រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃចន្ទបានប្រកាសប្រតិបត្តិការចម្រាញ់រ៉ែមាសលើកដំបូងរបស់ខ្លួនក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលវិនិយោគដោយក្រុមហ៊ុនអូស្រ្តាលី ហើយរំពឹងថានឹងទទួលបានចំណូលពីអាជីវកម្មនេះប្រមាណ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
អាជីវកម្មរ៉ែមាសក្នុងតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរីលើទំហំផ្ទៃដីជាង១៨.០០០ហិកតា និងប៉ះពាល់ដល់ដែនជម្រកសត្វព្រៃភ្នំព្រេច ត្រូវបានស្រាវជ្រាវដោយក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល ខេមបូឌា(Renaissance Minerals Cambodia Limited) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនEmerald Resources ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Perthប្រទេសអូស្រ្តាលី។
គម្រោងនេះត្រូវបានគាំទ្រដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១០ ខែមិថុនាថាវាជា «សមិទ្ធផលយ៉ាងធំធេងដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលបានជួបបញ្ហាដោយការរាតត្បាតនៃជំងឺកូវីដ១៩»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាសសុទ្ធជាមធ្យមចំនួន៣តោន នឹងត្រូវបានផលិតជារៀងរាល់ឆ្នាំនៅក្នុងប្រតិបត្តិការរយៈពេល៨ឆ្នាំលើកដំបូងរបស់ខ្លួន។ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ថាគម្រោងអាជីវកម្មរ៉ែមាសនេះត្រូវធ្វើឡើងដោយការទទួលខុសត្រូវសម្រាប់ការពារបរិស្ថាននិងសង្គម។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ក្រសួងរ៉ែនិងថាមពលបានបញ្ជាក់ថាក្រុមហ៊ុនរបស់អូស្រ្តាលីមួយនេះបានសិក្សានិងវាយតម្លៃ«គ្រប់ជ្រុងជ្រោយ»ពីផលប៉ះពាល់បរិស្ថាន និងសង្គមនៃអាជីវកម្មធនធានរ៉ែនេះ អស់រយៈពេលជិត១៤ឆ្នាំដែលការដ្ឋានអាជីវកម្មនិងរោងចក្ររ៉ែមាសនេះត្រូវបានចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២០ដោយប្រើដើមទុនអស់ប្រមាណ១២០លានដុល្លាអាមេរិក។
ក្រសួងបន្ថែមថាការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត៩០%បានប្រមាណ៣តោនក្នុងមួយឆ្នាំ។ សម្រាប់រយៈពេលប៉ាន់ស្មាន៨ឆ្នាំដំបូង វានឹងអាចទាញចំណូលដុលប្រមាណ១៨៥លានដុល្លាអាមេរិកក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ៤០លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។
ក្រសួងបញ្ជាក់ថា៖ «ការវិនិយោគក្នុងវិស័យធនធានរ៉ែ ជាការនិយោគប្រកបដោយហានិភ័យខ្ពស់ណាស់ មានបញ្ហាប្រឈមច្រើន និងត្រូវប្រើពេលវេលាដ៏យូរ។ កម្ពុជាបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក្នុងការបង្កើតឲ្យបាននូវសមត្ថភាពឧស្សាហកម្មក្នុងស្រុកមួយដែលអាចទាញយកធនធានរ៉ែប្រកបដោយការទទួលខុសត្រូវនិងមានភាពប្រាកដប្រជាចំពោះផលប្រយោជន៍គ្រប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីបម្រើឲ្យដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួន»។
កន្លងទៅ ក្រសួងរ៉ែនិងថាមពលបានប្រកាសថាការធ្វើអាជីវកម្មរ៉ែត្រូវតែឈរលើគោលការណ៍ពង្រឹងប្រសិទ្ធភាព ដើម្បីបង្កើនចំណូលចូលថវិកាជាតិការពារសហគមន៍មូលដ្ឋាន និងសង្គម និងការពារបរិស្ថាន។
លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលប្រាប់ VOA តាមប្រព័ន្ធ Telegram នៅថ្ងៃអង្គារនេះថារ៉ែមាសដែលក្រុមហ៊ុនអូស្រ្តាលីទទួលបាន នឹងនាំយកទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលី ដើម្បីលក់ទៅកាន់ទីផ្សារអន្តរជាតិ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាប្រទេសណានោះទេ។ លោកបន្ថែមថាមិនមែនមានតែក្រុមហ៊ុនអូស្រ្តាលីមួយទេដែលធ្វើអាជីវកម្មរ៉ែមាសនេះ គឺមានក្រុមហ៊ុនផ្សេងទៀត មកពីប្រទេសកាណាដា ឥណ្ឌា ចិន និងក្រុមហ៊ុនចម្រុះទុនខ្មែរ-ចិន ដែលកំពុងសិក្សានិងឈានទៅដល់ការធ្វើអាជីវកម្មរ៉ែមាសនេះ ដែលមាននៅខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តបាត់ដំបង និងខេត្តរតនគិរីជាដើម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២១ ខែមិថុនា ស្ថានទូតអូស្ត្រាលីប្រចាំនៅរាជធានីភ្នំពេញឲ្យដឹងថាអាជីកម្មរ៉ែមាសនេះនឹងអាចឲ្យកម្ពុជាបង្កើតចំណូលពន្ធនិងសួយសារជាង៣០០លានដុល្លារអាមេរិក ក្នុងរយៈពេល៧ឆ្នាំ ដែលស្ថានទូតបញ្ជាក់ថាជាថវិកាចំាបាច់សម្រាប់សេវាកម្មសាធារណៈនិងជួយកាត់បន្ថយនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩។
លោក Luke Arnold ភារធារីស្ថានទូតអូស្រ្តាលីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «របាយការណ៍ស្តីពីផលប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងនេះ ជារបាយការណ៍ដំបូងដែលត្រូវបានធ្វើសវនកម្មសមស្របទៅនឹងបទដ្ឋានបរិស្ថាន និងសង្គមនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលរំពឹងថានឹងកំណត់គោលដៅថ្មីនៅក្នុងប្រទេសកម្ពុជាក្នុងការរុករករ៉ែជាមួយនឹងការទទួលខុសត្រូវលើបរិស្ថាន និងសង្គម»។
លោកបន្ថែមថា៖ «គុណប្រយោជន៍មួយទៀតនៃការវិនិយោគពីអូស្រ្តាលីដូចជាគម្រោងនេះគឺថាវានឹងជួយដល់ប្រទេសកម្ពុជាក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានភាពធន់ព្រមទាំងទស្សនវិស័យយុទ្ធសាស្ត្រប្រកបដោយតុល្យភាពនៅក្នុងតំបន់របស់យើងជាពិសេសក្នុងពេលដែលកម្ពុជាស្តារឡើងវិញក្រោយពីផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩នេះ»។
កាលពីថ្ងៃទី១០ខែមិថុនា លោក ហ៊ុន សែន បានចេញលិខិតប្រកាសអំពី«ការដាក់ឲ្យដំណើរដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្ម»នៅតំបន់អូរខ្វាវស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋលះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាសលក្ខណៈគ្រួសារ ឬជាលក្ខណៈខ្នាតតូចបន្តទៀត ដែលលោកថាអាជីវកម្មប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាន និងគ្រោះថ្នាក់ផ្សេងៗទៀតនិងមិនអាចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅក្បែរក្រុមហ៊ុនអូស្រ្តាលីនៅតែព្រួយបារម្ភការពង្រីកដែនរុករករ៉ែមាសបន្តទៀត ដែលនាំឲ្យពួកគេព្រួយបារម្ភការបាត់បង់រុក្ខជាតិមានតម្លៃរបស់ជនជាតិដើមភាគតិចនៅទីនោះ។
លោក សាន់ សារី ជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិពូទង់ ឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដែលជាភូមិជាប់នឹងក្រុមហ៊ុនរុករករ៉ែមាសនេះប្រាប់ VOA នៅថ្ងៃអង្គារនេះថាអ្នកភូមិមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការខ្លាចបាត់បង់ដើមច្បោះ និងដីធ្លីរបស់ខ្លួន ដោយខ្លាចក្រុមហ៊ុនចុះមកសិក្សា និងយកតំបន់របស់ពួកគាត់រស់នៅ ធ្វើជាកន្លែងរុករករ៉ែមាសបន្តទៀត។លោកបន្ថែមថាប្រជាពលរដ្ឋចង់រស់នៅលើដីរបស់ខ្លួន និងអាស្រ័យផលដើមច្បោះ និងចង់បន្សល់ទុកដល់កូនចៅជំនាន់ក្រោយរបស់ពួកគេដែលជាជនជាតិដើមភាគតិច។
លោកបញ្ជាក់ថា៖ «គាត់[ប្រជាជន]និយាយតែលើបញ្ហាភ័យខ្លាច ខ្លាចតែក្រុមហ៊ុនចេះតែមកចេះតែខិតម្តងបន្តិចម្តងបន្តិចមកអស់ដើមច្បោះ អស់ដើមជ័រអស់ដី អស់ធ្លីធ្វើអញ្ចឹងទៅណាតែទោះបីថាគេ[ក្រុមហ៊ុន]ផ្តល់លុយកាក់តម្លៃដើមច្បោះឲ្យយើងក៏ដោយវាមិនមែនបានមួយជីវិតទេ ពិសេសដើមច្បោះយើងនៅបានមួយជីវិតតកូនតចៅយើង បើអស់[ដើមច្បោះ]អាហ្នឹងហើយបានអីទៀត»។
លោកឲ្យដឹងទៀតថា រាល់ថ្ងៃនេះអ្នកស្រាវជ្រាវរុករករ៉ែរបស់ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉លបន្តចុះសិក្សាស្រាវជ្រាវនិងបានចងខ្សែរុំព័ទ្ធដើមច្បោះរបស់លោកថែមទៀតផង។
លោកបន្ថែមថា៖ «សព្វថ្ងៃនេះ ខាងក្រុមហ៊ុនគាត់ ខាងអ្នកស្រាវជ្រាវហ្នឹងដើរស្រាវជ្រាវពេញទឹកពេញដីអស់ហើយ។ កន្លែងដើមច្បោះរបស់ខ្ញុំគឺ គេចងខ្សែក្រណាត់ក្រហមអីអស់ហើយឥឡូវហ្នឹង»។
លោក ប៉ោ សុខណាក់ អ្នកសម្របសម្រួលកម្មវិធីអភិបាលកិច្ចធនធានធម្មជាតិនៃអង្គការអុកស្វាម(Oxfam Cambodia) ប្រាប់ VOA ថា ការអភិវឌ្ឍធនធានរ៉ែ ជាពិសេសរ៉ែដែលមានតម្លៃដូចជាមាសនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតការងារដល់ប្រជាជនរស់នៅក្នុងតំបន់បង្កើនចំណូលថវិកាជាតិ តាមរយៈពន្ធអាករ និងសួយសារអាករ»។
លោកបញ្ជាក់ថា៖ «ចំណូលបន្ថែមនេះ ប្រសិនបើគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព នឹងរួមចំណែកបានច្រើនក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។អង្គការអុកស្វាមជឿជាក់ថាថវិកានេះគួរតែត្រូវបានប្រើប្រាស់ក្នុងការវិនិយោគក្នុងវិស័យអប់រំសុខាភិបាល និងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ធនធាន ហើយវាជារឿងសំខាន់ណាស់ដែលរាជរដ្ឋាភិបាល យកប្រាក់ចំណូលពីវិស័យនេះទៅវិនិយោគប្រកបដោយប្រសិទ្ធភាពនិងចីរភាព»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យរបស់សមាគមអាដហុក មានប្រសាសន៍ថាក្រុមហ៊ុននីមួយៗ មុននឹងវិនិយោគកន្លែងណាមួយត្រូវសិក្សាទៅលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចជីវភាព និងសិទ្ធិមនុស្ស ឲ្យមានភាពត្រឹមត្រូវនិងទៅតាមច្បាប់ដែលមានពីព្រោះកន្លងមកមានក្រុមហ៊ុនរុករករ៉ែជាច្រើន មិនបានបង្ហាញរបាយការណ៍ឬផ្តល់ព័ត៌មានជាក់លាក់អ្វីនោះទេ។ លោកជំរុញឲ្យក្រុមហ៊ុនវិនិយោគទាំងអស់នោះបង្ហាញព័ត៌មាន ឬរបាយការណ៍របស់ខ្លួន ដើម្បីឲ្យមានតម្លាភាព និងភាពត្រឹមត្រូវ។
លោកថ្លែងថា៖ «យើងឃើញហើយថាក្រុមហ៊ុនខ្លះគឺ បានធ្វើការរុករកយករ៉ែហ្នឹងយូរមកហើយហើយមិនដែលផ្តល់ព័ត៌មានអីឲ្យជាក់លាក់ផង ដោយឡែកក្រុមហ៊ុននេះ មានការប្រកាសតាមលក្ខណៈត្រឹមត្រូវហើយយើងសង្ឃឹមថាមានការបង្ហាញតម្លាភាពនៃចំណូលចំណាយពីការរុករករ៉ែហ្នឹងមានភាពច្បាស់លាស់ និងតម្លាភាពត្រឹមត្រូវ ដើម្បីក្នុងការរួមចំណែកក្នុងការជួយកសាង និងអភិវឌ្ឍដល់សង្គមជាតិ។
បើតាមក្រសួងរ៉ែនិងថាមពល ការធ្វើអាជីវកម្មរ៉ែមាសដោយក្រុមហ៊ុនអូស្រ្តាលីនេះនឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ៤៦២នាក់ ដែលក្នុងនោះមានជនជាតិខ្មែរ៤២៧នាក់ និងបរទេសចំនួន៣៥នាក់៕