កំណត់និពន្ធ៖ លោក Marc Baudinet អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា«Cambodia in the 21st Century» ឬ«កម្ពុជាក្នុងសតវត្សទី២១» ទើបបានបញ្ចប់ការសរសេរនិងបោះពុម្ពផ្សាយសៀវភៅនេះក្នុងពេលថ្មីៗនេះ។ លោក គី ម៉េងលី អ្នកយកព័ត៌មាននៃVOA បានសម្ភាសអ្នកនិពន្ធរូបនេះពីរាជធានីភ្នំពេញ អំពីខ្លឹមសារសំខាន់ៗក្នុងសៀវភៅរបស់លោកក៏ដូចជាទិន្នន័យអង្កេតលើការវិវត្ត១០ឆ្នាំចុងក្រោយក្នុងប្រទេសកម្ពុជា៖
Your browser doesn’t support HTML5
VOA៖ ជម្រាបសួរលោក Marc Baudinet។ ជាដំបូង អរគុណលោកដែលបានចំណាយពេល មកធ្វើបទសម្ភាសន៍នៅវិទ្យុសំឡេងសហរដ្ឋអាមេរិកផ្នែកភាសាខ្មែរ។ តើខ្ញុំអាចដឹងបានទេក្នុងសរសេរសៀវភៅ តើលោកត្រូវការពេលប៉ុន្មានដែរ? ហើយវាត្រូវការពេលប៉ុន្មានដែរសម្រាប់លោកក្នុងការសង្កេតមើលសង្គមកម្ពុជា ដើម្បីសរសេរសៀវភៅនេះ?
Marc Baudinet៖ បាទ! ខ្ញុំសូមអរគុណចំពោះការអញ្ជើញរបស់ VOA។ ខ្ញុំធ្វើដំណើរពីទ្វីបអឺរ៉ុបមកដល់កម្ពុជាដំបូង ក្នុងឆ្នាំ២០១០។ នាពេលនោះ អ្វីៗគ្រប់យ៉ាងមានលក្ខណៈខុសប្លែក នឹង អស្ចារ្យមែនទែនបើប្រៀបធៀបទៅនឹងកន្លែងដទៃៗទៀតដែលខ្ញុំធ្លាប់រស់នៅ។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមនាពេលបានឃើញភាពខុសប្លែកនេះ ហើយពេលនោះផងដែរ គ្រានោះខ្ញុំពុំសូវយល់ពីរបៀបដែលមនុស្សនៅទីនេះប្រាស្រ័យទាក់ទង និងរស់នៅជាមួយគ្នាទេ។ ដូច្នេះហើយខ្ញុំចង់ដឹងបន្ថែមពីសង្គមនេះ ហើយខ្ញុំក៏ចាប់ផ្ដើមដើរសួរនឹងសម្ភាសបណ្ដាជននៅទីនេះដោយមិនផ្លូវការនោះទេ។
ខ្ញុំតែងតែសួរពួកគេថា ហេតុអ្វីបានមានរឿងបែបនេះ និងបែបនោះ។ ហើយក្រោយមកទៀតពេល៣ឆ្នាំកន្លងទៅ ខ្ញុំគិតថា ខ្ញុំអាចសរសេរអ្វីមួយ ទាក់ទងទៅនឹងរបៀបនឹងដំណើរផ្លាស់ប្ដូរដ៏លឿនរហ័សរបស់សង្គមកម្ពុជា។ ខ្ញុំគិតថា មានវាគួរឱ្យចាប់អារម្មណ៍ណាស់ ក្នុងការសរសេរនឹងធ្វើការសង្កេតដំណើរវិវត្តន៍ក្នុងសង្គមកម្ពុជា។ តាមរយៈនេះហើយដែលខ្ញុំផ្ដួចផ្ដើមគំនិតសរសេរសៀវភៅនេះ។
VOA៖ ទាក់ទងទៅនឹងសៀវភៅលោកផ្ទាល់ ហេតុអ្វីបានជាលោកដាក់ឈ្មោះ “Cambodia in the 21st Century" ដូច្នេះ? តើលោកអាចប្រាប់ត្រួសៗបានទេថាសៀវភៅរបស់លោកនិយាយពីអ្វី?
Marc Baudinet៖ សៀវភៅរបស់ខ្ញុំគឺមានន័យត្រង់ៗដូចចំណងជើងតែម្តង «Cambodia in the 21st Century» (កម្ពុជាក្នុងសតវត្សទី២១)។ ខ្ញុំគិតថា សៀវភៅនេះអាចចាត់ទុកបានថាជាផ្ទាំងទស្សនីយភាពមួយដែលឆ្លុះបញ្ចាំងពីសង្គមកម្ពុជា។ គោលគំនិតសំខាន់នៃសៀវភៅនេះ គឺចង់ល្បងមើលថា មានអ្វីដែលកំពុងកើតមានឡើងក្នុងសង្គមនេះ ហើយសង្គមនេះបានវិវត្តនូវផ្នែកអ្វីខ្លះពីបុរាណសម័យ មកកាន់យុគសម័យទំនើបនេះ។ ក្នុងការណ៍នេះ ខ្ញុំអង្កេតឃើញថា ការអប់រំរបស់ប្រជាជនមានភាពប្រសើរឡើង ពលរដ្ឋកាន់តែច្រើនឡើងបានទទួលការអប់រំ មនុស្សចាប់ផ្ដើមមានលទ្ធភាពទិញរថយន្ត ទូរស័ព្ទទំនើបៗ ហើយប្រជាជនកម្ពុជាចាប់ផ្ដើមប្រកបអាជីពការងារផ្សេងៗ ដែលពុំធ្លាប់មាននៅទីនេះទេនាកាលពីមុន។
មានរឿងច្រើនណាស់ដែលកើតឡើងក្នុងសង្គមមួយនេះ ហើយនេះហើយជាចំណុចសំខាន់របស់សៀវភៅនេះក្នុងការកត់ត្រា។ តាមរយៈសៀវភៅនេះផងដែរ ខ្ញុំក៏បានអង្កេតមើលផងដែរ ពីការណ៍ដែលទំនើបកម្មទាំងនេះ ជះឥទ្ធិពលទៅលើទំនៀមទម្លាប់ពីបុរាណ និងប្រពៃណីនៃសង្គមនេះ ហើយអ្វី ដែលជាលទ្ធផលនិងផលវិបាកទៅលើការធ្វើអន្តរកម្មរបស់ប្រជាជនកម្ពុជា។ កត្តាទាំងនេះបណ្ដាលឱ្យខ្ញុំជាប់ចិត្តជាប់ថ្លើមយ៉ាងខ្លាំង ហើយអាចនិយាយបានថាជាដំណើរដើមចមដំបូងដែលនាំឱ្យតាក់តែងសៀវភៅនេះឡើង។
VOA៖ ក្នុងសៀវភៅលោក លោកមានសុទិដ្ឋិនិយមតិចតួចទៅលើរដ្ឋាភិបាលកម្ពុជា ជាពិសេសទៅលើតួនាទី និងសមត្ថភាពពួកគេក្នុងការពង្រឹង នឹងលើកតម្កើងនីតិរដ្ឋ។ ហេតុអ្វីបានជាលោកមានការសន្និដ្ឋាន និងការសង្កេតមើលដូច្នេះ?
Marc Baudinet៖ ខ្ញុំចាប់ផ្ដើមសរសេរសៀវភៅនេះដំបូងកាលពីឆ្នាំ២០១៦។ ពេលនោះបណ្ដាជនគ្រប់គ្នាផ្ដោតនិយាយអំពីការបោះឆ្នោតដែលនឹងចូលមកដល់ខាងមុខ រួមមានការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ហើយខ្ញុំគិតថា មានមនុស្សច្រើនគួរសមដែលសម្ដែងនូវគំនិតសុទិដ្ឋិនិយមរបស់ពួកគេ ដោយគិតថាអ្វីៗអាចនឹងមានការផ្លាស់ប្ដូរ ហើយរំពេចនោះស្រាប់តែមានភាពចលាចល។ អ្វីៗគ្រប់យ៉ាងបានដើរទៅរកផ្លូវបញ្ច្រាសពីនោះទៅវិញ កាលពីខែវិច្ឆិកាឆ្នាំ២០១៧ ដែលបណ្ដាលឱ្យខ្ញុំត្រូវត្រឡប់មកសរសេរផ្នែកជាច្រើននៃសៀវភៅខ្ញុំឡើងវិញ។
នីតិរដ្ឋពិតជាសំខាន់ណាស់ចំពោះសង្គមមួយដែលជោគជ័យ។ បើអ្នកលើកយកករណីប្រទេសសិង្ហបុរីមកធ្វើជាឧទាហរណ៍ អ្នកនឹងឃើញថាស្ថានភាពនីតិរដ្ឋនៅសិង្ហបុរីពិតជារឹងមាំខ្លាំងណាស់ ចរិតអភិបាលកិច្ចតាមបែបគុណូបធិបតេយ្យក៏រឹងមាំខ្លាំង ហើយការអនុវត្តគោលការណ៍អភិបាលកិច្ចល្អនៅទីនោះក៏មានសភាពរឹងមាំខ្លាំង ដែលនាំឱ្យសង្គមដ៏តូចមួយនេះទទួលបានជោគជ័យដ៏ចម្រើន។
នៅទីនេះ ប្រទេសកម្ពុជា ការអនុវត្តនីតិរដ្ឋមានសភាពរង្គោះរង្គើ ដែលគេច្រើនផ្ដោតសំខាន់ថាតើយើងមានប្រាក់ច្រើនជាងគូភាគីយើងដែរឬទេ ហើយថាតើយើងអាចទុកចិត្តតុលាការដែរឬទេ បើអ្នកជាជនក្រខ្សត់។ ដូច្នេះហើយប្រជាជននៅមានបញ្ហានៃកង្វះទំនុកចិត្តទៅលើសង្គមរបស់ពួកគេ ហើយពួកគេក៏ពុំមានភាពក្លៀវក្លានោះដែរ ក្នុងការវិនិយោគលើអ្វីមួយ ខណៈពួកគេទំនងជានឹងដឹងថា ច្បាប់មុខជាពុំស្ថិតនៅខាងពួកគេឡើយដោយសារពួកគេពុំមែនជាអ្នកមាន។
អភិបាលកិច្ចតាមបែបគុណូបធិបតេយ្យក៏ជាកត្តាមួយដែលសំខាន់ខ្លាំងនោះដែរ។ សម្រាប់សង្គមកម្ពុជា ខ្ញុំគិតថា អភិបាលកិច្ចតាមបែបគុណូបធិបតេយ្យ កំពុងតែស្គាល់ភាពប្រសើរឡើងហើយ។ ខ្ញុំក៏គិតដែរថានៅមានបញ្ហាជាច្រើនទៀត។ នៅពេលការអប់រំកំពុងមានភាពប្រសើរឡើង ខ្ញុំគិតថា អភិបាលកិច្ចតាមបែបគុណូបធិបតេយ្យក៏មានភាពប្រសើរឡើងដែរ។ ហើយកត្តានេះពិតជាល្អណាស់សម្រាប់អនាគតកម្ពុជា។ ប៉ុន្តែ ផ្លូវដើរទៅមុខនៅមានចម្ងាយវែងឆ្ងាយទៀត។ ម្ល៉ោះហើយ ពេលខ្លះខ្ញុំមានសុទិដ្ឋិនិយម ហើយពេលខ្លះក៏មានទុទិដ្ឋិនិយមបន្តិចបន្តួចផងដែរចំពោះសង្គមនេះ។
VOA៖ បើនិយាយអំពីនីតិរដ្ឋ លោកក៏បានលើកឡើងផងដែរក្នុងសៀវភៅលោកពីលំដាប់នៃការរៀបចំសង្គមទៅតាមបែបផែនធម្មជាតិ។ លោកបានលើកឡើងពីទស្សនៈវិស័យសង្គមនយោបាយរបស់សង្គមកម្ពុជា ហើយលោកបាននិយាយថាលំដាប់នៃ ការរៀបចំសង្គមនេះពុំដើរស្របគ្នាទៅនឹងគំនិតគោលការណ៍ប្រជាធិបតេយ្យនោះទេ។ តាមរយៈនេះ តើលោកចង់មានន័យយ៉ាងដូចម្ដេច?
Marc Baudinet៖ គោលគំនិតប្រជាធិបតេយ្យនោះគឺថា ជាមូលដ្ឋាន បុគ្គលមួយរូបៗ ឬមនុស្សម្នាក់ៗមានសិទ្ធិដូចគ្នា និងមានតម្លៃស្មើគ្នា។ មិនថាអ្នកឯងជាអ្នកអនាម័យ ឬក៏ជាកសិករក្រីក្រនោះទេ អ្នកមានមានសារៈសំខាន់ស្មើនឹងក្រុមម្ចាស់ដីស្ដុកស្ដម្ភដទៃទៀត។ ពេលដែលពលរដ្ឋគ្រប់រូបចេញបោះឆ្នោត សន្លឹកឆ្នោតរបស់ពួកគេមានតម្លៃស្មើៗគ្នា។
សមភាពគឺជាមូលដ្ឋានដែលលទ្ធិប្រជាធិបតេយ្យអាចរីកលូតលាស់ទៅបាន។ ចំណែកឯនៅទីនេះវិញ និយាយរួមគឺបរិបទសង្គមអាស៊ីទាំងមូល មិនថាតែនៅកម្ពុជានោះទេ គំនិតដែលថាបុគ្គលគ្រប់រូបមានភាពស្មើគ្នានោះ ពុំមែនអ្វីដែលមានក្នុងសង្គមទាំងនេះទេតាំងតែពីដើមរៀងមក ហើយយើងក៏ពុំអាចយកគំនិតនេះមកស្វែងយល់ពីមុខងារសង្គមទាំងនេះដែរ។
បណ្ដាជននានាទទួលយល់ព្រមថាក្នុងសង្គមនីមួយៗមានក្រុមអភិជន និងមានជនសាមញ្ញភាគច្រើនផ្សេងទៀត ហើយជនសាមញ្ញទាំងនោះ បើធ្វើអ្វីគួរតែធ្វើការងារនោះ ហើយមិនគួរជំទាស់នឹងសិទ្ធិអាជ្ញាឡើយ។ ពួកគេគួរគប្បីកុំសួរថា ហេតុអ្វីបានជាអ្នកឯងចូលចិត្តធ្វើបែបនេះ ឬបែបនោះ ឬហេតុអ្វីបានជាអ្នកឯងមានខ្លាំង ហើយហេតុអ្វីបានជាខ្ញុំក្រម្ល៉េះ។ ហើយច្បាស់ណាស់ នៅពេលដែលសង្គមទទួលយកគំនិតថាគ្រប់គ្នាសុទ្ធតែមានសិទ្ធិស្មើគ្នានោះ គ្រប់គ្នាអាចប្រឈមមុខដាក់គ្នាហើយជជែកវែកញែកពីឫសគល់នៃភាពមិនស្មើគ្នានេះ។ ពួកគេអាចដេញដោលសួរថា ហេតុអ្វីបានជាអ្នកនិយាយដូច្នេះ ហើយចុះបើអ្នកគិតបែបនេះវិញ ហេតុអ្វីបានជាអ្នកមានរថយន្តរហូតដល់ប្រាំគ្រឿង ឯខ្ញុំរកតែមួយគ្រឿងជិះគ្មាន។ ដូច្នេះហើយ ខ្ញុំគិតថាគំនិតដែលមនុស្សគ្រប់រូបសុទ្ធតែមានភាពស្មើគ្នានេះ នៅពុំទាន់អាចទទួលយកបាននៅឡើយទេនៅទីនេះ ជាពិសេសច្បាស់ណាស់ពីសំណាក់ពួកអភិជនដែលមិនចង់ឲ្យមនុស្សដែលមានជីវភាពក្រីក្រមានសិទ្ធិស្មើនឹងខ្លួនឡើយ។
ប៉ុន្តែផ្នត់គំនិតបែបនេះមានលក្ខណៈខ្លាំងក្លានៅទីនេះ ដោយសារតែគំនិតប្រជាធិបតេយ្យ ទើបតែមកដល់សង្គមកម្ពុជាកាលពីពេលថ្មីៗនេះដែរ អំឡុងមុនពេលឆ្នាំ១៩៩៣។ ដើមឡើយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស បានសរសេរពីគោលការណ៍ប្រជាធិបតេយ្យនេះក្នុងរដ្ឋធម្មនុញ្ញដំបូងគេរបស់កម្ពុជាក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៤០។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ជាមនុស្សដំបូងដែលបានសរសេរពីគោលការណ៍ប្រជាធិបតេយ្យ មុនពេលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង។ ព្រះអង្គគឺជាមនុស្សដំបូងដែលបានណែនាំគំនិតទាំងនេះមកអនុវត្តនៅកម្ពុជា ប៉ុន្តែគេត្រូវចាំដល់ឆ្នាំ១៩៩៣ ទម្រាំមានអ្វីមួយដែលជាក់លាក់កើតឡើង។ ម្ល៉ោះហើយនេះគឺនៅថ្មីថ្មោងណាស់ ហើយសង្គមកម្ពុជានៅពុំទាន់ស្រូបយក និងយល់ជាក់លាក់ពីគំនិតទាំងអស់នេះនៅឡើយទេ។ គំនិតប្រជាធិបតេយ្យនេះក៏ត្រូវបានគំរាមកំហែងដោយ អភិជន ឬអ្នកដែលមានអំណាចនៅបណ្ដាប្រទេសលោកខាងលិចផងដែរ។ អ៊ីចឹងសម្រាប់កម្ពុជា ខ្ញុំគិតថានៅត្រូវការពេលបន្ថែមទៀត។
VOA៖ ខ្ញុំក៏បានសង្កេតឃើញផងដែរថានៅផ្នែកចុងក្រោយនៃសៀវភៅរបស់លោក លោកបានបង្ហាញពីភាពដូចគ្នារវាងកាលដែលព្រះបាទអង្គឌួង ក្រសោបយកអន្តរាគមន៍បារាំង និងការងាកទៅរកប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តាមរយៈនេះ តើលោកចង់មានន័យយ៉ាងដូចម្តេច?
Marc Baudinet៖ នយោបាយភូមិសាស្ត្រពិតជាពាក់ព័ន្ធខ្លាំងទៅនឹងការលេងល្បែងអំណាចមួយរវាងប្រទេសនានា ប្រទេសខ្លះមានអំណាចខ្លាំង និងខ្លះទៀតមានអំណាចខ្សោយ។ ក្នុងសតវត្សទី១៩ កម្ពុជាធ្លាប់មានបញ្ហាជាច្រើនជាមួយប្រទេសជិតខាងខ្លួនទាំងពីរ ដែលអំណាចខ្លាំងជាង ពោលគឺប្រទេសវៀតណាម និងប្រទេសថៃ។
នាពេលនោះ ព្រះមហាក្សត្រកម្ពុជា បានសម្រេចចិត្តសុំឲ្យប្រទេសទីបីចូលជួយ។ ប៉ុន្តែការធ្វើដូចនេះ ព្រះរាជាខ្មែរទ្រង់ពុំបានឈ្វេងយល់ច្បាស់នោះទេនាគ្រានោះ ថាកម្ពុជានឹងត្រូវខាតអស់ប្រយោជន៍ដ៏ធំមួយ ពោលគឺកម្ពុជាត្រូវបានធ្លាក់ក្រោមនឹមអាណានិគម ហើយបាត់បង់ឯករាជ្យភាពខ្លួន។ យ៉ាងណាក្ដី ស្ថានភាពបច្ចុប្បន្ននេះគឺខុសប្លែកពីមុន ហើយបរិបទក៏មានលក្ខណៈខុសប្លែកពីជំនាន់នោះឆ្ងាយ។ តែទោះបីជាយ៉ាងនេះក៏ដោយ ក៏ខ្ញុំនៅគិតថា ការដណ្ដើមអំណាចគ្នានៅតែមានក្នុង សមរភូមិភូមិសាស្ត្រនយោបាយ។
ខ្ញុំកំពុងឆ្ងល់ថាតើវាពិតមែនឬទេដែល សព្វថ្ងៃនេះ កម្ពុជាបានផ្ដល់នូវអ្វីច្រើនពេកហើយទេដឹងទៅដល់ប្រទេសចិន។ តើវាអាចប៉ះពាល់ដល់ឯករាជ្យភាពកម្ពុជាដែរឬទេក្នុងពេលអនាគតដ៏វែងឆ្ងាយ។ នេះមិនមែនចង់មានន័យថាប្រទេសចិនអាចដាក់កម្ពុជាក្រោមអាណានិគមខ្លួនទេ។ អត់ទេ យុគសម័យនោះបានបិទបញ្ចប់ ក៏បានកន្លងផុតរួចទៅហើយដែរ។ ប៉ុន្តែមានវិធីផ្សេងទៀតដែលគេអាចកេងចំណេញ ឬជះឥទ្ធិពលដល់ប្រទេសតូចៗបានតាមរយៈការជួយឲ្យចិនទទួលបានដីជាច្រើននៅកម្ពុជា។
ដូច្នេះ យើងអាចចោទជាសំណួរថា តើកម្ពុជាបានផ្តល់នូវៗច្រើនពេកហើយទេដឹងទៅប្រទេសចិន។ តើវាមានចំណុចណាមួយដែលមានសុវត្ថិភាព និងជំនឿជឿទុកចិត្តដែរឬទេ រវាងការណ៍ដែលត្រូវសុំជំនួយពីប្រទេសដែលមានអំណាចខ្លាំងជាង និងការថែរក្សាឯករាជ្យភាពរបស់ខ្លួន។ ច្បាស់ណាស់ សម្រាប់អ្នកការទូត និងរដ្ឋាភិបាលកម្ពុជាវិញ នេះគឺជាបញ្ហាមួយដែលពិបាកដោះស្រាយជាខ្លាំង ដោយសារតែប្រទេសចិនពិតនឹងមិនរួញរាឡើយក្នុងការនិយាយពីតម្រូវការរបស់ខ្លួន ចិនអាចយកកម្ពុជាទៅពង្រីកឥទ្ធិពលរបស់ខ្លួនដល់សមាជិកអាស៊ានដទៃទៀត។ ដូច្នេះហើយ នេះគឺជាបញ្ហាមួយដ៏លំបាកសម្រាប់កម្ពុជាដែលចាំបាច់ត្រូវការដោះស្រាយ ហើយយើងនឹងចាំមើលថានឹងមានអ្វីកើតឡើងបន្តទៀត។
VOA៖ លោកបានលើកឡើងអំពីការដែលកម្ពុជាសុំឲ្យមានអន្តរាគមន៍ពីបរទេសជាពិសេសគ្រាដែលព្រះបាទអង្គឌួង បានស្នើសុំឲ្យមានអន្តរាគមន៍ពីបារាំង។ តើលោកគិតថា នេះគឺជាអ្វីដែលកម្ពុជាតែងតែត្រូវធ្វើ ឬទាំងពីដើមមកដើម្បីថែរក្សាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ?
Marc Baudinet៖ ខ្ញុំមិនមែនចង់មានន័យរហូតដល់ថ្នាក់ហ្នឹងនោះទេ។ អ្នកត្រូវសិក្សាពីស្ថានការណ៍មុនសតវត្សទី១៩។ តែប្រសិនបើយើងមើលពីអ្វីដែលកើតឡើងបន្ទាប់ពីនេះ កម្ពុជាក្លាយជាផ្នែកនៃទឹកដីអាណានិគម ហើយបាត់បង់ឯករាជ្យភាពរបស់ខ្លួន។ ភ្លាមនោះ កម្ពុជាក៏បានចាប់ផ្ដើមចូលក្នុងឆាកពិភពលោកដែលបានប្រែក្លាយខ្លួនជាផ្នែកមួយនៃពិភពលោកដ៏ធំ ពីអាណាចក្រមួយក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ហើយបន្ទាប់ពីទទួលបានឯករាជ្យមកវិញ កម្ពុជាពើបប្រទះនឹងសង្គ្រាមដ៏ជូរចត់មួយ គឺសង្គ្រាមវៀតណាម ហើយសង្គ្រាមនេះបាននាំមកឲ្យកម្ពុជានូវគ្រោះមហន្តរាយដ៏ធំ ទោះបីជាកម្ពុជាពុំមានជាប់ទាក់ទងនឹងសង្គ្រាមនេះក៏ដោយ។ កម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេស។
ខ្ញុំពុំមែនមានន័យថា កម្ពុជាតែងតែសុំការជួយពីបរទេសនោះទេ ប៉ុន្តែបើយើងមើលពីឫសគល់នៃបញ្ហាវិញ ប្រទេសនីមួយៗតែងតែទាក់ទងគ្នា ធ្វើពាណិជ្ជកម្មជាមួយគ្នា ហើយមនុស្សតែងធ្វើការបម្លាស់ទី និងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ ដូច្នេះហើយ ប្រទេសនីមួយៗមិនអាចចៀសផុតពីប្រទេសមហាអំណាចផ្សេង ប្រទេសមហាអំណាចដែលមិត្តភាព និងប្រទេសមហាអំណាចដែលពុំសូវមានមិត្តភាពជាដើមហើយដោយសារតែវាជាការដណ្ដើមអំណាចគ្នា ប្រទេសធំៗតែងតែព្យាយាមធ្វើឲ្យខ្លួនឯងខ្លាំងជាងមុន។ បណ្ដាប្រទេសលោកខាងលិចក៏ដូច្នេះដែរ។
តាមខ្ញុំគិត នេះគឺជាអ្វីដែលយើង ហៅថាលំដាប់ច្បាប់ធម្មជាតិនៃអន្តរកម្មរវាងប្រទេសនីមួយៗ។ ប្រទេសលោកខាងលិចបានធ្វើឲ្យមានភាពខូចខាតច្រើនណាស់នៅទីនេះ ហើយបន្ទាប់មកទៀតមានសង្គ្រាមត្រជាក់ និងសង្គ្រាមវៀតណាម។ នេះហើយជារបៀបដែល រឿងបានកើតឡើង។ តាមរយៈនេះ ខ្ញុំចង់មានន័យថា អ្នកនយោបាយរដ្ឋាភិបាលនឹងត្រូវចេះបត់បែន នឹងចេះពីរបៀបតតាំងនឹងប្រទេសផ្សេងៗ ហើយព្យាយាមយ៉ាងខ្លាំងដើម្បីថែរក្សាបូរណភាពទឹកដីកម្ពុជា។ សម្រាប់កម្ពុជានាពេល ឥឡូវនេះ ចំណុចសំខាន់គឺត្រូវកំណត់ឲ្យបាននូវតុល្យភាពត្រឹមត្រូវវាងប្រទេសចិនម្ខាង និងលោកខាងលិច ឬសហរដ្ឋអាមេរិកនៅម្ខាងទៀត។
VOA៖ ក្រៅពីនយោបាយការបរទេសរបស់កម្ពុជា ខ្ញុំចង់លើកឡើងអំពីដំណើរវិវត្តន៍នៃនយោបាយក្នុងប្រទេសកម្ពុជា។ បើក្រឡេកមើលពីការបង្ក្រាបផ្នែកទិដ្ឋភាពនយោបាយនាពេលបោះឆ្នោតឆ្នាំ២០១៨វិញ តើលោកយល់ថា វាអាចប៉ះពាល់ទិដ្ឋភាពនយោបាយសង្គមនៅកម្ពុជាដែរឬទេ?
Marc Baudinet៖ ខ្ញុំគិតថា បច្ចុប្បន្នកម្ពុជាកំពុងដើរដល់ផ្លូវបំបែកមួយ។ អ្វីដែលកើតឡើងក្នុងឆ្នាំ២០១៧ និង២០១៨ គឺជាអ្វីដែលអនាគតនឹងប្រាប់យើង។ វាក៏ប្រហែលជារបត់មួយដែរ។ មើលទៅ សង្គមនេះមានការយល់ឃើញមិនស្របគ្នាឡើយ។ បើមើលពីជ្រុងម្ខាង យើងឃើញថា មានមនុស្សដែលចង់មានការផ្លាស់ប្ដូរ ពួកគេចង់បានសង្គមមួយដែលបើកចំហជាងនេះ។ ហើយបើយើងមើលពីម្ខាងទៀត យើងឃើញថា មានមនុស្សដែលចង់រក្សាស្ថានការណ៍បច្ចុប្បន្ន។ អ៊ីចឹងហើយ សម្រាប់កម្ពុជាក៏ដូចជាប្រជាជនកម្ពុជាផងដែរ តើពួកគេត្រូវជ្រើសរើសបែបណា? តើពួកគេគួរបន្តដើរផ្លូវដដែលបន្តទៅទៀត ឬមួយក៏ពួកគេទាមទារឱ្យមានការផ្លាស់ប្តូរ? អនាគតនឹងប្រាប់។ ហើយពួកយើងមិនដឹងទេឥឡូវនេះ។ ប៉ុន្តែ ខ្ញុំគិតថា នាពេលអនាគតយើងនឹងចងចាំព្រឹត្តិការណ៍ដែលកើតឡើងនៅឆ្នាំ២០១៧ ថាជាចំណុចរបត់មួយ។
រហូតមកដល់ឆ្នាំ២០១៧ យើងមានការពិសោធលទ្ធិប្រជាធិបតេយ្យដែលចាប់ផ្ដើមដំបូងដោយមានការបោះឆ្នោតបែបពហុបក្ស បន្ទាប់ពីសម័យខ្មែរក្រហម ហើយបន្ទាប់មកទៀតយើងមានការរៀបចំការបោះឆ្នោតប្រាំឆ្នាំម្ដង។ មានបញ្ហាជាច្រើនបានកើតឡើង តែទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតអាចប្រព្រឹត្តទៅរួច។
ប្រសិនបើយើងមើលទៅលើដំណើរការប្រជាធិបតេយ្យវិញ នេះគឺមានការរីកចម្រើនហើយ។ ប៉ុន្តែក្នុងឆ្នាំ២០១៧ ដំណើរនេះបានដើរដល់ផ្លូវបញ្ចប់។ អ្វីដែលនឹងកើតឡើងបន្ទាប់ពីនេះ? តើនឹងមានគណបក្សប្រឆាំងថ្មីផ្សេងមួយទៀតឬទេ? យើងនឹងរង់ចាំមើលទាំងអស់គ្នា។ ប៉ុន្តែ ខ្ញុំគិតថា យើងកំពុងដើរកាត់ដំណាក់កាលមួយដ៏សំខាន់ក្នុងរបត់ប្រវត្តិសាស្ត្រកម្ពុជាបច្ចុប្បន្ន។
VOA៖ បើតាមទស្សនៈលោក តើលោកមានសុទិដ្ឋិនិយមចំពោះអនាគតកម្ពុជាដែរឬទេ?
Marc Baudinet៖ ថាតើកម្ពុជានឹងបន្តដំណើរទៅមុខទៀត នឹងព្យាយាមឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យជាងនេះឬទេ ខ្ញុំមិនអាចឆ្លើយបានទេនៅពេលនេះ៕