រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ នៅចុងសប្តាហ៍នេះ បន្ទាប់ពីធ្លាប់ជួបជាមួយសមភាគីរដ្ឋមន្រ្តីការបរទេសកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីខែកក្កដា។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃសុក្រនេះ។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់អ្នកស្រី ម៉ារីស ផេន (Marise Payne) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែវិច្ឆិកា ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ច អ្នកស្រី ម៉ារីស ផេន នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានជំនួបទ្វេភាគីជាមួយលោក ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជាផងដែរ។ នេះ បើតាមសេចក្តីប្រកាសព័ត៌មាន។
ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ អ្នកស្រី ម៉ារីស ផេន នឹងអញ្ជើញទៅទស្សនាអង្គការកម្ពុជា ដើម្បីជួយស្រ្ដីមានវិបត្តិ ដែលនឹងទទួលស្វាគមន៍ដោយអ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ម៉ារីស ផេន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់អូស្រ្ដាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ»។
ប៉ុន្តែសារព័ត៌មានអូស្រ្តាលី New Daily បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី៣ ខែវិច្ឆិកាថា ការយឺតពេលបញ្ជូនវ៉ាក់សាំង Pfizer ដែលជាជំនួយរបស់អូស្រ្តាលីមកកម្ពុជា«ប្រហែលបង្ខំ»ឲ្យរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី អ្នកស្រី ម៉ារីស ផេន មកបំពេញទស្សនកិច្ចនៅកម្ពុជា។
ការចុះផ្សាយនេះធ្វើឡើងបន្ទាប់ពីការថ្លែងជាសាធារណៈរបស់នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថារដ្ឋាភិបាលរបស់លោកមិនរង់ចាំការសន្យាផ្តល់វ៉ាក់សាំងនោះទេ ដូច្នេះលោកចាប់យកប្រទេសចិនជា«បង្អែក» ហើយក្រៅពីនោះជា«ប្រភពគាំទ្រ»។ លោកក៏បានថ្លែងចំៗទៅលើប្រទេសអូស្រ្តាលីថា មិនទាន់ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ ២លាន៣សែនដូស ដូចតាមការសន្យានៅឡើយទេ។
លោកបញ្ជាក់ថា៖ «បើយើងផ្អែកទៅលើការសន្យារបស់កូវ៉ាក់ ៧លានដូស។ ផ្នែកទៅលើការសន្យារបស់អូស្រ្តាលីថា ៣លានដូស ប៉ុន្តែអូស្រ្តាលី អត់ទាន់បានមួយសេនផង។ ជាភ័ព្វសំណាងរបស់យើង សហរដ្ឋអាមេរិក ជប៉ុន និងអង់គ្លេសបានឲ្យយើងបន្ថែម»។
ជាមួយការថ្លែងលើកឡើងពីប្រទេសអូស្រ្តាលីរឿងផ្តល់ជំនួយវ៉ាក់សាំងយឺតនេះ លោក ហ៊ុន សែន ក៏សុំអភ័យទោសពីនាយករដ្ឋមន្រ្តីអូស្រ្តាលីផងដែរ។
លោកបន្ថែមថា៖ «ព្រោះខ្ញុំត្រូវការអាច្បាស់ ព្រោះការសន្យាវាយូរហើយ។ និយាយអញ្ចឹង សូមអភ័យទោសពីសំណាក់ឯកឧត្តម Morrison [នាយករដ្ឋមន្រ្តីអូស្រ្តាលី]»។
បើតាមលោក ហ៊ុន សែន កម្ពុជាបានទិញវ៉ាក់សាំងពីប្រទេសចិនចំនួន ២៨លានដូស បន្ថែមពីលើជំនួយដែលផ្តល់ឲ្យប្រមាណ ១០លានដូស។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចនេះ មិនមែនជារឿងចៃដន្យនោះទេ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំសូមបញ្ជាក់ថា មិនមែនជារឿងចៃដន្យទេ។ យើងធ្វើអ្វីមួយសុទ្ធតែមានការទំនាក់ទំនង មានការត្រៀមទុកជាមុន មិនមែនជាទស្សនកិច្ចមិនបានព្រាងទុកទេបាទ»។
ដំណើរទស្សនកិច្ចដោយផ្ទាល់របស់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ធ្វើឡើងបន្ទាប់ពីអ្នកស្រី ម៉ារីស ផេន ក៏បានជួបលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ហើយបានជជែកអំពីទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងក៏ដូចជាវិបត្តិក្រោយរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
អ្នកនាំពាក្យរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជាប្រាប់វីអូអេនៅថ្ងៃសុក្រតាមសារអ៊ីម៉ែលថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងតំបន់ដែលបានគ្រោងទុក ក្នុងនោះមានប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា អ្នកស្រី ម៉ារីស ផេន បានឲ្យដឹងថា អ្នកស្រី នឹងគូសបញ្ជាក់អំពីការគាំទ្ររបស់អូស្រ្តាលីសម្រាប់តួនាទីរបស់ប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន។
អ្នកស្រីនឹងពិភាក្សាអំពី«ការភ្ជាប់ទំនាក់ទំនងយូរអង្វែង»ជាមួយកម្ពុជា និងការគាំទ្រប្រទេសជិតខាងរបស់កម្ពុជាផងដែរ។ អ្នកស្រីបញ្ជាក់ថា អាស៊ានស្ថិតនៅ«បេះដូងនៃទស្សនៈវិស័យរបស់អូស្រ្តាលីសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
លោក សេង សារី អ្នកវិភាគនយោបាយ មានប្រសាសន៍ថា អូស្រ្តាលី បានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀង Aukus ដែលជាកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី និងមានប្រទេស២ទៀតជាសមាជិក គឺសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ កិច្ចព្រមព្រៀងនេះ ត្រូវបានមើលឃើញថា ដើម្បីទប់ទល់នឹងចិន។ លោកបន្ថែមថា កម្ពុជាមានតួនាទីសំខាន់នៅពេលនេះសម្រាប់អូស្រ្តាលី ដោយសារកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។
លោកប្រាប់វីអូអេថា៖ «ដូច្នេះកម្ពុជានឹងមានតួនាទីសំខាន់ ហើយក៏ជាពេលវេលាដែលកម្ពុជាត្រូវបង្ហាញទៅពិភពលោកដែរថា ខ្លួននឹងមានសមត្ថភាពនៅក្នុងការសម្របសម្រួលបញ្ហានយោបាយនៅភូមា ក៏ដូចជាការប្រទាញប្រទង់គ្នារវាងមហាអំណាចពីរ គឺមហាអំណាចចិន និងមហាអំណាចអាមេរិក ពាក់ព័ន្ធនឹងនយោបាយភូមិសាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
កាលពីខែកញ្ញា ឆ្នាំ២០២១ មុនពេលកម្ពុជាធ្វើជាប្រធានសមាគមអាស៊ាន (ASEAN) រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋ លោក វ៉ាង យី (Wang Yi) ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយមានការចុះហត្ថលេខាលើជំនួយឥតសំណងប្រមាណ ២៧០ លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា កម្ពុជាធ្លាប់រងការរិះគន់អំឡុងពេលធ្វើជាប្រធានឆ្លាស់វេនអាស៊ាននៅឆ្នាំ២០១២ ដែលកាលនោះ នាំឲ្យកើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលអាស៊ានមិនអាចចេញសេចក្ដីថ្លែងការណ៍រួមទៅលើបញ្ហាសមុទ្រចិនខាងត្បូងដែលប៉ះពាល់ដល់ប្រទេសចិន៕