អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានបង្ហាញមុខជាថ្មីម្តងទៀតនៅតុលាការក្រុងភ្នំពេញ ដើម្បីបន្តតតាំងក្តីក្តាំរបស់លោកដែលអូសបន្លាយពេលមកជិតពីរឆ្នាំមកហើយ។
លោក កឹម សុខា កំពុងរងការចោទប្រកាន់អំពីការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិក កន្លងមកច្រានចោលការចោទប្រកាន់នេះ។
នៅក្នុងសាលសវនាការដែលមានការឃ្លាំមើលពីក្រុមមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីការទូតបរទេសផងដែរនោះ លោក កឹម សុខា អតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះដឹកនាំដោយលោកចៅក្រម កូយ សៅបន្តនីតិវិធីដោយភាពត្រឹមត្រូវ និងពន្លឿនការកាត់ក្តីរបស់លោក ដើម្បីអាចឱ្យលោកបានចូលរួមបម្រើជាតិ។
លោក កឹម សុខា បានលើកឡើងថា៖ «ខ្ញុំគាំទ្រសវនាការឱ្យឆាប់ចប់។ ខ្ញុំជម្រាបថ្នាក់ដឹកនាំខ្ញុំត្រូវការចូលរួមបម្រើប្រទេសជាតិ»។
សំណើរបស់អតីតមេបក្សជំទាស់រូបនេះ ធ្វើឡើងក្រោយការខ្វែងគំនិតគ្នាយ៉ាងតានតឹង រវាងក្រុមមេធាវីតំណាងឱ្យរដ្ឋាភិបាល តំណាងអយ្យការ និងក្រុមមេធាវីការពារក្តីជនជាប់ចោទ គឺលោក កឹម សុខា។
ភាពតានតឹងបានស្ថិតនៅជុំវិញការអូសបន្លាយពេលនៃសវនាការ ការប្តឹងទាស់ និងការដាក់ភស្តុតាងបន្ថែមពីសំណាក់ក្រុមមេធាវីការពារក្តី លោក កឹម សុខា នៅសាលាឧទ្ធរណ៍ស្ថានភាពឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលបានបង្អាក់ការកាត់ក្តីជិតពីរឆ្នាំ និងការដាក់ញត្តិរបស់ភាគីមេធាវីរបស់លោក កឹម សុខា ឱ្យបញ្ឈប់នីតិវិធីប្រឆាំងអតីតមេបក្សប្រឆាំងរូបនេះ។
បន្ទាប់ពីសវនាការរយៈពេលជាង៣ម៉ោង ក្រុមមេធាវីរបស់លោក កឹម សុខា ប្រាប់សន្និសីទព័ត៌មានក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញថា លោក កឹម សុខា មិនបានប្រព្រឹត្តអំពើក្បត់ដូចការចោទរបស់តុលាការទេ ហើយថា តុលាការមានបំណងអូសបន្លាយពេលកាត់ក្តី ដោយយកលេសអំពីការឆ្លងរាតត្បាតជំងឺកូវីដ១៩ ហើយមិនព្រមធ្វើតាមសំណើររបស់ក្រុមមេធាវីឱ្យពន្លឿននីតិវិធីជម្រះក្តីនោះទេ។
លោកមេធាវី ចាន់ ចេន និយាយថា កូនក្តីរបស់លោក ពីមុនមកមានការរាប់អានគ្នាជាមួយប្រជាជន និងថ្នាក់ដឹកនាំកម្ពុជាយ៉ាងជិតស្និទ្ធ និងក៏បានជួបប្រាស្រ័យទាក់ទងជាមួយមន្ត្រីអង្គទូតនានាប្រចាំកម្ពុជា និងមន្ត្រីការទូតដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយកូនក្តីលោក ក៏បានចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចការមនុស្សធម៌ផងដែរ។ ផ្អែកលើចំណុចវិជ្ជាមានទាំងនេះ លោកជឿថា កូនក្តីលោក នឹងបានរួចផុតពីការចោទប្រកាន់។
«អ៊ីចឹងជាចុងក្រោយតាមទឡ្ហីករណ៍ទាំងបីហ្នឹង ខ្ញុំយល់ឃើញថា យើងមានក្តីសង្ឃឹមថា កូនក្តីខ្ញុំ រួចផុតពីបទចោទប្រកាន់តាមផ្លូវតុលាការ»។
ចំណែកលោកមេធាវី អាង ឧត្តម ដែលធ្លាប់បម្រើការនៅសាលាក្តីខ្មែរក្រហម បានលើកឡើងពីការមិនអើពើរបស់ស្ថាប័នតុលាការលើសំណើរបស់ក្រុមមេធាវីជនជាប់ចោទដែលធ្វើឡើងចំនួនបីលើកដែលទទូចឱ្យតុលាការពន្លឿនការកាត់ក្តី រហូតត្រូវសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ប៉ុន្តែសវនាការនៅតែមិនទៅមុខ។
«យើងទទួលស្គាល់ទេតើ! ករណីទូទៅធ្ងន់ធ្ងរនៃជំងឺកូវីដហ្នឹង ហើយមិនបិទទូទៅឯណា? សាលាក្តីពេញស្រុកខ្មែរ នៅដំណើរ នៅបន្តទេតើ! តែគេយកលេសថា គេបន្តតែអ្នកជាប់ឃុំ។ ក៏ប៉ុន្តែ ការពន្យារពេលនេះ គឺប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយលឿន ដោយឆាប់រហ័ស»។
នៅក្នុងសាលសវនាការ លោកចៅក្រម កូយ សៅ បានលើកឡើងថា ក្នុងគ្រាមានការឆ្លងរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ១៩នោះ តុលាការបានជូនដំណឹងអំពីការផ្អាកសវនាការច្រើនណាស់ ពោល គឺបន្តបើកសវនាការតែ២ភាគរយប៉ុណ្ណោះនៃសំណុំរឿង ហើយសវនាការនោះ ធ្វើឡើងតែទៅលើជនជាប់ចោទក្នុងឃុំ ដើម្បីបញ្ចៀសពីការរំលោភសិទ្ធិរបស់ជនជាប់ឃុំ ដែលអាចឃុំខ្លួនលើសនីតិវិធី បើមិនមានការជម្រះក្តីនោះ។
ត្រង់ចំណុចនៃការលើកឡើងពីភាគីមេធាវីលោក កឹម សុខា ថា តុលាការគួរបញ្ឈប់នីតិវិធីកាត់ក្តីលោកកឹម សុខា និងថា លោក កឹម សុខា នឹងរួចពីការចោទប្រកាន់នោះតំណាងអយ្យការលោក ប្លង់ សុផល បញ្ជាក់ថា សវនាការមិនអាចបញ្ឈប់បានទេ ព្រោះមានភស្តុតាងជាច្រើន ដែលត្រូវលើកយកមកពិភាក្សា ដើម្បីបញ្ជាក់ថា លោកកឹម សុខា មានកំហុស ឬមិនមានកំហុសនោះ។
លោក ប្លង់ សុផល ពន្យល់ថា៖ «ដើម្បីបញ្ចប់នីតិវិធីបាន ទីមួយ គឺមរណភាពរបស់ជនជាប់ចោទ។ ទីពីរ គឺសាលក្រមចុងក្រោយសម្រេចថា មានទោស អត់ទោស»។
តំណាងអយ្យការលោក ប្លង់ សុផល បន្ថែមថា៖ «ភស្តុតាងប៉ុណ្ណឹងហើយ បើជនជាប់ចោទសារភាព គឺចប់ហើយ។ ចង់ចប់តាមចិត្តម៉េចបាន? នីតិវិធីមាន»។
ក្នុងសំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាសនេះ មេដឹកនាំគណបក្សជំទាស់លោក កឹម សុខា ត្រូវបានអាជ្ញាធរទីក្រុងភ្នំពេញចាប់បញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារស្ថិតក្នុងខេត្តត្បូងឃ្មុំ ជាប់ប្រទេសវៀតណាម កាលពីដើមខែកញ្ញាឆ្នាំ២០១៧ គឺពីរខែមុនតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កូយ សៅ សំណុំរឿងលោក កឹម សុខា មានអង្គហេតុពីរធំៗ ពាក់ព័ន្ធនឹងបទសន្ទិដ្ឋិភាពជាមួយបរទេសឬត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស និងអំពើប្រទូសរ៉ាយ ឬអំពើឈ្លានពានកម្ពុជាយោងតាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ។
អង្គហេតុពីរធំៗនេះ មានទំនាក់ទំនងនឹងសកម្មភាពនយោបាយ និងស៊ីវិលរបស់លោក កឹម សុខា តាំងពីឆ្នាំ១៩៩៣ ដែលរួមមានការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ការបង្កើតគណបក្សសិទ្ធិមនុស្សការបង្កើតគណបក្សសង្គ្រោះជាតិ និងព្រឹត្តិការណ៍នៃការចាប់ខ្លួនលោក កឹម សុខាកាលពីដើមខែកញ្ញាឆ្នាំ២០១៧។
ក្នុងសវនាការកាលពីថ្ងៃពុធលោកចៅក្រម កូយ សៅ បានបញ្ជាឱ្យមន្ត្រីរដ្ឋបាលតុលាការចាក់បញ្ចាំងភស្តុតាងជាឃ្លីបវីដេអូមួយមានរយៈពេល១ម៉ោង ៣នាទី និង១៩វិនាទីទាំងស្រុងឱ្យលោក កឹម សុខា ក្រុមអ្នកការពារក្តី និងអ្នកឃ្លាំមើលសវនាការមើលឡើងវិញម្តងទៀត ដើម្បីជម្រះការសង្ស័យដែលថាវីដេអូនោះត្រូវបានគេកាត់តជាកង់ៗ មុននឹងដំណើរការនីតិវិធីបន្តទៀត។
បន្ទាប់ពីការចាក់បញ្ចាំងវីដេអូនោះ បានជាង២០នាទីលោក កូយ សៅ ប្រកាសបន្តសវនាការទៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ខាងមុខ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូលោក អំ សំអាត យល់ថា រឿងក្តីដែលមានលក្ខណៈនយោបាយ និងមានភាពស្មុគស្មាញនេះ នឹងមិនងាយចប់ទេ ព្រោះមកដល់ពេលបន្តសវនាការជាថ្មីនេះ មិនទាន់មានការកោះហៅសាក្សីមកផ្ដល់សក្ខីកម្មនៅឡើយ៕