អាជ្ញាធរ​ស្នើ​ឲ្យ​ខ្មែរ​ឥស្លាម​៧៨​គ្រួសារ​​ចេញ​ពី​ច្រាំង​ទន្លេ​ក្រោយ​សណ្ឋាគារ​​រេស៊ីដង់​សុខា​ភ្នំពេញ

ទិដ្ឋភាព​សំណង់​រោងជនជាតិ​ខ្មែរ​ឥស្លាម​ដែល​ត្រូវ​បាន​រើ​បន្ទាប់ពី​រដ្ឋបាល​ខណ្ឌជ្រោយចង្វារ​តម្រូវ​ឲ្យ​ពួកគេ​រុះ​រើសំណង់​រោង​របស់​ខ្លួននៅ​លើ​ច្រាំង​ទន្លេ​សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។(ទុំ ម្លិះ/​VOA)​

រដ្ឋបាល​ខណ្ឌ​ជ្រោយ​ចង្វារ​ កាលពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​តម្រូវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឥស្លាម​ជាង​៧០​គ្រួសារ​ដែល​កំពុង​រស់​នៅ​លើ​ដី​ច្រាំង​ទន្លេ​ទន្លេ​ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ រុះ​រើ​សំណង់​របស់​ខ្លួន​ចេញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍។​

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​បញ្ជាក់​ថា​ សំណង់​រោង​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​បាន​ធ្វើ​ឲ្យ​បាត់​បង់​សណ្តាប់​ធ្នាប់​សាធារណៈ​ ​ខណៈ​ដែល​កម្ពុជា​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ ឬ Asia-Europe Meeting (ASEM)​ ដែល​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ពី​បណ្តា​ប្រទេស​ធំៗ​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ នៅ​ឆ្នាំ​២០២០។​

លោក​ឃ្លាំង ហួត​ អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​តាម​ទូរស័ព្ទ​ថា​ ​ការ​តម្រូវ​ឲ្យ​រើ​នេះ​គឺ​ដោយ​សារ​សណ្តាប់​ធ្នាប់។​

លោក​បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖ «បាទ​ ដោយ​សារ​តែ​យើងចេះ​តែឲ្យ​គាត់​មក​នៅ​ហ្នឹង​ គាត់​ចេះ​តែ​មក​តាំង​ទី​លំនៅ​កាន់​តែ​ច្រើន​ទៅៗ ​បាន​ទៅ​ជា​បញ្ហា​ត្រូវ​ឲ្យ​ចេញ»។​

លោក​មិន​បាន​បកស្រាយ​បន្ថែម​ថា​ តើ​ប្រជាជន​ខ្មែរ​ឥស្លាម​ទាំង​នោះ​នឹង​មាន​ទីតាំង​សម​ស្រប​នៅ​ទីណា​នោះ​ទេ។​

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ ​ប្រជាជន​ដែល​រស់​នៅ​តាម​ដង​ទន្លេ​ទាំង​នោះ​មិន​បដិសេធ​ក្នុង​ការ​ចាក​ចេញ​នោះ​ទេ ​តែ​ប្រជាជន​ទាំង​នោះ​ស្នើ​ថា​ ​រដ្ឋាភិបាល​គួរ​ផ្តល់​ពេល​វេលា​ឲ្យ​ពួកគេ​ច្រើន​ជាង​នេះ​ ដើម្បី​រើ​ចេញ​និង​ជួយ​រក​កន្លែង​ផ្សេង​ទៀត​ដែល​ពួកគេ​អាច​ទិញ​ ឬ​ជួល​នៅ​បាន។​

លោក អ៊ី យូ អ្នកតំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​ អង្គុយ​ជាមួយ​ភរិយា​នៅខាងមុខ​ផ្ទះ​របស់អ្នកទាំងពីរ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ទុំ ម្លិះ/​VOA)

ទូក​អ្នកនេសាទ​ចត​នៅ​មាត់​ច្រាំងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ ​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ទុំ ម្លិះ/​VOA)

លោក​អ៊ី យូ ​អ្នក​នេសាទ​វ័យ​៦០​ឆ្នាំ ​និង​ជា​អ្នក​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​នៅ​ភូមិ១​ សង្កាត់​ជ្រោយ​ចង្វារ ​ខណ្ឌ​ជ្រោយ​ចង្វារ ​បាន​ប្រាប់​វីអូអេ​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ទីនោះ​មាន៧៨​គ្រួសារ ​មក​សាង​សង់​សំណង់​រោង​តូចៗ​ នៅ​លើ​ដី​តាម​ច្រាំង​ទន្លេ ​ខាង​ក្រោយ​សណ្ឋាគារ​រេស៊ីដង់​សុខា​ភ្នំពេញ ​ជា​យូរ​ឆ្នាំ​មក​ហើយ។ ​លោក​សង្ឃឹម​ថា​ អាជ្ញាធរ​នឹង​ទុក​ពេល​បន្ថែម​ពីរ​ខែ​ដើម្បី​ឲ្យ​ពួកគេ​ស្វែង​រក​ទីតាំង​ថ្មី​ ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត។​

លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា៖​ «អត់ដឹង​ថា​ ​ត្រូវ​ទៅ​ណា​ទេ​ឥឡូវ!​ ម្នាក់ៗ​យំ​ក៏​អត់​ចេញ ​ស្រែក​ក៏​អត់​ចេញ​ដែរ​អត់​ដឹង​ធ្វើ​ម៉េច​ទេ។​ អា​ហ្នឹង​គោល​ការណ៍​របស់​ខាង​ថ្នាក់​លើ»។​

ប៉ុន្តែ​លោក​សង្ឃឹម​ថា​ ​រដ្ឋាភិបាល​នឹង​ជួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ទាំង​៧៨​គ្រួសារ​ ដែល​នៅ​លើ​ច្រាំង​ទន្លេ​សង្កាត់​ជ្រោយ​ចង្វារ​ទទួល​បាន​ទីតាំង​សមស្រប។​

លោក​សុស ស្តាហ្វា ​អ្នក​រត់​កងបី​ជនជាតិ​ខ្មែរ​ឥស្លាម​អាយុ​៣១​ឆ្នាំ​ម្នាក់​ កំពុង​រុះ​រើ​រោង​របស់​ខ្លួនជាមួយប្រពន្ធ​ នៅ​ច្រាំង​ទន្លេ​ កាល​ពី​ថ្ងៃ​សុក្រ​ទី​២៩​ ខែវិច្ឆិកា ​សប្តាហ៍​មុន។​

លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ លោក​មិន​បដិសេធ​ក្នុង​ការ​ចាក​ចេញ​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​ រយៈពេល​ដែល​អាជ្ញាធរ​ទុក​ឲ្យ​ពួក​គាត់​រុះ​រើ​និង​ផ្លាស់ទី​លំនៅ​ គឺ​ខ្លី​ពេក។​

«ខ្ញុំ​អត់​ដឹង​ថា​ ម៉េច​ដែរ ​មាន​តែរើ រើ​ហើយ​ឥវ៉ាន់​ខ្ញុំ​ដាក់​លើ​ទូក​ម៉ែ​ក្មេក​ខ្ញុំ​ទៅ​ ហើយ​យប់​ឡើង​ដេក​លើ​កង់បី​ខ្លះ​ទៅ ​ព្រោះ​អី​ឥវ៉ាន់​វា​ច្រើន​ណាស់»។​

VOA ​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យសាលា​រាជធានី​ភ្នំពេញ​គឺ​លោក​ម៉េត មាសភក្តី​បាន​ទេ ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។​

ទោះ​យ៉ាង​ណា​ ​អ្នក​ធ្វើការ​ខាង​សិទ្ធិ​មនុស្ស​និយាយ​ថា​ រដ្ឋាភិបាលគួរ​ដោះ​ស្រាយ​និង​រក​ទីលំនៅ​ថ្មី​សម្រាប់​គ្រួសារ​ទាំង​នេះ​ ដោយ​សារ​នៅ​ពេល​ដំបូង​ឡើយ​ គ្រួសារ​ទាំង​នេះ​អាច​រស់​នៅ​ទីនោះ​បាន​ដោយ​សារ​តែ​មិន​មាន​ការ​ហាម​ឃាត់ពី​អាជ្ញាធរ។​

លោក​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​លើក​ឡើង​ថា៖​

«ខ្ញុំ​មិន​ហ៊ាន​ថា​ ម៉េច​ទេ​ ព្រោះ​អា​ហ្នឹង​ ​បើ​យើង​និយាយ​ថា​ គាត់​ខុស​ទាំង​ស្រុង​ក៏​មិន​ត្រូវ ​ព្រោះ​អាជ្ញាធរអ្នក​ឲ្យ​គាត់​សង់​មក​ណា៎។​ អា​ហ្នឹង​វា​មួយ​ដែរ​ រឿង​អ៊ីចឹង​ណា៎»។​

លោក​សឹង សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc) ប្រាប់​វីអូអេ​ថា​ រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​ផ្តល់​កម្មសិទ្ធិ​ដី​ស្រប​ច្បាប់​ដល់​ប្រជាជន​ខ្មែរ​ឥស្លាម​ផង​ដែរ។​

«មុន​នឹង​ធ្វើការ​បណ្តេញ​ ឬ​ក៏​ធ្វើ​ឲ្យ​គាត់​ចាក​ចេញ​ពី​ទីលំនៅ​គាត់​ហ្នឹង​គួរ​តែ​មាន​ការ​គិតគូរ​នូវ​គោល​នយោបាយ​ដែរ​ ព្រោះ​យើង​ឃើញ​នៅ​ពេលថ្មី​ ពលរដ្ឋ​របស់​ជនជាតិ​វៀតណាម​គឺ​នៅ​ខេត្ត​កំពង់ឆ្នាំង ​ឃើញ​ថា​ អាជ្ញាធរ​របស់​រដ្ឋាភិបាល​ គាត់​បាន​ដោះ​ដូរ​ឲ្យ​មក​នៅ​លើ​គោក​ មាន​ដី​៤០​ហិកតា​ជាដើមអ៊ីចឹង​ណា៎»។​

កាលពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ ​អភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​លក់​និង​ជួល​ដីតម្លៃ​ថោក​ចំនួន​៤០​ហិកតា​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ ខ្មែរ​ឥស្លាម​និង​ជន​អន្តោប្រវេសន៍​វៀតណាម​ជាង​៤​ពាន់​គ្រួសារ​ដែល​កំពុង​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​តាម​ដង​ទន្លេសាប ​មក​រស់នៅ​លើ​គោក​វិញ៕