ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចោទ​លោក ម៉ិច ដារ៉ា ពី​បទ​«ញុះញង់» ខណៈ​ស្ថាន​ទូត​អាមេរិក​និង​អង្គការ​នានា​ទាមទារ​ឱ្យ​ដោះលែង​លោក


រូបឯកសារ៖ លោក ម៉ិច ដារ៉ា អ្នកយកព័ត៌មានឯករាជ្យ នៅខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ លោក ម៉ិច ដារ៉ា អ្នកយកព័ត៌មានឯករាជ្យ នៅខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ជាច្រើន​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ឯក​រាជ្យ​គឺ​លោក​ ម៉ិច ដារ៉ា ​និង​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​អ្នក​កាសែត​រូប​នោះ​ជា​បន្ទាន់​ ក្រោយ​លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។​

លោក​ ម៉ិច​ ដារ៉ា​ ត្រូវ​គេ​ស្គាល់​ថា​ អ្នក​កាសែត​មាន​ភាព​សកម្ម​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ឬ​ online scams ​និង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ពី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​ចំពោះ​ភាព​ក្លាហាន​នៃ​ការ​រាយ​ការណ៍​ព័ត៌មាន​អំពី​ប្រធាន​បទ​ដ៏​រសើប​ទាំង​នោះ។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​លោក ​ម៉ិច ដារ៉ា​ ពី​បទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​អំឡុង​ខែ​កញ្ញា ​ឆ្នាំ​២០២៤​ និង​ពេល​ជា​បន្ត​បន្ទាប់។ ​ការ​ចោទ​ប្រកាន់​នេះ​ទទួល​រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ថា​ ​ជា ​«ការ​បំភិត​បំភ័យ ​និង​បំបិទ​សំឡេង» ​អ្នក​សារ​ព័ត៌មាន​ក្នុង​ប្រទេស។​

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ និង​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​លោក ​ម៉ិច ដារ៉ា​ ដែល​ជា​អ្នក​ឈាន​មុខ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​អំពើ​ជួញ​ដូរ​មនុស្ស ​និង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​ TIP Hero​ ពី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ឆ្នាំ​ ២០២៣​ សម្រាប់​ការ​ផ្សាយ​ព័ត៌​មាន​របស់​លោក។

ស្ថានទូត​អាមេរិក​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា៖​ «យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ចាប់​ខ្លួន​លោក​ ម៉ិច ដារ៉ា ​ជា​អ្នក​សារ​ព័ត៌មាន​ដែល​មាន​ការ​គោរព​ពី​អន្តរ​ជាតិ ​ហើយ​សូម​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះ​លែង​រូប​លោក»។​

ស្ថានទូត​បន្ថែម​ថា៖​ «​លោក​ជា​អ្នក​តស៊ូ​មតិ​ជា​យូរ​មក​ហើយ​ ចំពោះ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ដែល​ជា​សិទ្ធិ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ ​យើង​លើក​ទឹក​ចិត្ត​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ទទួល​ស្តាប់​នូវ​សំឡេង​និង​គំនិត​ចម្រុះ​ ព្រម​ទាំង​ជំរុញ​ឱ្យ​មាន​សារ​ព័ត៌មាន​ឯករាជ្យ​និង​មាន​សេរីភាព»។​

ស្ថានទូត​ផ្សេង​ទៀត​ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក ​ម៉ិច ដារ៉ា ​ដែរ។​

ស្ថានទូត​អូស្រា្តលី​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា៖​ «អូស្រ្តាលី​មាន​ក្តី​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​លោក ​ម៉ិច ដារ៉ា»។​

ស្ថានទូត​អូស្រា្តលី​បន្ថែម​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​សេរី ​និង​ឯករាជ្យ​មាន​សារៈ​សំខាន់​ដល់​អភិបាល​កិច្ច ​និង​គណនេយ្យ​ភាព​រឹងមាំ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​កំណើន​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។​

លោក​ ម៉ិច ដារ៉ា​ ជា​អ្នក​សារ​ព័ត៌មាន​ដែល​ធ្លាប់​បម្រើ​ការ​នៅ​អង្គភាព​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ដែល​លែង​ដំណើរ​ការ​នៅ​ប្រទេស​កម្ពុជា។

លោក​ត្រូវ​បាន​កម្លាំង​កង​រាជអាវុធ​ហត្ថ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ៣០​ ខែ កញ្ញា​ ឆ្នាំ​ ២០២៤​ នៅ​ត្រង់​ចំណុច ​ផ្លូវ​បំបែក​ស្រែ​អំបិល​នៃ​ផ្លូវ​ល្បឿន​លឿន​ឆ្ពោះ​មក​ទី​ក្រុង​ភ្នំពេញ​ ស្ថិត​ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង។ ​នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល។​

ការ​ចាប់​ខ្លួន​លោក ​ម៉ិច​ ដារ៉ា​ កើត​ឡើង​បន្ទាប់​ពី​មន្ត្រី​រដ្ឋបាល​ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​ ចេញ​វីដេអូ​ឃ្លីប​មួយ​ បដិសេធ​ការ​បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​អំពី​ការ​បំផ្លិច​បំផ្លាញ​នៅ​ភ្នំ​ឈើ​កាច់ ​ក្នុង​ស្រុក​បាភ្នំ។​ មន្ត្រី​រដ្ឋបាល​ស្រុក​បាភ្នំ​ចោទ​ថា​ ការ​បង្ហោះ​នោះ​ធ្វើ​ឡើង​ដោយ​លោក​ ម៉ិច ដារ៉ា​ ដែល​ជា​ «ព័ត៌មាន​បំផ្លើស​ការណ៍​ពិត​ និង​ញុះញង់»។​

ជុំវិញ​ការ​ចាប់​ខ្លួន​លោក​ ម៉ិច ដារ៉ា ​នេះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​ ៤០ ​ស្ថាប័ន ​ចាត់​ទុ​ក​ថា ការ​ចាប់​ខ្លួន​នេះ​ជា​ការ​ព្យាយាម​បំភិត​បំភ័យ ​និង​បំបិទ​សំឡេង​របស់​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​រូប​នេះ​ និង​អ្នក​សារ​ព័ត៌មាន​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់ ​និង​ដោះ​លែង ​លោក​ ម៉ិច ដារ៉ា ​ជា​បន្ទាន់ ​និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នក​សារ​ព័ត៌មាន​ និង​ស្ថាប័ន​សារ​ព័ត៌មាន​ទាំង​អស់។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​ ៤០​ ស្ថាប័ន​ នៅ​តែ​ទទូច​ឱ្យ​អាជ្ញាធរ ​និង​តុលាការ​គួរតែ​ពិនិត្យ​ថា ​អ្វី​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​ជាជាង​ការ​ចោទ​ប្រកាន់​ ជាពិសេស​ការ​ចោទ​ប្រកាន់​លើ​អ្នក​សារ​ព័ត៌មាន ​តាម​ផ្លូវ​តុលាការ​ ដែល​អាច​រង​ការ​រិះគន់។​

លោក​ថ្លែង​ថា៖ ​«អាជ្ញាធរ ​ក៏​ដូច​ជា​តុលាការ​គួរតែ​ពិនិត្យ​ថា​ អ្វី​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​អ្វី​ជា​បទ​ល្មើស។​ ហើយ​បើ​មិន​អ៊ីចឹង​ទេ​ វា​បង្ក​ឱ្យ​មាន​ការ​រិះគន់ ​ហើយ​វាក៏​ប៉ះពាល់​ទៅ​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ក៏​ដូច​ជា​សេរីភាព​សារ​ព័ត៌មាន»។​

នាយក​ប្រតិបត្តិ​សមាគម​ខេមបូចា​លោក​ ណុប វី ​ទទូច​ឱ្យ​អាជ្ញាធរ​ប្រើ​ប្រាស់​ច្បាប់​ស្តីពី​«របប​សារ​ព័ត៌មាន»​ជា​ជាង​ការ​ប្រើប្រាស់​ក្រម​ព្រហ្មទណ្ឌ​ដាក់​ទោស​លើ​អ្នក​សារ​ព័ត៌មាន​ និង​ថា​ ការ​ចោទ​ប្រកាន់​ថ្មីៗ​នេះ​លើ​លោក​ ម៉ិច ដារ៉ា ​ក៏​ជា​ការ​បន្ទុច​បង្អាក់​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​ ទាក់ទង​សេរី​ភាព​សារ​ព័ត៌មាន​ផង​ដែរ។​

បើ​តាម​លោក​ ណុប វី​ ការ​ចោទ​ប្រកាន់​អ្នក​សារ​ព័ត៌មាន​ពី​បទ​ «ញុះញង់» ​អាច​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​ សម្រាប់​អ្នក​សារ​ព័ត៌មាន​ផ្សេង​ទៀត​ ដោយ​ពួក​គេ​ ខ្លាច​រអា ​និង​លែង​ហ៊ាន​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​ព័ត៌មាន​ស៊ើប​អង្កេត​ ឬ​បញ្ហា​រសើប​ផ្សេង​ទៀត​នៅ​ក្នុង​សង្គម ​ដែល​បាត់​បង់​ដល់​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​គណនេយ្យ​ភាព​ និង​តម្លាភាព​ក្នុង​សង្គម។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ចំណុច​ដែល​សំខាន់​យើង​យល់​ឃើញ​ថា​ វា​គួរ​តែ​មាន​ការ​អនុវត្ត​ ឧទាហរណ៍ ​ដូចជា​ការ​ប្រើប្រាស់​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ចំពោះ​ករណី​ទាំង​ឡាយ​ណា​ដែល​កើត​ឡើង​លើ​អ្នក​សារ​ព័ត៌មាន ​ដើម្បី​យើង​ធានា​ថា ​អ្នក​ដែល​អនុវត្ត​វិជ្ជាជីវៈ​គឺ​តែងតែ​ទទួល​បាន​នូវ​ការ​ការពារ​ពីច្បាប់​របស់​ជាតិ​ ជាជាង​ប្រើ​ក្រម​ព្រហ្មទណ្ឌ ​អនុវត្ត​ដូច​ជន​ទូទៅ​ធម្មតា​ វា​នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់»។​

ចំណែក​ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ (Reporters Without Borders)​ ក៏​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​ លោក ​ម៉ិច ដារ៉ា​ ​ជា​បន្ទាន់​ និង​បញ្ឈប់​គោល​នយោបាយធ្វើ​ទុក្ខ​បុកម្នេញ​ជា​ប្រព័ន្ធ​លើ​អ្នក​យក​ព័ត៌មាន។​

ទោះ​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ​ប៉ែន បូណា​ លើក​ឡើង​ថា ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​លោក ​ម៉ិច ដារ៉ា ​គឺ​ជា​រឿង​ត្រឹម​ត្រូវ។​

អ្នក​នាំពាក្យ​រូប​នេះ​ចាត់​ទុក​ការ​បង្ហោះ​ព័ត៌មាន​ដោយ​លោក​ ម៉ិច ដារ៉ា ​តាម​បណ្តាញ​សង្គម​មាន​គោល​បំណង ​«ញុះញង់»​ ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​កំហឹង​ជាមួយ​រាជ​រដ្ឋា​ភិបាល​ ហើយ​ថា​ ​ក្រុម​ការងារ​របស់​លោក​បាន​ព្យាយាម​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ​ទាំង​នេះ។​

លោក​ថ្លែង​ថា៖ ​«វាជា​ការ​ចាំបាច់​ណាស់ ​ដែល​ត្រូវ​មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​បែប​នេះ ​ដើម្បី​ការពារ​សេចក្តី​សុខសាន្ត​របស់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស។ ​អ៊ីចឹង​ខ្ញុំសួរ​ថា ​អ្នក​ដែល​ចេញ​មុខ​ការពារ​បុគ្គល​មាន​ន័យ​ថា​ ម៉េច?​ តើ​ពួក​គេ​ចង់​ឱ្យ​ព័ត៌មាន​ក្លែងក្លាយ ​ប្រតិដ្ឋ ​ញុះញង់​បែប​ហ្នឹង​ត្រូវ​បាន​បង្ហោះ​រៀង​រាល់​ថ្ងៃ​ត​ទៅ​ទៀត ​ឬ​យ៉ាងណា?​ ឬ​មួយ​ពួក​គេ​ជា​បណ្តាញ​តែ​មួយ?​ នេះ​ជា​សំណួរ​ដែល​ខ្ញុំ​សូម​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ជួយ​រក​ចម្លើយ»។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាត់​ទុក​ថា​ ការ​បង្ហោះ​សារ​ជា​ច្រើន​របស់​លោក​ ម៉ិច ដារ៉ា ​មាន​លក្ខណៈ​ញុះញង់​ និង​យក​រូបភាព​កាត់​ត​រមណីយ​ដ្ឋាន​បាភ្នំ​ត្រូវ​បាន​វាយ​កម្ទេច​ បំភ្លៃ​ការណ៍​ពិត ​មួល​បង្កាច់​ ប្រតិដ្ឋ​ព័ត៌មាន​មិន​ពិត​ផ្សេង​ទៀត ​កាល​ពី​អំឡុង​ខែ​កញ្ញា ​ឆ្នាំ​ ២០២៤។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​១ ​ខែ​តុលា។​

ប្អូន​ស្រី​របស់​លោក​ ម៉ិច ដារ៉ា ​គឺ​កញ្ញា ​ម៉ិច សេរីរ័ត្ន​ ដែល​បាន​ចូល​ជួប​បង​ប្រុស​នៅ​ក្នុង​ពន្ធនាគារ​នា​ពេល​ថ្មីៗ​នេះ​ប្រាប់​វីអូអេ​ថា លោក ​ម៉ិច ដារ៉ា ​បាន​ទទួល​កំហុស ​ដែល​បង្ហោះ​រូបភាព​នោះ​ជា​សាធារណៈ។​

កញ្ញា ​ម៉ិច សេរីរ័ត្ន ​ជឿ​ថា​ ការ​បង្ហោះ​រូបភាព​នោះ ​គឺ​បងប្រុស​របស់​កញ្ញា ​មិន​មាន​ជា​ចេតនា​ញុះញង់​ទេ​ ព្រោះ​រូប​នោះ​ត្រូវ​បាន​លុប​ចេញ​ពី​បណ្តាញ​សង្គម​វិញ​ផង​ដែរ។​ កញ្ញា​ក៏​ទទូច​សុំ​ឱ្យ​មាន​ការ​ដោះ​លែង ​លោក​ ម៉ិច ដារ៉ា​ ឱ្យ​មាន​សេរីភាព​ផង​ដែរ។

កញ្ញា​ថ្លែង​ថា៖​ «ពេល​ខ្លះ ​ដូច​យើង​ដឹង​ហើយ​ នៅ​ស្ថាន​ភាព​ស្រុក​ខ្មែរ​ ព័ត៌មាន​ខ្លះ​វា​មក​ភ្លាមៗ​ ហើយ​យើង​អត់​បាន​ Verify ​[ផ្ទៀតផ្ទាត់] ​អ៊ីចឹង​ទៅ​ ដល់​ពេល​យើង​ចែក​រំលែក​ខុស​ទៅ​ វា​អាច​មាន​កំហុស​ អ៊ីចឹង។ ​ប៉ុន្តែ​ដូច​ក្នុង​ករណី​នេះ ​គាត់​ដឹង​កំហុស​ហើយ​គាត់​បាន​ទទួល​កំហុស​ អ៊ីចឹង​សង្ឃឹម​ថា​ កម្រិត​នៃ​ទោស​កំហុស​ហ្នឹង​ត្រូវ​បាន​ទម្លាក់​ចោល»។​

លោក​ រឹម បូរ៉ា​ មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ ម៉ិច ដារ៉ា ​ប្រាប់​វីអូអេ​ថា​ លោក​បាន​ជួប​កូនក្តី​របស់​លោក​ក្នុង​ពន្ធនាគារ​ ដោយ​កូន​ក្តី​របស់​លោក​ បាន​សំណូម​ពរ​ទៅ​កាន់​រដ្ឋាភិបាល ​ឱ្យ​អនុគ្រោះ​ចំពោះ​ការ​បង្ហោះ​រូប​ភាព​នោះ។​

ទាក់​ទិន​ករណី​ការ​ចាប់​ខ្លួន​លោក​ ម៉ិច ដារ៉ា ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ ក្រសួង​បន្ត​តាម​ដាន​សំណុំ​រឿង​នេះ​ ​យ៉ាង​យក​ចិត្ត​ទុកដាក់​ ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មេធាវី​ការពារ​ក្តី​លោក ​ម៉ិច ដារ៉ា​ និង​អ្នក​កាសែត​រូប​នោះ​ខិតខំ​ប្រមូល​ភស្តុតាង​ ដើម្បី​តតាំង​ក្តី​នៅ​តុលាការ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG