ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រី Michelle Bachelet បានចេញការព្រមានដ៏សំខាន់មួយថា ការប្រែប្រួលអាកាសធាតុគឺជា មូលហេតុបង្កឲ្យមានការកើនឡើងការគំរាមកំហែងកាន់តែខ្លាំងទៅលើសិទ្ធិមនុស្ស ស្របពេលដែលមានការថយចុះនៃធនធាននានា ដោយសារការឡើងកម្តៅសកលលោក ដែលបណ្តាលឲ្យមានគ្រោះទុរភិក្ស បញ្ហាចំណាកស្រុក និងជម្លោះកាន់តែខ្លាំងឡើង។
ភ្ជាប់ទៅនឹងសុន្ទរកថាបើកកិច្ចប្រជុំលើកទី៤២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងអង្គការសហប្រជាជាតិនៃដែនកោះ Bahamas បានព្រមានអំពីគ្រោះមហន្តរាយធម្មជាតិជាប្រវត្តិសាស្ត្រ ដូចជាព្យុះសង្ឃរា Dorian ដែលកំពុងក្លាយជាគ្រោះមហន្តរាយថ្មីមួយ។ លោកស្រីឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Michelle Bachelet បានយល់ស្របនឹងការវាយតម្លៃនេះ និងបានថ្លែងថា ការប្រែប្រួលអាកាសធាតុពិតជាកំពុងប៉ះពាល់គ្រប់កន្លែងទាំងអស់នៅជុំវិញពិភពលោក។
លោកស្រីបានថ្លែងបន្តថា គ្រោះអាសន្នអាកាសធាតុកំពុងបង្កឲ្យមានគ្រោះទុរភិក្សកាន់តែខ្លាំងនៅទូទាំងសកលលោក។ ដោយនិយាយសំដៅទៅដល់តួលេខរបស់អង្គការសុខភាពពិភពលោក WHO លោកស្រីបានថ្លែងថា ការប្រែប្រួលអាកាសធាតុត្រូវបានព្យាករណ៍ថា នឹងបណ្តាលឲ្យកើនចំនួនមនុស្សស្លាប់ប្រមាណ ២៥០.០០០នាក់បន្ថែមទៀតជារៀងរាល់ឆ្នាំ នៅចន្លោះពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ដោយសារកង្វះអាហាររូបត្ថម្ភ ជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀត។
លោកស្រី Bachelet បានបញ្ជាក់ដូច្នេះថា៖ «ពិភពលោកមិនដែលធ្លាប់មានការគំរាមកំហែងសិទ្ធិមនុស្សដូចនេះពីមុនមកទេ។ គ្មានប្រទេសណាមួយ ស្ថាប័នណាមួយ ឬអ្នកធ្វើគោលនយោបាយណាមួយ អាចជៀសផុតពីបញ្ហានេះបានទេ។ សេដ្ឋកិច្ច ស្ថាប័ន នយោបាយ សង្គមនិងវប្បធម៌របស់ប្រទេសទាំងអស់នៅលើពិភពលោក សិទ្ធិរបស់ពលរដ្ឋទាំងអស់ និងវប្បធម៌របស់មនុស្សគ្រាប់ជំនាន់នឹងប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុនេះ»។
លោកស្រី Bachelet បានព្រមានពីការកើនឡើងនៃជម្លោះ ដោយសារការប្រែប្រួលអាកាសធាតុ ដោយលោកស្រីបានគូសបញ្ជាក់ថា ៤០ភាគរយនៃសង្រ្គាមស៊ីវិលជាង៦ទសវត្សកន្លងមកនេះ ត្រូវបានភ្ជាប់ទៅនឹងការសឹករិចរិលបរិស្ថាន។ លោកស្រីបានបង្ហាញក្តីកង្វល់ជាពិសេស ចំពោះប្រទេសនានានៅតំបន់ Sahel ដែលស្ថិតក្នុងចំណោមតំបន់ដែលងាយរងគ្រោះបំផុត ដោយសារការប្រែប្រួលអាកាសធាតុ។
លោកស្រី Bachelet បានថ្លែងបន្តទៀតថា៖ «ការរិចរិលដីសម្រាប់បង្កបង្កើនផលនៅទូទាំងតំបន់ Sahel កំពុងប្រឈមនឹងការខ្វះខាតធនធានយ៉ាងខ្លាំង ដែលបណ្តាលឲ្យមានការប៉ះទង្គិចគ្នាជាញឹកញាប់រវាងអ្នកចិញ្ចឹមសត្វនិងអ្នកកសិកម្ម ដែលបង្កជាភាពតានតឹងក្នុងចំណោមជនជាតិភាគតិច។ ភាពយឺតយ៉ាវនៅក្នុងការអភិវឌ្ឍ និងការកើនឡើងនូវភាពក្រីក្រកំពុងធ្វើឲ្យពួកយុវជនទទួលរងនូវការកេងប្រវ័ញ្ចពីសំណាក់ក្រុមជ្រុលនិយម និងក្រុមភេរវកម្ម និងកំពុងបញ្ឆេះឲ្យមានអំពើហិង្សា»។
លោកស្រី Bachelet បានបង្ហាញពីទស្សនៈទុទិដ្ឋិនិយមជាទូទៅអំពីស្ថានភាពសិទ្ធិមនុស្សនាពេលថ្មីៗនេះនៅទូទាំងពិភពលោក។ លោកស្រីបានកត់សម្គាល់ឃើញថាសេរីភាពជាមូលដ្ឋាន និងការការពារអ្នកទន់ខ្សោយ និងជនងាយរងគ្រោះបំផុតត្រូវបានបំផ្លាញនៅគ្រប់តំបន់ទាំងអស់។
លោកស្រីបានថ្លែងថា សូម្បីតែប្រទេសមានលទ្ធិប្រជាធិបតេយ្យរឹងមាំដូចជាសហរដ្ឋអាមេរិក ក៏នៅតែមានបញ្ហាសិទ្ធិមនុស្សនេះដែរ។ លោកស្រីឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានថ្លែងបន្តទៀតថា លោកស្រីមានការខកចិត្តយ៉ាងខ្លាំង ដែលសហរដ្ឋអាមេរិក ដែលជាអ្នកបង្កើតកម្មវិធីទទួលយកជនចំណាកស្រុក ប៉ុន្តែឥឡូវនេះបែរជាកំពុងអនុវត្តគោលនយោបាយកាត់បន្ថយការការពារគ្រួសារជនចំណាកស្រុកយ៉ាងគំហុក។ លោកស្រីបានបង្ហាញក្តីកង្វល់ជាពិសេសអំពីគោលនយោបាយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបំបែកកុមារចំណាកស្រុកចេញពីឳពុកម្តាយរបស់ពួកគេ ដែលលោកស្រីថា នៅតែបន្តកើតឡើងនៅឡើយ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា