អង្គការ​លីកាដូ៖ ច្បាប់​កូវីដ១៩ ត្រូវ​បាន​ប្រើ​ដើម្បី​រឹតត្បិត​សេរីភាព​សកម្មជន

រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​កត់​សម្គាល់​ថា​ បើ​ទោះបី​ជាស្ថានភាព​ជំងឺ​កូវីដ១៩ បាន​ថមថយ​ក៏​ដោយ​ ក៏រដ្ឋាភិបាល​នៅ​តែ​ប្រើ​ប្រាស់​ច្បាប់​ប្រឆាំង​កូវីដ១៩ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ និងរំលោភ​សិទ្ធិ​សេរីភាព​យ៉ាង​ធ្ងន់ធ្ងររបស់​អ្នក​រិះ​គន់​រដ្ឋាភិបាល អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ផ្សេង​ទៀត។

អង្គការ​នេះ​អះអាង​ថា ច្បាប់​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់ ដើម្បី​ពង្រឹង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល។ នេះ​បើ​តាម​សេចក្តី​សង្ខេប​ផ្នែក​ច្បាប់​របស់​អង្គការ​លីកាដូ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សេចក្តី​សង្ខេប​កម្រាស់​ ២៤ ​ទំព័រ​បង្ហាញ​ថា​ ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ត្រូវបាន​រដ្ឋាភិបាល​អនុម័តឡើង​យ៉ាង​តក់ក្រហល់​ដោយ​ឯកបក្ស កាលពី​ខែ​មីនា ឆ្នាំ​ ២០២១ ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល។ អង្គការ​បញ្ជាក់​ថា ​ច្បាប់​នេះបាន​ផ្តល់​អំណាច និង​ការ​សម្រេច​ចិត្ត​យ៉ាង​ទូលំ​ទូលាយ​ដល់​រដ្ឋាភិបាល ដែល​ការណ៍​នេះ​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​សេដ្ឋកិច្ច​ជា​មូលដ្ឋាន។

អង្គការ​លីកាដូ​បាន​កត់​សម្គាល់​ទៀត​ថា​ មួយ​ឆ្នាំបន្ទាប់​ពី​អនុម័ត​ច្បាប់​នេះ ការ​ភ័យ​ខ្លាច​ពិត​ជា​កើត​មាន​ឡើង ដោយ​សារ​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋ និង​អាជ្ញាធរ​ប្រើប្រាស់​«តាម​អំពើ​ចិត្ត» ដើម្បី​គាប​សង្កត់​សកម្មភាព​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​ការពារ​សិទ្ធិ​ដីធ្លី ក៏​ដូច​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ការ​ជួបជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​ផ្សេងៗ​ទៀត។

អង្គការ​លីកាដូ​បញ្ជាក់​ថា ​អាជ្ញាធរ​អាច​ចោទ​ប្រកាន់​បុគ្គល​ដោយ​យោង​តាម​ច្បាប់​នេះ​យ៉ាង​មាន​ប្រសិទ្ធ​ភាព និង​គ្រប់​ពេល​វេលា​ ទោះ​បី​ជា​ករណី​កូវីដ១៩ ​បាន​ថយ​ចុះ​រួច​ទៅ​ហើយ។

អង្គការ​លីកាដូ​លើក​ឡើង​នៅ​ក្នុង​សេចក្តី​សង្ខេប​របស់​ខ្លួន​ថា៖ «ក្នុង​ពេល​ដ៏​ឆាប់​រហ័ស ច្បាប់​កូវីដ១៩ ជា​ញឹក​ញាប់​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ឧបករណ៍​ថ្មី​មួយ​នៅ​ក្នុង​ក្របខណ្ឌ​ច្បាប់​ជាតិ ដែល​ជា​អាវុធ​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​ការពារ​សិទ្ធិ​ដីធ្លី និង​សំឡេង​អ្នក​រិះគន់។ ការ​រំលោភ​អំណាច​ដែល​បាន​ចង​ក្រង​ជា​ឯកសារ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ការ​ធ្វើ​សេចក្តី​ព្រាង និង​ការ​អនុម័ត​ច្បាប់​ថ្មី​នៅ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដែល​មកពី​គណ​បក្ស​តែ​មួយ​ គឺ​មិន​បាន​ធានា និង​លើក​កម្ពស់​សិទ្ធិ​ប្រជាពលរដ្ឋ។ ផ្ទុយ​ទៅ​វិញ ច្បាប់​ទាំង​នោះ​នៅ​តែ​ពង្រីក​អំណាច​ និង​សិទ្ធិ​សម្រេច ដើម្បី​ទប់ទល់​នឹង​បុគ្គល​ដែល​គេ​កំណត់​ថា​ជា​អ្នក​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល និង​ដើម្បី​ពង្រឹង​បក្ស​កាន់​អំណាច​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ»។

អង្គការ​លីកាដូ​ក៏​បាន​ដក​ស្រង់​ថា ​របាយ​ការណ៍​ឆ្នាំ​ ២០២១ ​របស់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​កត់​សម្គាល់​ថា​ ប្រជាពលរដ្ឋ​យ៉ាង​តិច​ចំនួន​ ៧២៩ ​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ឬ​ឃាត់​ខ្លួន​ដោយ​សារ​ច្បាប់​កូវីដ​១៩។

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​ថ្លែង​ថា​ ទាក់​ទង​ច្បាប់​កូវីដ​១៩ នេះ សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ទាក់ទង​ការ​រឹត​ត្បិតសេរីភាព​លើ​អ្នក​សារព័ត៌មាន ​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិ​ការងារ ដោយ​ពួកគេ​ត្រូវរង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ ការ​ផាក​ពិន័យ​តាម​វិធាន​ការច្បាប់​នេះ។

លោក​យល់​ថា ​រដ្ឋាភិបាល​គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ​ដើម្បី​ឱ្យ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ​ស្រប​តាម​គោលការណ៍សិទ្ធិមនុស្ស ដោយ​កុំ​ឱ្យ​មាន​ការ​រឹត​ត្បិត​សេរីភាព​ហួស​ហេតុ និង​ត្រូវ​ចៀសវាង​ការ​ប្រើ​ប្រាស់​ស្តង់ដារ​ពីរ​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ ដូច​ជា​ករណី​ជួប​ជុំ​របស់​អាជ្ញាធរ​ជាមួយ​ប្រជា​ពលរដ្ឋ គឺ​ជួបជុំដោយ​សេរី តែ​បែរ​ជា​ការ​ជួប​ជុំ​របស់​ក្រុម​សហគមន៍ និង​អ្នកការពារ​សិទ្ធិ​មនុស្ស​ផ្សេងៗ ត្រូវ​បាន​យក​ច្បាប់​កូវីដ១៩ នេះ​មក​រឹតត្បិត។

លោក​ថ្លែង​ថា៖ ​«យើង​សំដៅ​ថា​ ការ​ធ្វើ​វិសោធនកម្ម​នេះ ​ធ្វើ​ម៉េច​ឱ្យ​ស្រប​តាម​ស្តង់ដារ​នៃ​បទដ្ឋាន​អន្តរជាតិ​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស។ ហើយ​ការ​រឹតត្បិត​ធ្វើ​ម៉េច​ក្នុង​កាលៈទេសៈ​មួយ​ដែល​សមរម្យ ហើយ​និង​ការ​រឹត​ត្បិត​ដ៏​សមរម្យ​ មិន​អាច​បិទ​លម្ហ​សេរីភាព​ទាំង​ស្រុង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ»។

ចំណែក​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ អ្នកស្រី​ អ៊ុក​ ឆាយ៉ាវី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​បាន​ប្រើប្រាស់​ច្បាប់​កូវីដ ដើម្បី​រឹតត្បិត​ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក ដែល​សមាគម​គ្រូបង្រៀន​គ្រោង​រៀប​ចំធ្វើ​នៅ​ថ្ងៃទី ៥ ខែ​តុលា ​នៅ​ទីលាន​ប្រជាធិបតេយ្យ តាម​រយៈ​ការ​កម្រិត​ចំនួន​អ្នក​ចូល​រួម។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​គ្រាន់​តែ​អំពាវនាវ​ទៅដល់​រាជរដ្ឋាភិបាល​ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ សូម​ឱ្យ​ផោ្តត​ទៅអ្វី​ដែល​ជា​គោលការណ៍ ត្រូវ​តែកុំ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ ប្រសិន​បើ​ខាង​រាជ​រដ្ឋាភិបាល អាច​ធ្វើ​ការ​ជួប​ប្រជុំ​មនុស្ស​ជា​ច្រើន​បាន គួរតែ​បើក​សិទ្ធិ​សេរី​ភាព​ដល់​អ្នក​គ្រាន់តែ​ទាមទារ​ឱ្យ​មាន​អាហារ​បី​ពេល​ហ្នឹង​ ឱ្យ​ពួក​គាត់​ធ្វើការ​ងារ​ហ្នឹង​បាន​ផង​ កុំ​ឱ្យ​ធ្វើ​បាន​តែ​បក្ស​អញ ពួក​អញ​ ក្រៅ​ពីអញ​ គ្មាន​អ្នកណា​ផ្សេង​ទៀត​នោះ»។

​បើ​តាម​អង្គការ​លីកាដូ ករណី​រឹត​ត្បិត ដូចជា​ការ​បំបិទ​សំឡេង​សហជីព​កម្មករ ក្នុង​អំឡុង​ពេល​កូដកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោយ​មាន​អ្នក​តវ៉ា​យ៉ាង​តិច ​៩ នាក់ ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំខ្លួន ពី​បទ​រារាំង​ការ​អនុវត្ត​វិធាន​ការ​មាត្រា​ ១១ នៃ​ច្បាប់​កូវីដ១៩។ ជាមួយ​គ្នា​នេះ​ អាជ្ញាធរ​ក៏បាន​ប្រើ​ប្រាស់​ច្បាប់​នេះ ក្នុង​លក្ខណៈ​រើស​អើស ដើម្បី​បំបែក​កូដកម្ម​ស្ទើរ​តែ​រាល់​ថ្ងៃ​ និង​ហាម​ឃាត់​ការ​ធ្វើ​កូដកម្ម ដោយ​រារាំង​ បង្ខំ​ឱ្យ​ឡើង​រថយន្ត​នាំ​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩ និង​ដាក់​កូដករ​រាប់​រាយ​នាក់​នៅ​មជ្ឈមណ្ឌល​ធ្វើ​ចត្តាឡីស័ក​ឱ្យ​ស្នាក់នៅទី​នោះ​ជាដើម បើ​ទោះបី​កម្មករ​ទាំង​អស់​សុទ្ធ​តែ​បាន​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​ក៏ដោយ។ នេះ​បើ​តាម​អង្គការ​លីកាដូ។

​អង្គការ​លីកាដូ​ឱ្យ​ដឹង​ទៀត​ថា ករណី​ផ្សេង​ទៀត ​ដូច​ជាប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​សំរោងត្បូង ​ជាង​ ៦០ ​នាក ​ប្រមូល​ផ្តុំ​តវ៉ា​រឿង​វិវាទ​ដីធ្លី​កាល​ពី​ខែតុលា ឆ្នាំ ​២០២១ នៅ​សង្កាត់​សំរោង​ ខណ្ឌព្រែកព្នៅ គឺ​អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​ពលរដ្ឋ​បំបែក​គ្នា ដោយ​លើក​ហេតុ​ផល​ថា​ សកម្មភាព​របស់​ពួកគេ​បំពាន​អនុក្រឹត្យ​ស្តី​ពីវិធានការ​រដ្ឋបាល។ ក្នុង​ករណីប្រមូល​ផ្តុំ​របស់​សហគមន៍​សាមគ្គី​ចេកមាស ក្នុង​ខេត្ត​ស្វាយរៀង ដើម្បី​តវ៉ា​រឿង​សំណង​ទូទាត់​មិន​សមរម្យ​ទាក់​ទង​វិវាទ​ដីធ្លី តំណាង​សហគមន៍ ២ ​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ទាមទារ​ឱ្យ​បង់​ពិន័យ​ជា​ប្រាក់ តាម​ច្បាប់​កូវីដ​១៩ ​ជាដើម កាល​ពី​ខែ​សីហា ឆ្នាំ​ ២០២១ ​ដោយ​ចោទ​ថា​ ពួកគេ​មិនបាន​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព ពេល​ប្រមូល​ផ្តុំ​តវ៉ា។

ក្រៅ​ពី​នេះ​កាល​ពីខែ​មេសា ឆ្នាំ​ ២០២០​ មន្ត្រី​នគរបាល ​មន្ត្រី​របស់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​បាន​រារាំង​ការ​ជួបជុំ​របស់​ក្រុម​យុវជន បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាជិក​សហគមន៍​ប្រមាណ ​៤០ ​នាក់ មិន​ឱ្យ​ប្រារព្ធ​ខួប​លើក​ទី​ ៨ ​នៃ​ឃាតកម្ម​លើ​សកម្មជន​បរិស្ថាន​ លោក ឈុត វុទ្ធី នៅ​ក្នុង​តំបន់​ព្រៃឡង់ និង​ការ​ហាម​ឃាត់​ការ​ជួបជុំផ្សេង​ទៀត។ នេះ​បើ​តាម​សេចក្តី​សង្ខេប​របស់​អង្គការ​លីកាដូ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​តប​ទៅ​នឹងការ​លើក​ឡើង​របស់​អង្គការ​លីកាដូ​ថា​ នេះ​គ្រាន់​តែ​ជា​ការបញ្ចេញ​មតិ ​ដែល​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ការពារ​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​នោះ​ទេ។

លោក​ប្រាប់​វីអូអេ​ថា៖​ «អាហ្នឹង​គ្រាន់​ជា​ការ​បញ្ចេញ​យោបល់​របស់​អង្គការ​មួយ​តាស ​ហើយ​អង្គ​ការ​ហ្នឹង​អត់​មាន​ទទួល​ខុស​ត្រូវ​ចំពោះ​ជីវិត​របស់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជាទទួល​ខុស​ត្រូវ​ការងារ​រដ្ឋ​ គាត់​ចង់​ និយាយ​ម៉េច និយាយ​ទៅ​អាហ្នឹង​ ជា​សិទ្ធិ​របស់​គាត់។ ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល​យល់​ឃើញ​ថា សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ប្រជាពលរដ្ឋ​ជា​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល​ក្នុង​កិច្ច​ការពារ»។

​នៅ​ក្នុង​សេចក្តី​សង្ខេប​ផ្នែក​ច្បាប់ អង្គការ​លីកាដូ​ក៏​បាន​ទទូច​ទៅ​រដ្ឋាភិបាល​ឱ្យ​ធ្វើ វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​ ដើម្បី​ធានា​ថា​ សិទ្ធិ​មនុស្សត្រូវ​បាន​គោរព និង​ការ​ពារ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​រឹតត្បិត​តិច​តួច​បំផុត៕