អូស្រ្តាលី អង្គការយូណេស្កូ និងអ្នកធ្វើការលើផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាអំពាវនាវឱ្យការពារសុវត្ថិភាព និងសេរីភាពសារព័ត៌មាន ខណៈអ្នកសារព័ត៌មាននៅតែប្រឈមឧបសគ្គក្នុងការរាយការណ៍ព័ត៌មានរសើបដែលកើតឡើងក្នុងសង្គម។
នេះជាការលើកឡើងតាមរយៈសន្និសីទថ្នាក់ជាតិស្ដីពី ទំនុកចិត្តលើសារព័ត៌មានកម្ពុជា៖ សារព័ត៌មានប្រកបដោយក្រមសីលធម៌សម្រាប់ប្រយោជន៍សាធារណៈ។
សន្និសីទដែលរៀបចំឡើងដោយសមាគមសារព័ត៌មានខេមបូចា ធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ ដើម្បីប្រារព្ធខួបលើកទី ១០ នៃទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ដោយមានវេទិកាពិភាក្សាផ្សេងៗជាច្រើន រៀបចំឡើងដោយមានគោលបំណងជំរុញឱ្យមានការជជែកពិភាក្សាគ្នាឱ្យកាន់តែទូលំទូលាយអំពីអ្វីទៅដែលជាសារព័ត៌មានល្អ សារៈសំខាន់នៃក្រមសីលធម៌សារព័ត៌មានក្នុងការកសាងទំនុកចិត្តពីសាធារណជន ឧបសគ្គដែលអ្នកសារព័ត៌មានជួបប្រទះ និងយុទ្ធសាស្ត្រក្នុងការធានានូវសុវត្ថិភាព ព្រមទាំងសេរីភាពរបស់អ្នកសារព័ត៌មាន។
នៅក្នុងក្នុងសន្និសីទនោះ លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានអំពាវនាវឱ្យគ្រប់ភាគីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន រួមទាំងការសម្លាប់ ការយាយីផ្លូវច្បាប់ និងការចោទប្រកាន់ជាដើម ដើម្បីធានាសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
លោក សាដា អ៊ូម៉ា អាឡាម ថ្លែងដោយមានការប្រែសម្រួលជាភាសាខ្មែរថា៖ «យើងទាំងអស់គ្នា គឺជាសហគមន៍អ្នកសារព័ត៌មាន យើងត្រូវតែហ៊ានផ្តល់នូវព័ត៌មានពិតប្រាកដ។ ព័ត៌មានពិតប្រាកដនេះមិនមែនមានន័យថា យើងសុទ្ធតែគាំទ្រ ហើយមិនហ៊ាននិយាយអំពីបញ្ហាប្រឈមនោះទេ។ ហើយក៏យើងមិនចង់ឃើញមានការគំរាមកំហែង ការចាប់ខ្លួនអ្នកសារព័ត៌មានដែរ។ នេះគឺជាអ្វីមួយដែលយើងព្យាយាមដោះស្រាយជាមួយគ្នា»។

លោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្លែងសន្ទរកថាក្នុងសន្និសីទថ្នាក់ជាតិស្ដីពី ទំនុកចិត្តលើសារព័ត៌មានកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ (លាស់ លីបលីប)
មួយខែមុនសន្និសីទនេះ លោក ម៉ិច ដារ៉ា ដែលគេស្គាល់ថា ជាអ្នកកាសែតដែលហ៊ានរាយការណ៍ពីអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជាត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ពីបទញុះញង់ ទាក់ទងនឹងការបង្ហោះព័ត៌មាន និងសារលើបណ្តាញសង្គម ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែតុលាការបានដាក់បម្រាមមិនឱ្យលោកចេញក្រៅប្រទេស។ ការចាប់ខ្លួននេះត្រូវបានអង្គការអន្តរជាតិ និងសហរដ្ឋអាមេរិកចាត់ទុកថា ជាការរឹតត្បិតសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា។
អ្នកស្រី ប៊្រិដជិដ ខលៀ (Bridget Collier) ឯកអគ្គរាជទូតរងនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ក៏បានថ្លែងក្នុងសន្និសីទនោះថា សារព័ត៌មានល្អ គឺមានសារៈសំខាន់ណាស់ដើម្បីលើកកម្ពស់តម្លាភាព និងគណនេយ្យភាពសង្គម ដែលអាចធ្វើឱ្យប្រជាជនសម្រេចចិត្តបានត្រឹមត្រូវ។
បើតាមឯកអគ្គរាជទូតរងនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជារូបនេះ ការងាររបស់អ្នកសារព័ត៌មាន គឺបង្ហាញការណ៍ពិត លើកកម្ពស់មូលដ្ឋានគ្រឹះសម្រាប់រដ្ឋាភិបាល និងប្រជាជន ហើយក៏ដើរតួនាទីសំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ។ អ្នកស្រីបន្ថែមថា សេរីភាពសារព័ត៌មាននៅលើពិភពលោកត្រូវ បានរងការវាយប្រហារ ចំណែកអ្នកកាសែតក្លាយជាគោលដៅវាយប្រហារ និងត្រូវបានគេសម្លាប់ ដោយសារការរាយការណ៍ព័ត៌មានពិត ដូច្នេះអ្នកសារព័ត៌មានត្រូវតែទទួលបានការការពារ។
អ្នកស្រីថ្លែងជាភាសាអង់គ្លេសដែលត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «សុវត្ថិភាព និងសេរីភាពរបស់ពួកគេ [អ្នកសារព័ត៌មាន]ដើម្បីរាយការណ៍ដោយមិនមានភាពភ័យខ្លាច គឺជាសិទ្ធិជាមូលដ្ឋាននៅក្នុងប្រទេសប្រជាធិបតេយ្យដែលត្រូវតែការពារ»។
អ្នកស្រីបន្ថែមថា អូស្រ្តាលីនៅតែប្តេជ្ញាគាំទ្រសេរីភាពសារព័ត៌មាន និងការអភិវឌ្ឍនៃសារព័ត៌មានប្រកបដោយក្រមសីលធម៌ក្នុងប្រទេសកម្ពុជា។
អ្នកស្រីបញ្ជាក់ថា៖ «យើងជឿជាក់ថា សារព័ត៌មានដែលរឹងមាំមានសារៈសំខាន់សម្រាប់ការបន្តការអភិវឌ្ឍ និងវិបុលភាពរបស់កម្ពុជា»។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងសន្ទរកបើកសន្និសីទថ្នាក់ជាតិស្ដីពី ទំនុកចិត្តលើសារព័ត៌មានកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ (លាស់ លីបលីប)
នៅក្នុងសន្និសីទកាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងថា បច្ចុប្បន្ននេះកម្ពុជាមានអង្គភាពដែលធ្វើការក្នុងវិស័យសារព័ត៌មានជិត ២.០០០ស្ថា ប័ន និងមានសមាគមសារព័ត៌មានចំនួន ២៦ ស្ថាប័ន ហើយក្រសួងព័ត៌មានបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មានជាង ៨.០០០ បណ្ណ។
លោកបន្ថែមថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបរិយាកាសល្អសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាល និងក្រសួងព័ត៌មានបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវបរិយាកាសល្អសម្រាប់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា និងបានប្រកាន់នូវគោលជំហរម៉ឹងម៉ាត់ បន្តលើកស្ទួយសេរីភាពខាងសារព័ត៌មានដោយស្មើភាព គ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ»។
បើតាមអ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គមឌីជីថល ក្រោមហេតុផលថា ការផ្សាយពិតរបស់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវនឹងក្លាយជាប្រភពសម្រាប់ការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅ ខណៈព័ត៌មានក្លែងក្លាយបាននិងកំពុងរីកសាយភាយច្រើនឡើងជារៀងរាល់ថ្ងៃ។
អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ កត់សម្គាល់ថា បច្ចុប្បន្ននេះ កម្រឃើញមានអ្នកសារព័ត៌មានហ៊ានរាយការណ៍ព័ត៌មានអំពីបញ្ហាដីធ្លី បញ្ហាអំពីពុករលួយ បញ្ហាធនធានធម្មជាតិ តែភាគច្រើនឃើញតែផ្សាយអំពីគ្រោះថ្នាក់ចរាចរណ៍។
បើតាមអ្នកស្រី ឆន សុគន្ធា មូលហេតុដែលអ្នកសារព័ត៌មានមិនហ៊ានរាយការណ៍ព័ត៌មានអំពីបញ្ហារសើបទាំងនោះ ដោយសារអ្នកសារព័ត៌មានព្រួយបារម្ភអំពីសុវត្ថិភាពពេលចុះយកព័ត៌មានតាមមូលដ្ឋាន ការប្តឹងផ្តល់តាមផ្លូវតុលាការ និងការដកហូតអាជ្ញាបណ្ណជាដើម។
អ្នកស្រីប្រាប់វីអូអេថា៖ «អ្នកសារព័ត៌មានដែលបាន Press card [បណ្ណសារព័ត៌មាន] ហើយនឹងចំនួនស្ថាប័ន ឬក៏សមាគមសារព័ត៌មានមានចំនួនច្រើនក៏ដោយ ប៉ុន្តែសម្រាប់សេរីភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានដែលហ៊ាននៅក្នុងការរាយការណ៍ព័ត៌មានពិតៗ ឬក៏ព័ត៌មានបែបរសើប ដូចជាបញ្ហាដីធ្លី បញ្ហាពុករលួយ បញ្ហាធនធានធម្មជាតិ បញ្ហាបណ្តេញចេញ ជាពិសេសរឿងនយោបាយ រឿងអីហ្នឹងគឺកាន់តែមានការថយចុះ។ កម្រមានអ្នកសារព័ត៌មានណាហ៊ានរាយការណ៍ព័ត៌មានដូចខ្ញុំលើកពីខាងដើមហ្នឹង»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មើលឃើញថា បច្ចុប្បន្ននេះស្ថាប័នសារព័ត៌មានមានច្រើន ប៉ុន្តែស្ថាប័នសារព័ត៌មានដែលអាចទុកចិត្ដបានមានចំនួនតិច ដោយសារការកើនឡើងនៃសារព័ត៌មានអនឡាញ ភាពចម្រូងចម្រាសនៃសារព័ត៌មានដែលបម្រើនយោបាយ ឬក្រុមណាមួយ ដោយខ្វះក្រមសីលធម៌វិជ្ជាជីវៈ។
លោកបន្ថែមថា អ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋដែលរាយការណ៍អំពីបញ្ហាក្ដៅ ឬរសើប តែងរងការចោទប្រកាន់ថា ញុះញង់បង្កអសន្តិសុខសង្គម ប៉ុន្តែលោកថា ធាតុពិតសេរីភាពនៃការបញ្ចេញមតិ គឺជា «ដង្ហើម» នៃសង្គមប្រជាធិបតេយ្យ។
លោកប្រាប់វីអូអេថា៖ «នៅក្នុងស្រុកយើងសព្វថ្ងៃ ច្រើនតែមានការចោទប្រកាន់ទាំងប្រជាពលរដ្ឋ ទាំងអ្នកសារព័ត៌មាននៅពេលដែលផ្សព្វផ្សាយព័ត៌មាន ឬក៏រាយការណ៍ពីព័ត៌មានក្ដៅ ឬព័ត៌មានរសើបច្រើនតែត្រូវបានគេចោទប្រកាន់ថា ផ្សព្វផ្សាយព័ត៌មានដែលអុចអាល ញុះញង់ឱ្យមានបង្កអសន្តិសុខសង្គម។ ក៏ប៉ុន្តែធាតុពិតទៅនៅក្នុងសង្គមប្រជាធិបតេយ្យ គេលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃសារព័ត៌មាន ពីព្រោះការផ្ដល់ព័ត៌មានពិត ការរាយការណ៍អំពីបញ្ហាណាមួយវាគឺជាអុកស៊ីសែននៃប្រជាធិបតេយ្យ»។
លោកបន្តថា ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ដខ្ពស់លើសារព័ត៌មាន អ្នកសារព័ត៌មាន ស្ថាប័នសារព័ត៌មានត្រូវមានឯករាជ្យភាព និងមានសិទ្ធិសេរីភាពពេញលេញក្នុងការរាយការណ៍ ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងតុល្យភាពនៃភាគីពាក់ព័ន្ធ ឬស្វែងរកប្រភពឱ្យបានគ្រប់ជ្រុង៕