អាជ្ញាធរ​ចាប់​បាន​គ្រឿង​ញៀន​ជាង​​១០០​គីឡូ​ ខណៈ​ការ​ជួញ​ដូរ​ទ្រង់​ទ្រាយ​ធំ​បន្ត​កើត​មាន​ញឹកញាប់​​​​​

ក្នុង​រូបថត​ចែកផ្សាយ​ដោយ​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ មន្ត្រី​បង្ហាញ​គ្រឿង​ញៀន​ជាង​១០០​គីឡូក្រាម​និង​ជន​សង្ស័យ​៣​រូប​ដែល​ត្រូវ​​បាន​ឃាត់ខ្លួន។ (​​ហ្វេសប៊ុក/អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​)

​សមត្ថកិច្ច​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​កាលពី​ថ្ងៃ​ចន្ទ​ បង្ក្រាប​បាន​សារធាតុ​ញៀន​ទម្ងន់​ជាង​១០២​គីឡូ​ក្រា​ម​ នៅពីរ​ទីតាំង​ផ្សេង​គ្នា​ ខណៈ​ការ​បង្ក្រាប​គ្រឿងញៀនទ្រង់​ទ្រា​យ​ធំ​នៅ​តែ​បន្ត​កើត​មាន​ជា​ញឹកញាប់។

ក្នុង​គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ​កាល​ពី​ថ្ងៃទី៨ ខែ​សីហា ឆ្នាំ​២០២៣​ បញ្ជាក់​ថា សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​គ្រឿង​ញៀន​បាន​នៅ​២​ទីតាំង​ផ្សេង​គ្នា ក្នុង​ខណ្ឌ​សែនសុខ និង​ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ដោយ​ចាប់​បាន​សារធាតុ​ញៀនចំនួន​១០២​គីឡូក្រាម ៣៥២.២៧ក្រាម និង​ជន​សង្ស័យ​ជា​ជាតិ​ចិន​ម្នាក់ និង​ខ្មែរ​ចំនួន​២នាក់។

លោក​ មាស វិរិទ្ធ​ អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀននៃ​ក្រសួង​មហា​ផ្ទៃ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះ​ថា ការ​ប្រើប្រាស់​ និង​ការ​ជួញដូរ​គ្រឿង​ញៀន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ នៅ​តែ​មាន​ចំនួន​ច្រើន​ដដែល។

លោក​ថ្លែង​ថា៖ «ចំនួន​ករណី​មិនទាន់​ឃើញ​មាន​ការ​កើន​ឡើង​ទេ​ ប៉ុន្តែ​បរិមាណ​នៃ​ការ​ចាប់​យ​ក​គឺ​ប្រដំ​ប្រ​សង​គ្នា​ទៅ​នឹង​ឆ្នាំ​ទៅ​ គ្រាន់​ថា​យើង​បង្ក្រាប​ក្នុង​មួយ​ករណី​ហ្នឹង​ចាប់​យ​ក​សារធាតុ​ញៀន​បាន​ច្រើន​»។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំនៅ​កម្ពុជា កើត​មាន​ឡើង​ជា​ញឹកញាប់។ ភាគ​ច្រើន​នៃ​ជនល្មើស​ដែល​ជួញ​ដូរ​គ្រឿង​ញៀន​គឺ​ជា​ជនជាតិ​ចិន។

កាលពី​ថ្ងៃទី​២០​ ខែ​ឧសភា​ឆ្នាំ​២០២៣ ​អាជ្ញាធរ​បង្ក្រាប​បាន​គ្រឿង​ញៀន​ជិត​២០០​គីឡូក្រាម​នៅ​៥​គោលដៅ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។​

កាលពី​ខែ​សីហា ឆ្នាំ ២០២២ សមត្ថកិច្ច​កម្ពុជា​បាន​បង្ក្រាប​ និង​ចាប់ខ្លួន​ជនជាតិ​ចិនចំនួន​៥​នាក់ និង​ដកហូត​បាន​គ្រឿង​ញៀនជាង ៩០០ គីឡូក្រាម នៅ​ខេត្ត​ព្រះសីហនុ។

នៅ​ថ្ងៃ​ទី២៤​ ខែធ្នូ ​ឆ្នាំ២០២១ ​សមត្ថកិច្ច​កម្ពុជា ​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយនៅ​រាជធានី​ភ្នំពេញ ដោយ​ចាប់​បាន​ក្រុម​ជនល្មើស​ជា​ជនជាតិ​ចិនចំនួន​៩នាក់ និង​រឹបអូស​គ្រឿង​ញៀន​ក្នុង​ទម្ងន់ ៣៤៧​ គីឡូក្រាម។

នៅ​ខែ​តុលា ឆ្នាំ​២០២០ អាជ្ញាធរ​បង្ក្រាប​បាន​ការ​ជួញដូរ​ ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ដែន​ និង​រក្សា​ទុក​កែច្នៃ​ចំនួន​ពីរ​ករណី ចាប់​បាន​គ្រឿង​ញៀន​ជាច្រើន​ប្រភេទ​ជាង​២​តោន សារធាតុ​គីមីផ្សំ​ជាច្រើន​មុខ​ជិត​១​តោន និង​ម៉ាស៊ីន​ផលិត កែច្នៃ​មួយ​ចំនួន និង​ឃាត់​ខ្លួន​ជន​សង្ស័យ​៥​នាក់ ជា​ជនជាតិ​ចិន។

បើ​តាម​លោក មាស​ វីរិទ្ធ​ ការ​ចាប់​បាន​សារធាតុ​ញៀន​ជា​ទ្រង់ទ្រាយ​ធំជា​បន្ត​បន្ទាប់​នេះ​ គឺ​ដោយ​សារ​តែ​អាជ្ញាធរ​ដាក់​គោល​ដៅ​ទៅ​លើ​ការ​ជួញដូរ និង​ការ​ដឹក​ជញ្ជូនឆ្លង​កាត់​តាម​ព្រំដែន។ ទោះ​យ៉ាងណា​លោកថា កម្ពុជានៅ​ជា​ទីផ្សារ​តូច​សម្រាប់ការ​ជួញដូរ​គ្រឿង​ញៀន​នៅឡើយ ​បើ​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេង។

លោក​ថ្លែង​ថា៖ «​កម្ពុជា​នៅ​ជា​ទីផ្សារ​តូច ទីផ្សារ​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​តូច​ទេ​ តិចតួច​ទេ គោលដៅ​គឺ​ទៅ​ប្រទេស​ទី​៣ ដែល​ជា​ទីផ្សារ​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ធំ និង​ច្រើន​»។
បើ​តាម​លោក​ មាស វិរិទ្ធ​ កម្ពុជា​បាន​ខិតខំ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​គ្រឿង​ញៀន​តាមផែន​ការ​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់​ចេញ​ ដោយសារគ្រឿងញៀន​បាន​បង្ក​ផល​វិបាក​យ៉ាង​ច្រើន​ដល់​យុវជន​កម្ពុជា។

​ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ត្រួត​ពិនិត្យ​គ្រឿង​ញៀន និង​បទ​ឧក្រិដ្ឋ (UNODC) ​រក​ឃើញ​ថា កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ឆ្លងកាត់​ដ៏​សំខាន់​សម្រាប់​ការ​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ខុស​ច្បាប់ ​ជាពិសេសថ្នាំញៀនប្រភេទ​អំហ្វេតាមីន (ATS) បាន​កើន​ឡើង​យ៉ាង​ខ្លាំង។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វីអូអេ​ថា​ អាជ្ញាធរ​បាន​បង្ក្រា​ប​ការ​ជួញដូរ​គ្រឿងញៀន​ជាច្រើន​ ដែល​នេះ​បង្ហាញ​ថា​លំហូរ​នៃ​ការ​ផលិត​ និង​ការ​ជួញដូរ​គ្រឿង​ញៀន​នៅ​តែ​បន្ត​កើត​មាន។ លោក​បន្ថែម​ថា ដើម្បី​ស្កាត់​ក៏ដូចជា​កាត់បន្ថយ​បទ​ល្មើញ​ជួញដូរ​គ្រឿងញៀន​ អាជ្ញាធរ​ត្រូវ​តែ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​បង្ក្រាប​ លុប​បំបាត់​អំពើ​ពុករលួយ​ ពង្រឹង​សមត្ថភាព​របស់​អាជ្ញាធរ​ ​និង​មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​រវាង​អាជ្ញាធរ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា​កម្ពុជា​យើង​ត្រូវ​តែ​តាំងចិត្ត​ឱ្យ​បាន​ខ្ពស់​ចំពោះ​ការ​ទប់ស្កាត់​និង​ការ​បង្ក្រាប​គ្រឿងញៀន​ ទោះបី​ជា​កាលទេស​ណា​ក៏​ដោយ ​ឱ្យ​ជន​ដែល​ពាក់ព័ន្ធ​ទោះបី​ជា​មាន​ឋានន្តរសក្តិ​ណា​ក៏ដោយ​ ត្រូវ​តែ​អនុវត្ត​តាម​គោលការណ៍​ច្បាប់»។

បើ​តាម​លោក អំ សំអាត​ កំណើន​គ្រឿង​ញៀន​ក្នុង​សហគមន៍​មូលដ្ឋាន គឺ​ជា​ក្តី​កង្វល់ និង​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង ​ដែល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស សន្តិ​សុខ​ និង​សុវត្ថិ​ភាព​សហគមន៍ ព្រម​ទាំង​ធ្វើ​ឱ្យ​យុវជន​មួយ​ចំនួន​បោះ​បង់​ការ​សិក្សា និង​ឈាន​ទៅ​ប្រឡូក​ក្នុង​ក្រុម​បង​តូច​ ​បងធំ​ជា​ដើម។

ចាប់​តាំង​ពីឆ្នាំ​ ២០១៧ ​មក ចំនួន​គ្រឿង​ញៀន​ដែល​អាជ្ញាធរ​រឹបអូស​បាន​ បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ក្នុង​ឆ្នាំ ​២០១៧ អាជ្ញាធរ​ចាប់​បាន​គ្រឿង​ញៀន​ ២៩៦​ គីឡូក្រាម ឆ្នាំ​២០១៨ ចាប់​យក​បាន ៤៧២,៥៣ គីឡូក្រាម ឆ្នាំ ២០១៩ ចាប់​យក​បាន​ ៧៥០​គីឡូ​ក្រាម ឆ្នាំ ២០២០ ចាប់​យក​បាន​ ៣,៨៧៦គីឡូក្រាម​ ឆ្នាំ​ ២០២១ ចាប់​យក​បាន ៤,៦៨៩ គីឡូក្រាម និង​ឆ្នាំ​ ២០២២ ចាប់​យក​បាន​ចំនួន​១៤,៩១៩ គីឡូក្រាម។​

ចំណែក​ក្នុង​រយៈ​ពេល​៥​ខែ ​នៃ​ដើម​ឆ្នាំ​២០២៣​នេះ សមត្ថ​កិច្ច​បង្រ្កាប ​ដោយ​រឹប​អូស​គ្រឿង​ញៀន​គ្រប់​ប្រភេទ​សរុប​ចំនួន​ ៨៤០​គីឡូ​ក្រាម។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ​លោក ស ខេង ​ថ្លែង​ក្នុង​ក្នុង​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន កាល​ពី​ខែ​មិថុនា​កន្លង​ទៅ៕