អាជ្ញាធរ​ដោះលែង​ប្រភេទ​សត្វ​ទោច​កម្រ​នៅ​ជិត​ប្រាសាទ​ខ្មែរ​ដ៏​ល្បីល្បាញ

រូបឯកសារ៖ សត្វទោចប្រភេទ​ថ្ពាល់ពណ៌​លឿង​នៅក្នុង​ទ្រុង​នៅ​សួន​សត្វភ្នំ​តាម៉ៅ ក្នុង​ខេត្តតាកែវ​នៃ​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណជា ៤៥ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ថត​នៅ​ឆ្នាំ​២០០៨។

ក្រុម​មន្រ្តី​ជំនាញ​ខាង​សត្វ​ព្រៃ​កម្ពុជា​បាន​លែង​សត្វ​ទោច​មួយ​គូ​ទៅ​ក្នុង​ព្រៃ​ក្បែរ​តំបន់​ប្រាសាទ​អង្គរ​ក្នុង​គោល​បំណង​បង្កើន​ចំនួន​របស់​វា។

ប្រភេទ​សត្វ​ទោច​កម្រ​នេះ​បាន​ក្លាយ​ជា​គោលដៅ​នៅ​ក្នុង​គម្រោង​រួម​រវាង​រដ្ឋាភិបាល​ និង​អង្គការ​ Wildlife Alliance ក្នុង​ការ​ការ​ពារ ​និង​អភិរក្ស​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក។​

នេះ​ជា​ប្រភេទ​សត្វ​ទោច​កម្រ​មួយ​គូ​ដែល​ជា​គូទី​ពីរ​ត្រូវបាន​លែង​ឲ្យទៅ​រស់​នៅ​ក្នុង​ព្រៃ​ក្បែរ​បរិវេណ​ប្រាសាទ​ដ៏​ល្បី​ល្បាញ​នេះ។ ​អាជ្ញាធរ​នៅ​ទី​នោះ​បាន​បញ្ជាក់​ថា​ ពួក​គេ​នឹង​តាម​ដាន​និង​ឃ្លាំ​មើល​សត្វ​ទោច​ទាំង​ពីរ​គូ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ហើយ​អាជ្ញាធរ​បាន​ប្រឹង​ប្រែង​ក្នុង​ការ​ទប់​ស្កាត់​កុំ​ឲ្យពួក​ព្រាន​ព្រៃរំខាន​យារ​យី​សត្វ​ព្រៃ​ក្នុង​តំបន់​នេះ។​

លោក​រ័ត្ន ប៊ុនធឿន ​ជា​ប្រធាន​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​សត្វ​ព្រៃ​នៃ​រដ្ឋបាល​ព្រៃ​ឈើ​នៃក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​និយាយ​ថា​ សត្វ​ទោច​កម្រ​នេះ​បាន​បាត់​ខ្លួន​ពី​ក្នុង​ព្រៃ​អង្គរ។​ ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ​២០១៣​ សត្វ​ទោច​មួយ​គូ​ដំបូងត្រូវ​បាន​គេ​ដោះ​លែង​ឲ្យចូល​ទៅ​ក្នុង​ព្រៃ​ក្បែរ​បរិវេណ​តំបន់​ប្រាសាទ​អង្គរ​ ក្នុង​គោល​បំណង​ជួយ​បង្កើន​ចំនួន​សត្វ​នេះ។​

លោក​ប៊ុនធឿន​បាន​បន្ថែម​ថា៖​ «អ្វី​ដែល​សត្វ​ព្រៃ​ត្រូវ​ការ​មិន​មែន​ទ្រុង​ទេ​គឺ​ជា​ព្រៃ​ដ៏​ធំ​ធេង។​ ពិត​ណាស់​ យើង​ត្រូវ​ការ​ការ​សិក្សា​បន្ថែម ​និង​បង្ហាញ​ដល់​អ្នក​ជំនាន់​ក្រោយ​ពី​ជីវិត​សត្វ​ព្រៃ​ក្នុង​ធម្មជាតិ»។​

លោក​បាន​បន្ត​ថា​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​អភិរក្ស​ជីវិត​សត្វ​ព្រៃ​គឺ​មិន​មែន​ធ្វើ​ឡើង​សម្រាប់បម្រើ​វិស័យ​ទេសចរណ៍​នោះ​ទេ​ ប៉ុន្តែ​ដើម្បី​ឲ្យជីវិត​សត្វ​ព្រៃ​អាច​រស់​នៅ​ដូច​អ្វី​ដែល​វា​ធ្លាប់​រស់​តាមធម្មជាតិ។​

អាជ្ញាធរ​អប្សរា​ ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​វិស័យ​ទេសចរណ៍​នៅ​តាម​ប្រាសាទ​នានា​នៅ​ក្នុង​តំបន់​ប្រាសាទ​អង្គរ ​ក៏​បាន​ត្រួត​ពិនិត្យ​ព្រៃ​ដែល​នៅ​ជុំវិញ​បរិវេណ​តំបន់​នោះ​ផង​ដែរ។​ មន្ត្រី​នានា​បញ្ជាក់ថា​ នៅ​ទី​នោះ​មិន​សូវ​មាន​អ្នក​បរ​បាញ់​សត្វ​ព្រៃ​ទេ ​ប៉ុន្តែ​ការអភិរក្សជម្រក​ដ៏​ប្រសើរ​សម្រាប់សត្វ​ទោច​នោះអាច​ផ្តល់​ក្តី​សង្ឃឹម​ជា​បន្ត​ដល់​អ្នក​គាំទ្រ​អភិរក្ស​សត្វ​ព្រៃ។​

គម្រោង​អភិរក្ស​សត្វ​ទោច​គឺ​ជា​ផ្នែក​មួយ​នៃ​គំនិត​ធំ​ទូលាយ​ក្នុង​ការ​អភិរក្ស​ជីវិត​សត្វ​ព្រៃ​នៅ​កម្ពុជា។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ មាន​សត្វ​ព្រៃ​ប្រភេទ​ខុសៗ​គ្នា​ជិត​៩០០​ក្បាល​ត្រូវ​បាន​ដោះ​លែង​ឲ្យរស់​នៅ​ក្នុង​ព្រៃ​ផ្សេងៗ​នៅ​កម្ពុជា​ នេះ​បើ​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ។​

សកម្មភាព​អភិរក្ស​សត្វ​ព្រៃ​ដូច​ជា​សត្វ​ទោច​នេះ​ជា​ដើម​នេះ​ បាន​ក្លាយ​ជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​អ្នក​រស់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ខណៈ​ពេល​ដែល​ពួកគេសម្តែង​ការ​ព្រួយ​បារម្ភ​លើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស។

កញ្ញា​វន ឆយសុនាថ ​ស្ថិត​ក្នុង​វ័យ​២០​ឆ្នាំ​ និយាយ​ថា​ នាង​គាំទ្រ​រាល់​សកម្មភាព​អភិរក្ស​សត្វ​ព្រៃ​ ហើយ​នាងប្រឆាំង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។​ ដោយ​និយាយ​យោង​ថា ​ជីវិត​សត្វ​ព្រៃ​មិន​មែន​ទុក​សម្រាប់បរបាញ់​ដើម្បី​ធ្វើ​ជា​អាហារ​នោះ នាង​បាន​បន្ថែម​ថា៖​ «វា​មិន​មាន​អី​គួរ​ឲ្យចង់​ញ៉ាំ​ដូច​សត្វ​ស្រុក​ទេ»។​

លោក​សាន់ ម៉ាឡា ​ជា​សហ​ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ធ្វើ​ការ​នៅ​ខេត្ត​កោះ​កុង​និយាយ​ថា​ ការ​ថយ​ចុះ​នៃ​ចំនួន​សត្វ​ព្រៃ​នៅ​កម្ពុជា​នៅ​តែ​បន្ត​មាន​ ជា​ពិសេសដោយសារព្រៃ​ត្រូវ​បាន​កាប់​ឆ្ការ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ ដូច​ជា​ដី​សម្បទាន​ និង​គម្រោង​សាង​សង់​វារី​អគ្គិសនី​ជា​ដើម។​

ម៉ាឡា​បន្ថែម​ថា៖​ «សត្វ​ព្រៃ​នៅ​កម្ពុជា​កំពុង​តែ​រង​ការ​បំផ្លិច​បំផ្លាញ​ ក៏​ដូច​ជា​ហិន​ហោច។​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មាន​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​ជា​ច្រើន​ ដូច​ជា​ការ​បរ​បាញ់​និង​លក់​ដូរ»។​

លើស​ពី​នេះ​ គាត់​បញ្ជាក់​ថា​ ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​នៅ​តាម​ព្រៃ​សហគមន៍​ជា​ច្រើន​គឺ​ជា​កត្តា​សំខាន់​មួយ​ដែល​បង្ក​ឲ្យសត្វ​ព្រៃ​កាន់​តែ​ជិត​ផុត​ពូជ​ទៅៗ។ ហើយ​វា​មិន​មាន​ការ​រឹត​បន្តឹងលើ​សកម្មភាព​នេះ​ទេ។​ គាត់​និយាយ​ថា៖​ «វា​មក​ពី​អំពើ​ពុក​រលួយ​នៅ​ក្នុង​ចំណោមមន្រ្តី​ស្ថាប័ន​រដ្ឋបាល​ព្រៃ​ឈើ​ក៏​ដូច​ជា​មនុស្ស​ពាក់​ព័ន្ធ»។​

ការលែង​សត្វ​ទោច​កម្រ​ចំនួន​២​ក្បាល​ទៅ​ក្នុង​ព្រៃ​ថ្មីៗ​នេះគឺ​ជា​ដំណឹង​ដ៏​រីករាយ​មួយ​ ក្នុង​ពេលកើតមាន​ក្តី​បារម្ភ​ទាំង​នេះ។​ លោកស្រី តាំង ម៉េងឃាង ដែល​ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​ទីក្រុង​ភ្នំពេញ​ បាន​អបអរ​សាទរ​ចំពោះ​សកម្មភាព​បែប​នេះ​ ដោយ​និយាយ​ថា៖​ «ខ្ញុំ​ចង់​ឃើញ​សត្វ​ទោច​ និង​សត្វ​ព្រៃ​ដទៃ​ទៀត។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​មិន​ដែល​ឃើញ​ពួក​វា​នៅ​ឡើយ​ទេ»៕