អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​ចេញ​បញ្ជា​​ឲ្យ​អតីត​ទាហាន​ខ្មែរ​ក្រហម​ចេញ​ពី​លំនៅដ្ឋាន

រូបឯកសារ៖ ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ តវ៉ាស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លីពីរដ្ឋាភិបាល កាលពីខែកក្កដា ឆ្នាំ២០១២។

ក្រុម​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​៧០​គ្រួសារ​ ដែល​ជា​អតីត​ទាហាន​ខ្មែរក្រហម ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​ស្នើ​ឲ្យ​រុះរើ​លំនៅដ្ឋាន​ ដែល​អាជ្ញាធរ​ចោទ​ថា​ ជា​សំណង់​​អនាធិប​តេយ្យ​ ​គឺ​ចេញពី​ដីដែល​កាន់កាប់​ដោយ​ក្រុម​ពល​រដ្ឋ​១៤​គ្រួសារ​ផ្សេង​ទៀត​ និង​ក្រុមហ៊ុន​ឯកជន​មួយ។

ពលរដ្ឋ​ប្រហែល​ជា​៧៤​គ្រួសារ​ ​ដែល​ជា​អតីត​ទាហាន​ខ្មែរក្រហម​ និង​ដែល​បាន​និង​កំពុង​រស់នៅ​តំបន់​មួយ​នៃ​ខេត្ត​បន្ទាយ​មានជ័យ​ កំពុង​មាន​ការ​ភ័យខ្លាច​ ខណៈ​ដែល​អាជ្ញាធរ​ខេត្តនេះ​ បាន​ចេញ​បញ្ជា​ឲ្យពួក​គេចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១១​ខែ​កញ្ញាឆ្នាំ​២០១៨។ ​នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អភិបាល​ខេត្ត​បន្ទាយជ័យ​ និង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស។

សេចក្តី​ជូន​ដំណឹង​ដែល ​VOA ​ទទួល​បាន​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ លោក​សួន បវរ​ អភិបាល​ខេត្តបន្ទាយ​មានជ័យ​ បាន​ស្នើឲ្យ​ពលរដ្ឋ​ ​ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ ​រុះរើ​សំណង់​អនាធិបតេយ្យ​ចេញ​ពី​ដីកម្ម​សិទ្ធិ​របស់​ពលរដ្ឋ​ផ្សេង​ទៀត​ចំនួន​១៤​គ្រួសារ​នៅ​ចំណុច​រទេះ​បាក់​ និងដី​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះហៃ សួគ៌​ ស្ថិតនៅភូមិ​អូរអំពិល​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មានជ័យ។ ​ការ​ស្នើ​នេះ​ ធ្វើឡើង​ជា​លើក​ទី​បី។

សេចក្តី​ជូន​ដំណឹង​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​ សូម​ជម្រាប​ជូន​ដំណឹង​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ ដែល​បាន​ចាញ់​ការ​ឃោសនា​របស់​ជន​ខិលខូច​បំផុស​បំផុល​ឲ្យទៅ​រំលោភ​កាន់​កាប់​ និង​សាងសង់​រោងខ្ទម​យ៉ាង​អនាធិប​តេយ្យ​លើ​ដី​កម្មសិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​១៤​គ្រួសារ​ និង​ដី​របស់​ក្រុមហ៊ុន​ហៃ​ សួគ៌ ដែល​ស្ថិត​ក្នុងភូមិ​អូរ​អំពិល​ ឃុំទួល​ពង្រ​ ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មានជ័យ​ឲ្យ​...ត្រូវ​បញ្ឈប់​ជាបន្ទាន់​ការ​ចូល​ទៅ​កាន់​កាប់​បែប​អនា​ធិបតេយ្យ​លើ​ដីស្របច្បាប់​របស់​អ្នក​ដ​ទៃ»។​

អាជ្ញាធរ​ក៏បាន​បញ្ជា​ឲ្យ​ក្រុមគ្រួសារ​ដែល​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ ត្រូវ​រុះរើ​ សំណ់ង​រោង​ខ្ទម​អនាធិប​តេយ្យ​ចេញពីទីតាំង​ដីរបស់​ក្រុមហ៊ុន​ហៃ​ សួគ៌​ និងដី​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​១៤​គ្រួសារ​ ចាប់ពី​ថ្ងៃជូន​ដំណឹង​នេះរហូតដល់​ថ្ងៃទី​១១​ ខែ​កញ្ញាឆ្នាំ​២០១៨​នេះ​ជា​កំហិត។​

អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​បាន​សង្កត់​ធ្ងន់​ថា៖​

«ក្នុង​ករណី​ជន​ណា​ធ្វើ​វិទ្ធង្សនា​បង្កការ​រាំងស្ទះ​ដល់​ការ​អនុវត្ត​សេចក្តី​ជូន​នេះ​ នឹង​ត្រូវ​ចាត់​ការ​តាម​ផ្លូវច្បាប់​ជា​ធរមាន»។​

លោក​អ៊ិន គង់ជិត​ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ និង​ខេត្ត​ពីរ​ផ្សេង​ទៀត​នៅ​ភាគ​ពាយព្យ​ប្រទេស​ បានប្រាប់​ VOA នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ទំនាស់​បាន​កើត​ឡើង​ ក្រោយ​មាន​ការ​លក់​ដូរ​ដី​ដែល​ពលរដ្ឋ​ជា​អតីត​ទាហាន​ខ្មែរក្រហម​ដើម​ឡើយ​ មាន​គ្នា​ប្រមាណ​២០០​គ្រួសារ​ ស្នើ​ឲ្យ​មេ​ទាហានខ្មែរ​ឈ្មោះ​ម៉ៅ​ គិរី ​ជួលដី​ឲ្យក្រុមហ៊ុន​ ដោយសារ​ពួកគាត់​គ្មាន​លទ្ធភាព​ឈូសឆាយ​ដី​ព្រៃ។​

លោក​ថា​ លោក​ម៉ៅ គិរី​ បាន​ចាប់​ផ្តើម​លក់​ផ្នែក​ខ្លះ​នៃដី​ទំហំ​៦០០​ហិកតា​ ឲ្យទៅ​ក្រុមហ៊ុន​ ដែល​នៅ​ឆ្នាំ​២០០៩​ បាន​ចូល​មក​បម្រុង​ធ្វើការ​ងារ​កសិកម្ម​ តែត្រូវ​អាក់​ខាន​វិញ​ ដោយសារ​ប្រជាជន​ដណ្តើម​យកដី​មក​វិញ។ ​នៅលើ​ផ្ទៃដី​ដែលត្រូវបាន​បែង​ចែក​តាំងពី​ឆ្នាំ​១៩៩៧ ឲ្យ​អតីត​ទាហាន​ខ្មែរ​ក្រហម​ទាំង​៦០០ហិកតា​នេះ​ ក៏​មាន​ប្រជា​ពលរដ្ឋ​ចំនួន​១៤​គ្រួសារ​ដែល​នៅ​តំបន់​នេះ​ បាន​ទិញ​យក​ពី​អតីត​ទាហាន​ខ្មែរ​ក្រហមផង​ដែរ។​

លោក​អ៊ិន​ គង់ជិត ​មាន​ប្រសាសន៍​ថា៖​

«គាត់​ឲ្យ​មេបញ្ជាការ​គាត់​ឈ្មោះ​ម៉ៅ​ គិរី​ ហ្នឹង​ជា​អ្នកជួល​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន​ ជួលដី​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ ដោយសារ​ពួកគាត់​មិន​មាន​មធ្យោបាយ​ក្នុងការ​ធ្វើ ​ដូច​ជា​គ្រឿង​ចក្រ​អី​ ឈូសឆាយ​ ណា​មួយ​វាគ្រាប់​មីនទៀត។​ អ៊ីចឹង​ដល់​ពេលនេះ​ មេ​បញ្ជាការ​គាត់​ហ្នឹង​បាន​យក​ទៅ​លក់​ឲ្យក្រុមហ៊ុនយក​ ទៅ​លក់​ឲ្យ​អ្នកដទៃ​ណា៎ ​លក់​ឲ្យ​ក្រុម​ហ៊ុន។ ​អ៊ីចឹង​គាត់​អត់​បាន​ដឹង​ទេ​ ដល់​ពេល​ក្រោយមក​ បួនឆ្នាំ​ក្រោយមក​ បាន​គាត់​ដឹង​ ហើយ​នៅឆ្នាំ​២០០៩​ហ្នឹង​ ក្រុម​ហ៊ុនបាន​យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​អ៊ីចឹង​ ប្រជាជន​ក៏បាន​ចូល​ទៅនៅ​ តាំង​ទីលំនៅ​ នៅលើ​ដី​គាត់​ហ្នឹង​ឯង»។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​បាន​ឲ្យដឹង​បន្ត​ថា កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ មន្ត្រី​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាក៏​បាន​ទៅ​ស្វែង​យល់​អំពី​ទំនាស់​នេះ​ដែរ។ ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អាជ្ញាធរ​ខេត្ត​បាន​ចាប់​ផ្តើម​បើក​ឲ្យ​មាន​ការ​សម្រប​សម្រួល​រវាង​ពលរដ្ឋ​ និង​តំណាង​ក្រុមហ៊ុន។ ​ក្នុង​ការ​សម្រប​សម្រួល​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ជា​យោធិនពិការ​ បានទាមទារ​ដីឡូដ៍លំនៅដ្ឋាន​ទំហំ​៣០ម៉ែត្រ×៥០ម៉ែត្រ​ ​និង​ដីស្រែ​ទំហំ​២​ហិកតា​កន្លះ​ក្នុង​១គ្រួសារ។ ​ក្រុមហ៊ុន​យល់​ព្រម​ផ្តល់​ជូន​១​ហិកតា​កន្លះ។​

ការ​សម្រប​សម្រួល​ជម្លោះ​នេះ​មាន​ការ​ចូលរួម​ពី​លោក​កែវ​ ដារារស្មី​ ដែល​ជា​នាយក​រដ្ឋបាល​សាលា​ខេត្ត​បន្ទាយ​មានជ័យ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អ៊ិន គង់ជិត។ ​VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​កែវ​ ដារារស្មី​ នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ តែ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។

តាម​ការ​បញ្ជាក់​របស់​លោក​អ៊ិន គង់ជិត ​មាន​ទាហាន​ចំនួន​៥​នាក់​បាន​ប្រើ​ហិង្សា​លើ​គ្រូ​បង្រៀន​ស្ម័គ្រ​ចិត្ត​ម្នាក់​ឈ្មោះ​គួ ចាន់ ​អាយុ​២៨​ឆ្នាំ​ ដោយ​ក្រុម​ទាហាន​បាន​វ៉ៃ​ក្បាល​គ្រូបង្រៀន​ម្នាក់​នេះ​ចំនួន​៥​ដៃ តែពុំ​មាន​របួស​បែក​ឈាម​ធ្ងន់ធ្ងរ​ទេ​ ហើយ​ក្រុម​ទាហាន​បាន​ដក​ហូត​ទូរស័ព្ទ​របស់​លោក​គ្រូម្នាក់​នេះ​ថែម​ទៀត​ផង។​ ពួក​គេ​បាន​ហាម​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ថត​រូប​ឡើយ ​ដោយ​គំរាម​ដក​ទូរស័ព្ទ។

ហេតុ​ការណ៍ហិង្សា​នេះ​កើត​មាន​ឡើង​ នៅ​ពេល​មាន​ក្រុម​កម្លាំងចម្រុះ​ដែល​ជា​ប៉ូលិស​ ទាហាន និង​កងរាជ​អាវុធហត្ថ​ មាន​គ្នា​ជិត​៥០​នាក់​ ​បានចូល​ទៅ​ក្នុង​តំបន់​មាន​ទំនាស់​នេះ៕