លោក ហ៊ុន សែន ​ជួប​លោក​អគ្គលេខាធិការ​អ.ស.ប.​ពិភាក្សា​រឿង​សាលាក្តី​ខ្មែរក្រហម

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន(ឆ្វេង) និង​លោក​អគ្គលេខាធិការ​អ.ស.ប. បាន គីមូន (ស្តាំ) នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី ២៧ ខែតុលា នៅ​ឆ្នាំ២០១០។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​ និង​លោក​បាន់ គីមូន​បាន​ជួប​ប្រជុំគ្នា​ក្នុង​ប្រទេស​ភូមា​ ក្រៅ​កិច្ច​ប្រជុំកំពូល​អាស៊ាន ​កាលពី​ថ្ងៃពុធ​ ខណៈ​ដែល​មេ​ដឹកនាំ​ទាំងពីរ​កំពុង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​ ភាគី​ទាំងពីរ​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ជាច្រើន ​រួមទាំង​បញ្ហា​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អ.ស.ប.និង​អាស៊ាន​ និង​បញ្ហា​សាលាក្តី​ខ្មែរក្រហម។

មេ​ដឹកនាំ​ខ្មែរ​ គឺលោក​ហ៊ុន សែន ​និង​លោក​អគ្គ​លេខាធិការ​អ.ស.ប.​បាន់ គីមូន​ (Ban Ki-Moon) ​បានជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​ទីក្រុង Nay Pyi Taw​ ប្រទេស​ភូមា​ ក្នុង​ពេល​មេ​ដឹកនាំ​ទាំងពីរ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៥ ​កាលពី​ថ្ងៃ​ពុធ។​ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​ អាស៊ាន ​និង​ពិភាក្សា​គ្នា​អំពី​សាលាក្តី​កាត់ទោស​ខ្មែរក្រហម ​ដែល​កំពុង​ខ្វះ​ថវិកា​ផង​ដែរ។​

អ្នក​នាំពាក្យ​អ.ស.ប.ក្នុង​បូរី​ញូវយ៉ក​គឺ​លោកស្រី​អៀរី កានិកុ ​(Eri Kaneko) ​បាន បញ្ជាក់​អំពី​ជំនួប​នៃ​ភាគី​ទាំង​ពីរ៖​

«ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តីពី​ដៃ​គូ​អាស៊ាន​ និង​អ.ស.ប.​ ដោយ​បាន​យល់ព្រម​លើ​តម្រូវ​ការ​ទៅ​មុខ​ ក្នុងការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ។​ មេ​ដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​ផង​ដែរ​អំពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ECCC ឬ​សាលាក្តី​ខ្មែរក្រហម។​ លោក​អគ្គលេខាធិការ​អ.ស.ប.បាន​អរគុណ​ដល់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចំពោះការ​ចំណាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ ប្រាក់​ខែ​បុគ្គលិក​ជាតិ​ ដែល​ធ្វើការ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ ហើយ​បាន​ស្នើ​ឲ្យ​បន្តការ​គាំទ្រ​ដល់​សាលាក្តី​ខ្មែរក្រហម​ក្នុងឆ្នាំ​២០១៥»។​

សាលាក្តី​ខ្មែរក្រហម​កំពុង​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​វ័យ​ចំណាស់​ ជាង​៨០​ឆ្នាំ​ពីរ​នាក់​គឺ​នួន ជា ​និង​ខៀវ សំផន​ពីបទ​ឧក្រិដ្ឋកម្ម​ជា​ច្រើន ​រួមទាំង​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋ​ប្រល័យ​ពូជ​សាសន៍​ជាដើម​ ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជាង​១​លាន​៧​សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។​

​ពី​ខែ​តុលា​ដល់​ដំណាច់​ឆ្នាំ សាលាក្តី​ខ្មែរក្រហម​ភាគី​កម្ពុជា​ខ្វះខាត​ថវិកា​ជាង​១​លាន​ដុល្លារ​ និង​មាន​បញ្ហាខ្វះ​ថវិកាឆ្នាំ​២០១៥​សម្រាប់​ភាគី​អន្តរជាតិ​ក្នុង​ពេល​ដែល​សាលាក្តី​នេះ​ត្រូវ​គេ​រិះគន់​ថា ​មាន​ដំណើរការ​យឺត​យ៉ាវ​ផ្នែក​នីតិវិធី។​

លោក​នេត ភក្រ្តា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​អះអាង​ថា​ ការ​ផ្តល់​ជំនួយ​ពី​ភាគី​កម្ពុជា​ជាង​១​លាន​ដុល្លារ​ស.រ.អា.ជា​សញ្ញា​វិជ្ជមាន​ និង​បង្ហាញ​ពី​ឆន្ទៈ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គាំទ្រ​សាលាក្តី​ខ្មែរក្រហម។​

«ហើយ​ថវិកាចំនួន​១.១៥០.០០០​ដុល្លារ​នេះ​គឺ​នឹង​អាច​ឲ្យ​ភាគី​ជាតិ​ដំណើរ​ការ​ចប់​ឆ្នាំ​២០១៤​ ហើយ​ថវិកា​នេះ​នឹង​ប្រើប្រាស់​សម្រាប់​ប្រាក់​បៀវត្សរ៍​មន្ត្រី ​បុគ្គលិក​ជាតិ​ពី​ខែ​តុលា​ដល់​ខែធ្នូ»។​

លោក​ថ្លែង​ថា ​ថ្វីដ្បិត​តែ​ថវិកានេះអាច​ឲ្យ​សាលាក្តី​បាន​ដំណើរការ​ចប់​ដល់​ចុង​ ឆ្នាំ​មែន​ តែ​នៅ​ឆ្នាំ​២០១៥ ​សាលាក្តី​នេះ​ត្រូវការ​ថវិកាជាង​២៦​លាន​ដុល្លារ​ទៀត​ ដែល​ភាគី​ជាតិ​ត្រូវការ​ជាង​៥​លាន​ដុល្លារ​ ​និងភាគី​អន្តរជាតិ​ត្រូវការ​ជាង​២០​លាន​ដុល្លារ។ ​លោក​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​ការ​គាំទ្រ​ជា​ថវិកាសម្រាប់​ឆ្នាំ​ខាង​មុខ។​

លោក​ឡាត់ គី​ បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្សអាដហុក​ ​និង​ជា​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​ បាន​ថ្លែង​ថា​ អ.ស.ប.និង​កម្ពុជា​ត្រូវ​រិះរក​យន្តការ​ធានាបញ្ហាថវិកានេះ​ឲ្យ​បាន​ពិតប្រាកដ ​ដើម្បី​ឲ្យ​សាលាក្តី​ទទួល​បាន​កញ្ចប់​ថវិកាជាក់លាក់​ និង​បញ្ជៀស​កង្វះ​ថវិកា​ដដែលៗ​នេះ។​

«អញ្ចឹង​សម្រាប់ខ្ញុំ​ ខ្ញុំ​កត់​សម្គាល់ឃើញ​ថា​ ការ​សន្យា​ទាំងឡាយ​ហាក់បី​ដូចជា​គ្រាន់​តែ​ជា​ការ​សន្យា​ការទូត ​ដែល​ការណ៍​ពិតជាក់​ស្តែង​ កង្វះ​ថវិកានៅតែ​ជា​កង្វះ​ខ្វះខាត​ដដែល»។​

ក្រុម​ប្រទេស​ជាមិត្ត​របស់​កម្ពុជា​ និង​ក្រុម​ប្រទេស​ដែល​ចាប់​អារម្មណ៍​នឹង​សាលាក្តី​ខ្មែរក្រហម ​បាន​សន្យា​ជាហូរហែ​ថា​ នឹង​ផ្តល់​ថវិកាដល់​សាលាក្តី​នេះ​ឲ្យ​ដំណើរការ​បាន ​តែ​ការ​ផ្តល់​ថវិកាជាក់ស្តែង​ហាក់​ដូចជា​មិនទាន់​កើត​មាន​ជាប់​លាប់ទេ៕