អ្នក​ផលិត​កុន​​ជន​ជាតិ​អូស្រ្តាលី​បន្ត​ជាប់​ពន្ធនាគារ​ក្រោម​បទ​ចោទ​«ចារកម្ម»

រូបឯកសារ៖ អ្នក​ផលិត​កុន​​ជន​ជាតិ​អូស្រ្តាលី James Ricketson នៅ​តុលាការ​កំពូល​កាល​ពី​ខែ​មករា ២០១៨។

ក្នុង​សប្តាហ៍​នេះ​ បន្ទាប់​ពី​មាន​ការ​ដោះ​លែង​អ្នក​សារព័ត៌មាន​ពីរនាក់ ​ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ធ្វើ​ចារកម្ម​និង​ការ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន៤​នាក់​ដែល​ត្រូវ​បាន​លើក​លែង​ទោស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ អ្នក​ផលិត​កុន​ជនជាតិ​អូស្រ្តាលី​ឈ្មោះ James Ricketson នៅ​បន្ត​ជាប់​ឃុំឃាំង​ដដែល ​បន្ទាប់​ពី​ថ្ងៃ​សវនាការ​ចុង​ក្រោយ​របស់​លោក​កាល​ពី​ថ្ងៃ​សុក្រ។

ការ​កាត់​ទោស​បុរស​ជន​ជាតិ​អូស្រា្តលី ដែល​បាន​ជាប់​ក្នុង​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១៤​ខែ​ក្រោម​ការចោទ​«ចារកម្ម»​នេះ​ ​មិន​មាន​ការ​បក​ស្រាយ​ពី​ហេតុផល​នោះ​ទេ ហើយ​បានធ្វើ​ឲ្យ​ការ​សង្ស័យ​អំពី​ការ​ចោទ​ប្រកាន់​នេះកាន់​តែ​ជ្រៅ​ទៅៗ​ ក្នុង​សវនាការ​កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​ ​ដែល​បាន​បញ្ចប់​ទៅ​ដោយការ​ពន្យារ​ពេល​ឃុំឃាំង​ សំអាង​លើ​ហេតុផល​ពន្យារ​ពេល​នីតិវិធី។

ភស្តុតាង​តែ​មួយគត់​ដែល​តុលាការ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​សវនាការ​ដែល​ជា​សំអាង​សម្រាប់ការ​ចោទ​ប្រកាន់​លោក​ Ricketson ​ពីបទចារកម្ម​នោះ​គឺ​សារអេឡិចត្រូនិក​ឆ្លើយ​ឆ្លង​ធម្មតា​ជា​ប្រចាំ​រវាង​លោក​ Ricketson​ មេធាវី ​និង​លោក ​សម រង្ស៊ី ​អតីតមេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ ព្រម​ទាំង​រូបថត​មួយ​ចំនួន​ដែល​លោក​បាន​ថត​នៅ​អំឡុង​ពេល​មាន​បាតុកម្ម​នានា។

លោក​ គង់ សំអុន មេធាវី​ការពារ​ក្តីឲ្យ​លោក​ Ricketson ​បាន​ព្យាយាម​បញ្ជាក់​ថា​ លោក Ricketson​មិន​មែន​ជា​ចារបុរស​នោះ​ទេ។ ​លោក​គ្រាន់​តែ​ជា​អ្នកផលិត​កុន​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​រាប់​ឆ្នាំ និង​មាន​ឈ្មោះក្នុង​ខ្សែ​ភាព​យន្ត​ជា​ច្រើន។​

រហូត​ដល់​ចុង​បញ្ចប់ សវនាការ​របស់​តុលាការ​កាល​ពីថ្ងៃសុក្រ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ហាក់​ដូច​ជា​វគ្គ​បង្រៀនអំពីការ​ផលិត​កុន​ជា​ជាង​សវនាការ​កាត់​ទោស ​ នៅ​ពេល​លោក ​Ricketson​ ព្យាយាម​បក​ស្រាយ​អំពី​ថវិកា​ដែល​លោក​ទទួល​បាន​ពីការ​ផលិតកុន ​ដូចជា​ថវិកា​បាន​ពី​ទីភ្នាក់ងារ Screen Australia​ ដែល​ជាទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​អូស្រា្តលី​សម្រាប់​លើក​កម្ពស់​ឧស្សាហ​កម្មភាព​យន្ត​ជាដើម៕