ពលរដ្ឋ​វៀតណាម​ចងចាំ​ការ​សម្លាប់​រង្គាល​ដោយ​ខ្មែរ​ក្រហម​ប៉ុន្តែ​ផ្សះផ្សារ​ផ្លូវចិត្ត

រូបឯកសារ៖ ប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើដំណើរតាមម៉ូតូនិងកង់ ចាកចេញពីទីក្រុងភ្នំពេញ នៅពេលដែលខ្មែរក្រហមកំពុងវាយលុកចូលក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៧៤។

បច្ចុប្បន្ន​នេះ​នៅ​ទីនេះ​មាន​រក្សា​ធាតុ​​ជនរងគ្រោះ​​ចំនួន​ ១.១៥៩​នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​ចំនួន​ ៣.១៥៧ ​នាក់​​ដែល​ស្មើ​នឹង​មួយ​ភាគបី​នៃ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ទាហាន​ខ្មែរ​​ក្រហម​​ក្នុង​ការ​កាន់​កាប់​រយៈពេល​១២ថ្ងៃ​នៅ​ឃុំ​បាជុក។

វិហារ​ភីឡៃ​(Phi Lai) ​និង​តាំ ប៊ូ (Tam Buu) ​នៅឃុំ​បាជុក​ (Ba Chuc)​ ធ្លាប់​ជា​កន្លែង​ដែល​ទាហាន​ខ្មែរ​ក្រហម​បាន​ចូលលុក​លុយកាលពី​ខែ​មេសា​ឆ្នាំ​១៩៧៨ ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ប្រទេសវៀតណាម។

ចាប់ពី​ថ្ងៃទី៣០ ​ខែ​មេសា ​ឆ្នាំ​១៩៧៧ ​ទាហាន​ខ្មែរ​ក្រហម​បាន​ចាប់​ផ្ដើម​ការ​វាយ​ប្រហារ​ប្រដាប់​អាវុធ​នៅ​ព្រំប្រទល់​ភាគ​និរតី​វៀតណាម។ នៅថ្ងៃទី​១៨​ ខែមេសា ​ឆ្នាំ​១៩៧៨​ កងទ័ព​ខ្មែរ​ក្រហម​បាន​ចូល​ទៅ​ក្នុង​ឃុំ​បាជុក​នៃ​ខេត្ត​អានយ៉ាង​(An Giang) ​ដែល​នៅ​ចំងាយ​២គីឡូម៉ែត្រ​ពីព្រំដែន​ខេត្ត​តាកែវ ​និង​សម្លាប់​ជន​ស៊ីវិល​ស្លូត​ត្រង់។ មនុស្ស​ជាច្រើន​បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​វិហារ​ភីឡៃ ​និង​តាំប៊ូ​ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ខ្មែរ​ក្រហម​តាម​សម្លាប់​យ៉ាង​ឃោរឃៅ។

លោក ហៃថុង ​អ្នក​គ្រប់គ្រង​វិហារបាន​និយាយ​ថា៖

«តាម​ពិតទៅ​ រដ្ឋាភិបាល​បាន​ប្រាប់​ឱ្យ​យើង​ចាកចេញ​ ប៉ុន្តែ​យើង​មិន​ចេញ​ទេ។ រដ្ឋាភិបាល​បាន​យក​រថយន្ត​មក​ដឹក​ពួកយើង​ចេញ​ដែរ​ ប៉ុន្តែ​យើង​មិន​ព្រម​ចេញ។ យើង​គិត​ថា​ក្នុង​ពេល​សង្គ្រាម​ សត្រូវ​ប្រយុទ្ធ​គ្នា​មែន​តែ​គេ​មិន​សម្លាប់​ជន​ស៊ីវិល​ទេ។ អ្នកស្រុក​គិត​ថា​ តាំងពី​សម័យ​អាណានិគម​បារំាង​មក​គឺ​តែង​មាន​សង្គ្រាម​នៅ​ទីនេះ។ ពលរដ្ឋ​គិត​ថា​ អ្នកធ្វើ​សង្គ្រាម​មិន​សម្លាប់​ជនស៊ីវិល​ទេ។​ ដូច្នេះ​ហើយ​ពួកគេ​បន្ត​រស់នៅ​ទីនេះ។ អ្នក​ដែល​គិត​វែង​ឆ្ងាយ​បាន​ចាកចេញ។ អ្នកខ្លះ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទីណា​ទេ​ព្រោះ​យើង​មិន​ដឹង​ថា​សង្គ្រាម​នឹង​ត្រូវ​ចប់​ពេល​ណា ​ដោយ​សារ​តែ​វា​បាន​ចាប់​ផ្តើម​តាំងពីឆ្នាំ​៧៦ រហូត​ដល់​ឆ្នាំ​៧៧ និង​៧៨។ សង្គ្រាម​កើត​មាន​ឡើង​៣ ឬ​៤ឆ្នាំ​ហើយ​ទើប​ពួកគេ​បាន​មក​ដល់​ទីនេះ។​ មិនមែន​ ពួកគេ​មកដល់​ពេល​កើត​សង្គ្រាម​ភ្លាម​ឯណា‍»។​

ម៉ោង ​៣​រសៀល​ថ្ងៃទី​២០ ​ខែមេសា​ ឆ្នាំ​១៩៧៨​ ត្រូវ​ជា​ថ្ងៃ​ព្រះច័ន្ទ​ពេញបូរមី​នៃ​ខែចែត្រ​ឆ្នាំមមី ​មេទ័ព​របស់​ប៉ុលពត​ បាន​ឆ្លង​កាត់​ព្រំប្រទល់​ហើយ​ចូល​ទៅក្នុង​វិហារ​ភីឡៃ។ ក្រុម​ប៉ុលពត​បាន​បាញ់​និងបោកគ្រាប់បែក​សម្លាប់​មនុស្ស​នៅ​នឹង​កន្លែង​ជាង៨០ ​នាក់។ ប្រជាជន​បាន​ភ័យ​ស្លន់ស្លោ​ហើយ​រត់​ចេញ​ទៅ​ទ្វារ ​ប៉ុន្តែ​ត្រូវ​បាន​វាយ​ប្រហារ​សម្លាប់​អស់​ជាង​១០០​នាក់។ មាន​មនុស្ស​ ៤០​នាក់​ដែល​កំពុង​លាក់​ខ្លួន​ក្រោម​ទី​ដម្កល់​ព្រះពុទ្ធរូប​ក៏​ត្រូវគ្រាប់​បែក​ដៃ​ដែរ។

ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែមេសា​ ឆ្នាំ​១៩៧៨ ​ដែល​ទាហាន​ខ្មែរ​ក្រហម​កាន់កាប់​មាន​ប្រជាជន​ស្លូតត្រង់​ជាង​ ៣០០០ ​នាក់​នៅ​ឃុំ ​បាជុក ស្រុក​ទ្រីតុន​ ខេត្ត​អានយ៉ាង ​ដែល​មាន​ដើម​កំណើត​វៀតណាម​និង​ខ្មែរ​កម្ពុជា​ក្រោមត្រូវបាន​សម្លាប់​រង្គាល។

បន្ទាប់ពី​រត់គេច​ពី​ទី​ជំរក​នៅ​ថ្ងៃទី​៣០ ​ខែ​មេសា​ឆ្នាំ​១៩៧៨​ ប្រជាជន​នៃ​ឃុំ​បាជុក​បាន​ត្រឡប់​ទៅផ្ទះ​របស់​ពួក​គេ​វិញ។ នៅលើ​វិហារ​ភីឡៃ ​ពួកគេ​ឃើញ​ស្នាម​ប្រឡាក់​ឈាម​ជាច្រើន​នៅ​លើ​ជញ្ជាំង។ នៅ​គ្រប់​ទី​កន្លែង​ក្លិន​ស្អុយ​បាន​កើន​ឡើង​ដោយសារ​តែ​សាកសព​ជាច្រើន​បានរលួយ។​

លោកស្រី​ង៉ា​ជា​អ្នក​ធម្មយាត្រា​ម្នាក់​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​មាន​អារម្មណ៍​ញាប់ញ័រ។ មើល​ឃើញ​អាណិត​ផង​ដែរ។ សូម​អធិដ្ឋាន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដើម្បី​រួច​ផុត​ទុក្ខ...‍»។

នៅ​ខែចែត្រ​កន្លែង​នេះ​ មមាញឹក​រៀបចំ​ខួប​លើក​ទី៤១​ នៃ​ការ​ស្លាប់​របស់​ប្រជាជន​ឃុំ​បាជុក។ ពេល​វេលាហាក់បី​ដូចជា​កន្លង​ផុត​ទៅ​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​អ្វីៗ​គ្រប់​យ៉ាងបានបញ្ចប់។ រីឯ​មុខ​របួស​នៅ​ក្នុង​ខ្លួន​និង​ព្រលឹង​នៃ​ប្រជាជន​នៃ​តំបន់​នេះ​ក៏​ជា​សះស្បើយ​ដែរ។ ​រដូវ​ផ្ការីក​មួយ​ទៀត​កំពុង​ត្រឡប់​មក​ឃុំបាជុក​ស្រុក​ទ្រីតុន​ នៃ​ខេត្តអានយ៉ាង។

បន្ទាប់ពី​សង្គ្រាម​បាន​បញ្ចប់​ វិហារ​នៅឃុំ​បាជុក​ត្រូវ​បាន​សាងសង់​ឡើង​វិញ។ នៅឆ្នាំ​២០១៣​ ចេតីយ៍​ត្រូវ​បាន​រៀបចំ​សារ​ជាថ្មី​ ហើយ​ប្រជាជន​ក្នុង​តំបន់​ក៏​បាន​ជៀសវាង​មិន​រំឭក​ពី​ការចង​ចាំ​ដ៏​ក្រៀមក្រំ​នេះ។

លោកស្រី​ង្វៀន ធីឌី ​ពលរដ្ឋ​ក្នុង​ឃុំ​បាជុកបាន​និយាយ​ថា៖

«កន្លែង​នេះ​សាងសង់​យូរ​មក​ហើយ។ តាំងពីពេល​នោះ​មក​វាត្រូវ​បាន​ជួសជុលពីរបី​ដង​ហើយ‍»។​

អ្នកស្រី​ម៉ៃ ​ជា​ពលរដ្ឋ​ម្នាក់ទៀត​បាន​និយាយ​ថា​កាលពី​ ៤០​ ឆ្នាំ​មុន​ឆ្អឹង​នេះ​ត្រូវ​បាន​ប្រមូល​មកពី​ទី​វាលស្រែ៖

«ពួក​ប៉ុល ពត​បាន​មក​សម្លាប់​ពលរដ្ឋ​ទាំងនេះ។ ឆ្អឹង​ជនរងគ្រោះ​នៅ​រាយប៉ាយ​តាម​វាលស្រែ។ យើងប្រមូល​ឆ្អឹង​ហើយ​យក​មក​ដាក់​នៅ​ចេតិយ៍​នេះ‍»។​

បច្ចុប្បន្ន​នេះ​នៅ​ទីនេះ​មាន​រក្សា​ធាតុជនរងគ្រោះចំនួន​ ១.១៥៩​នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​ចំនួន​ ៣.១៥៧ ​នាក់ដែល​ស្មើ​នឹង​មួយ​ភាគបី​នៃ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ទាហាន​ខ្មែរក្រហមក្នុង​ការ​កាន់​កាប់​រយៈពេល​១២ថ្ងៃ​នៅ​ឃុំ​បាជុក។

កន្លែង​រក្សា​ធាតុ​ត្រូវ​បាន​រចនា​ឡើង​ជា​រាង​ផ្កាឈូក​ដែល​មាន​ត្របក​ចំនួន​ ៨ ​ដែល​លាប​ពណ៌​ស។ ប្រជាជន ​ឃុំ​បាជុក​បាន​និយាយ​ថា​នេះ​គឺ​ជា​ចេតីយ៍នៃ​ជីដូន​ជីតា​របស់​ពួកគេ។

លោកស្រី​ម៉ៃ ​បាន​លើក​ឡើង​ថា៖

«អារម្មណ៍​ខ្ញុំ​គឺ​មាន​កំហឹង​ខ្លាំងណាស់។ អ្នកស្លាប់​គឺ​ជា​សាច់​ញាតិ​របស់​យើង​។ ប៉ុន្តែ​គំនុំ​បាន​រសាយ​បាត់​តាម​ពេល​វេលា​ដែរ។ យើង​ព្យាយាម​ជួយ​គ្នា​ដើម្បី​ផ្សះផ្សារ​របួស​ផ្លូវចិត្ត‍»។​

អស់​រយៈពេល​ជាង​៤០​ឆ្នាំ​ក្រោយ​ពី​ការកាប់​សម្លាប់​ លោកស្រី​ម៉ៃ​ ក៏​ដូច​ជាប្រជាពលរដ្ឋ​ឃុំ​ បាជុក​ ថា​ការ​ស្អប់​ហាក់​ដូចជា​រសាត់បាត់។ អ្នកស្រី​បន្ថែម​ថា​ឥឡូវនេះ​គិត​ថា​មិន​មាន​អ្វី​ដែល​ត្រូវ​គុំ​គួន​និង​ស្អប់​ទៀត​ទេ៕

(រាយការណ៍​បន្ថែម​ដោយ​អ្នកយក​ព័ត៌មាន​VOA ​សេវា​វៀតណាម)