Balad Ruz និង Samarra ត្រូវ​បាន​វាយ​ប្រហារ​នៅ​អ៊ីរ៉ាក់

ផែនទី ក្រុង Mosul និង​ Beiji ក្នុង​ប្រទេស​អ៊ីរ៉ាក់

ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ទ្បាន​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​យក​ផ្សារ​មួយ​កន្លែង​និង​កន្លែង​ឆែកឆេរ​មួយនៅ​ខាង​ជើង​ក្រុង​បាកដាដ​ (Baghdad) ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ជាង​១២នាក់​ស្លាប់​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​ប្តេជ្ញា​ថា​នឹង​ដាក់​ទណ្ឌកម្ម​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ដែល​បានកម្ទេច​វត្ថុ​បុរាណ​នៅ​ក្នុង​សំបុក​ពួក​គេ​គឺក្រុង​ Mosul នា​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់។​

គ្រាប់​បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​បានផ្ទុះ​កាល​ពី​ថ្ងៃ​សៅរ៍នៅ​ជិត​ផ្សារ​ក្នុង​ក្រុង​ Balad Ruz នា​ទិស​ឦសាន​ក្រុង​បាកដាដ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៥​នាក់​ស្លាប់​និង​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​១៥​នាក់​ទៀត​ត្រូវ​របួស។ មាន​ការ​ផ្ទុះ​ពីរ​លើក​ហើយ​គេ​មិន​បាន​ដឹង​ច្បាស់​លាស់អំពី​ប្រភព​នៃ​ការ​ផ្ទុះ​ទីពីរ​ទេ។

នៅ​ពេល​បន្ទាប់មក​ នៅ​ជិត​ក្រុង​ Samarra អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មា្នក់​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ​នៅ​កន្លែង​ឆែកឆេរ​យោធា​មួយ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៨នាក់​ស្លាប់។ ទីភ្នាក់ងារ​ព័ត៌មាន Associated Press រាយការណ៍​ថា​មាន​មនុស្ស​១៥នាក់​ត្រូវ​របួស។ គ្មាន​នរណា​ម្នាក់​អះអាង​ការ​ទទួល​ខុសត្រូវ​ដល់​ការ​វាយ​ប្រហារ​ទាំងនេះ​ទេ។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi បាន​ប្តេជ្ញា​ថា​នឹង​តាម​ចាប់​ខ្លួន​និង​ដាក់​ទណ្ឌកម្ម​ក្រុម​យុទ្ធជន​រដ្ឋ​អ៊ីស្លាម​ដែល​បាន​ផ្សាយ​វីដេអូ​តាម​បណ្តាញ​អ៊ិនធឺណិត​បង្ហាញ​ឱ្យ​ឃើញ​ពួកគេ​វាយ​កម្ទេច​វត្ថុ​បុរាណ​ដ៏​កម្រ​មាន​នៅ​ក្នុង​ក្រុង​ Mosul ។ លោក al-Abadi បាន​ហៅ​ក្រុម​ជន​ប្រព្រឹត្ត​ល្មើស​ទាំង​នេះ​ថា​ជា «ក្រុម​ភេរវជន​ព្រៃផ្សៃ​និង​ជា​ឧក្រិដ្ឋជន «ហើយ​ថា​ពួក​គេ​ខិតខំ​បំផ្លាញ​កេរ្តិ៍តំណែល​របស់​មនុស្ស​ជាតិ​និង​អារ្យធម៌​អ៊ីរ៉ាក់៕