ទីក្រុង​បាល់ទីម័រ​វិល​មក​ភាព​ធម្មតា​បន្ទាប់​ពី​បាតុកម្ម​ហិង្សា

និស្សិត​លើក​ដៃ​​ជា​តំណាង​ក្នុង​អំឡុង​ពេល​ការ​ធ្វើ​បាតុកម្ម​មួយ​ប្រឆាំង​អំពើ​​នឹង​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​​និង​ការ​រើស​អើង​កាល​ពី​ថ្ងៃ​ទិ​៣០ ខែ​មេសា ឆ្នាំ​២០១៥។ (Victoria Macchi/VOA News)

ទីក្រុង​បាល់ទីម័រ​ (Baltimore) ដែល​បាន​ប្រឡាក់​ប្រឡូស​ដោយ​បាតុកម្ម​ហិង្សា​កាលពី​ដើម​សប្តាហ៍​នេះ​បាន​វិល​មក​ភាព​ធម្មតា​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ​បន្ទាប់​ពី​មាន​ការ​ដាក់​ពង្រាង​កង​ឆ្មាំ​ការពារ​ជាតិ។

បើ​ទោះ​បី​ជា​បាតុកម្ម​នៅ​មិន​ទាន់​បញ្ចប់​ប៉ុន្តែ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​អហិង្សា។ ​

អ្នកស្រី សុខ សុវណ្ណារ័ត្ន​ ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​រស់​នៅ​ក្នុងរដ្ឋ​ម៉ារីឡែន​(Maryland)​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមភាសា​ថា៖

​«ចាប់​តាំង​ពី​ថ្ងៃ​ពុធ​មកដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្ថានភាព​នៅ​ទីក្រុង​បាល់ទីម័រ ​មាន​សភាព​ធម្មតា​វិញ​ហើយ ​បន្ទាប់​ពី​ការ​ដាក់​ពង្រាយ​ឆ្មាំ​ការពារ​ជាតិ​មក»។​

អ្នកស្រី​សុវណ្ណារ័ត្នធ្វើ​ការ​ឲ្យ​អង្គការ​ Lutheran Immigration Refugee Service ផ្តល់​បទ​សម្ភាសន៍​ជាមួយ​លោក​ ប៉ូច រាសី ក្នុង​ពេល​កន្លង​ម។

អ្នកស្រី​សុវណ្ណារ័ត្នធ្វើ​ការ​ឲ្យ​អង្គការ​ Lutheran Immigration Refugee Service ​ដែល​មាន​ការិយាល័យ​នៅ​កណ្តាលក្រុង​បាល់ទីម័រ រដ្ឋ​ម៉ារីឡែន​ដែល​ជាទី​កន្លែង​ដែល​បាតុកម្ម​ហិង្សា​បាន​កើត​ឡើង​រវាង​ពួក​យុវជន​ស្បែក​ខ្មៅ​និង​ប៉ូលិស​កាលពី​ថ្ងៃ​អង្គារកន្លងទៅ​នេះ។

បាតុករ​រាប់រយ​នាក់បាន​ចេញ​មក​តវ៉ា​បន្ទាប់​ពី​មាន​បុរស​អាមេរិកាំង​ស្បែក​ខ្មៅ​ឈ្មោះ​ Freddie Gray ​បាន​ស្លាប់​កាល​ពីថ្ងៃទី​១៩​ខែ​មេសា​ក្នុង​ពេល​នៅ​ក្រោម​ការ​ឃុំឃាំង​របស់​ប៉ូលិស។ បាតុកម្ម​ដែល​ដំបូង​បាន​ធ្វើ​ដោយ​អហិង្សា​បាន​ក្លាយ​ទៅ​ជាអំពើ​ហិង្សា​ដុត​បំផ្លាញ​អគារ​ ​លួច​យក​ទំនិញ​តាម​ហាង វាយ​កម្ទេច​រថយន្ត​និង​វាយ​មន្ត្រី​ប៉ូលិស​ជាដើម។

លោក​ស្រី​ សុវណ្ណារ័ត្ន​ និយាយ​ថា ​អ្នកស្រី ​បាន​ឃើញ​ពួក​បាតុករ​ដើរ​កាត់តាម​ផ្លូវ​មុខ​ការិយាល័យ​របស់​អ្នកស្រី​ បន្ទាប់មក ​ពួក​គេ ​បានចោល​ដុំ​ថ្ម ​ដប​ទឹក ​ដាក់​ប៉ូលិស៖

«​ខ្ញុំ ​បាន​ឃើញ​ពួក​បាតុករ​ចូល​លួច​ហាង​ថ្នាំហើយ​ពួក​បាតុករ​ ​បាន​វាយ​ធ្វើ​បាប​ប៉ូលិសបាន​ដុត​ហាង​ថ្នាំ​ហើយ​ប៉ូលិស​មិនបាន​តដៃ​ជាមួយ​បាតុករ​ទេ‍»។

បាតុករ​ម្នាក់​តទល់​នឹង​ក្រុម​ប៉ូលិស​នៅ​ទី​ក្រុង​បាលទីម័រ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ។

ប៉ូលិស​បាន​ចាប់​បាតុករ​ជាង​១០០​នាក់​ប៉ុន្តែ​បាន​ដោះលែង​ទៅវិញ​នៅ​ក្រោយ​ពីរយៈពេល​កំណត់​៤៨ម៉ោង​បាន​ផុត​ដោយ​មិន​មាន​ធ្វើ​ការ​ចោទ​ប្រកាន់​បាតុករ​ណា​ម្នាក់​ទេ។

អាជ្ញាធរ​ប៉ូលិស​ក៏បាន​ស៊ើបអង្កេត​ផ្ទៃក្នុង​ទាក់​ទង​នឹង​មរណភាព​របស់​ Freddie Gray ហើយបាន​ប្រគល់​របាយការណ៍​ស៊ើបអង្កេត​ឱ្យ​ទៅ​ប្រធាន​រដ្ឋ​អាជ្ញា​ក្រុង​បាល់ទីម័រ​រួច​ហើយ។ នេះ​បើតាមការ​បញ្ជាក់​របស់​ស្នងការ​ប៉ូលិស​ក្រុង​បាល់​ទីម័រ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​អ្នកស្រី សុវណ្ណារ័ត្ន​បាន​បន្ថែម​ទៀត​ថា ​ការិយាល័យ​របស់​អ្នកស្រី ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​នៅ​ថ្ងៃ​សៅរ៍ចុង​សប្តាហ៍​នេះ ​នឹង​មាន​បាតុកម្មដោយ​សន្តិវិធី​មួយ​ទៀត​របស់​ជនជាតិ​អាមេរិកាំង​ស្បែក​ស​និង​ស្បែក​ខ្មៅរួម​គ្នា៕