ធនាគារ​អូស្ត្រាលី​មួយ​រង​ការ​ចោទប្រកាន់​ពី​ការ​លាង​លុយ​និង​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ភេរវកម្ម​រាប់​លាន​ដុល្លារ

  • Phil Mercer

រូប​ឯកសារ៖ អ្នក​ថ្មើរ​ជើង​ម្នាក់​មើល​ទូរស័ព្ទ​របស់​លោក នៅ​ពេល​លោក​ដើរ​កាត់​ស្លាកសញ្ញា​របស់​ធនាគារ Westpac នៅ​ខាង​ក្រៅ​សាខា​មួយ​របស់​ធនាគារ​នេះ​នៅ​ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ធនាគារ Westpac ដែល​ជា​ធនាគារ​ធំ​បំផុត​ទី២​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​រង​ការ​ចោទប្រកាន់​ពី​ការ​ល្មើស​នឹង​ច្បាប់​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់​និង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដើម្បី​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ក្នុង​ទឹក​ប្រាក់​២៣លាន​ដុល្លារ​អាមេរិក។

ធនាគារ Westpac អាច​នឹង​ត្រូវ​ពិន័យ​ឲ្យ​បង់​ប្រាក់​យ៉ាង​ច្រើន។ ធនាគារ​ដ៏​ធំ​របស់​អូស្ត្រាលី​មួយ​នេះ​កំពុង​ប្រឈម​មុខ​នឹង​វិធានការ​ផ្លូវ​ច្បាប់​ពី​សំណាក់​បញ្ញត្តិករ ដែល​អះអាង​ថា ធនាគារ​នេះ​មិន​គោរព​តាម​ច្បាប់​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់​និង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ភេរវកម្ម។

ក្រុម​អ្នក​ស៊ើបអង្កេត​បាន​ចោទប្រកាន់​ថា ធនាគារ Westpac បាន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​មក​ពី​បណ្ដា​ប្រទេស​នានា ​រួម​មាន​ទាំង​ប្រទេស​អ៊ីរ៉ង់ លីបង់ ស៊ីមបាវ៉េ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ឲ្យ​ចូលរួម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​អូស្ត្រាលី​ដោយ​មិន​មាន​មូលប្បទានបត្រ​ត្រឹមត្រូវ។

បើ​យោង​តាម​ក្រុម​អ្នក​ឃ្លាំមើល ការណ៍​នេះ​ជា​ឱកាស​មួយ​អនុញ្ញាត​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​និង​ភេរវជន​ផ្ទេរ​ប្រាក់​ចេញ​ឬ​ចូលប្រទេស​អូស្ត្រាលី​បាន។

មជ្ឈមណ្ឌល​វិភាគ​និង​រាយការណ៍​លើ​ប្រតិបត្តិការ​អូស្ត្រាលី ហៅ​កាត់​ថា AUSTRAC គឺ​ជា​ទីភ្នាក់ងារ​ប្រយុទ្ធប្រឆាំង​នឹង​បទល្មើស​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ មជ្ឈមណ្ឌល​នេះ​ក៏​បាន​ចោទ​ប្រកាន់​ធនាគារWestpac ថា​បាន​ខកខាន​ក្នុង​ការ​តាមដាន​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​លើ​ប្រតិបត្តិការ​រាប់ពាន់​ ដែល​អាច​ជាប់ពាក់ព័ន្ធ​នឹង​ការ​កេងប្រវ័ញ្ចលើ​កុមារ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ មជ្ឍមណ្ឌល​នេះ​ក៏​បាន​អះអាង​ថា ធនាគារ​នេះ​បាន​ព្រងើយកន្តើយ​ជាមួយ​នឹង​ការ​ព្រមាន​នានា​ និង​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បង់ប្រាក់​ដែល​ជាប់​ការ​សង្ស័យ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ពី​ជនល្មើស​ដែល​ត្រូវ​បាន​គេ​កាត់​ទោស​ពី​បទ​ជួញដូរ​ផ្លូវ​ភេទ​កុមារ។

អ្នកស្រី Nicole Rose គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ AUSTRAC។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «ធនាគារ Westpac​ ​ខកខាន​មិន​បាន​អនុវត្ត​វិធានការ​ស៊ើបអង្កេត​លើ​អតិថិជន​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ សម្រាប់​ប្រតិបត្តិការ​ដែល​មាន​ហានិភ័យ​ខ្ពស់​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​និង​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេង​ទៀត​។ ប្រតិបត្តិការ​ទាំង​អស់​នោះមាន​ជាប់ពាក់ព័ន្ធ​នឹង​សូចនាករ​ហិរញ្ញវត្ថុ​ទាក់នឹង​នឹង​ហានិភ័យ​នៃ​ការ​កេងប្រវ័ញ្ច​កុមារ»។

នាយក​ប្រតិបត្តិ​របស់​ធនាគារ Westpac ដែល​លោក​មាន​កំណើត​នៅ​សហរដ្ឋអាមេរិក​ បាន​និយាយ​ថា ធនាគារ «គួរ​តែ​ធ្វើ​ការ​ឲ្យ​បាន​ល្អ​ជាង​នេះ» និង​បាន​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​នេះ។ ​

លោក Brian Hartzer ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ធនាគារ Westpac និយាយ​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​រឿង​ដែល​បាន​កើតឡើង ប៉ុន្តែ​លោក​បាន​បដិសេធ​ចំពោះ​ការ​អះអាង​ដែល​ថា ធនាគារ​របស់​លោក​មិន​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ប្រតិបត្តិការ​ខុសច្បាប់​នេះ។

លោក ​Hartzer បាន​និយាយ​ថា៖ «ច្បាស់​ណាស់ យើង​មិន​មាន​ជំហរ​ខុស​គ្នា​នោះ​ទេ​ទៅ​លើ​បញ្ហា​នេះ។ ដូច្នេះខ្ញុំ​ចង់​និយាយ​ឲ្យ​ច្បាស់​លាស់​ថា ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្នុង​ក្រុមប្រឹក្សាភិបាល​ធនាគារ និង​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ យើង​មិន​មាន​ជំហរ​ខុស​គ្នា​ទៅ​លើ​បញ្ហា​នេះ​នោះ​ទេ»។

បើ​និយាយ​តាម​ទ្រឹស្តី ធនាគារ Westpac អាច​ប្រឈម​មុខ​នឹង​ការ​ពិន័យ​ជា​ប្រាក់​រាប់​លាន​ដុល្លារ​សម្រាប់​បទ​ល្មើស​នីមួយៗ ដែល​បូក​បញ្ចូល​គ្នា​អាចរង​នឹង​ការ​ពិន័យ​ជា​ប្រាក់​ចំនួន​៣២៨ទ្រី​លាន​ដុល្លារ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​វិភាគ​រំពឹង​ថា តុលាការ​សហព័ន្ធ​អូស្ត្រាលី​នឹង​ដាក់​ដល់​ធនាគារ​នេះ​ដើម្បី​ឲ្យ​រាងចាល​និង​យក​ចិត្ត​ទុកដាក់​ជាង​មុន​លើ​ប្រតិបត្តិការ​របស់​ខ្លួន ជា​ជាង​ការ​ដាក់​ពិន័យ​ធ្ងន់ធ្ងរ​ហួសហេតុ»។

កាលពី​ឆ្នាំ​មុន ធនាគារ Commonwealth Bank បាន​យល់​ព្រម​បង់​ប្រាក់​ពិន័យ​ដ៏​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សាជីវកម្ម​អូស្ត្រាលី ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​៤៧៦លាន​ដុល្លារ​ ចំពោះ​ការ​ល្មើស​នឹង​ច្បាប់​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់​ និង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ភេរវកម្ម ដែល​បណ្តាល​ឲ្យ​សាច់ប្រាក់​ជាច្រើន​ហូរ​ចូល​ទៅ​ក្នុង​ដៃ​របស់​ក្រុម​ជួញដូរ​គ្រឿង​ញៀន។​

កាល​ពី​ដើម​ឆ្នាំ​នេះ ការ​ស៊ើបអង្កេត​សាធារណៈ​មួយ​បាន​បង្ហាញ​ពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​យ៉ាង​ច្រើន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​អូស្ត្រាលី៕