អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ២នាក់ត្រូវបានឃាត់ខ្លួន ដោយរងការសង្ស័យថា បានរាយការណ៍ព័ត៌មានបញ្ជូនទៅស្នាក់ការកណ្តាលវិទ្យុអាស៊ីសេរី នៅសហរដ្ឋអាមេរិក ដែលអាជ្ញាធរក្នុងស្រុកអះអាងថា ខុសច្បាប់។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូបប្រចាំរាជធានីភ្នំពេញ នោះមានលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនកាលពីយប់ថ្ងៃអង្គារ នៅសណ្ឋាគារម៉ារឌី ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបញ្ជូនទៅកន្លែងដើមវិញនាថ្ងៃបន្ទាប់ ដើម្បីសាកសួរ និងពិនិត្យភស្តុតាងបន្ថែម។
ខណៈសមត្ថកិច្ចបណ្តើរចេញពីសណ្ឋាគារបញ្ជូនចូលរថយន្តដើម្បីដឹកយកទៅស្នងការរាជធានីវិញនាថ្ងៃពុធ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប ប្រាប់អ្នកសារព័ត៌មានដែលកំពុងរង់ចាំនៅខាងក្រៅសណ្ឋាគារនោះថា ពួកគេត្រូវបានសមត្ថកិច្ចចោទប្រកាន់ដោយសង្ស័យថាបានរាយការណ៍ព័ត៌មានបញ្ជូនទៅវិទ្យុអាស៊ីសេរី ដែលមានស្នាក់ការនៅសហរដ្ឋអាមេរិក។ ទាំងលោក យាង សុធារិន ហៅ យាង សុជាមេត្តា និងលោក អ៊ួន ឈិន សុទ្ធតែបានបដិសេធការចោទនោះ និងបានអះអាងថា ពួកគេមិនបានរាយការណ៍ព័ត៌មានបញ្ជូនទៅឲ្យវិទ្យុអាស៊ីសេរីនោះទេ។
លោក យាង សុធារិន ហៅ យាង សុជាមេត្តា ប្រាប់អ្នកសារព័ត៌មានថា៖
«ខ្ញុំអត់មានទោសអីទេ អ្វីដែលខ្ញុំធ្វើគឺអត់មានខុសអីទេ ខ្ញុំដឹងថាអត់មានខុសអីទេ ហើយខ្ញុំអត់បានបញ្ជូនព័ត៌មានអីយកទៅក្រៅប្រទេសទេ»។
ចំណែក លោក អ៊ួន ឈិន បញ្ជាក់ថា លោកដំឡើងបន្ទប់ស្ទូឌីយោសម្រាប់បង្កើតអាជីវកម្មផលិតចម្រៀងខារ៉ាអូខេតែប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរីជាសារព័ត៌មានទទួលការឧបត្ថម្ភពីសហរដ្ឋអាមេរិក និងផ្សាយចេញពីសហរដ្ឋអាមេរិក ក្នុងគោលការណ៍លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋខ្មែរ។ វិទ្យុនេះភាគច្រើនរាយការណ៍ព័ត៌មានក្នុងស្រុកពាក់ព័ន្ធនឹងសិទ្ធិមនុស្ស នយោបាយ សេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាដីធ្លីជាដើម។
នៅដើមខែកញ្ញា ឆ្នាំ២០១៧ នេះ វិទ្យុអាស៊ីសេរីបានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថា ខ្លួនផ្អាកដំណើរការការិយាល័យព័ត៌មាននៅរាជធានីភ្នំពេញមួយរយៈទាំងបង្ខំ។ ក្នុងសេចក្តីថ្លែងការណ៍នោះ វិទ្យុអាស៊ីសេរីចោទថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើទុក្ខបុកម្នេញបណ្ដាញសារព័ត៌មានឯករាជ្យ និងគូបដិបក្ខ នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
ក្រោយការប្រកាសផ្អាកដំណើរការការិយាល័យនៅភ្នំពេញ ក្រសួងព័ត៌មានក៏បានប្រកាសថា អ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំងអស់នឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេនៅបន្តចុះយកព័ត៌មាន និងរាយការណ៍ពីប្រទេសកម្ពុជា។
ក្រោយបញ្ជូនអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូបនោះ ទៅស្នងការនគរបាលរាជធានីនារសៀលថ្ងៃពុធ លោក ស៊ឹម វុទ្ធី ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនសន្តិសុខ បានប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ចបានរកឃើញសម្ភារៈមួយចំនួន ដែលបង្ហាញថា អ្នកទាំងពីរនោះបានរាយការណ៍ព័ត៌មានទៅឲ្យវិទ្យុអាស៊ីសេរីនៅសហរដ្ឋអាមេរិកពិតមែន។ ទោះជាយ៉ាងណាលោកសុំមិនធ្វើអត្ថាធិប្បាយច្រើន ដោយប្រាប់ថារង់ចាំការស៊ើបអង្កេតបន្ថែម។
លោក ស៊ឹម វុទ្ធី បញ្ជាក់ថា៖
«ឥឡូវយើងកំពុងពិនិត្យមើលថាតើ ព្រោះយើងឃើញសម្ភារៈអី ស្ទូឌីយោដែលគាត់រៀបចំហ្នឹង គឺគាត់ផ្សាយបន្តទៅឲ្យប៉ុស្តិ៍អាស៊ីសេរី អញ្ចឹងគឺវា ខុសហើយ។ យើងកំពុងយកទៅពិនិត្យហើយអម្បាញ់មិញ មាន Laptop មានស្ទូឌីយោអីកំពុងតែរៀបហ្នឹង។ យើងអត់ទាន់បើកទេម្សិលមិញ ដោយសារអត់មានតុលាការ ឥលូវយើងមានតុលាការ យើងសុំទៅឆែកនៅក្រសួង»។
VOA បានព្យាយាមទាក់ទងសុំការអធិប្បាយពីលោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ និងលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ តែមិនទាន់មានការឆ្លើយតបណាមួយនៅឡើយ រហូតដល់ល្ងាចថ្ងៃពុធនេះ ។
ចំណែកអ្នកនាំពាក្យ និងអ្នកគ្រប់គ្រងមួយចំនួនរបស់វិទ្យុអាស៊ីសេរីនៅរដ្ឋធានីវ៉ាស៊ីនតោន ក៏មិនទាន់ឆ្លើយតបសំណួររបស់ VOA ដែលបានសួរតាមរយៈសារអេឡិចត្រូនិចអ៊ីមែលនៅឡើយដែរ។
នេះជាលើកទីមួយហើយ ដែលសមត្ថកិច្ចឃាត់ខ្លួនអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី បន្ទាប់ពីក្រសួងព័ត៌មានបានប្រកាសពីការព្រមានចាប់ខ្លួនពួកគេ។ ទោះជាយ៉ាងណា កន្លងមកអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី មួយចំនួនលើកឡើងថា ពួកគេត្រូវបានក្រសួងព័ត៌មានបដិសេធមិនផ្តល់បណ្ណអ្នកសារព័ត៌មានដើម្បីអាចប្រកបអាជីពជាអ្នកសារព័ត៌មានបានតទៅទៀត បើទោះជាពួកគេស្នើសុំបណ្ណដើម្បីអាចទៅបម្រើការងារឲ្យស្ថាប័នអន្តរជាតិផ្សេងទៀតក៏ដោយ។
លោក ស៊ឹង សែនករុណា មន្រ្តីផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្ស អាដហុក លើកឡើងថា លោកមិនទាន់អាចសន្និដ្ឋានបែបណាមួយនៅឡើយ ខណៈអតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូបនោះ គឺកំពុងស្ថិតក្នុងការសាកសួររបស់សមត្ថកិច្ច។ ទោះជាយ៉ាងណាលោកថា ការមិនផ្តល់បណ្ណសារព័ត៌មានឲ្យអតីតអ្នកសារព័ត៌មានអាស៊ីសេរី គឺជាការបំបិទសិទ្ធិរបស់ពួកគេ និងថាជាការធ្វើឲ្យប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានផ្សេងទៀត។
លោកមានប្រសាសន៍ថា៖
«វាធ្វើឲ្យប៉ះពាល់ដល់វិជ្ជាជីវៈការងាររបស់គាត់ ការប្រកបការងាររបស់គាត់ ហើយការដែលធ្វើនេះវាមិនប៉ះពាល់តែទៅលើស្ថាប័នវិទ្យុអាស៊ីសេរីទេ ហើយវាក៏អាចមានការប្រឈមដល់អ្នកដែលប្រកបវិជ្ជាជីវៈស្រដៀងគ្នានេះដែរ ដើម្បីឲ្យមានការប្រុងប្រយ័ត្នលើវិជ្ជាជីវៈការងារ ហើយធ្វើឲ្យពួកគេធ្វើកិច្ចការហ្នឹងហាក់ដូចជា នៅមានកម្រិត មិនបើកទូលំទូលាយ»។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រសួងព័ត៌មានបញ្ជាឲ្យបិទស្ថានីយវិទ្យុជាង ៣០ជាបន្តបន្ទាប់ ដែលបានជួលម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុ VOA នៅទូទាំងប្រទេស និងបន្ទាប់ពីរដ្ឋាភិបាលបិទអង្គការ NDI ជាអង្គការមួយរបស់អាមេរិកដែលធ្វើការជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយចោទថា អង្គការនេះនៅពីក្រោយបក្សប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ស្ថាប័ន និងអង្គការជាតិ អន្តរជាតិមួយចំនួន ដែលការពារសេរីភាពព័ត៌មាន និងសិទ្ធិមនុស្សនៅជុំវិញពិភពលោក បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាធ្វើឲ្យស្ថានភាពសេរីភាពព័ត៌មាន និងដំណើរការលទ្ធិប្រជាធិបតេយ្យត្រឡប់ទៅរកស្ថានភាពដូចដើមវិញ៕