ក្រោយការប្រកាសសាលក្រមកាត់ទោសសកម្មជនចលនាមាតាធម្មជាតិឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី៦ ទៅ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» សមត្ថកិច្ចបានសម្រុកចាប់ខ្លួនពួកគេបញ្ជូនចូលរថយន្តទាំងបង្ខំ ដោយមិនបានប្រាប់ពីលទ្ធផលនៃសាលក្រម។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្តន្ទាទោសលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez Davidson) សហស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ចំនួន៨ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។ ចំណែកលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងប្រាំនាក់ផ្សេងទៀតដែលមិនបង្ហាញខ្លួន ត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់។ នេះបើតាមមេធាវី លោក សំ ចំរើន។
នៅមុនការប្រកាសសាលក្រម ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនបរិស្ថានប្រមាណជា៥០នាក់ ស្លៀកពាក់ស មានឆ្នួតក្បាលពណ៌ស ដៃកាន់ធូប និងផ្កាឈូក បានដង្ហែក្បួនជាពិធីបុណ្យសព ចាប់ពីរង្វង់មូលស្ពានជ្រោយចង្វារ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយមានរៀបចំកម្រងផ្កា ចាក់ភ្លេងហែសព និងមានបដា និងទង់សរសេរថា «យុត្តិធម៌ស្លាប់ហើយ»។
លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា អះអាងថា ពួកគេដឹងខ្លួនមុនជាស្រេចថានឹងត្រូវចាប់បញ្ជូនចូលពន្ធនាគារម្តងទៀត។
លោក លី ចាន់ដារ៉ាវុត ប្រាប់ VOA ពេលកំពុងដើរហែក្បួនសពយុត្តិធម៌ថា៖ «វាមិនមែនជារឿងធម្មតាទេ ដែលគេកាត់ទោសសកម្មជនបរិស្ថានដែលមានអាយុមិនដល់៣០ឆ្នាំផង ហើយដាក់ទោសពីបទរួមគំនិតក្បត់បញ្ជូនទៅពន្ធនាគារ ហ្នឹងវាបញ្ជាក់ថាសង្គមយើងវាធ្លាក់ដល់ចំណុចមួយដែលយុត្តិធម៌ សខ្មៅលែងអាចបែងចែកបាន។ ហើយមួយទៀតវាបញ្ជាក់ថា អ្នកកាន់អំណាចហាក់បីដូចជាភ័យខ្លាចនឹងអ្វីដែលខ្លួនឯងកំពុងធ្វើ ទើបព្យាយាមបំបិទសំឡេងសកម្មជនបរិស្ថានដើម្បីកុំឱ្យពួកគាត់និយាយការពិត និយាយអំពីបទឧក្រិដ្ឋ និងអំពើពុករលួយក្នុងវិស័យបរិស្ថាននេះ»។
កញ្ញា ភួន កែវរស្មី ប្រកាសនៅមុនការចាប់ខ្លួនថា ក្រុមយុវជនចលនាមាតាធម្មជាតិ នឹងមិនសុំទោសជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពឡើយ។
កញ្ញានិយាយថា៖ «ខ្ញុំបញ្ជាក់ជំហរនៅថ្ងៃនេះ ទោះបីខ្ញុំជាប់គុក ៥ឆ្នាំ ៦ឆ្នាំ ១០ឆ្នាំ ក៏ខ្ញុំមិនលើកដៃសុំទោសចំពោះរឿងដែលខ្ញុំមិនធ្វើខុស ហើយខ្ញុំក៏មិនចុះចាញ់មនុស្សអាក្រក់ដែលចង់គាបសង្កត់យើងដែរ។ អ៊ីចឹងពួកយើងនឹងគ្មានថ្ងៃសុំទោស ដោះដូរសេរីភាពដែលយើងមានស្រាប់ជាប់ហ្នឹងខ្លួនទេ»។
ខណៈកំពុងរងចាំការប្រកាសសាលក្រមជាមួយអ្នកគាំទ្រដែលជាយុវជនបរិស្ថាន និងសកម្មជនដីធ្លីក្បែរតុលាការ ក្រុមសមត្ថកិច្ចរាប់សិបនាក់ដែលបានពង្រាយនៅទីតាំងនោះ បានចូលក្រៀកក លោក ថុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុត ហើយសមត្ថកិច្ចខ្លះបានចាប់ក្រៀកស្មាកញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា បញ្ជូនចូលរថយន្តដាច់ដោយឡែកពីគ្នា ដោយមិនបានប្រាប់អំពីលទ្ធផលនៃការប្រកាសសាលក្រមណាមួយឡើយ។
ក្រុមគ្រួសារ យុវជនបរិស្ថាន និងសកម្មជនដីធ្លីដែលគាំទ្រពួកគេ បានស្រែកយំនឹងការចាប់ខ្លួនក្រុមសកម្មជនទាំងនោះចូលរថយន្តដឹកយកទៅពន្ធនាគារ។
អ្នកស្រី គង់ ម៉ានិត ដែលត្រូវជាម្ដាយរបស់កញ្ញា ភួន កែវរស្មី រៀបរាប់ទាំងមានទឹកភ្នែកហូរថា អ្នកស្រីឈឺចាប់ និងអាណិតកូនខ្លាំង នៅពេលឃើញក្រុមអាជ្ញាធរចាប់ខ្លួនកូនអ្នកស្រីទាំងកម្រោលបែបនេះ។
អ្នកស្រីបានថ្លែងថា៖ «វាសាហាវណាស់អូន វាសាហាវហួសពីការគិត ខ្ញុំមិនដែលឃើញទេ ទើបតែលើកទីមួយ ខ្ញុំមិនដែលជួបទេ ឃើញគេកន្ទ្រាក់ដៃកូន ឆក់កូនទៅវ៉ឹបៗៗ»។
ចំណែកអ្នកស្រី ប៉ាត់ រស្មី ដែលត្រូវជាភរិយារបស់លោក ថុន រដ្ឋា ប្រាប់វីអូអេដែរថា ការសម្រេចរបស់តុលាការជារឿងអយុត្តិធម៌។
អ្នកស្រីថ្លែងថា៖ «តុលាការគួរតែលាលែងពីតំណែងហើយទៅការពារធនធានធម្មជាតិដូចពួកគាត់ទៅ។ តើយល់អារម្មណ៍មួយហ្នឹងអត់? ហើយចេះតែចោទគេថាគេក្បត់ជាតិ ថាគេប្រមាថព្រះមហាក្សត្រ ហើយខ្លួនឯងធ្វើតុលាការមានបានកូនរៀនសុទ្ធតែសាលាល្បីៗ មានលុយឱ្យកូនរៀន ដេកសុទ្ធតែម៉ាស៊ីនត្រជាក់ ហើយមកកាត់ក្ដីដោយអយុត្តិធម៌បែបនេះ តើសមជាតុលាការ ឬអត់?»។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនឆ្លើយសំណួរដែលសួរថា តើការចាប់ខ្លួនសកម្មជនទាំងនោះទាំងកម្រោល ជានីតិវិធីរបស់តុលាការ ឬយ៉ាងណានោះទេ ដោយលោកគ្រាន់តែប្រាប់ថា៖ «ចៅក្រមក្រុមប្រឹក្សាជំនុំជម្រះបានពិនិត្យអង្គហេតុអង្គច្បាប់ និងភស្តុតាងនាៗ និងស្ដាប់ចម្លើយពេលសវនាការកន្លងមក ក៏បានសម្រេចផ្ដន្ទាទោសពួកគាត់ ហើយនិងបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន។ អ៊ីចឹងសមត្ថកិច្ចគេធ្វើតាមដីកាបង្គាប់ឱ្យចាប់ខ្លួន»។
ក្រោយការកាត់ទោស និងចាប់ខ្លួនក្រុមយុវជនចលនាមាតាធម្មជាតិទាំងនោះ ក្រុមអង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty Internnational) ជាដើម បានរិះគន់ថាជាការសម្រេចដែលមានភាពអយុត្តិធម៌ និងជាការគំរាមកំហែងដល់សកម្មជនផ្សេងទៀត។
លោក យី សុខសាន្ត មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកលើកឡើងនៅខាងក្រៅតុលាការថា ការកាត់ទោស និងចាប់ខ្លួនសកម្មជនទាំងនេះ បង្ហាញពីរូបភាពអយុត្តិធម៌ខ្លាំង និងបានគំរាមកំហែងដល់សកម្មជនដទៃទៀតឱ្យខ្លាចលែងហ៊ានការពារធនធានធម្មជាតិ។
លោកថ្លែងថា៖ «យើងគួរតែពិចារណាទៅបើសិនជាការដែលក្មេងៗធ្វើការងារការពារបរិស្ថាន គាត់ធ្វើដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋយើង ដើម្បីប្រទេសជាតិយើង យើងគួរណាស់តែលើកទឹកចិត្តឱ្យពួកគាត់វិញ។ ដូចប្រទេសផ្សេងៗដែលគេមិនមែនជាជាតិសាសន៍យើងផង គេឱ្យពានរង្វាន់ដល់ក្មេងៗហ្នឹងបាន»។
សកម្មជនចលនាមាតាធម្មជាតិបានទទួលពានរង្វាន់អន្តរជាតិចំនួនពីរ គឺពីអង្គការ Front Line Defenders និងពានរង្វាន់ Right Livelihood ពីប្រទេសស៊ុយអែត ចំពោះការហ៊ានប្រថុយគ្រោះថ្នាក់ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។
លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានចោទប្រកាន់ពីបទ «ប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» ដែលប្រព្រឹត្តក្នុងប្រទេសកម្ពុជាអំឡុងឆ្នាំ២០១២ ដល់ឆ្នាំ២០២១។
ចំណែកសកម្មជនចំនួន៧ នាក់ផ្សេងទៀត រួមមានលោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា និងលោក ពក ខឿយ រងការចោទប្រកាន់ពីបទ«រួមគំនិតក្បត់»ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ភស្តុតាងដាក់បន្ទុកលើពួកគេដែលត្រូវបានលើកឡើងក្នុងសវនាការនាពេលកន្លងមក គឺឃ្លីបវីដេអូដែលជាការសន្ទនាគ្នារវាងសកម្មជនចលនាមាតាធម្មជាតិ ជាមួយលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន តាមប្រព័ន្ធវីដេអូខល Zoom អំឡុងឆ្នាំ២០២១ ការផ្តល់បទសម្ភាសន៍របស់លោក អាឡិចហ្សង់ដ្រូ ជាមួយសារព័ត៌មានអាស៊ីសេរី និងសារព័ត៌មាន ឌឹខេមបូឌាដេលី និងការទទួលបានលុយ ឬប្រាក់ខែក្នុងការធ្វើសកម្មភាពជាដើម។
សកម្មជនចលនាមាតាធម្មជាតិទាំងនោះបានច្រានចោលការចោទប្រកាន់ទាំងនោះ ហើយថា សកម្មភាពរបស់ពួកគេគឺដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិតែប៉ុណ្ណោះ។
កាលពីឆ្នាំ២០២០ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា បានជាប់ពន្ធនាគារជាង១ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។ តុលាការបានបន្ថែមបទចោទ «រួមគំនិតក្បត់» ពេលពួកគេកំពុងស្ថិតក្នុងពន្ធនាគារ។
ចំណែកកញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារអស់រយៈពេល៥ខែពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។ តុលាការបានដោះលែងពួកគេឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែវិច្ឆិកា ឆ្នាំ២០២១៕