អាជ្ញាធរមានសមត្ថកិច្ច នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានយកដីកាថ្មីមួយទៀតទៅបិទនៅផ្ទះរបស់លោកកឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដោយហាមប្រាមមិនឲ្យលោកចាកចេញពីប្រទេសកម្ពុជាទេ។ ដីកាចុះថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៦ ចេញដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញគឺលោកថាន់ ឡេងនេះ គឺធ្វើឡើងបន្ទាប់ពីលោកកឹម សុខាបដិសេធជាច្រើនលើកមិនចូលខ្លួនទៅបំភ្លឺនៅតុលាការទាក់ទងនឹងសំណុំរឿងសញ្ចារកម្ម។
ដីកានេះបញ្ជាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចដាក់ឲ្យលោកកឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោមបទចោទ«បដិសេធមិនចូលខ្លួន» បើមិនដូច្នេះទេ ចៅក្រមស៊ើបសួរអាចនឹងសម្រេចឃុំខ្លួនលោកបណ្ដោះអាសន្ន។
លោកលី សុផាន់ណា អ្នកនាំពាក្យនៃតុលាការក្រុងភ្នំពេញ បញ្ជាក់ប្រាប់ VOA ថា សេចក្ដីសម្រេចរបស់តុលាការនេះគឺធ្វើឡើងជាជំហានៗ ហើយតុលាការនឹងមានវិធានការផ្សេងទៀតប្រសិនបើលោកកឹម សុខាមិនអនុវត្តតាមសេចក្តីសម្រេចនេះ។
«មកដល់ពេលនេះ យើងសម្រេចបានប៉ុណ្ណឹង។ អញ្ចឹងយើងចាំមើលៗ ថាតើជនត្រូវចោទនវ គាត់អនុវត្តកាតព្វកិច្ច ឬក៏មិនអនុវត្ត។ សេចក្តីសម្រេចរបស់តុលាការ គេអត់អាចប្រាប់សាធារណជន ឬក៏ភាគីជាមុនថា ខ្ញុំនឹងធ្វើនេះ និងធ្វើនោះទេ។ គេចាំមើលសាមីខ្លួនអនុវត្ត ឬមិនអនុវត្ត»។
ឆ្លើយតបទៅហ្នឹងដីការបស់តុលាការនេះ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលធ្លាប់អះអាងថា គណបក្សគ្រប់គ្រងប្រទេសប្រើប្រាស់មធ្យោបាយនានាដើម្បីបំបិទសំឡេងប្រឆាំងមុនការបោះឆ្នោតមកដល់នោះ បានលើកឡើងថា ដីកាហាមឃាត់នេះរំលោភទៅនឹងមាត្រា៨០នៃរដ្ឋធម្មនុញ្ញដែលកំណត់ថា តំណាងរាស្ត្រត្រូវបានធានាដោយអភ័យឯកសិទ្ធិសភា ឲ្យរួចផុតពីការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួននោះ។
បន្ថែមពីលើនេះ សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបានគូសបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋសភាពុំទាន់បានអនុវត្តតាមនីតិវិធីដែលច្បាប់កំណត់នោះទេ ហើយគណបក្សជំទាស់ចាត់ទុកថា ចំណាត់ការនេះគឺជារឿងនយោបាយ។
លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់ បានបញ្ជាក់ប្រាប់ VOA ថា ការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួននោះ អាចធ្វើបានលុះត្រាតែមានការដកអភ័យឯកសិទ្ធិពីលោក កឹម សុខា ជាមុនសិន។
«អ្វីដែលតុលាការរាជធានីភ្នំពេញចេះតែប្រព្រឹត្តផ្ទួនៗទៅលើករណីឯកឧត្តមកឹម សុខាហ្នឹងគឺវាឆ្លុះបញ្ចាំងឲ្យឃើញថា រឿងនេះជារឿងនយោបាយយ៉ាងពិតប្រាកដ ព្រោះតំណាងរាស្រ្ត មានអភ័យឯកសិទ្ធិសភា ហើយដែលការពារដោយមាត្រា៨០នៃរដ្ឋធម្មនុញ្ញ។ រឿងរ៉ាវដែលមានការចោទប្រកាន់មកលើរូបគាត់ហ្នឹង គាត់សុំឲ្យធ្វើត្រឹមត្រូវតាមផ្លូវច្បាប់ ហើយគាត់អត់ទៅណាទេ គឺរាល់ថ្ងៃនេះ គាត់កំពុងស្នាក់នៅទីស្នាក់ការកណ្ដាលរបស់គណបក្សនៅសង្កាត់ចាក់អង្រែ»។
ទោះជាយ៉ាងណាក៏ដោយ សមាជិកសភាតំណាងរាស្ត្រអាមេរិកគឺលោកអាឡាន់ ឡូវ៉ិនថល (Alan Lowenthal) បានជំរុញឲ្យលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបន្តការតស៊ូដើម្បីការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ នេះបើតាមការអះអាងរបស់លោកប៉ុល ហំម មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់ដែលបានថ្លែងប្រាប់ក្រុមអ្នកគាំទ្រនៅទីស្នាក់ការគណបក្សនៅថ្ងៃព្រហស្បតិ៍នេះ។
«លោក អាឡាន់ ឡូវ៉ិនថល បានលើកទឹកចិត្តដល់លោកប្រធានស្តីទីកឹម សុខាឲ្យបន្តខិតខំប្រឹងប្រែងតទៅទៀត ព្រោះលោកយល់ថា នេះជាសកម្មភាពដ៏មានតម្លៃក្នុងការបម្រើបុព្វហេតុលទ្ធិប្រជាធិបតេយ្យ សេរីភាព និងគោរពសិទ្ធិមនុស្សសម្រាប់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរ»។
ឥស្សរជននយោបាយទាំងពីរនេះបានជួបពិភាក្សាគ្នាកាលពីយប់ថ្ងៃពុធ។
សមាជិកសភាតំណាងរាស្ត្រអាមេរិកគឺលោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) មកពីរដ្ឋកាលីហ្វរញ៉ានៃគណបក្សប្រជាធិបតេយ្យ និងលោក ស្ទីវ ឆាបុត (Steve Chabot) សមាជិកសភាមកពីរដ្ឋអូហៃយ៉ូនៃគណបក្សសាធារណរដ្ឋ ត្រូវគេដឹងថា ជាអ្នកផ្តួចផ្តើមគំនិតក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ លេខ H.RES 728 ស្ដីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដែលអនុគណៈកម្មការទទួលបន្ទុកកិច្ចការបរទេសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តជាឯកច្ឆន្ទកាលពីដើមខែកក្កដា។ លោកទាំងពីរគឺជាសហប្រធាននៃគណៈកម្មាធិការក្រុមសមាជិកសភាដែលពិនិត្យតាមដានស្ថានការណ៍នៅកម្ពុជា។
Your browser doesn’t support HTML5
សេចក្ដីព្រាងច្បាប់នេះតម្រូវឲ្យមានការថ្កោលទោសគ្រប់ទម្រង់នៃការប្រើអំពើហិង្សានយោបាយ ការដាក់ទណ្ឌកម្មចំពោះការរំលោភសិទ្ធិមនុស្សកើតមានឡើងនៅកម្ពុជា ការគាំទ្រកំណែទម្រង់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ព្រមទាំងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយជាដើម។
ការសន្ទនារវាងលោក កឹម សុខា និងមន្ត្រីស.រ.អា.នេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលតុលាការបានចេញដីកាថ្មីមួយទៀតដើម្បីរឹតត្បិតសេរីភាពធ្វើដំណើររបស់លោកកឹម សុខា ដោយដាក់បម្រាមមិនឲ្យលោកចេញទៅក្រៅប្រទេស។
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចំណាយពេលជាង១ខែចុងក្រោយនេះរស់នៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ដើម្បីគេចពីការចាប់ខ្លួន និងបណ្ដឹងផ្លូវច្បាប់ដ៏ចម្រូងចម្រាស៕