ ពិន្ទុ​ភាគរយ​ខ្ពស់​ជាង​កាលពី​ខែ​មុន។

ជា​សញ្ញា​នៃ​កម្សួល​គាំទ្រ​ក្នុង​ពេល​ថ្មីៗ​នេះ​លើ​អ្នកស្រី Harris អ្នក​បោះឆ្នោត​ប្រមាណ ៤៧% នៃ​អ្នក​ដែល​ទំនង​ជា​ចេញ​ទៅ​បោះឆ្នោត​គិត​ថា​អ្នកស្រី​នឹង​ឈ្នះ​ការ​បោះឆ្នោត មិន​ថា​ពួកគេ​គាំទ្រ​អ្នកស្រី​ឬ​ក៏​អត់​នោះទេ បើ​ធៀប​ទៅនឹង​អ្នក​បោះឆ្នោត​ប្រមាណ ៤០% ដែល​ថា​លោក Trump នឹង​ឈ្នះ។

ការ​ស្ទង់មតិ​នេះ​បាន​សួរ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ៦.១៦៥ នាក់​ក្នុង​រដ្ឋ​ចំនួន ៧ ដែល​មាន​អ្នក​គាំទ្រ​បក្ស​ទាំងពីរ​ប្រហាក់ប្រហែល​គ្នា។ ការ​ស្ទង់មតិ​នេះ​បាន​ធ្វើ​ឡើង​តាម​អនឡាញ​ចាប់ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី ២៥ ខែ​កញ្ញា​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG