រដ្ឋាភិបាល​វៀតណាម​តម្រូវ​ឲ្យ​ធនាគារ​វាយតម្លៃ​លើ​ផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម

ឥឡូវ​នេះ​ធនាគារ​វៀតណាម​កំពុង​ពិចារណា​លើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម ដែល​កើត​ចេញ​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ពួកគេ បន្ថែល​លើ​ការ​វាយតម្លៃ​ហានិភ័យ​ឥណទាន​ដែល​គេ​ធ្លាប់​ធ្វើ​កន្លង​មក។

ប្រទេស​វៀតណាម​តម្រូវ​ឲ្យ​ធនាគារ​របស់​ខ្លួន​ពិចារណា​លើ​ហាភិន័យ​បរិស្ថាន សង្គម និង​អភិបាលកិច្ច​ នៅ​ពេល​ពួកគេ​ធ្វើ​ការ​វិភាគ​ហានិភ័យ​ឥណទាន។ ធនាគារវៀតណាម​​ចំនួន​១៧​បាន​បង្កើត​នាយកដ្ឋាន​ដើម្បី​ធ្វើ​ការ​​វិភាគ​លើ​ផលប៉ះពាល់​ទៅ​លើ​បរិស្ថាន​និង​សង្គម ដែល​កើត​ចេញ​ពី​ការ​ឲ្យ​ខ្ចី​ប្រាក់​របស់​ពួកគេ។

ចាប់​តាំង​ពី​ឆ្នាំ២០០៨​មក ប្រទេស​វៀតណាម​មិន​ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​ទេ។ នេះ​មិន​មែន​ដោយសារ​តែ​ធនាគារ​ក្នុង​ប្រទេស​នេះ​មាន​ភាព​រឹងមាំ​ជាង​ធនាគារ​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​តែ​ធនាគារ​វៀតណាម​មិនសូវ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ពាណិជ្ជកម្ម​សាកលលោក​ទេ​នា​ពេល​នោះ។ វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​នៅ​ក្នុង​ឆ្នាំ២០០៨​បង្ក​ឡើង​ដោយ​ធនាគារ​នៅ​ក្នុង​សហរដ្ឋអាមេរិក។ ជាង​មួយ​ទសវត្សរ៍​ក្រោយ​មក សព្វថ្ងៃ​នេះ ប្រទេស​វៀតណាម​ប្រឡូក​ក្នុង​ជំនួញ​ជាមួយ​នឹង​បរទេសកាន់​តែ​ច្រើន​ ដែល​ធ្វើ​ឲ្យ​ធនាគារ​ក្នុង​ប្រទេស​នេះ​កាន់​តែ​ងាយ​រង​ផលប៉ះពាល់​ពី​ទិន្នាការ​សកល។ រដ្ឋាភិបាល​វៀតណាម​បាន​ចាត់​វិធានការនានា​ដើម្បី​ពង្រឹង​សមត្ថភាព​ធនាគារ​ក្នុង​ស្រុក​របស់​ខ្លួន។​

ជាក់ស្តែង ប្រទេស​វៀតណាម​តម្រូវ​ឲ្យ​ធនាគារ​ពិចារណា​លើ​ហាភិន័យ​បរិស្ថាន សង្គម និង​អភិបាលកិច្ច​ ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា «ការ​វាយតម្លៃ​ ESG‍» នៅ​ពេល​ពួកគេ​ធ្វើ​ការ​វិភាគ​ហានិភ័យ​ឥណទាន។

ធនាគារ​របស់​រដ្ឋ​ក្នុង​ប្រទេស​វៀតណាម​បាន​ដាក់​ចេញ​គោលដៅ​មួយ​ ដោយ​នៅ​ត្រឹម​ឆ្នាំ២០២៥ ធនាគារ​នីមួយៗ​នឹង​បង្កើត​នាយកដ្ឋាន​ផ្ទាល់​ខ្លួន​មួយ ដែល​ធ្វើ​ការ​ផ្តោត​តែ​លើ​ការ​វាយតម្លៃ ESG តែ​មួយ​មុខ​គត់ ហើយ​ធនាគារ​ទាំង​នោះ​នឹង​ត្រូវ​បញ្ចូល​ការ​វាយតម្លៃ ESG នេះ ​ទៅ​ក្នុង​ការ​វិភាគ​ហានិភ័យ​ទូទៅ​របស់​ខ្លួន។

ធនាគារ​កណ្តាល​របស់​វៀតណាម​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​កំពុង​បោះជំហាន​វិវត្ត​ទៅ​មុខ។ ធនាគារ​កណ្ដាលរបស់​វៀតណាម​នេះ​បាន​សម្គាល់​ថា ធនាគារ​ចំនួន​១៧​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​បង្កើត​នាយកដ្ឋាន​សំខាន់ទាំង​នេះ ដើម្បី​វិភាគ​លើ​ផលប៉ះពាល់​ទៅ​លើ​បរិស្ថាន​និង​សង្គម ដែល​កើត​ចេញ​ពី​ការ​ឲ្យ​ខ្ចី​ប្រាក់​របស់​ពួកគេ។ ធនាគារ​ចំនួន​២៥​ផ្សេង​ទៀត​បាន​ធ្វើ​ការ​វិភាគ​លើ​ផលប៉ះពាល់​ទៅ​លើ​បរិស្ថាន​និង​សង្គម​នេះ​រួច​ហើយ។ នេះ​បើ​ផ្អែក​តាម​ការ​ស្ទង់មតិ​មួយ​កាល​ពី​ដើម​ឆ្នាំ២០១៩។

លោក Nguyen Quoc Hung ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ឥណទាន​សម្រាប់​វិស័យ​សេដ្ឋកិច្ច​នៅ​ធនាគារ​កណ្ដាល​របស់​វៀតណាម​បាន​និយាយ​ថា «ធនាគារ​វៀតណាម​បាន​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​របស់​ពួកគេ​ក្នុង​ការ​បោះជំហាន​ទៅ​រក​របៀបវារៈ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តភាព ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ចាប់​យក​ឱកាស​អាជីវកម្ម​ថ្មីៗ»។

ការ​ជំរុញ​ឲ្យ​ធនាគារ​និង​អាជីវកម្ម​ផ្សេង​ទៀត​ពិចារណា​លើ​ផល​ប៉ះពាល់​របស់​ពួកគេ​ទៅ​លើ​បរិស្ថាន​បាន​បង្កើត​ឲ្យ​មាន​ការ​ប្រើប្រាស់​ឃ្លា​ថ្មីៗ​ដូច​ជា​ឃ្លា​ «ហិរញ្ញវត្ថុ​បៃតង» និង «ប័ណ្ណ​បំណុល​បៃតង» ជាដើម។ ប៉ុន្តែ​តើ​ពាក្យ​ទាំង​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្តេច? ឧទាហរណ៍​សំខាន់​មួយ​គឺ​ថា ធនាគារ​មួយ​ផ្តល់​ប្រាក់កម្ចី​ដល់​អាជីវកម្ម​តូច​មួយ​ដើម្បី​ផលិត​ចរន្ត​ខ្យល់។ ការ​អភិវឌ្ឍ​ថាមពល​ខ្យល់​អាច​នឹង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ប្រយោជន៍​បរិស្ថាន​នៅ​ក្នុង​ការ​វិភាគ​ហានិភ័យ​ឥណទាន​របស់​ធនាគារ បន្ថែម​ទៅ​លើ​ប្រយោជន៍​សង្គម​ចំពោះ​ការ​គាំទ្រ​ដល់​អាជីវកម្ម​តូចៗ ជា​ជាង​ធ្វើ​ការ​ជាមួយ​នឹង​សាជីវកម្ម​ធំៗ។

ឧទាហរណ៍​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​វៀតណាម ដោយសារ​តែ​ប្រទេស​នេះ​បាន​ចាត់​ទុក​ហិរញ្ញវត្ថុ​បៃតង​ជា​យុទ្ធសាស្ត្រ​មួយ​នៅ​ក្នុង​ការ​កាត់​បន្ថយ​និង​សម្រប​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ ហើយ​វៀតណាម​ក៏​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រងផលប៉ពាល់​ខ្លាំង​ពី​ការ​គំរាមកំហែង​នៃ​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ។

រដ្ឋាភិបាល​កំពុង​ចាត់វិធានការ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ធនាគារ​ក្នុង​ស្រុក ក្នុង​នាម​ជា​សមាជិក​មួយ​នៅ​ក្នុង​បណ្តាញ​ធនាគារ​ប្រកប​ដោយ​និរន្តភាព ឬ Sustainable Banking Network ដែល​ជា​បណ្តាញ​មួយ​ដែល​មានប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​៣៨​ប្រទេស​ជា​សមាជិក។ បណ្តាញ​នេះ​ជំរុញ​ឲ្យ​មាន​ការ​ពិចារណា​លើ​ការ​វាយតម្លៃ ESG និង​ទទួល​បាន​ការ​គាំទ្រ​ពី​កម្មវិធី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់​ធនាគារ​ពិភពលោក។

ផលប្រយោជន៍​មួយ​នៃ​បណ្តាញ​នេះ​គឺ​ដើម្បី​ឲ្យ​ប្រទេស​នានា​ចែក​រំលែក​ការ​អនុវត្ត​ល្អៗ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Imansyah ដែល​ជា​សហប្រធាន​ក្រុម​ការងារ​នៃ​បណ្តាញ​ធនាគារ​ប្រកប​ដោយ​និរន្តភាព។ ​

លោក Imansyah និយាយ​ថា «ការ​ចែករំលែក​មេរៀន​និង​ចំណេះដឹង​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​គឺ​ជា​កាតាលីករ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ហិរញ្ញវត្ថុ»។

ប្រទេស​របស់​លោក រួម​ទាំង​ប្រទេស​ចិន កំពុង​ដឹកនាំ​បណ្តាញ​ដែល​មាន​៣៨​ប្រទេស​នេះ ដោយ​បាន​អនុវត្ត​រួច​ហើយ​នូវ​គោលនយោបាយ ESG ​ជាច្រើន​ដែល​ខ្លួន​បាន​រៀបចំ​ឡើង ដូចជា​ការ​លើក​ទឹក​ចិត្ត​របស់​រដ្ឋាភិបាល​សម្រាប់​ការ​វិនិយោគ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជាដើម។

ទោះ​ជា​យ៉ាង​ណា​ក្តី ​ប្រទេស​វៀតណាម​កំពុង​តាម​ពី​ក្រោយ​ប្រទេស​ផ្សេងៗ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​នេះ។ ជា​ឧទាហរណ៍ របាយការណ៍​របស់​កម្មវិធី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​ក្នុង​ខែ​តុលា​កត់សម្គាល់​ថា «វៀតណាម​ជា​ប្រទេស​ក្នុង​បណ្តាញ​ធនាគារ​ប្រកប​ដោយ​និរន្តភាព​មួយ​ក្នុង​ចំណោម​ប្រទេស​សមាជិក​មួយ​ចំនួន​តូច ដែល​តម្រូវ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​រាយការណ៍​ពី​ចំនួន​និង​តម្លៃ​នៃ​ប្រាក់​កម្ចី​បៃតង​របស់​ពួកគេ»។

ក្រៅ​ពី​ផលប៉ះពាល់​បរិស្ថាន ក្រុម​មន្ត្រី​វៀតណាម​ក៏​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ធានា​ឲ្យ​បាន​នូវ​ស្តង់ដា​សង្គម​និង​អភិបាលកិច្ច​សម្រាប់​ធនាគារ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ ដោយសារ​តែ​ធនាគារ​នៅ​ក្នុង​ប្រទេស​នេះ​មាន​ប្រវត្តិ​រៀបចំ​ក្រុមប្រឹក្សាភិបាល​អាជីវកម្ម​ និង​កម្មសិទ្ធិ​រួមគ្នា​ដ៏​ស្មុគស្មាញ ដែល​អាច​បង្កើត​ឲ្យ​មាន​ទំនាស់​ផលប្រយោជន៍។ រដ្ឋាភិបាល​មាន​បំណង​ចង់​ដោះស្រាយ​បញ្ហា​ទាំង​នោះ។ រដ្ឋាភិបាល​ក៏​បាន​លុបចោល​បន្ទុក​លើ​បំណុល​មិនសង​ផង​ដែរ។ បំណុល​មិន​សង​នេះអាច​ជា​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​ក្នុង​វិស័យ​ធនាគារ។​

ចំពោះ​ធនាគារ​វៀតណាម ផលប៉ះពាល់​សង្គម​កាន់​តែ​មាន​ការ​ពិបាក​ក្នុង​ការ​វាស់ស្ទង់។ ពួកគេ​អាច​ធ្វើ​តាម​ធនាគារ​ជា​ដៃគូ​នៅ​សហរដ្ឋអាមេរិក ដែល​មិន​បាន​វិភាគ​ឲ្យ​បាន​ពេញលេញ​លើ​ហានិភ័យ​សង្គម​នៃ​ការ​ដាក់​បញ្ចាំ​ច្រើន​ហួសហេតុ ដែល​បាន​ក្លាយ​ជា​ផលិតផល​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​វិនិយោគ​នៅ​មុន​ឆ្នាំ២០០៨។ ការ​ខកខាន​មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​បញ្ចាំ​ទាំង​នោះ​នឹង​បណ្តាល​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល ដែល​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សង្គម ដែល​ធនាគារ​វៀតណាម​ចង់​ចៀសវាង៕