បញ្ហាស្ថិរភាពថវិកា ការអនុវត្តច្បាប់រក្សាសណ្តាប់ធ្នាប់ អំពើហិង្សាផ្លូវភេទ និងបញ្ហាប្រឈមផ្សេងៗទៀតដែលកំពុងកើនឡើងច្រើនក្នុងសង្គមអូស្ត្រាលី គឺជាប្រធានបទសំខាន់ នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិស្តីពីសុវត្ថិភាពរបស់ស្រ្តីនៅប្រទេសអូស្ត្រាលី ឆ្នាំ២០២១។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅសប្តាហ៍ទី ២ នៃខែកញ្ញានេះ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលសហព័ន្ធ ក្នុងគោលបំណងបង្កើត «ផែនការថ្នាក់ជាតិនាពេលខាងមុខ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងកុមារ»។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី Marise Payne ធ្លាប់បាននិយាយថា៖ «ពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលបានសុវត្ថិភាព សមភាព និងការគោរពក្នុងសង្គម»។
ក៏ប៉ុន្តែក្រុមអ្នកតស៊ូមតិការពារសិទ្ធិមនុស្ស បានជំរុញឱ្យរដ្ឋាភិបាលចាត់ចំណាត់ការបន្ថែមទៀត ដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ នាអំឡុងពេលវិបត្តិរោគរាតត្បាតកូវីដ១៩ នេះ។ របាយការណ៍ចេញផ្សាយក្នុងខែមិថុនាដោយមជ្ឈមណ្ឌលដើម្បីយុត្តិធម៌នៃសាកលវិទ្យាល័យ Queensland University of Technology បង្ហាញថា ការរំលោភបំពានក្នុងគ្រួសារបានកើនឡើង ក្នុងអំឡុងពេលបិទខ្ទប់។
លោកស្រីសាស្ត្រាចារ្យ Kerry Carrington ដែលបានចូលរួមសរសេររបាយការណ៍នោះ បានថ្លែងថា៖
«យើងរកឃើញថា មិនត្រឹមតែមានការកើនឡើងនៃកម្រិតធ្ងន់ធ្ងរនៃអំពើហិង្សាប៉ុណ្ណោះទេ យើងថែមទាំងរកឃើញការកើនឡើងនៃករណីប្រព្រឹត្តអំពើហិង្សាផងដែរ។ អ្វីដែលធ្វើឱ្យរឹតតែភ្ញាក់ផ្អើលនិងរន្ធត់ទៀតនោះ គឺយើងរកឃើញថា ជនប្រព្រឹត្តអំពើហិង្សាបានយកវិធានការបិទខ្ទប់ក្នុងអំឡុងវិបត្តិកូវីដជាលេស ដើម្បីពង្រីកអំណាចត្រួតត្រាដោយកំរោលរបស់ខ្លួនក្នុងគ្រួសារ។ ដូច្នេះក្នុងស្ថានភាពក្រោមវិបត្តិកូវីដនេះ បញ្ហាហិរញ្ញវត្ថុ សតិអារម្មណ៍ និងសម្ពាធផ្លូវចិត្តដោយសារវិបត្តិកូវីដនេះ បូករួមទាំងវិធានការបិទខ្ទប់ឱ្យនៅក្នុងផ្ទះជាមួយកូនចៅផង បង្កឱ្យករណីអំពើហិង្សាក្នុងគ្រួសារកាន់តែកើនឡើងខ្លាំង»។
របាយការណ៍ដដែល ក៏បានផ្តល់នូវអនុសាសន៍ជាគន្លឹះមួយចំនួនផងដែរ ដូចជារដ្ឋាភិបាលទាំងសហព័ន្ធ ទាំងតាមរដ្ឋនីមួយៗ ត្រូវត្រៀមខ្លួនជាស្រេចដើម្បីទប់ស្កាត់នឹងការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ ទាំងអំឡុងពេលនិងទាំងក្រោយវិបត្តិណាមួយ ជាក់ស្តែងដូចជាវិបត្តិរោគរាតត្បាតកូវីដ១៩ នេះជាដើម។
លោកស្រីសាស្ត្រាចារ្យ Carrington សង្ឃឹមថាកិច្ចប្រជុំថ្នាក់ជាតិស្តីពីសុវត្ថិភាពរបស់ស្រ្តី នឹងកែប្រែឱ្យមានលទ្ធផលល្អវិញនៅពេលអនាគត។
លោកស្រី Carrington បានបញ្ជាក់ថា៖ «ទាំងអស់គ្នាតែងតែចង់បានផែនការថ្នាក់ជាតិមួយដែលល្អប្រសើរ។ ទាំងអស់គ្នាតែងតែប្រាថ្នាចង់បានចំណុចរួមមួយដូចគ្នា គឺការយកចិត្តទុកដាក់ឱ្យខ្លាំងឡើងលើករណីអំពើហិង្សាក្នុងគ្រួសារលើស្រ្តី ដោយចាត់ទុកអំពើហិង្សាក្នុងគ្រួសារលើស្រ្តីជាចំណុចអាទិភាពរបស់រដ្ឋាភិបាល ហើយផ្តោតលើវិធានការទប់ស្កាត់ និងការផ្តល់សេវាជំនួយផ្សេងៗជាដើម»។
ក្នុងខែមិថុនាកន្លងមកនេះ តួលេខចេញផ្សាយដោយការិយាល័យស្ថិតិអូស្ត្រាលី បានបង្ហាញថា ករណីអំពើហិង្សាក្នុងគ្រួសារពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទ ដែលត្រូវបានកត់ត្រាដោយអាជ្ញាធរប៉ូលិស បានកើនឡើង ១៣ភាគរយ ក្នុងឆ្នាំ ២០២០។
ស្ថាប័នសប្បុរសធម៌មួយឈ្មោះថា Mission Australia បានចាត់ទុកអំពើហិង្សាក្នុងគ្រួសារថា «ជាបញ្ហាកើតឡើងទូទៅគួរឲ្យព្រួយបារម្ភខ្លាំង»។ ស្ថាប័ននេះបន្តថា ក្នុងឆ្នាំ២០១៩ ស្រ្តីអូស្ត្រាលីប្រហែល ២៥ភាគរយ ឬជាង ២លាននាក់ «បានរងគ្រោះដោយអំពើហិង្សាដែលបង្កឡើងដោយដៃគូស្និទ្ធស្នាលរបស់ពួកគេ»៕
ប្រែសម្រួលដោយលោក កោះ សុគន្ធី