ក្រុមមន្ត្រីក្រសួងការពារប្រទេសបានបញ្ជក់ថា កងកម្លាំងពិសេសអូស្ត្រាលីស្ថិតនៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ខណៈមានការព្រួយបារម្ភអំពីកង្វះខាតសម្ភារៈយោធាសម្រាប់ការពារសន្តិសុខនៅឯកិច្ចប្រជុំកំពូលរបស់ APEC នៅពេលខាងមុខនេះ។
មេដឹកនាំពិភពលោកសំខាន់ៗមានដូចជាលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping ត្រូវគេរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលដែលមានរយៈពេល២ថ្ងៃក្នុងខែវិច្ឆិកា។
មានការលើកឡើងពីការភ័យខ្លាចថានាវាចម្បាំងដែលនឹងត្រូវបញ្ជូនជាបណ្តោះអាសន្នទៅកាន់រដ្ឋធានី Port Moresby ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដែលមានស្ថានភាពគ្រោះថ្នាក់នោះ អាចរងការវាយប្រហារដោយពួកភេរវកម្ម។
នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានអះអាងថាប្រទេសរបស់លោកនឹងបញ្ជូនកងយោធាទ្រង់ទ្រាយធំដើម្បីរក្សាសន្តិសុខនៅឯកិច្ចប្រជុំកំពូល APEC ប៉ុន្តែតម្លៃជាទឹកប្រាក់ចុងក្រោយនៃការបញ្ជូនកងកម្លាំងយោធានេះមិនត្រូវបានបង្ហាញនោះទេ។
លោកនាយករដ្ឋមន្ត្រី Scott Morrison បានថ្លែងថា៖ «ដូចដែលអ្នកដឹងហើយថានឹងមានមេដឹកនាំពិភពលោកជាច្រើនមកចូលរួមកិច្ចប្រជុំកំពូលនេះ ហេតុដូច្នេះហើយការរក្សាសន្តិសុខនិងការរៀបចំផ្សេងៗទៀតត្រូវការជាចាំបាច់សម្រាប់កិច្ចប្រជុំនេះ។ យើងផ្តល់ការគាំទ្រដល់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC ដែលបានចាប់ផ្តើមដំណើរការរៀបចំអស់រយៈពេលពី ១២ ទៅ ១៨ ខែមកហើយ»។
ប៉ូលិសអូស្ត្រាលីក៏បានទទួលវគ្គបណ្តុះបណ្តាល និងបំពាក់សម្ភារៈយោធាដល់មន្ត្រីអនុវត្តច្បាប់ក្នុងតំបន់ផងដែរ។
កងទ័ពជើងទឹកអូស្ត្រាលីបានធ្វើសមយុទ្ធយោធាជាមួយកងកម្លាំងប៉ាពូអាស៊ីនូវែលហ្គីណេ ដែលជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធាឈ្មោះថា Paradise។
លោក John Cowan មេបញ្ជាការកងទ័ពជើងទឹកអូស្ត្រាលីរីករាយក្នុងការធ្វើសមយុទ្ធយោធារួមគ្នានេះ។ លោកបានថ្លែងថា៖ «ខ្ញុំអាចនិយាយបានថាតាមរយៈការធ្វើសមយុទ្ធយោធានេះ កងកម្លាំងការពារជាតិរបស់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេបានង្ហាញថាជាអង្គភាពពោរពេញដោយសមត្ថភាពខ្ពស់ ហើយពិតណាស់ខ្ញុំគិតថាពួកគេបានត្រៀមខ្លួនរួចរាល់ហើយក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលខាងមុខ»។
ប៉ាពូអាស៊ីនូវែលហ្គីណេស្ថិតនៅខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វីកភាគខាងកើតប្រទេសឥណ្ឌូណេស៊ី។ ប្រទេសនេះគឺជាប្រទេសជិតខាងបំផុតរបស់អូស្ត្រាលីដែលមានចំនួនពលរដ្ឋប្រមាណ៧លាននាក់។ ពលរដ្ឋស្ទើរតែទាំងអស់ក្នុងប្រទេសនេះពឹងផ្នែកលើវិស័យកសិកម្ម។
កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីកហៅកាត់ថា APEC ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៩។ ប្រទេសចំនួន២១បានចូលជាសមាជិកដើម្បីធ្វើការរួមគ្នាឆ្ពោះទៅសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដ៏រីកចម្រើនមួយ រួមទាំងការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យអាជីវកម្ម និងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាដើម។ អង្គការនេះក៏ធ្វើការដោះស្រាយបញ្ហាសន្តិសុខស្បៀងអាហារ ព្រមទាំងការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ផងដែរ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា